The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទស្សនា​ក្រពើ​ភ្នំ​ដ៏កម្រ​ នៅ​បឹង​ក្រពើ ​ក្នុង​​តំបន់​អេកូ​ទេសចរណ៍​អូរសោម




ទស្សនា​ក្រពើ​ភ្នំ​ដ៏កម្រ​ នៅ​បឹង​ក្រពើ ​ក្នុង​​តំបន់​អេកូ​ទេសចរណ៍​អូរសោម

Content image - Phnom Penh Post

ទស្សនា​ក្រពើ​ភ្នំ​ដ៏កម្រ​ នៅ​បឹង​ក្រពើ ​ក្នុង​​តំបន់​អេកូ​ទេសចរណ៍​អូរសោម

ក្រុងពោធិ៍សាត់: ដើរ​លើ​ស្ពាន​ប្រគង​មែកឈើ​ និង​ដើម​ឫស្សី​កម្ពស់​ប្រផិតៗ​ទឹកអូរ ដែល​ជា​ជម្រក​ក្រពើ​ភ្នំ​រាប់សិប​ក្បាល​បំណង​ដើរ​ទស្សនា​ក្រពើ​ពិតជា​ធ្វើ​ឲ្យ​អារម្មណ៍​ព្រឺព្រួច ស្រៀវ​អស់​ឆ្អឹងខ្នង​។ អ្នក​ឆ្លង​ស្ពាន​គ្រប់រូប​រមែង​សង្ឃឹម​ថា​ក្រពើ​ភ្នំ​ទាំង​នេះ​មិន​ស្រេក​ឃ្លាន​ក្នុង​ពេល​នេះ​ទៅ​ចុះ​។

បឹង​ក្រពើ​ស្ថិត​ក្នុង​ភូមិ​អូរសោម​ជា​តំបន់​សហគមន៍​អេកូទេសចរណ៍​កំពុង​ពេញនិយម​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​នៅ​ចំ​គោលដៅ​ចន្លោះ​រវាង​កោះកុង​ចម្ងាយ​ប្រមាណ ១០០ គីឡូម៉ែត្រ និង​ទីរួមខេត្ដ​ពោធិ៍សាត់​ចម្ងាយ ១៧០ គីឡូម៉ែត្រ គឺជា​គោលដៅ​ទេសចរណ៍​ដ៏ទាក់ទាញ​មួយ​ចំពោះ​ភ្ញៀវទេសចរ​ដែល​មក​ស្នាក់​អាស្រ័យ​ក្នុង​សហគមន៍​ហ៊ុមព័ទ្ធ​ដោយ​សម្រស់​ធម្មជាតិ​បៃតង​ស្រស់​នេះ​។

ចម្ងាយ​ប្រមាណ ១៣ គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ភូមិ​អូរសោម​នៃ​តំបន់​ជួរ​ភ្នំក្រវាញ​អូរ​ដៃ​ព្រែក​ ឬ​បឹង​ក្រពើ ភូមិ​​អូរសោម ឃុំ​អូរសោម ស្រុក​វាលវែង ជា​ជម្រក​អភិរក្ស​ក្រពើ​ភ្នំ​ចំនួន​ប្រមាណ ៤០ ទៅ ៦០ ក្បាល​ដែល​ជា​សត្វ​ស្ទើរតែ​ផុត​ពូជ​នៅ​ក្នុង​ពិភពលោក​។ ភ្ញៀវទេសចរ​អាច​មាន​ឱកាស​បាន​ឃើញ​សត្វ​ស៊ី​ត្រី និង​ដី (​មិន​ធ្លាប់​វាយប្រហារ​មនុស្ស​) ចាប់ពី​ខែ​ធ្នូ​ដល់​ខែ​ឧសភា​។

Content image - Phnom Penh Post
រថយន្ត​ដឹក​ភ្ញៀវ​ទស្សនា​តំបន់​អេកូទេសចរណ៍​សហគមន៍ អូរសោម​។ រូបថត សហការី

