
សៀមរាប : បើនិយាយដល់ការចេញទៅទស្សនារមណីយដ្ឋាននានា មនុស្សជាច្រើនតែងតែជ្រើសរើសយកពេលព្រឹកព្រហាមជាម៉ោងគោលសម្រាប់ចេញដំណើរ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំចង់សាកល្បងអ្វីដែលប្លែក រំជើបរំជួល និងមានការផ្សងព្រេង ដើម្បីឲ្យបទពិសោធនេះដក់ជាប់ក្នុងចិត្តអស់មួយជីវិត។
នៅវេលាម៉ោង១១អ្រធាត្រ ខ្ញុំនិងក្រុមមិត្តភក្តិមានទាំងនារី និងបុរស កំពុងតែទន្ទឹងរង់ចាំរថយន្តក្រុងនៅចំណតក្បែរផ្សាររាត្រីទល់មុខមាត់ទន្លេ។ ជាមួយនឹងសំបុត្រធ្វើដំណើរប្រមាណ៩ដុល្លារ យើងសង្ឃឹមថានឹងបានគយគន់ទេសភាពតាមដងផ្លូវនាពេលរាត្រីវិញម្ដង។ ខុសស្រឡះ គ្រាន់តែចូលដល់ក្នុងរថយន្តភ្លាម គ្រប់គ្នាចាប់ផ្ដើមស្ងាប ហើយក៏គេងលង់លក់ទាំងអស់គ្នា ក្នុងរថយន្តដែលមានទាំងភ្ញៀវខ្មែរ និងបរទេសយ៉ាងស្ងាត់ស្ងៀម។
ទោះជារថយន្តមានការឈប់ត្រង់ទីតាំងមួយចំនួនដើម្បីឲ្យអ្នកដំណើរចុះសម្រួលឥរិយាបថក្ដី ក៏ពួកយើងនៅតែធ្មេចភ្នែករហូតដល់ម៉ោង២ទៀបភ្លឺ ខណៈដែលរថយន្តធ្វើការសំចតនិងទុកឱកាសឲ្យភ្ញៀវទាំងឡាយស្រស់ស្រូបអាហារសម្រន់ដូចជាបបរស នំប៉ាវ មីឆា និងភេសជ្ជៈនៅស្រុកស្ទោង។
នៅពេលដែលអាហារចូលក្នុងក្រពះហើយ ខ្ញុំក៏ទន់ត្របកភ្នែកនិងបន្តការនិទ្រារហូតទាល់តែរថយន្តដល់ចំណតបុរីសៀងណាំ ឯខេត្តសៀមរាបតែម្ដង គឺនៅវេលាម៉ោងប្រមាណ៦ព្រឹក។
ជាមួយនឹងសំពាយកាបូបខោអាវម្នាក់មួយៗ យើងបាននាំគ្នាជិះរ៉ឺម៉កម៉ូតូសំដៅទៅសណ្ឋាគាររិទ្ធី រិន ដែលស្ថិតនៅជិតវត្តបូរតែម្ដង។ នៅក្នុងបន្ទប់គ្រែ២ដែលមានតម្លៃ១៥ដុល្លារនោះ ម្នាក់ៗនាំគ្នារូតរះរៀបចំអីវ៉ាន់ ដើម្បីបានទៅស្រស់ស្រូបអាហារពេលព្រឹក។
ក្រោយពីតថ្លៃរ៉ឺម៉កម៉ូតូចុះមកនៅ១,៥ដុល្លារ យើងនាំគ្នាលោតឡើងយានកង់៤ដែលបោលសំដៅទៅផ្សារចាស់តែម្ដង។ ទៅដល់ទីនោះ តូបអាហារតម្រៀបគ្នា ផ្ដល់ជម្រើសជាច្រើនដូចជា បាយស្រូប គុយទាវ នំបញ្ចុក ដែលមានតម្លៃល្បាក់៥ពាន់រៀល។
ដោយមិនចង់ឲ្យទេសភាពពេលព្រឹករំលងពីចំណីចក្ខុ យើងក៏បានស្រូតទៅ កន្លែងជួលកង់នៅក្បែរនោះ ដោយទុកអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនឲ្យម្ចាស់ហាងជំនួសឲ្យការកក់ប្រាក់។
