ភ្នំពេញ៖ មុន​ពេល​ឡើង​រថយន្ដ​ក្រុង​ លោក បេង ហាប់ បាន​ឱ្យ​ដឹង​ថា លោក​​ស្រឡាញ់​កសិកម្ម​តាំង​ពី​តូច និង​ចង់​ឃើញ​ដំណាំ​បន្លែ​បង្ការ ដែល​បង្ក​បង្កើន​ផល​ទៅ​តាម​វិធី​ធម្មជាតិ​។

លោក​បាន​នាំ​​ភរិយា និង​កូន​ស្រី​អាយុ​ ៣ ​ឆ្នាំ មក​ចូលរួម​កម្មវិធី​ទេសចរណ៍​បែប​កសិកម្ម​ ​ជាមួយ​ភ្ញៀវ​​ដែល​ខ្លះ​​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ខ្លះ​មន្ដ្រី​​រាជការ និង​ខ្លះ​ទៀត​ជា​បុគ្គលិក​អង្គការ ហើយ​​​​សុទ្ធសឹង​តែ​មាន​ចំណូល​ចិត្ត​រួម​ដូចគ្នា ​គឺ​ការ​ដាំដុះ​ និង​ចិញ្ចឹម​សត្វ។

បុរស​អាយុ ៣២ ឆ្នាំ​ជា​អតីត​ពេទ្យ​សត្វ​​រូប​នេះ​បាន​និយាយ​ថា​៖ «យើង​ចង់​ឃើញ​ចម្ការ​ យើង​ចង់​ឃើញ​គេ​ដាំ​ដុះ​បន្លែ​ផ្ទាល់​​ភ្នែក​ តែ​មិន​ដឹង​ថា ត្រូវ​ធ្វើ​​ដូច​ម្ដេច ​ដើម្បី​បាន​ឃើញ​ទេ ពី​ព្រោះ​យើង​មិន​ហ៊ាន​ចូល​មើល​ចម្ការ​គេ​ដោយ​​គ្មាន​ការ​អនុញ្ញាត​ ហើយ​ពេល​ដើរ​លេង​លក្ខណៈ​ធម្មតាៗ យើង​អត់​ស្គាល់»​។

រថយន្ដ​ក្រុង​ពិសេស ដែល​ដឹក​ភ្ញៀវ​​​ចេញ​ពី​រាជធានី​ភ្នំពេញ​ ​ផ្ដើម​​បោះ​ពួយ​តាម​ផ្លូវ​ជាតិ​លេខ ៥ ឆ្ពោះ​ទៅ​កាន់​ស្រុក​​សាមគ្គីមានជ័យ ជា​ចំណត​ដែល​ពួក​គេ​​​ទស្សនា​សិក្សា​ផ្នែក​ស្វែង​យល់​ពី​ការ​ធ្វើ​កសិកម្ម​ក៏​ដូចជា​ទទួល​ទាន​អាហារ​​ចម្អិន​ពី​​បន្លែ ត្រី​ និង​សាច់​ពី​កសិកម្ម​ក្នុង​សហគមន៍​សុទ្ធសាធ​។

លោក ញឿន ចាន់រ៉េត ជា​អ្នក​ដឹកនាំ​​ក្រុម​ដំណើរ​កម្សាន្ដ​បាន​ធ្វើ​ការ​ណែនាំ​អំពី​ការ​កកើត​កសិធួរ​ ​ការ​ណែនាំ​ឱ្យ​ស្គាល់​នូវ​មិត្ដភក្ដិ​ថ្មី​ៗ និង​ការ​ជជែក​សួរ​នាំ ​ជុំវិញ​បញ្ហា​កសិកម្ម​។

ក្នុង​ចំណោម​សមាជិក​ ៣ ​នាក់​រៀន​ផ្នែក​កសិកម្ម​ លោក​បន្ត​ថា​៖ «សមាជិក​ម្នាក់​ទៀត គាត់​ជា​អ្នក​មាន​ជំនាញ​​ផ្នែក​ទេសចរណ៍ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ថៃ​។ យើង​ក៏​បាន​ចង​ក្រង​គ្នា​បង្កើត​ជា​កសិធួរ​នេះ​ឡើង​»។