លោក នួន លីម ម្ចាស់​ផ្ទះ​ស្នាក់​មជ្ឈមណ្ឌល​សហគមន៍​ភ្នំក្រវាញ​អូរ​សោម និង​ជា​សមាជិក​សហគមន៍​ដ៏សកម្ម​ម្នាក់​ដែល​ជា​អ្នកចាត់ចែង​ក្រុម​ម៉ូតូ​ជូន​ភ្ញៀវ​ដល់​គោលដៅ​បាន​និយាយ​ថា​៖ «​ភ្ញៀវទេសចរ​ភាគច្រើន​ទាំង​ខ្មែរ និង​បរទេស​មិន​ភ្លេច​ដំណើរ​ទៅ​ទស្សនា​ក្រពើ​ភ្នំ​ជា​សត្វ​កម្រ​ដែល​ត្រូវ​បាន​អភិរក្ស​ឡើយ​»​។

បរ​ម៉ូតូ​តាមផ្លូវ​កាត់​រទេះ​កាត់​វាល​ចូល​ព្រៃ កាត់​ព្រៃ​ចូល​វាល​ប្រមាណ​ជិត​មួយ​ម៉ោង យើង​បាន​ទៅ​ដល់​ផ្ទះ​អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​ជង​រួច​ដើរ ៥០០ ម៉ែត្រ​ទៅ​កាន់​អូរ​បឹង​ក្រពើ​។ ពន្លឺ​ព្រះ​សុរិយា​ចាប់ផ្ដើម​អស់​រស្មី​បន្ដិច​ម្ដងៗ​ជា​វេលា​ដែល​មគ្គុទ្ទេសក៍​អះអាង​ថា​ជា​ឱកាស​ទស្សនា​ក្រពើ​ភ្នំ​ច្រើន​បំផុត​។

លោក ហេង ឈុន ហៅ ឆ្លូញ អាយុ ៥០ ឆ្នាំ​មាន​បទពិសោធ​នាំ​ភ្ញៀវ ពី ២ ទៅ ៥ ជើង​ក្នុង​មួយ​សប្ដាហ៍​រយៈពេល ៥ ឆ្នាំ​បាន​ប្រាប់​ថា​៖ «​ជាទូទៅ​ក្រពើ​ឧស្សាហ៍​ងើប​នាពេល​យប់​ជា​ជាង​ពេល​ថ្ងៃ​។ ដូច្នេះ​ឱកាស​ពេល​យប់​គួរ​តែ​ស័ក្ដិសម​» ។

មនុស្ស​គិត​មិន​ដូច​ទេវតា​គិត​។ អង្គុយ​សំកុក​រហូត​ដល់​ថ្ងៃ​លិច​បាត់ ផ្ទៃមេឃ​ឃើញ​តែ​ហ្វូង​តារា​រយ​ពាន់ រីឯ​ព្រៃ​គុម្ពោត និង​វាលស្រែ​ប្រែ​ជា​ងងឹត​អស់​ពន្លឺ​។ ក្រុមការងារ​ចាប់ផ្ដើម​ផ្សងព្រេង​ដោយ​ត្រូវ​ដើរ​ឆ្លងកាត់​ស្ពាន​ប្រគង​ឈើ​លើ​ដងអូរ​ទៅ​កាន់​ត្រើយម្ខាង​ដើម្បី​ស្វែងរក​កែវភ្នែក​ក្រហម​ទាំង​គូៗ​រំលេច​ផុស​នៅលើ​ផ្ទៃ​ទឹក​។

ជា​អកុសល​ម្នាក់ៗ​ខំ​ដើរ​បណ្ដើរ ភ្នែក​រំពៃ​មើល​ឆ្វេង​ស្ដាំ​បណ្ដើរ ក្រែងលោ​ប្រទះ​ឃើញ​វត្ដមាន​សម្លាញ់​ធ្មេញ​ស្រួច​នៅ​ក្បែរៗ​ខ្លួន​ដោយ​ចៃដន្យ​រហូត​ដល់​ចម្ងាយ​ផ្លូវ​ជិត​ ១ ​គីឡូម៉ែត្រ ប្រ៉ប​តាម​ដងអូរ​នៅ​តែ​មិន​ឃើញ​តួឯក​ផុស​ខ្លួន​ឡើយ​។

Content image - Phnom Penh Post
ភ្ញៀវ​បរទេស​បោះជំរំ និង​អង្គុយ​ជុំវិញ​ភ្នក់ភ្លើង​ជា​ផ្នែក​មួយ​នៃ​ដំណើរ​កម្សាន្ត​ផ្សងព្រេង​នៅ​តំបន់​អេកូទេសចរណ៍​។ រូបថត សហការី

