
ភ្ញៀវឈរទស្សនាការសម្ដែងហិតរកមីនលើទីលានសិប្បនិម្មិត។ ផា លីណា
សៀមរាប: លោក រូបេន ធានហូវេន មកពីហូឡង់ និងមិត្ដស្រី សាណា ភេតធើសុន មកពីសហរដ្ឋអាមេរិកជាភ្ញៀវមកទស្សនាមជ្ឈមណ្ឌលសម្រាប់ទស្សនានៃអង្គការ APOPO ក្នុងក្រុងសៀមរាបដែលបង្កើតឡើងក្នុងឆ្នាំ ២០១៧ ផ្សព្វផ្សាយពីផលវិបាករបស់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដ៏គ្រោះថ្នាក់នៅកម្ពុជា និងទូទាំងពិភពលោកហាក់ដូចជាមានការភ្ញាក់ផ្អើលខ្លាំងពេលបានឮពីប្រវត្ដិសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា និងមីនរាប់លានគ្រាប់បន្សល់ទុកពាសពេញផ្ទៃប្រទេស។
បុរសហូឡង់វ័យ ២៨ ឆ្នាំរូបនេះនៅតែមានចម្ងល់សាកសួរច្រើនអំពីរឿងរ៉ាវនៃការសម្លាប់ពលរដ្ឋខ្មែររាប់លាននាក់ និងរបៀបនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ព្រមទាំងកោតស្ញប់ស្ញែងចំពោះសមត្ថភាពរបស់កណ្ដុរក្រោយទទួលបានការរៀបរាប់ប្រាប់ពីមគ្គុទេសក៍។
លោក មាស សម្បត្ដិ មគ្គុទេសក៍នៅ APOPO បានឲ្យដឹងថា៖ «ខ្ញុំនិយាយពីរឿងប្រវត្ដិសាស្ដ្រ និងរឿងជនរងគ្រោះតិចតួចទេ។ ខ្ញុំប្រាប់ពួកគាត់អំពីការបង្ហាត់សត្វកណ្ដុរថា តើយើងយកវាមកពីណា និងភាពរីករាយក្នុងការទស្សនាសត្វកណ្ដុររាវមីនច្រើនជាង»។

ភ្ញៀវយកចិត្តទុកដាក់ស្ដាប់ការពន្យល់ពីមគ្គុទ្ទេសក៍។ ផា លីណា
ផ្ដើមពីប្រវត្ដិខ្លីៗរបស់អង្គការ APOPO ដើម្បីឲ្យភ្ញៀវយល់ពីស្ថានភាពការងារបន្ដទៅប្រាប់មូលហេតុគ្រាប់មីនប៉ះពាល់ជុំវិញពិភពលោក បច្ចេកវិទ្យាណាខ្លះដែលត្រូវបានប្រើសម្រាប់ដោះមីនរួមទាំងបេសកកម្មសត្វកណ្ដុរគឺជាអ្វីដែលលោក មាស សម្បត្ដិ បង្ហាញក្នុងដំណើរជូនភ្ញៀវ។
លោក សម្បត្ដិ ដែលបានជួយរៀបចំទីកន្លែងសម្រាប់ភ្ញៀវទស្សនានេះបានបន្ថែមថា៖ «បន្ទាប់មកយើងនិយាយពីប្រវត្ដិសាស្ដ្រកម្ពុជាតិចតួច ដើម្បីឲ្យពួកគេដឹងពីបញ្ហាកើតឡើងក្នុងប្រទេស និងមូលហេតុដែលយើងមកទីនេះដើម្បីជួយកម្ពុជា។ យើងក៏បានបញ្ជូននូវចំណុចពិសេសនៃសមត្ថភាពសត្វកណ្ដុររួចរៀបរាប់អំពីដំណើរការបំពេញកិច្ចការក្នុងចម្ការមីន»។
ក្រោយបង្ហាញពីស្ថានភាពនៅលើចម្ការ នាទីមើលឈុតឆាកសម្ដែងរបស់សត្វកណ្ដុរពីប្រទេសតង់ហ្សានីបានមកបញ្ចេញសមត្ថភាពហិតមីនលើទីលាន មុននឹងភ្ញៀវបន្តចូលទស្សនាវីដេអូ និងក្រេបភេសជ្ជៈត្រជាក់ និងវេលាសំណួរចម្លើយ។

ភ្ញៀវអាចទិញអាវយឺត និងវត្ថុអនុស្សាវរីយ៍ជាការគាំទ្រ។ផា លីណា
មគ្គុទេ្ទសក៍ម្នាក់ក្នុងចំណោម ៣ នាក់នៅ APOPO Visitor Center រូបនេះបានលើកឡើងថា៖ «ក្រុមការងារ ២ និងកណ្ដុរមួយបង្ហាញពីដំណើរការនៃការហិតមីន។ ភ្ញៀវនឹងមានឱកាសសួរបានច្រើនពីព្រោះការពន្យល់តាមគោលដៅនីមួយៗដែលមានអ្នកចូលរួមច្រើនពេលខ្លះពួកគាត់អត់យល់»។
មុនពេលបញ្ចប់ដំណើរទស្សនកិច្ចមជ្ឈមណ្ឌលដោយការបង្ហាញសម្ភារលក់ជូនភ្ញៀវទិញទុកជាអនុស្សាវរីយ៍ មគ្គុទេ្ទសក៍នាំភ្ញៀវចូលបន្ទប់ចុងក្រោយមើលពីគ្រាប់មីន។
ដំណើរទស្សនាមានរយៈពេលពី ៤៥ នាទីទៅ ១ ម៉ោងក្នុង ១ ក្រុមដែលអាចមានសមាជិករហូតដល់ពី ២០ ទៅ ៣០ នាក់ និងភ្ញៀវពិសេសត្រឹមម្នាក់ ឬ ២ នាក់ហើយនៅរដូវសម្បូរភ្ញៀវចាប់ពីខែតុលា មគ្គុទេ្ទសក៍ម្នាក់អាចទទួលភ្ញៀវ ៣-៤ ក្រុម។

សម្រាប់ភ្ញៀវ និងអ្នកមានបំណងចង់ជួយលើបេសកកម្មសម្អាតមីនពីទឹកដីប្រទេសកម្ពុជាលោក Benjamin Carrichon នាយកមជ្ឈមណ្ឌលសម្រាប់អ្នកទស្សនារបស់ APOPO បានប្រាប់ថា៖ «យើងមានជម្រើស ២ ក្នុងការទិញអាវយឺត និងផ្ដល់ប្រាក់ចិញ្ចឹមសត្វកណ្ដុរ ១ ឆ្នាំតម្លៃ ៦០ ដុល្លារ ឬការបរិច្ចាគតាមអនឡាញ»។
មជ្ឈមណ្ឌលទស្សនាកណ្ដុរដោះមីន APOPO បើកពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨:៣០ ដល់ម៉ោង ៥:៣០។ ទំនាក់ទំនងអ៊ីមែល visitor.center@apopo.org និងទូរស័ព្ទ ០៨១៥៩៩២៣៧៕
វីដេអូ៖