ក្រុង​ព្រះវិហារ៖ កម្ទេច​ថ្ម​គូប​តូច​ធំ ដួល​រាយ​ប៉ាយ​ពាស​ពេញ​ដី​ ដែល​មនុស្ស​ម្នា​ជា​ច្រើន​​ធ្លាប់​ដើរ​ជាន់​ ដោយ​មិន​បាន​ចាប់​អារម្មណ៍​នោះ រាល់​ថ្ម​នីមួយៗ​សុទ្ធ​តែជា​​វត្ថុ​សក្ការ​បូជា​របស់​ពុទ្ធ​សាសនិក​បាន​ប្រែ​ក្លាយ​ជា​វិមាន​ប្រាសាទ​ពុទ្ធ​បដិមា​ដ៏​អស្ចារ្យ​ និង​ទាក់​ចិត្ដ​ភ្ញៀវ​ទេសចរ​ ក្រោយ​កិច្ចការ​ជួសជុល​ដំឡើង​​តួ​ប្រាសាទ​ចតុមុខ​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​។

ប្រាសាទ​ព្រះ​ពុទ្ធ​ ៤ អង្គ​ទ្រង់​ឈរ​ទល់​ខ្នង​គ្នា​បែរ​ទៅ​ទិស​ធំ​ទាំង ៤ ត្រូវ​បាន​ចាត់​ទុក​ជា​ប្រាសាទ​ដ៏​កម្រ​ ដែល​ស្ថិត​នៅ​ក្រុម​ប្រាសាទ​បាកាន ​(​ព្រះ​ខ័ន​​កំពង់​ស្វាយ​)​ ចន្លោះ​សតវត្សរ៍​ទី ១១ និង​ ១៤ ដោយ​កសាង​ឡើង​សម្រាប់​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា​។

យោង​តាម​របាយការណ៍​ ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​ឲ្យ​ដឹង​ថា​ ប្រាសាទ​ចតុមុខ​បាន​ដួលរលំ​​អស់​ពាក់​កណ្ដាល​តាំង​ពី​យូរ​ណាស់​មក​ហើយ ដោយ​នៅ​សេសសល់​ត្រឹម​ចង្កេះ​ចុះ​ក្រោម​ប៉ុណ្ណោះ​។

នៅ​តាម​ជញ្ជាំង​ និង​ផ្នែក​ខាង​ក្នុង​មាន​ដើម​ឈើ និង​ឫស​ឈើ​ដុះ​ញែក​ជញ្ជាំង​កាន់​តែ​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​តួ​ប្រាសាទ​ប្រឈម​ការ​បាក់​បែក​ទាំង​ស្រុង​។ ចំណែក​ឯ​ព្រះ​សិរ​របស់​ព្រះពុទ្ធ​បដិមា​​បាន​ធ្លាក់​រាយ​ប៉ាយ​លើ​ដី និង​រមែង​ត្រូវ​បាន​ភ្ញៀវ​ដើរ​ជាន់​។

របាយការណ៍​បាន​បន្ដ​ថា​ លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​លោកស្រី ម៉ែន សំអន​ ដឹកនាំ​ការ​ជួសជុល​ប្រាសាទ​ដ៏​កម្រ​នេះ​ ដើម្បី​លើក​ស្ទួយ​ពុទ្ធ​សាសនា​ ជា​សាសនា​របស់​រដ្ឋ​ និង​លើក​តម្លៃ​ផ្នែក​វប្បធម៌​ឲ្យ​កាន់​តែ​ទូលំទូលាយ​។ ពិធី​​អភិសេក​ប្រាសាទ​ចតុមុខ ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​​ពី​​ខែ មីនា ឆ្នាំ ២០១៨។

