ក្រុងកូប៉ិកហាក៖ ជិះទូកកាយៈកាត់ភ្នំទឹកកក ដែលហូរមកក្បែរឆកកំពង់ផែ ដោយរសាត់អណ្ដែតរេរាជិតផ្ទះចម្រុះពណ៌ ឬដើរត្រាច់ចរក្នុងតំបន់ព្រៃគ្របដណ្ដប់ដោយព្រឹលទឹកកក ចន្លោះខែកក្កដា និងសីហា គឺជារដូវសម្បូរភ្ញៀវមកលេងភាគខាងជើងហ្គ្រីនលែនបំផុត។
ចំណោមភ្ញៀវទេសចរ ៨៥ ០០០ នាក់ ដែលមកកម្សាន្ដឆ្នេរខាងលិចរៀងរាល់ឆ្នាំ តែភាគខាងកើតហ្គ្រីនលែន ដែលសម្បូរផ្ទាំងទឹកកកធំៗ ព្រៃព្រឹក្សា និងសត្វព្រៃ ដូចជាហ្វូងត្រីបាឡែន និងខ្លាឃ្មុំទឹកកក ក៏ទាក់ចិត្ដភ្ញៀវសម្បើមដែរ។
អ្នកស្រី សារ៉ា បូវេត ជាវិចិត្រករស្វ៊ីស អាយុ ២៩ ឆ្នាំ បាននិយាយថា វាពិបាកដឹងអំពីក្ដីរំពឹងណាស់។ អ្នកស្រីបាននិយាយពេលកំពុងឈរក្រៅផ្ទះស្នាក់ក្នុងភូមិតូច គូលូស៊ុក។
អ្នកស្រី បូវេត កំពុងធ្វើដំណើរកម្សាន្ដបែបវិចិត្រករនៅតំបន់ហ្គ្រីនលែន ពេលអ្នកស្រីមកកាន់ភូមិគូលូស៊ុក ដែលមានមនុស្ស ២៥០ នាក់។ ទោះបីជាអ្នកស្រីដឹងថា វាគ្រាន់តែជាភូមិឋានដ៏តូចមួយ តែសម្រស់ធម្មជាតិ និងពន្លឺពណ៌ដ៏ស្រស់ស្អាតរបស់វាបានកញ្ឆក់ដួងចិត្ដអ្នកស្រីគួរឲ្យភ្ញាក់ផ្អើល។
ដោយមានតែផ្សារទំនើប ១ អាកាសយានដ្ឋាន ១ កសាងឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ដោយកងទ័ពអាមេរិកដើម្បីបម្រើជាមូលដ្ឋានរ៉ាដាសម័យសង្គ្រាមត្រជាក់ និងជាកំពង់ផែមួយហ៊ុមព័ទ្ធដោយផ្ទះឈើចម្រុះពណ៌ ដែលអ្នកភូមិភាគច្រើនទទួលបានចំណូលពីវិស័យទេសចរណ៍។
Justus Atuaq អ្នកប្រមាញ់វ័យក្មេង ក្នុងភូមិគូលូស៊ុក បាននាំភ្ញៀវជិះរទេះឆ្កែទេសចរណ៍ពីខែមីនា ដល់ខែមេសា ជានិទាឃរដូវដ៏សម្បូរភ្ញៀវ ដោយរូបគេបានរកចំណូលដើម្បីផ្គត់ផ្គង់ឆ្កែដែលត្រូវបានប្រើសម្រាប់ប្រណាំង និងប្រមាញ់ចំណី។
លោកបាននិយាយនៅក្រៅផ្ទះឈើថា៖ «បច្ចុប្បន្ន ខ្ញុំអាចនាំហ្វូងឆ្កែចេញប្រមាញ់ ហើយជួនកាលជូនភ្ញៀវពីប្រទេសនានាជិះរទេះលេងទៀត»។
មិនខុសពីតំបន់នានានៃដែនកោះហ្គ្រីនលែន ភូមិគូលូស៊ុក គ្មានផ្លូវកៅស៊ូ ហើយភ្ញៀវត្រូវធ្វើដំណើរតាមយន្ដហោះ ឬទូក។ ទេសចរណ៍ពេលថ្ងៃក្នុងភូមិគូលូស៊ុក តាមរយៈជើងហោះហើរពីទីក្រុងរ៉ៃក្យាវិក នៃប្រទេស អៀរឡង់ មានតម្លៃ ៧៨០ ដុល្លារ។
ភ្នាក់ងារទេសចរណ៍បានឲ្យដឹងថា ខ្លួនផ្ដោតលើផលប៉ះពាល់បរិស្ថានបង្កើនហេដ្ឋារចនាសម្ព័ន្ធ រួមទាំង បរិស្ថាន និងសហគមន៍ក្នុងស្រុក។
អ្នកស្រី ចូហាន់ណា ប៊ូក ស្វែនចូនស្ដូធៀ ដែលបានប្រតិបត្ដិការទេសចរណ៍ក្នុងភូមិគូលូស៊ុកឲ្យក្រុមហ៊ុនមានមូលដ្ឋាននៅអៀរឡង់បាននិយាយថា ការកើនឡើងភ្ញៀវទេសចរជះឥទ្ធិពលខ្លាំង តែអ្នកស្រីរំពឹងថា ភ្ញៀវនឹងបន្ដកើនឡើង។
ជាមួយតម្រូវការហេដ្ឋារចនាសម្ព័ន្ធអ្នកស្រីបានឲ្យដឹងថា៖ «ភ្ញៀវគួរតែមកលេង ព្រោះអ្វីៗនៅទីនេះនឹងធ្វើឲ្យពួកគេត្រឡប់ទៅវិញដូចមនុស្សថ្មីម្នាក់ទៀតអ៊ីចឹង»៕ AFP/HR