ក្រុងខេមរភូមិន្ទ: តំបន់ឆ្នេរតូចមួយ ដែលបានបង្កប់ខ្លួននៅកណ្តាលព្រៃព្រឹក្សា និងចម្ការដូង ស្ថិតក្នុងឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង បានក្លាយជាតំបន់ទេសចរណ៍ដ៏ស័ក្តិសមមួយ សម្រាប់ស្អំបេះដូង អ្នក ដែលស្រឡាញ់ និងចូលចិត្តលម្ហែកាយតាមបែបធម្មជាតិ ហើយគ្រឿងសមុទ្រស្រស់ៗ របស់ប្រជានេសាទនៅទីនោះ បានបន្ថែមរសជាតិឲ្យកាន់តែប្រសើរ សម្រាប់អ្នកចូលចិត្តគ្រឿងសមុទ្រ ដែលគ្មានសារធាតុគីមី។
វាហាក់គ្មានភាពប្លែក សម្រាប់ប្រជាពលរដ្ឋ ដែលបានរស់នៅទីនោះទេ ប៉ុន្តែ ឆ្នេរថ្ម ស ឬ ថ្ម ស បានក្លាយជាទីឋានដ៏ល្អ សម្រាប់អ្នកទេសចរទៅពីឆ្ងាយ ជាពិសេសអ្នកដែលមានភាពធុញទ្រាន់ជាមួយបរិយាកាសអ៊ូអរនៅទីក្រុង ឬទីប្រជុំជន ព្រោះថ្ម ស បានទាំងសម្រស់ឆ្នេរ និងសម្រស់ធម្មជាតិ ហើយការទម្រេតខ្លួនទៅនឹងឆ្នេរខ្សាច់ ក្រោមម្លប់ដូងជាមួយខ្យល់បរិសុទ្ធ នៅទីនោះ វាប្រៀបដូចជាឱសថ សម្រាប់ព្យាបាលជំងឺស្ត្រេសយ៉ាងមានប្រសិទ្ធភាព។ «ខ្ញុំពិតជាមានអារម្មណ៍ស្រស់ថ្លា នៅពេលខ្ញុំបានមកកម្សាន្តនៅទីនេះ។ ភាពធុញទ្រាន់ និងអារម្មណ៍ស្មុគស្មាញដែលបានកើតឡើងជាមួយការងាររបស់ខ្ញុំ គឺត្រូវបានលាងជម្រះអស់តែម្តង ជាមួយបរិយាកាសដ៏ស្ងប់ស្ងាត់ និងស្រស់បំព្រងនៅទីនេះ ហើយអ្វីដែលពិសេសទៀតនោះ នៅទីនេះមានគ្រឿងសមុទ្រស្រស់ៗ ដែលទើបលើកមកពីទូកថ្មីៗរបស់ប្រជានេសាទ គឺវាពិតជាឆ្ងាញ់ណាស់ គ្មានបារម្ភលើ ការដាក់ជាតិគីមីនោះទេ»។
ទាំងនេះ ជាការលើកឡើងរបស់ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញគឺអ្នកស្រី ហេង តាំងមួយ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ។ អ្នកស្រី និងក្រុមការងារជាង ១០ នាក់ទៀត បានធ្វើដំណើរដោយឡានឈ្នួល ទៅកម្សាន្តតំបន់ថ្ម ស ចំនួន ២ យប់ ៣ ថ្ងៃ កាលពីចុងសប្តាហ៍ កន្លងមកនេះ។
ស្ត្រីវ័យសាមក្រាស់រូបនេះ មានការពេញចិត្តខ្លាំងទៅលើបរិយាកាស និងទេសភាព នៅទីនោះ ហើយក្រៅពីការលម្ហែកាយជាមួយធម្មជាតិ និងការស្រូបយកខ្យល់បរិសុទ្ធនៅថ្ម ស ក្រុមទេសចរណ៍មួយក្រុមនេះ ក៏បាននាំគ្នាដាក់មង បង់សំណាញ់ និងស្ទូចត្រី យ៉ាងសប្បាយរីករាយ តាមចំណង់ចំណូលចិត្តផងដែរ។
លោក ផា សំរិទ្ធ អ្នកថតរូបអាជីព ១ រូប បាននិយាយថា៖ «ខ្ញុំបានមកថ្ម ស នេះ ៣ ដងទាំងលើកនេះហើយ ប៉ុន្តែខ្ញុំនៅតែមិនអស់អាល័យចំពោះតំបន់ទេសចរណ៍មួយនេះ។ ខ្ញុំនៅតែចង់មកទីនេះ ព្រោះក្រៅពីបានបរិភោគគ្រឿងសមុទ្រស្រស់ៗ មានក្តាម មឹក បង្គា បង្កង ត្រី ល គឺខ្ញុំអាចដើរបង់សំណាញ់ ដាក់មង និងស្ទូចត្រី នៅជុំវិញតំបន់នេះបានយ៉ាងសប្បាយ ទៅតាមចំណង់ចំណូលចិត្តរបស់ខ្ញុំ ហើយត្រីសមុទ្រ ដែលរកបានភ្លាមៗបែបនេះ យកមកអាំង មានរសជាតិខ្លាំងណាស់ ខ្ញុំចូលចិត្តខ្លាំងបំផុត»។
ជាមួយគ្នានេះដែរ អ្នកទេសចរដែលបានធ្វើដំណើរទៅ ដល់ថ្ម ស ក៏អាចជួលទូករបស់ប្រជានេសាទនៅទីនោះ ជិះមើលទេសភាពតាមតំបន់ឆ្នេរ និងកោះមួយចំនួន ដែលមានសម្រស់ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតផងដែរ ហើយពួកគេក៏អាចលម្ហែកាយជាមួយការស្ទូចត្រី នៅលើទូកបានយ៉ាងសប្បាយ។
លោក មៀច សុផុន ហៅ ទូច ជាម្ចាស់ឆ្នេរថ្ម ស ដែលបានរស់នៅលើតំបន់ថ្មសនេះអស់រយៈពេលជាង ៣០ ឆ្នាំមកហើយនោះ បាននិយាយថា៖ «បើទោះបីជា ពេលនេះ ធនធានសមុទ្រ មិនសូវសម្បូរដូចមុនប៉ុន្តែត្រឹមតែម្ហូប មិនខ្វះទេ គឺចុះទូកវាយតែនៅខាងមុខហ្នឹង ក៏ហូបមិនអស់ដែរ។ ចំណែកគ្រឿងសមុទ្រ ដែលប្រជានេសាទរកបាននៅទីនេះ គឺស្រស់ៗតែម្តង ព្រោះយើងរស់ និងរកស៊ីតាមបែបធម្មជាតិ អ៊ីចឹងហើយ ទើបអ្នកដែលរស់នៅទីនេះ មិនមានជំងឺប្លែកៗ ដូចអ្នកនៅទីក្រុង»៕