អ៊ីស្រ៊ីសិនវែល គឺជារូងភ្នំទឹកកកបែបធម្មជាតិខ្នាតយក្សមួយ មានទីតាំងស្ថិតនៅតំបន់វើរហ្វិននៃប្រទេសអូទ្រីស និងមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ភាគខាងត្បូងក្រុងសាល់បឺកប្រទេសអាល្លឺម៉ង់។ វាជារូងភ្នំទឹកកកធំជាងគេបំផុតលើពិភពលោកមានទំហំប្រមាណ៤២ គីឡូម៉ែត្រឯណោះ។
រូងភ្នំទឹកកកអ៊ីស្រ៊ីសិនវែលនេះ ដើមឡើយបានកើតឡើងដោយសារចរន្តទឹកទន្លេហូររបស់សាល់ហ្សាជ បានហូរទម្លុះតំបន់ភ្នំនេះឲ្យក្លាយជាផ្លូវទឹកហូរចូលទៅក្រោម ខណៈវាមានអាយុកាលជិត១០០លានឆ្នាំហើយ។ រាប់រយពាន់ឆ្នាំយូរទៅត្រង់ផ្ទាំងថ្មដែលបែកបាក់ប្រេះឬធ្លុះធ្លាយត្រូវចរន្តទឹកហូរ និងរីកកាន់តែធំឡើងៗរហូតបានក្លាយជារូងភ្នំខ្នាតយក្សបែបនេះតែ ម្តង។
នៅរដូវរងាផ្នែកខាងក្នុងនៃរូងភ្នំនេះ មានសីតុណ្ហភាពកក់ក្តៅជាងនៅខាងក្រៅ។ មានជំនោរខ្យល់ត្រជាក់បោកបក់ពីទន្លេ ឬស្ទឹង និងបាននាំទឹកហូរចូលទៅក្នុងរូងភ្នំនោះ។ ដោយសារខាងក្នុងរូងភ្នំមានកម្រិតសីតុណ្ហភាពទាបទើបបានធ្វើឲ្យ ទឹកដែលហូរចូលនោះកករឹងក្លាយជាផ្ទាំងទឹកកកតែម្តង។
លុះដល់ រដូវផ្ការីកទឹកដែលបានមកពីការរលាយនៃដុំព្រិល ហើយវាបានហូរជ្រាបតាមស្នាមប្រេះ ឬរន្ធធ្លាយធ្លាក់ចូលទៅក្នុងរូងភ្នំហើយកក និងបានបង្កើតឲ្យមានជារូបរាងផ្សេងៗគួរឲ្យចង់ទស្សនាទៀតផង។
ទោះបីរូងភ្នំទឹកកកនេះមានប្រវែងវែងរហូតដល់៤២គីឡូម៉ែត្រក្តី តែគេឃើញតំបន់ ដែលអាចឲ្យចូលទៅទស្សនាបានមានប្រវែងត្រឹមតែមួយគីឡូម៉ែត្រ ប៉ុណ្ណោះ។ ទម្រង់ និងសណ្ឋានរូងភ្នំទឹកកកនេះត្រូវបានអ្នកស្រាវជ្រាវធម្មជាតិអេនតុន ប៉ូសែលមកពីក្រុងសាល់បឺកប្រទេសអាល្លឺម៉ង់រកវាឃើញកាលពីឆ្នាំ១៨៧៩។
នៅមុនពេលលោកអេនតុនប៉ូសែល បានរកឃើញនោះអ្នកភូមិមានជំនឿ និងបានហៅរូងភ្នំនេះថាជាច្រកចូលទៅឋាននរក៕PR