ព្រះពុទ្ធបដិមា​ទល់​ខ្នង​​​គ្នា មាន​កម្ពស់​ប្រមាណ ១០ ម៉ែត្រ​។ ហុង មិនា

ព្រះពុទ្ធ​ទ្រង់​ឈរ​ទល់​ខ្នង​គ្នា ៤ អង្គ​

កសាង​ឡើង​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ពោធិសត្វ​លោកេស្វរៈ​មុខ ​៤ ក្នុង​លទ្ធិ​ព្រះពុទ្ធ​សាសនា​មហាយាន​ ​​បដិមា​ព្រះ​ពុទ្ធ​ទ្រង់​ឈរ​ទល់​គ្នា​ចំនួន ៤ អង្គ ​គឺ​ជា​ប្រាសាទ​ដ៏​ល្អ​​ឯក​ ដែល​មិន​ទាន់​ឃើញ​​​ប្រាង្គ​ប្រាសាទ​ក្នុង​តំបន់​ផ្សេង​ៗ​នៃ​​ប្រទេស ​កម្ពុជា ​មាន​ទម្រង់​ដូច​ប្រាសាទ​ក្នុង​ក្រុម​ប្រាសាទ​បាកាន (ព្រះ​ខ័ន​កំពង់​ស្វាយ​)​។

លោក​ ធុយ ចាន់ធួន សាស្ដ្រាចារ្យ​​បុរាណ​វិទ្យា​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្ដិ៍​ ថា​៖ «មិន​​ខុស​ពី​មូលហេតុ​នៃ​ការ​កសាង​ព្រះ​ព្រហ្ម​​មុខ​ ៤ ព្រះ​ពុទ្ធ​ទ្រង់​ឈរ​ទល់​ខ្នង​គ្នា​ ៤ អង្គ​ តំណាង​ឲ្យ​ព្រហ្មវិហារ​ធម៌​ទាំង ៤ គឺ​​ មេត្ដា ករុណា មុទិតា និង​ ឧបេក្ខា ក្នុង​ទ្រឹស្ដី​ទស្សន​វិជ្ជា​ព្រះពុទ្ធ​សាសនា​»។

ទ្រឹស្ដី​ព្រះ​សម្មាសម្ពុទ្ធ បាន​ចែង​ថា ព្រហ្មវិហារ​ធម៌​របស់​ព្រះពុទ្ធ​មាន​ដូចជា (១) មេត្ដា៖ សេចក្ដី​ស្រឡាញ់ ប្រាថ្នា​ល្អ ចង់​ឲ្យ​គេ​មាន​សេចក្ដី​សុខ​ មាន​ចិត្ដ​មេត្រី និង​គិត​ធ្វើ​ប្រយោជន៍​ដល់​មនុស្ស​សត្វ​ទូទៅ​។ (២) ករុណា៖ សេចក្ដី​អាណិត​ជួយ​ឲ្យ​រួច​ផុត​ទុក្ខ​ និង​ជួយ​សង្គ្រោះ​បំបាត់​ទុក្ខ​លំបាក​ទាំង​ពួង​​។ (៣) មុទិតា៖ មាន​ក្ដី​ត្រេកអរ​ ពេល​ឃើញ​អ្នក​ទាំង​ពួង​មាន​សេចក្ដី​សុខ និង​​មាន​ចិត្ដ​រីករាយ​ជា​និច្ច​ចំពោះ​មនុស្ស​សត្វ​ទាំង​ឡាយ​​​។ (៤) ឧបេក្ខា៖ ការ​តម្កល់​ចិត្ដ​ស្ថិត​នៅ​កណ្ដាល​ស្មើៗ​គ្នា​​ ដែល​តម្រង់​ក្នុង​ផ្លូវ​ធម៌​​។

ប្រាសាទ​ចតុមុខ ស្ថិត​នៅ​ក្នុងក្រុម​​ប្រាសាទ​បាកាន ឬ​ព្រះខ័ន​កំពង់ស្វាយ​។ ហុង មិនា

