កំពត៖ ​ឆ្នេរ​កំពត ​១ ​កន្លែង ​ដែល​គន់​ឃើញ​កោះ​ត្រល់​​យ៉ាង​ច្បាស់​ក្រឡែត និង​មិន​ឆ្ងាយ​ពី​ភ្នំ​បូកគោ​ បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ ក្រោយ​អ្នក​លេង​កីឡា​ជិះ​ក្ដារ​រលក​ទាញ​ដោយ​ថាមពល​ខ្យល់​ឆត្រ​យោង បាន​ប្រទះ​ឃើញ​ឆ្នេរ​មុខ​ខ្យល់ ​គឺ​ជា​កន្លែង​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​ប្រភេទ​កីឡា​សកម្ម​នេះ​។

លោក ហ្វ្រែង វ៉ាន ហ៊្សូកហ្គែល ដែល​បាន​មក​រស់នៅ​ប្រទេស ​កម្ពុជា​ ១៥ ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ធ្វើ​ដំណើរ​ជា​ច្រើន​ប្រទេស​រួម​ទាំង​ឆ្នេរ​ក្រុង​ព្រះសីហនុ​ប្រទេស ​កម្ពុជា បំណង​ស្វែងរក​ទីតាំង​លេង​កីឡា​លើ​ផ្ទៃ​សមុទ្រ​។

លោក ហ្វ្រែង បាន​និយាយ​ថា​៖ «​ទឹក​នៅ​ទី​នេះ​មាន​សុវត្ថិភាព និង​រាក់​។ ចាប់​ឈរ​ត្រង់​នេះ យើង​អាច​ដើរ​ទៅ​កាន់​ទូក​ដ៏​ឆ្ងាយ​ចម្ងាយ​ប្រមាណ ១០០ ម៉ែត្រ​ឯនោះ​។ ពី​មុន ខ្ញុំ​ធ្លាប់​ទៅ​លេង​នៅ​ឆ្នេរ​កោះ​រ៉ុង​សន្លឹម និង​ក្រុង​ព្រះសីហនុ​ តែ​កំពត​ពិត​ជា​កន្លែង​ល្អ​បំផុត​»។

វាល​ទំនាប​គ្មាន​ថ្ម​រដិបរដុប នៅ​​ឆ្នេរ​កែប​ថ្មី ស្ថិត​នៅ​តាម​ផ្លូវ​ទល់​មុខ​មន្ទីរ​ពេទ្យ​​អនុស្សាវរីយ៍​ស៊ុនយ៉ាយៀល លើ​ផ្លូវ​ជាតិ​លេខ ៣ បាន​ក្លាយ​ជា​គោលដៅ​លេង​​កីឡា​ស្គី​លើ​ទឹក​ថ្មី​ដែល​ហៅ​ថា Cambodia Kiteboarding បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០០៩ ដោយ​​បុរស​ជនជាតិ​ហូឡង់​។

អ្នក​ចាប់ផ្ដើមដំបូង ទាមទារ​ការ​បង្រៀន​ពី​គ្រូជំនាញ​។ ហុង មិនា

លោក ហ្វ្រែង អាយុ ៣១ ឆ្នាំ​ ជា​ស្ថាបនិក ​Cambodia Kiteboarding ដែល​ក្លាយ​ជា​គ្រូ​បង្វឹក​កីឡា​ទាមទារ​ភាព​រឹងមាំ​នេះ​នៅ​កំពត​ បាន​និយាយ​ថា​៖ «​ចម្ងាយ​តែ ១៦០ គីឡូម៉ែត្រ ​ពី​​ភ្នំពេញ យើង​មាន​ទី​កន្លែង​លេង​កីឡា​ដ៏​ល្អ​នេះ​។