ស្ទើរតែ​ពេញ​ ១ ​យប់​យើង​គ្រាន់តែ​អាច​បាន​ឃើញ​កែវភ្នែក​ក្រហម​ ១ ​គូ​ផុស​លើ​ផ្ទៃ​ទឹក​ ១ ​ភ្លែត និង​លាមក​ក្រៀម​ពណ៌​ស​របស់​វា​បណ្ដែត​លើ​ដី​វាលស្រែ​ក្បែរ​ទឹកអូរ​ប៉ុណ្ណោះ​។

លោក ហេង ឈុន បាន​សារភាព​ថា​មួយរយៈ​ចុង​ក្រោយ​នេះ​ក្រពើ​ហាក់​មិន​សូវ​បង្ហាញខ្លួន​ដូច​សព្វ​ ១ ​ដង​ទេ បន្ទាប់ពី​អ្នកភូមិ​ឧស្សាហ៍​មក​រំខាន​ការរស់នៅ​របស់​ពួកវា​។

លោក​បាន​និយាយ​ថា​៖ «​អ្នកភូមិ​តែងតែ​នាំគ្នា​មក​នេសាទ​ត្រី​នាពេល​យប់​ជា​ញឹកញាប់ ហើយ​ប៉ុន្មាន​ខែ​មុន​នេះ​មាន​មនុស្ស​ ១ ​ក្រុម​នាំគ្នា​មក​ជីក​កកាយ​គល់​គ្រញូង​ដែល​ពួកគេ​ប្រទះ​ឃើញ​ដោយ​ចៃដន្យ ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​។ ខ្ញុំ​គិត​ថា ម៉ាស៊ីន​គោយន្ដ​ទាញ​គ្រញូង​បាន​ធ្វើឲ្យ​ផ្អើល​ដល់​ហ្វូង​ក្រពើ​» ។

លោក លីម បាន​ប្រាប់​ថា​បច្ចុប្បន្ន​ចំនួន​ក្រពើ​ភ្នំ​ក្នុង​បឹង​ក្រពើ​នេះ​មាន​ប្រមាណ​តែ ១០ ក្បាល​ប៉ុណ្ណោះ ដោយសារ​តែ​ពលរដ្ឋ​នាំគ្នា​នេសាទ​ដោយ​ខ្លះ​ប្រើ​ឧបករណ៍​ឆក់ រំខាន​ដល់​ការ​រស់នៅ​របស់​ក្រពើ ហើយ​ពួកវា​ជាច្រើន​ក៏​ធ្វើការ​បំផ្លាស់​ទី​ទៅ​កន្លែង​ផ្សេង​។

នៅ​មិន​អស់​ចិត្ដ​ក្រុម​ការងារ​ភ្នំពេញប៉ុស្ដិ៍ វិល​មក​កាន់​បឹង​ក្រពើ​ជាថ្មី​នៅ​រាត្រី​ថ្ងៃ​បន្ទាប់​ដោយ​ប្រទះ​ឃើញ​ក្រពើ​ភ្នំ​ ៣ ​ក្បាល​សម្ងំ​ខ្លួន​ក្នុង​គុម្ពោត​ព្រៃចេក​។

យ៉ាង​ណា​មិញ​ការប៉ុនប៉ង​ចង់​ឃើញ​ក្រពើ​ភ្នំ​ក្នុង​បឹង​ក្រពើ​ទាមទារ​ភាព​អំណត់​ដោយ​ត្រូវ​រង់ចាំ​ពេលវេលា​ដ៏ស័ក្ដិសម​របស់​វា​។ បើ​អាច​ភ្ញៀវទេសចរ​គួរ​ឆ្លៀតពេល​បោះតង់​ស្នាក់​នៅ​ក្បែរ​បឹង​ក្រពើ​ ១ ​រាត្រី​ក្រោម​ការជួយ​នាំ​ផ្លូវ​ពី​មគ្គុទ្ទេសក៍​ភូមិ​មាន​បទពិសោធ​៕

Content image - Phnom Penh Post
ភ្ញៀវទេសចរ​បញ្ចាំង​ភ្លើង​ពិល​ប្លុងៗ​រង់​ចាំមើល​ក្រពើ​ភ្នំ​។ ផា លីណា

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