ក្រុងបាត់ដំបង: ពី​អាង​ហែល​ទឹក​មនុស្ស​ធំ សួនផ្កា​ដ៏​ស្រស់​បំព្រង​សម្រាប់​ជា​ផ្ទៃ​ក្រោយ​ផ្គាប់​ចិត្ដ​អ្នក​និយម​ថតរូប​សែលហ្វ៊ី អាង​ហែល​ទឹក​សម្រាប់​កុមារ ភោជនីយដ្ឋាន និង​អាង​រំអិល​សម្រាប់​ក្មេង​តូចៗ រហូត​ដល់​ប្រាសាទ​អង្គរ​វត្ដ​សង់​ពី​សម្ភារ​បោះ​ចោល​ចាស់ៗ និង​អាង​រលក​សមុទ្រ​សិប្បនិម្មិត​បើក​សម្ពោធ​កាល​ពី​រដូវ​បុណ្យ​ភ្ជុំ​ឆ្នាំ​មុន សួន​ទឹក​ក្នុង​មជ្ឈមណ្ឌល​សុភមង្គល ក្រុង​បាត់ដំបង បើក​ទ្វារ​ស្វាគមន៍​ភ្ញៀវ​ប្រាថ្នា​បញ្ចុះ​កម្ដៅ​ខ្លួន​ភ្លូក​ទឹក​ភ្លូក​ដី។

រលក​សមុទ្រ​បោក​រលេញ​យ៉ាង​ថ្លាឈ្វេង​លើ​ជម្រាល​កម្រាល​ការ៉ូ​ក្រហម លឿង ស ដែល​ស័ក្ដិសម​សម្រាប់​កុមារ​ប្រឡែង​លេង​ជាមួយ​រលក​ផលិត​ចេញ​ពី​ម៉ាស៊ីន មាន​ជម្រៅ​ជ្រៅ​បំផុត​ត្រឹម ១,៨០ ម៉ែត្រ។ សម្រាប់​ឪពុក​ម្ដាយ និង​អាណា​ព្យាបាល​អត់​មាន​ពេល​វេលា​នាំ​បុត្រធីតា​ទៅ​លេង​សមុទ្រ​ផ្ទាល់ សួន​ទឹក​ក្នុង​ក្រុង​បាត់ដំបង​នេះ​ផ្ដល់​នូវ​សកម្មភាព​កម្សាន្ដ​សម្បូរ​បែប។

កញ្ញា ស៊ន សុខ​កញ្ញា អាយុ ២៤ ឆ្នាំ ជា​អ្នកគ្រប់គ្រង​ទូទៅ នៅ​សួន​ទឹក ក្នុង​មជ្ឈមណ្ឌល​សុភមង្គល បាន​ប្រាប់​ថា៖ «នៅ​កន្លែង​យើង​មាន​ច្រើន ទាំង​អាង​ហែល​ទឹក​សម្រាប់​កុមារ និង​មនុស្ស​ធំ សួន​ថត​រូប ក្យូស​ធំ​ចំនួន ២ វែង ភ្នំ​សិប្បនិម្មិត​ព្រៃ​ធម្មជាតិ ប្រាសាទ​អង្គរវត្ដ»។

ក្រៅពី​អាងទឹក​ចំនួន ៤ សួនផ្កា ភោជនីយដ្ឋាន និង​ស្រះ​ត្រី សួន​ទឹក​កម្សាន្ដ​នេះ​កែច្នៃ​សម្ភារ​ចាស់ៗ​ផលិត​ជា​គ្រឿង​លម្អ​តុប​តែង​សួន​ឲ្យ​កាន់​តែ​ទាក់​ទាញ និង​ស្ទួយ​បរិស្ថាន​ថែម​ទៀត។

អ្នកគ្រប់គ្រង​ទូទៅ ដែលមាន​ជំនាញ​គណនេយ្យ​រូបនេះ​បាន​បន្ដថា៖ «សម្បក​ដប យើង​យក​វា​ធ្វើ​របង សម្បក​កង់​ឡាន និង​ពោះវៀន​កង់​ឡាន​រៀប​ធ្វើ​ជា​រូប​សត្វ ម៉ូតូ រួមទាំង ប្រាសាទ​អង្គរវត្ដ ​ពី​ព្រោះ​បើ​យើង​ដុត​វា​ចោល វា​បំផ្លាញ​បរិស្ថាន។ នៅ​ទីនេះ មាន​កន្លែង​ញ៉ាំ​ការ ហើយ​ភ្ញៀវ​ប្រើប្រាស់​ភេសជ្ជៈ​ច្រក​ដប ដែល​មិន​អាច​លក់​ចេញ យើង​យក​មក​រចនា​ជា​របង​ដប»។