យើង​មាន​​ភ្ញៀវ​មក​ពី​សិង្ហបុរី ថៃ និង​ជុំវិញ​តំបន់​អាស៊ី​អាគ្នេយ៍​។ ពួក​គេ​បាន​​ទៅ​ហ្វីលីពីន និង​កន្លែង​ផ្សេងៗ​ទៀត រួម​ទាំង តៃវ៉ាន់ រួច​ហើយ​ ហើយ​ពួក​គេ​ប្រាប់​ថា កំពត​ពិត​ជា​អស្ចារ្យ​»។

លោក​និយាយ​ថា ឆ្នេរ​កំពត​មាន​សណ្ឋាន​ទំនាប ទឹក​រាក់ និង​សុវត្ថិភាព​ខ្ពស់​ ដែល​មើល​ឃើញ​កោះ​ត្រល់ និង​ភ្នំ​បូក​គោ​ដ៏​ស្រស់​ស្អាត​។ លោក ហ្រ្វែង វ៉ាន ហ៊្សូកហ្គែល ដែល​មក​កម្ពុជា​ជាមួយ​ក្រុម​គ្រួសារ​ក្នុង​ឆ្នាំ ​១៩៩៩ បាន​​ឲ្យ​ដឹង​ថា ពួក​គេ​ចូល​ចិត្ដ​វា ហើយ​ទីតាំង​វា​​ងាយ​ស្រួល​ទៅ​ដល់​។ នៅ​វៀតណាម វា​មាន​ការ​ហោះហើរ ​២-៣ តង់ ​មុន​ពេល​ទៅ​ដល់​គោល​ដៅ និង​ចំណាយ​ពេល​ច្រើន​។ នៅ​ទី​នេះ អ្នក​លេង​កីឡា​អាច​ធ្វើ​ដំណើរ​មក​​ភ្នំពេញ និង​ជិះ​តាក់ស៊ី​ផ្ទាល់​មក​កាន់​កំពត​។

ដោយ​មក​កាន់​កម្ពុជា​លើក​ដំបូង លោក ហូហ្គ័រ ជាមួយ​មិត្ដភក្ដិ​ ៣ នាក់​ទៀត ​មក​ពី​អាល្លឺម៉ង់​បាន​ចំណាយ​ពេល​ ១០ ថ្ងៃ ​នៅ​តែ​ក្នុង​ខេត្ដ​កំពត បំណង​លេង​កីឡា​បែប​សកម្ម​នេះ​។

គ្រូបង្វឹកជនជាតិហូឡង់ ​រស់នៅ​កម្ពុជាជាង​ ១៥ ឆ្នាំ​​​។ហុង មិនា

លោក ហូហ្គ័រ បាន​និយាយ​ពេល​សម្រាក​ទទួល​ទាន​អាហារ​​សម្រន់​មុន​ពេល​ចាប់​ផ្ដើម​លេង​កីឡា​ទៀត​ថា​៖ «​ការ​លេង​ជិះ​ក្ដារ​​លើ​ទឹក​ពិត​ជា​លំបាក​ ដែល​ទាមទារ​ការ​ហ្វឹកហាត់​ហ្មត់​ចត់​មុន​ពេល​អនុវត្ដ​»។

រំឭក​ពី​ពេល​វេលា​ដែល​លោក​មក​កាន់​កម្ពុជា​លើក​ដំបូង លោក ហ្វ្រែង វ៉ាន ហ៊្សូកហ្គែល បាន​មក​​​តាម​ឪពុក​ម្ដាយ ដែល​បំពេញ​​ការងារ​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ព្រំដែន​ថៃ រួច​បន្ដ​ជាមួយ​កាក​បាទ​ក្រហម អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក និង​អង្គការ​​សហ​ប្រជាជាតិ​។

លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​ខ្ញុំ​នៅ​ក្មេង​ពេល​គ្រួសារ​មក​កាន់​ភ្នំពេញ​ក្នុង​ឆ្នាំ ​១៩៩៩​ ហើយ​ខ្ញុំ​បាន​ឡើង​ចុះ​កម្ពុជា​ ហូឡង់ ​ដើម្បី​បន្ដ​ការ​សិក្សា​រហូត​ដល់​ចប់​ ទើប​ខ្ញុំ​មក​តាំង​លំនៅ​អចិន្រៃ្តយ៍​នៅ​ទី​នេះ​។ វា​មាន​រយៈពេល ១៥ ឆ្នាំ​ហើយ​»។

មុន​ពេល​ក្លាយ​ជា​អ្នក​បង្វឹក លោក ហ្វ្រែង បាន​រៀន​ជិះ​ទូក​ក្ដោង រួច​បន្ដ​ទៅ​ជិះ​ក្ដារ​លើ​ទឹក​ រហូត​ដល់​បញ្ចប់​វគ្គ​សិក្សា​ជា​ គ្រូ​បង្វឹក (ITC) ក្នុង​ខែ​ឧសភា ឆ្នាំ ​​២០០៩ ហើយ​លោក​ក៏​បាន​បញ្ចប់​ការ​សិក្សា​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​ជិះ​ក្ដារ​ខ្លែង​​ពិភព​លោក​ផង​ដែរ។

រដូវ​កាលជិះ​ក្ដារ​ខ្លែង​នៅ​កម្ពុជា គឺ​ចន្លោះពីខែ​ធ្នូ ដល់ខែ​កុម្ភៈ ជា​វេលា​មានខ្យល់​គ្រប់គ្រាន់​​​ល្អបំផុត​។ហុង មិនា

អំឡុង​ពេល​នៅ​កម្ពុជា យុវជន​​ហូឡង់​រូប​នេះ បាន​ជិះ​ក្ដារ​រលក​អូស​ដោយ​កម្លាំង​ខ្យល់​ខ្លែង​ទៅ​ដល់​ដែន​កោះ​នៅ​ខេត្ដ​កែប​ ជា​ទី​ដែល​មាន​ចម្ងាយ​ជាង ២០ គីឡូម៉ែត្រ​។

ខណៈ​អះអាង​ថា ក្រុម​របស់​លោក​វិល​មក​កំពត​វិញ​ដោយ​ជិះ​រ៉ឺម៉ក​ លោក​បាន​ប្រាប់​ ថា​៖ «​ថ្ងៃ​មួយ យើង​ចាប់​ផ្ដើម​ដំណើរ​ពី​ទី​នេះ និង​បញ្ចប់​នៅ​កោះ​ទន្សាយ​។ យើង​បាន​ចំណាយ​ពេល ២ ម៉ោង​»។

លោក​បាន​ឲ្យ​ដឹង​ថា រដូវ​ជិះ​ខ្លែង​លើ​ផ្ទៃ​ទឹក​ដ៏​ល្អ​បំផុត​ចាប់​ពី​ខែ​ធ្នូ​ដល់​ខែ​កុម្ភៈ​សម្រាប់​នៅ​កម្ពុជា​។ ចំពោះ​វៀតណាម វា​ចាប់​ពី​ខែ​វិច្ឆិកា​ ដល់​ខែ​មីនា ហើយ​ថៃ​ចាប់​ពី​ខែ​វិច្ឆិកា​ ដល់​ខែ​មីនា​ ដូច​គ្នា​។ រដូវ​ភ្លៀង​ចាប់​ពី​ខែ​ឧសភា​ដល់​ខែ​កញ្ញា មាន​ខ្យល់​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ។

ទោះ​មាន​ទីតាំង​ល្អ កីឡា​ជិះ​ក្ដារ​លើ​ផ្ទៃ​ទឹក​នេះ​ទាមទារ​អ្នក​លេង​ចេះ​ចំណេះ​ដឹង​មូលដ្ឋាន​ និង​បទពិសោធ​ខ្លះៗ​មុន​ពេល​ចាប់​ផ្ដើម​បង្ហើរ​ខ្លែង​ទាញ​ថាមពល​ខ្យល់​។

