ក្រុង​សៀមរាប: បើ​លោកអ្នក​មានបំណង​ធ្វើដំណើរ​ទៅ​កម្សាន្ដ​នៅ​រមណីយ​ដ្ឋាន​នានា ប្រាង្គ​ប្រាសាទ​បុរាណ និង​រីករាយ​ជាមួយ​ភ្លើង​ពណ៌​ពេល​រាត្រី​ក្នុង​ទីក្រុង​សៀមរាប​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​នេះ កុំ​ភ្លេច​ចូលរួម​កម្មវិធី​បុណ្យ​ដារ​លាន ដែល​ស្វាគមន៍​ភ្ញៀវ​គ្រប់​ជាតិ​សាសន៍​មក​ពី​ជុំវិញ​ពិភពលោក និង​នាំគ្នា​រាប់​ថយ​ក្រោយ អបអរ​ឆ្នាំ សកល ២០១៩។

ភូមិ​ជ្រាវ​ក្នុង​សង្កាត់​ជ្រាវ ដែលជា​តំបន់​អេកូ​ទេសចរណ៍​កំពុង​ពេញនិយម​នាពេល​បច្ចុប្បន្ន ត្រូវ​បាន​ជ្រើស​រើស​ជាទី​តាំង​ប្រារឰ​បុណ្យ​ដារលាន ឬ​បុណ្យ​ភូមិ ដើម្បី​អរគុណ​ដល់​ទឹកដី អាកាស​ធាតុ​ចំពោះ​ការ​ប្រមូល​ផល​ស្រូវ និង​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ខាង​មុខ។

ក្រោយពី​ផ្ដោត​គោលដៅ​ចម្បង​លើ​ភ្ញៀវទេសចរ​បរទេស ដែល​បាន​ធ្វើ​ដំណើរ​មក​កម្សាន្ដ​ទឹកដី​អង្គរ បុណ្យ​ដារ​លាន​ក្នុង​ភូមិ​ជ្រាវ ជាការ​ប្រារឰ​លើក​ទី ១២ របស់​ក្រុមហ៊ុន Jaya Catering & Events ក៏​នឹង​ផ្ដួចផ្ដើម​កម្មវិធី​សប្បាយ​សម្រាប់​បងប្អូន​ភ្ញៀវ​ជាតិ​ផង​ដែរ។

លោក ច្រឹ​ក គីម​ផូ ជា​អគ្គនាយក​ក្រុមហ៊ុន Jaya Catering& Events បាន​លើកឡើង​ថា៖ «នេះ​ជា​លើក​ទី ១២ ហើយ ដែល​ក្រុម​ការងារ​បាន​រៀបចំ​ពិធី​បុណ្យ ដារ​លាន ឬ​បុណ្យ​ភូមិ​នេះ​ឡើង ហើយ​លើក​មុនៗ​គឺ​រៀបចំ​ទទួល​ស្វាគមន៍​តែ​ភ្ញៀវ​បរទេស​តែ​ប៉ុណ្ណោះ។ តែ​លើក​នេះ​គឺ​រៀបចំ​ជា​លក្ខណ​ពិសេស​ដែល​នឹង​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ព្រម​គ្នា»។

លោក ច្រឹ​ក គីម​ផូ បាន​លើក​ហេតុផល​ថា រៀងរាល់ឆ្នាំ ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ជាច្រើន​បាន​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​កាន់​ក្រុង​សៀមរាប​ដើម្បី​ប្រារឰ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ ដូចជា​ដើរ​លេង​តាម​ប្រាសាទ រមណីយ​ដ្ឋាន​នានា​ចូល​ផ្សារ​រាត្រី ផាប់​ស្ទ្រីត មើល​កាំជ្រួច និង​រាំ​ក្នុង​ក្លិប។

បុណ្យភូមិ​នឹង​មាន​ការ​រាំ​កម្សាន្ត អបអរ​ឆ្នាំ​ថ្មី​។ សហការី

សម្រាប់​ឱកាស​ឆ្នាំនេះ លោក គីម​ផូ ចង់​ទាក់ទាញ​ទាំង​ភ្ញៀវជាតិ និង​អន្ដរជាតិ​មក​ចូលរួម​បុណ្យ​ដារ​លាន នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ដោយ​មាន​ការ​រៀបចំ​កម្មវិធី​ប្រពៃណី​ខ្មែរ​ជាច្រើន ការ​រាំ​កម្សាន្ដ និង​រីករាយ​អាហារ បាប៊ីឃ្យូ ប៊ូហ្វេ ស្រា​ក្រឡុក ស្រា​ក្រហម និង​ស្រា​សំប៉ាញ ដើម្បី​អបអរ​ឆ្នាំ​ថ្មី​ក្រោម​ពន្លឺ​កាំជ្រួច​ដ៏​អស្ចារ្យ។

ចំពោះ​អ្នក​ចាប់អារម្មណ៍​ចង់​ចូលរួម​កម្មវិធី​បុណ្យដារលាន ឬ​បុណ្យ​ភូមិ​ក្នុងភូមិ​ជ្រាវ អាច​ទាក់​ទង​តាម​អ៊ីមែល sales@jayacateringevents.com ឬ​ទូរស័ព្ទ ០៨៩ ៩៩៨ ៣៣៨ / ០៦៩ ៨៨៨ ០៣៤ ឬ​ចូល​ទៅ​កាន់​វេបសាយ Jaya Catering & Events៕

ភ្ញៀវ​នឹង​រីករាយ​ជាមួយ​អាហារ​ប៊ូហ្វេ និង​បាប៊ីឃ្យូ។ សហការី