សម្រាប់​ការ​ចុះ​លេង​ទឹក តម្លៃ​ពី ២ ដុល្លារ ​សម្រាប់​ក្មេង និង​ ៤ ដុល្លារ​សម្រាប់​មនុស្ស​ធំ​។ សហការី

ដោយ​បើកសម្ពោធ​តាំងពី​ជាង ២ ឆ្នាំមុន សួន​ទឹក សុភមង្គល​ផ្ដើម​ពី​អាងទឹក​តែមួយ រួច​កសាង​អាង​ទឹក​សម្រាប់​ក្មេង និង​ទីលាន​រំអិល​សម្រាប់​ក្មេង ហើយ​ចុង​ក្រោយ​នេះ​កសាង​អាង​ទឹក​រលក​សមុទ្រ​សិប្បនិម្មិត ដែល​បើក​សម្ពោធ​មុន​រដូវ​បុណ្យ​ភ្ជុំ​ឆ្នាំ​មុន។

កញ្ញា សុខ​កញ្ញា បាន​ប្រាប់​ពី​តម្លៃ​ថា៖ «សម្រាប់​មនុស្ស​ធំ យើង​គិត​ចាប់ពី​កម្ពស់ ១,៤០ ម៉ែត្រ តម្លៃ ៣ ដុល្លារ កូន​ក្មេង គិត​ចាប់​ពី ១,៣៩ ម៉ែត្រ​ចុះ ម្នាក់ ២ ដុល្លារ ដែល​ពួកគេ​អាច​លេង​បាន​ទាំង ៤ អាង។ ចំពោះ​អ្នក​ចូល​មក​ថត​រូប​លេង យើង​គិត​ម្នាក់ ២ ពាន់​រៀល និង​រថយន្ដ​មួយ​គ្រឿង ៥ ពាន់​រៀល»។

ជាមួយ​ចំណង់​ចំណូល​ចិ​ត្ដ​លេង​ទឹក​របស់​ប្រជាជន​ខ្មែរ ជាពិសេស ស្ថិតក្នុង​បរិយាកាស​ក្ដៅ​បែប​នេះ កញ្ញា បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ មាន​ភ្ញៀវ​មក​លេង​ជា​ហូរហែ។ ប៉ុន្ដែ​ចំពោះ​ថ្ងៃ​ចុង​សប្ដាហ៍ និង​បុណ្យ​ទាន​ផ្សេងៗ សួន​ទឹក​ខេត្ដ​បាត់ដំបង ទទួល​ភ្ញៀវ​ពី ៣០០ ទៅ ៤០០ នាក់​ក្នុង​មួយ​ថ្ងៃ។ បើ​ទោះបី​ជា​ភ្ញៀវ​មក​កម្សាន្ដ​ច្រើន​នៅ​សួន​ទឹក​ក្នុង​ក្រុង​នេះ​យ៉ាងណា​ក៏ដោយ ក៏​កញ្ញា​ប្រាប់​ថា ភោជនីយដ្ឋាន​មិន​លក់​ម្ហូប​អាហារ​ឡើង​ថ្លៃ​ហួស​កំណត់​ឡើយ។

អ្នកគ្រប់គ្រង​ទូទៅ​អះអាងថា៖ «កុំ​បារម្ភ​ថា ភ្ញៀវ​នឹង​ស្រែកថា ម្ហូប​នៅទីនេះ​ថ្លៃ រួមទាំង ភេសជ្ជៈ​ក៏ដោយ។ ជាក់​ស្ដែង ទឹក​សុទ្ធ​មួយ​ដប យើង​លក់​តែ ១ ពាន់​រៀល​ប៉ុណ្ណោះ»។

កញ្ញា​បង្ហើប​ប្រាប់ថា ពេលខាងមុខ មជ្ឈមណ្ឌល​នឹង​សង់​ប្រឡាយ​វែង​សម្រាប់​ឲ្យ​ភ្ញៀវ​ជិះទូក​កម្សាន្ដ ហើយ​បាន​បញ្ជាក់​ថា ភ្ញៀវ​មក​តែ​មួយ​កន្លែង អាច​លេង​បាន​គ្រប់​មុខ។

សួន​ទឹក​សុភមង្គល ចាប់​បើកទ្វារ​ពី​ម៉ោង ១០ ព្រឹក​ដល់​ម៉ោង ៧ យប់ រៀង​រាល់​ថ្ងៃ ដែល​មាន​ទីតាំង​នៅ​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរម៉ាល់ ក្រុង​បាត់ដំបង (ខាងជើង​រង្វង់​មូល​នាង​រំសាយ​សក់ ៨០០ ម៉ែត្រ)៕