ផ្ទះ​បាងហ្គាឡូ ដែល​មានតម្លៃ​ចាប់ពីជាង ៤០ រហូត​ទៅជិត ២០០ ដុល្លារ​។ហុង មិនា

សំណើច​ក្អាកក្អាយ​​លាយ​​ឡំ​នឹង​ការ​​ជជែក​អំពី​ប្រធានបទ​កសិកម្ម​ជា​ហូរហែ​បាន​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់​រហ័ស​ ខណៈ​ពេល​រថយន្ដ​ក្រុង​បាន​បត់​ក្បាល​ចូល​បរិវេណ​ដី​ដ៏​ធំ​មួយ ដែល​មាន​ដំឡើង​ឧបករណ៍​វាស់​កម្ដៅ និង​បាញ់​សម្លាប់​មេរោគ​។

ទឹក​ឪឡឹក​កិន​ស្រស់ៗ​ត្រូវ​បាន​ដាក់​ទទួល​ស្វាគមន៍​ភ្ញៀវ ​ដើម្បី​បន្ធូរបន្ថយ​ភាព​នឿយហត់ និង​បំបាត់​ការ​ស្រេក​ទឹក​ មុន​ពេល​ពួក​គេ​ដើរ​ទស្សនា​រីសត​បាងហ្គាឡូ​រចនាប័ទ្ម​ខ្មែរ​ ដែល​ត្រូវ​បាន​សង់​ឡើង​ក្នុង​បរិស្ថាន​សួន​បន្លែ និង​ម្លប់​ឈើ​ធំៗ​។

លោក ញឹប ភារ៉ា អ្នក​គ្រប់គ្រង​បាងហ្គាឡូ ផ្ទះ​កសិដ្ឋាន (Farmhouse) ដែល​បាន​នាំ​ភ្ញៀវ​ទស្សនា​រីសត​ផ្ទះ​ឈើ​បាន​ប្រាប់​ថា​៖ «​ចំពោះ​ការ​ស្នាក់​នៅ​បាង​ហ្គាឡូ​ទាំង​នេះ ដែល​មាន​តម្លៃ​ចាប់​ពី​ជាង ៤០​ ទៅ​ជិត​ ២០០ ​ដុល្លារ ​ក្នុង ​១ យប់ ភ្ញៀវ​ទទួល​បាន​នូវ​អាហារ​ពេល​ព្រឹក farm tour កង់​ជិះ អាង​ទឹក កន្លែង​ហាត់​យោគៈ ដោយ​ឥត​គិត​ថ្លៃ​។

ក្រោយ​ពី​ទស្សនា​ទីឋាន​បដិសណ្ឋារកិច្ច​របស់​ផ្ទះ​កសិដ្ឋាន ទេសចរ​​ត្រូវ​បាន​​ទទួល​ស្វាគមន៍​ជាមួយ​អាហារ​ថ្ងៃ​ត្រង់​ ដែល​​រៀបចំ​ឡើង​​យ៉ាង​ពិសេស​ជាមួយ​អាហារ​បន្លែ ត្រី​ និង​សាច់​មាន់​យក​ពី​កសិដ្ឋាន​ផ្ទាល់​ មុន​ពេល​ពួក​គេ​បន្ដ​មើល​សួន​បន្លែ ស្រះ​ត្រី និង​ទ្រុង​មាន់​។

លោក ចេង វុទ្ធី សហស្ថានិក​កសិធួរ (Kase Tour) ​​ជា​អ្នក​គ្រប់គ្រង​ដំណើរ​កម្សាន្ដ​បាន​និយាយ​ថា​៖ «​ការ​បង្កើត​កសិធួរ ​គឺ​ដើម្បី​ផ្សារ​ភ្ជាប់​កសិកម្ម និង​ទេសចរណ៍។ ​​យើង​ឃើញ​ថា វា​ពិត​ជា​ល្អ​សម្រាប់​ការ​​បណ្ដុះ​គំនិត​ឱ្យ​ប្រជាជន​ខ្មែរ​ស្រឡាញ់​ និង​លើក​ស្ទួយ​កសិកម្ម​ក៏​ដូចជា​ទេសចរណ៍»​។

