ខេត្តកណ្តាលៈ ក្រុមភ្ញៀវទេសចរដែលនិយមការធ្វើដំណើរកម្សាន្តលើផ្ទៃទឹកទន្លេមេគង្គជាមួយនឹងយានជំនិះទូកខ្យល់មានល្បឿនលឿននោះ ឥឡូវនេះកំពុងតែមានសេវាកម្មដឹកភ្ញៀវជិះឆ្វែលកម្សាន្តលេងបានហើយនៅតំបន់ជាយក្រុងភ្នំពេញ។
ទូកខ្យល់ដែលជាស្នាដៃកែច្នៃធ្វើជាយានជំនិះដឹកក្រុមភ្ញៀវជិះកម្សាន្តលើទឹកទន្លេ ឬបឹងបួនានាបានហើយក៏ជាគំនិតកែច្នៃដោយកូនខ្មែរ ២ រូបដែលជាបងប្អូនបង្កើតនឹងគ្នាមានស្រុកកំណើតរស់នៅក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ដំណើរកម្សាន្តលើផ្ទៃទឹកដោយប្រើកម្លាំងរុញពីខ្យល់កង្ហារ និងម៉ាស៊ីនភ្ជាប់ជាមួយនឹងតួនាវាដែលជាទូកខ្យល់នេះមានទំហំធំល្មមអាចដាក់អ្នកដំណើរបានដល់ ១២ នាក់ និងអាចចរាចរក្នុងល្បឿនពី ៨០ ទៅ ១០០ គីឡូម៉ែត្រក្នុង ១ ម៉ោងតាមរយៈក្រុមហ៊ុន KamNob Airboat Tours ដោយការចេញដំណើរ ១ ថ្ងៃ ២ ដងជារៀងរាល់ថ្ងៃ។
លោក សោម សំណប់ និងប្អូនប្រុសបង្កើតលោក សោម សំណាង គឺជាសហស្ថាបនិកនៃការច្នៃបង្កើតទូកខ្យល់នេះ ហើយក៏មានសេវាកម្មដឹកភ្ញៀវដំណើរជាបណ្តើរៗចាប់តាំងពីឆ្នាំ ២០១៥ មក។
ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុន KamNob Airboat Tours របស់លោក សោម សំណប់ បានបើកចំណតខ្លួននៅឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាបឬតំបន់សហគមន៍មេជ្រៃ តែពេលនេះបានប្តូរគោលដៅខ្លួនមកបម្រើភ្ញៀវនៅតំបន់ក្រុងភ្នំពេញវិញហើយ ខណៈកញ្ចប់សេវាកម្ម សម្រាប់ជម្រើសភ្ញៀវជាតិ និងអន្តរជាតិនឹងចាប់ផ្តើមនៅខែកុម្ភៈខាងមុខនេះ។
លោក សោម សំណប់ បានបង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹងក្នុងពេលថ្មីៗនេះថា៖ «យើងបានដូរគោលដៅនៃសេវាកម្មរៀបចំដឹកភ្ញៀវជិះកម្សាន្តតាមផ្ទៃទឹកពីតំបន់សៀមរាប មកភ្នំពេញវិញនេះជិត ១ ខែមកហើយ។ យើងក៏កំពុងតែពន្លឿនការរៀបចំជាសេវាកម្មកញ្ចប់នៅខែក្រោយ យើងមានទូកខ្យល់ត្រៀមដឹកភ្ញៀវកម្សាន្តចំនួន ៤ គ្រឿងដោយទូកខ្យល់អាចដឹកមនុស្សបាន ១២ នាក់ចំនួន ៣ គ្រឿង ខណៈទូកខ្យល់ខ្នាតតូចដឹកមនុស្សបាន ៥ នាក់ ១ គ្រឿង។ យើងក៏កំពុងតែច្នៃទូកខ្យល់ប្រភេទ VIP សម្រាប់ដឹកភ្ញៀវនាពេលឆាប់ៗផងដែរដោយទូកខ្យល់វីអាយភីនេះវាមានសមត្ថភាពអាចចរាចរណ៍បានទាំងនៅលើទឹក និងលើគោក»។
លោក សោម សំណប់ ជាអ្នកបង្កើតយានជំនិះជាទូកខ្យល់ដែលមានកំណើតរស់នៅក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាលបានបន្តឲ្យដឹងពីពេលវេលានៃការចេញដំណើរតាមទូកខ្យល់ផងដែរថា៖ «មួយថ្ងៃយើងចេញដំណើរ ២ ដង ហើយ ១ ដងមានរយៈពេល ៣ ម៉ោង។ ពេលព្រឹកចេញដំណើរចាប់ពី ៩ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ហើយពេលរសៀលចេញពីម៉ោង ៣ ដល់ម៉ោង ៦ ល្ងាច។ ចំពោះតម្លៃសេវាកម្មដឹកភ្ញៀវជិះកម្សាន្តម្តងមានរយៈពេល ៣ ម៉ោងនោះយើងគិតទៅតាមគោលដៅ ២ ផ្សេងគ្នាគឺគោលដៅទី ១ ជិះទៅលេងតំបន់កោះដាច់ និងទី ២ នៅតំបន់ឯកោះឧកញ៉ាតី»។
សម្រាប់ការជិះទៅកាន់តំបន់កោះដាច់មានតម្លៃ ១២០ ដុល្លារ (អាចជិះជាក្រុមបាន ១២ នាក់) រយៈពេល ៣ ម៉ោងហើយទិសដៅជិះទៅកាន់តំបន់កោះឧកញ៉ាតីតម្លៃតែ ៩០ ដុល្លារប៉ុណ្ណោះ (ជិះបាន ១២ នាក់ដូចគ្នា) ប្រើរយៈពេល ៣ ម៉ោងដូចគ្នា ខណៈលោកអ្នកអាចចូលទំព័រហ្វេសប៊ុក KamNob Airboat Tours៕