លោក​បាន​និយាយ​ថា​៖ «​មុន​​ពេល​អនុវត្ដ អតិថិជន​គួរ​តែ​រៀន​ជំនាញ​ ២ ឬ ៣ ថ្ងៃ​ រួច​យើង​អាច​ទិញ​សម្ភារ​ផ្ទាល់​ខ្លួន​លេង​ក៏​បាន​។ អ្នក​គួរ​តែ​ត្រូវ​ការ​គ្រូ​បង្វឹក​ដូចជា​រូប​ខ្ញុំ​ ដែល​អាច​ពន្យល់​ប្រាប់​អ្វីៗ​គ្រប់​យ៉ាង​អំពី​បញ្ហា​សុវត្ថិភាព​។ ច្បាស់​ណាស់ មនុស្ស​គ្រប់​រូប​អាច​លេង​កីឡា​នេះ គឺ​ចាប់​ពី​អាយុ ៩ ដល់ ៦៥ ឆ្នាំ​»។

គ្រូបង្វឹក​ណែនាំ​អ្នក​ជិះ​ក្ដា​រ​ខ្លែង ក្រោមម្លប់​តង់​លើ​ឆ្នេរ​ខ្សាច់​ដ៏ស្រស់ស្អាត​ មុននឹង​ចាប់ផ្ដើម​ការ​អនុវត្តលេង​កីឡា​នេះ​។ហុង មិនា

លោក​ថា​៖ «​សម្រាប់​អ្នក​ចាប់​អារម្មណ៍ តែ​អត់​មាន​បទពិសោធ​ ពួក​គេ​គួរ​តែ​កក់​រៀន​មេរៀន​ត្រឹម ១ ឬ ២ ម៉ោង​ និង​ហ្វឹកហាត់​បង្ហើរ​ខ្លែង​ជិតៗ​ជា​មុន​សិន​។ ពួក​គេ​ត្រូវ​ចេះ​រៀបចំ​ខ្លែង បង្ហើរ​ខ្លែង​លើ​អាកាស​ និង​ការ​ជិះ​ប្រកប​ដោយ​សុវត្ថិភាព​»។

អតិថិជន​ដែល​មាន​សម្ភារ​ផ្ទាល់​ខ្លួន​ តែ​មិន​ចេះ​លេង​ គួរ​តែ​មក​ហ្វឹកហាត់​ជាមួយ​លោក ហ្វ្រែង ដែល​សេវាកម្ម​បង្រៀន​មាន​តម្លៃ ៣៥ ដុល្លារ​ ក្នុង​មួយ​ម៉ោង​។

អ្នក​លេង​ជិះ​ក្ដារ​លើ​ផ្ទៃ​ទឹក​អាច​​ជួល​ការ​បង្រៀន​ថ្នាក់​ឯកជន​​តម្លៃ ៤៥ ដុល្លារ ​១ ​ម៉ោង​ ហើយ​សម្រាប់​អ្នក​រៀន ​១ ​ម៉ោង ​មិន​ទាន់​គ្រប់​ អ៊ីចឹង​កក់​ ២ ម៉ោង ​ជាប់​គ្នា​ក្នុង​តម្លៃ ៧០ ដុល្លារ​តែ​ម្ដង​។

Cambodia Kiteboarding ប្រើ​ទីតាំង​ផ្ទះ​ស្នាក់ Villa Vedici​​ ជា​ការិយាល័យ​ និង​ឆ្នេរ​កែប​ថ្មី​ស្ថិត​ក្នុង​ភូមិ​កែប​ថ្មី ឃុំ​បឹង​ឈូក ស្រុក​ទឹក​ឈូ ជា​កន្លែង​កម្សាន្ដ​។

សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូល​ទៅ​កាន់​ហ្វេសប៊ុក​ @cambodiakiteboarding ឬ​ទាក់ទង​លេខ​ទូរស័ព្ទ ០៨៩ ៣៩២ ០៦៨៕

វីដេអូ៖