ដើមវ៉ានីឡា ដែល​ផ្លែ​របស់វា​​ត្រូវបាន​ប្រើប្រាស់​​ក្នុង​វិស័យ​ម្ហូបអាហារ​។ហុង មិនា

កសិធួរ ត្រូវ​បាន​បង្កើត​ឡើង ៣-៤ ​ខែ​​ចុង​ក្រោយ​នេះ ហើយ​ដំណើរ​កម្សាន្ដ​​ទៅ​កាន់​សួន​បន្លែ​ផ្ទះ​កសិដ្ឋាន​​ ក្នុង​​ខេត្ដ​កំពង់ឆ្នាំង គឺ​ជា​បទពិសោធ​លើក​​ដំបូង​របស់​ក្រុម។

សម្រាក​បាយ​ថ្ងៃ​ត្រង់​បន្ដិច​ ភ្ញៀវ​ចាប់​​ផ្ដើម​ដើរ​ទស្សនា​ផ្ទះ​សហគមន៍​ រចនាប័ទ្ម​ផ្ទះ​ឈើ​ប្រក់​ក្បឿង​ខ្ពស់​ផុត​ដី ហ៊ុមព័ទ្ធ​ដោយ​សួន​បន្លែ​ចម្រុះ និង​បន្ដ​ទៅ​ទ្រុង​ចិញ្ចឹម​មាន់​ រួច​ឆ្ពោះ​ទៅ​កាន់​សួន​បន្លែ​ធំៗ ​​ស្រះ​ត្រី និង​រោង​ជាង​​​។

លោក​ថា​៖ «​ដំណើរ​កម្សាន្ដ​នេះ យើង​ផ្ដោត​សំខាន់​លើ​ការ​ដើរ​ទស្សនា និង​ស្វែង​យល់​អំពី​កសិកម្ម​ រហូត​​ដល់ ៧០ ​ភាគរយ និង​ ៣០ ​ភាគរយ​​ទៀត​យើង​ផ្ដោត​លើ​ការ​កម្សាន្ដ​ទូទៅ​»។

ភ្ញៀវ​ទេសចរ​ទទួល​បាន​នូវ​ការ​ធ្វើ​បទ​បង្ហាញ​នៅ​តាម​ទីតាំង​ផ្ទាល់​ជា​ច្រើន​ ក៏​ដូចជា​ការ​បង្ហើប​ប្រាប់​អំពី​គន្លឹះ​​ដាំដុះ​ស្នូល​មួយ​ចំនួន​ពី​អ្នក​ជំនាញ​​។

កញ្ញា ផល គីមសាន បាន​និយាយ​ពេល​​រថយន្ដ​ក្រុង​វិល​​ត្រឡប់​ទៅ​រាជធានី​វិញ​នៅ​ម៉ោង​ ៥ ​ល្ងាច​ថា៖ «ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ដំណើរ​កម្សាន្ដ​នេះ គឺ​ដំណាំ​បន្លែ​​ដែល​មាន​សម្បូរ​បែប​តាំង​ពី​ដំណាំ​ស្លឹក​ ដើម មើម និង​ផ្លែ​»។

ចំណែក​ឯ​លោក បេង ហាប់​ ​ដែល​បច្ចុប្បន្ន​ជា​បុគ្គលិក​នៅ​ក្រុមហ៊ុន​ស្រាបៀរ​ក្នុង​ស្រុក​មួយ​ ឆ្លៀត​សរសេរ​លើ​​ហ្វេសប៊ុក​ក្រោយ​បញ្ចប់​ដំណើរ​កម្សាន្ដ​ថា​៖ «ស្រូប​ខ្យល់​បរិសុទ្ធ សួន​បន្លែ​ធម្មជាតិ ស្រះ​ចិញ្ចឹម​​ត្រី ដំណាំ​ស្លឹក​សម្រាប់​ធ្វើ​ជា​ចំណី​ឱ្យ​មាន់​ស្រែ។ ពិតជា​ស្រស់​ស្រាយ​!»។

កសិធួរ​មាន​ទំព័រ​ហ្វេសប៊ុក​ @camkasetour ឬ​​ទាក់ទង​លេខ​ទូរស័ព្ទ ០៧៧ ៩៥៨ ៧៩៧៕