ជាមួយនឹងថ្លៃជួល២ដុល្លារក្នុង១ថ្ងៃ យានដែលស្នេហាបរិស្ថាននេះទទួលការពេញនិយមជាខ្លាំងពីសំណាក់ភ្ញៀវខ្មែរ និងបរទេស ជាពិសេសគឺយុវវ័យតែម្ដង។ចេញដំណើរប្រមាណជា៧គីឡូម៉ែត្រយើងបានទៅដល់ផ្លូវព័ទ្ធជុំវិញប្រាសាទអង្គរវត្ត រួចធាក់បន្តទៅតំបន់អង្គរធំយ៉ាងរីករាយ។ យើងបានចុះថតរូបជាហូរហែ និងឲ្យចំណីសត្វស្វាដ៏ក្រមិចក្រមើម ដែលមានអាខ្លះចេះយកទឹកក្រូចកំប៉ុងផឹកទៀតផង។
នៅវេលាថ្ងៃត្រង់ យើងក៏បានក្រាលកន្ទេលអង្គុយទទួលទានម្ហូបកុម្ម៉ង់ នៅវាលស្មៅពណ៌បៃតងស្រងាត់ មុខប្រាសាទអង្គរវត្តដែលហ៊ុមព័ទ្ធទៅដោយស្រះទឹកថ្លាយង់ ដ៏សែនមនោរម្យ។
មុននឹងសម្រេចចិត្តលើមុខម្ហូប យើងបានសាកសួរតម្លៃជាមុនសិន។ មាន់ស្រែដុត១ក្បាលមានតម្លៃជាង២ម៉ឺនរៀល ប្រហុកអាំង៣ពាន់រៀល ត្រីអាំង៦ពាន់រៀល ជាដើម។ ក្រោយពីបរិភោគនិងសម្រាកឲ្យស្រកពោះបន្តិច យើងក៏បានជិះកង់ទៅម្ដុំវត្តបូរ ដើម្បីទទួលការម៉ាស្សាប្រេងតម្លៃ៥ដុល្លារក្នុងម្នាក់នៅហាងBT ដើម្បីសម្រួលចលនារាងកាយឲ្យរួចពីការចុករួយស្រពន់។
ក្រោយពីមកសណ្ឋាគារសម្រាក និងងូតទឹកជម្រះកាយរួច យើងក៏ទៅទទួលទានអាហារដូចជាមីឆា និងបាយឆា នៅម្ដុំផ្សាររាត្រីដែលមានសភាពអ៊ូអរ។ ក្រពះស្កប់ស្កល់ហើយ យើងបន្តដើរទិញវត្តុអនុស្សាវរីយ៍ មុននឹងទៅម៉ាស្សាបាតជើង ដើម្បីត្រៀមកម្លាំងរាំនៅក្លិប Temple រហូតដល់រាត្រីជ្រាលជ្រេ។
អ្វីដែលអ្នកមិនគួររំលងនៅទីនោះ
គឺការភ្លក្សស្រាកន្ថោរ ដែលមានតម្លៃប្រមាណជា៤ទៅ៥ដុល្លារ។
នៅថ្ងៃទី២ ក្រោយពីជិះកង់ដើរលេងក្នុងទីក្រុងអង្គរ យើងក៏បានទៅទទួលទានអាហារថ្ងៃត្រង់នៅហាង«មាន់បុក» ឯបារាយ ដែលទីនោះល្បីខាងម្ហូប ទាកាញ់ បុកកន្ទុយហេះ និងមាន់បុកតែម្ដង។ នាពេលរសៀលបន្តិច យើងបាននាំគ្នាមកញ៉ាំបាញ់ឆែវនៅមុខអង្គរ ដែលមានរសជាតិឆ្ងាញ់មិនចាញ់បាញ់ឆែវល្បីនៅទីក្រុងឡើយ។
សម្រាប់អាហារពេលល្ងាចយើងមិនចង់រំលងអាហារពិសេសទេ នោះគឺ«ទាអាំងក្រវាត់ក្រុង» ដោយគ្រាន់តែជិះរ៉ឺម៉កម៉ូតូប្រមាណជា២០នាទីនឹងទៅដល់។ ទាអាំង១មានតម្លៃ១៥០០០រៀល។
នៅថ្ងៃទី៣ដែលជាថ្ងៃត្រឡប់មកភ្នំពេញវិញ យើងបានចុះញ៉ាំអាហារនៅព្រៃប្រោះ ដើម្បីភ្លក្សប្រហុកដុតជ្រញ់និងព្រុយត្រីក្រាយបំពងជាដើម៕