ប្រាសាទ​ចតុមុខ​ជា​​​ប្រាសាទ​ដ៏​កម្រ

លោក ធុយ ចាន់ធួន បាន​និយាយ​ឯកភាព​នឹង​សំណេរ​បរិយាយ​លើ​ក្ដារ​ព័ត៌មាន​​នៃ​​គម្រោង​អភិរក្ស និង​ជួសជុល​ប្រាសាទ​ចតុមុខ​ស្ដីពី​ភាព​វិសេស​របស់​​ប្រាសាទ​ក្នុង​ក្រុម​ប្រាសាទ​ព្រះខ័ន​កំពង់​ស្វាយ​មួយ​នេះ​​ថា​៖ «​ខ្ញុំ​ដូច​ជា​មិន​ឃើញ​មាន​ប្រាសាទ​ណា​ផ្សេង​ ដែល​​កសាង​ឡើង​ជា​ទម្រង់​ព្រះ​ពុទ្ធ​ទ្រង់​ឈរ​ទល់​ខ្នង​​គ្នា​ ៤ អង្គ ​បែប​នេះ​នោះ​ទេ​។ វា​ជា​រឿង​ល្អ​មួយ​ចំពោះ​លក្ខណ​ពិសេស​បែប​នេះ​»។

សាស្ដ្រាចារ្យ​​បុរាណ​វិទ្យា​​រូប​នេះ បាន​​​ឲ្យ​ដឹង​​​ថា​ ​ប្រាសាទ​ចតុមុខ​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ទសវត្សរ៍​ទី ១២ នៃ​​រជ្ជកាល​ព្រះ​បាទ​​ជ័យវរ្ម័ន​ទី ៧ ដែល​ពេល​នោះ ព្រះ​អង្គ​​​បាន​ដឹកនាំ​កងទ័ព​ទៅ​ទី​នោះ ​ដើម្បី​​ត្រៀម​កម្លាំង​ផ្ដួល​រលំ​កង​ទ័ព​ចម្ប៉ា។

ប្រាសាទ​ចតុមុខ​ ស្ថិត​ក្នុង​ក្រុម​ប្រាសាទ​បាកាន (ព្រះ​ខ័ន​​កំពង់​ស្វាយ) ដែល​មាន​រចនាប័ទ្ម​ដូច​អង្គរវត្ដ ដូច​បេង​មាលា​ជា​អតីត​រាជធានី​ដ៏​ធំ​បំផុត​នៅ​កម្ពុជា ដែល​មាន​ទំហំ ៥ គីឡូម៉ែត្រ ៤​ ជ្រុង​។

វិសាលភាព​ធំធេង​នៃ​បណ្ដុំ​ប្រាសាទ ​ត្រូវ​បាន​លោក​​អះអាង​ថា​៖ «សួរ​ថា ទីក្រុង​ស្រុក​ខ្មែរ​បុរាណ តើ​ក្រុង​​ដែល​ធំ​​ជាង​គេ​ វា​មិនមែន​ក្រុង​លង្វែក​ មិន​មែន​ក្រុង​ឧដុង្គ​ មិន​មែន​ក្រុង​អង្គរ ឬ​យសោធរបុរៈ​ទេ តែ​ជា​ទីក្រុង​បាកាន​កំពង់​ស្វាយ​។ អតីត​រាជធានី​នេះ​ជា​ទីតាំង​បង្កើត​កងទ័ព​របស់​រាជា​​​ជ័យវរ្ម័ន​ទី ៧។ ​យើង​​បាន​ឃើញ​ភ័ស្ដុតាង​ច្រើន​ពី​ការ​​ផលិត​ដែក​សម្រាប់​បង្កើត​ជា​អាវុធ​ស្ថិត​នៅ​ជុំវិញ​ប្រាង្គ​ប្រាសាទ​បាកាន​កំពង់​ស្វាយ​»។

ព្រះពុទ្ធ​ទាំង ៤ ​តំណាង​ឲ្យ​ព្រហ្ម​វិហារធម៌​មាន​ មេត្តា ករុណា មុទិតា និង​ឧបេក្ខា​​។ ហុង មិនា

ភាព​អស្ចារ្យ​ដែល​​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​ ​

ស្ថិត​នៅ​ខាង​ក្រៅ​បរិវេណ​​ក្រុម​ប្រាសាទ​បាកាន​ នៅ​មាន​ប្រាង្គ​ប្រាសាទ​​ជា​ច្រើន​ទៀត ដូចជា ប្រាសាទ​​​​ព្រះ​ដំរី ប្រាសាទ​ព្រះ​ថ្កោល​ ​ប្រាសាទ​ព្រះ​ស្ទឹង ​ប្រាសាទ​មេ​បុណ្យ និង​ប្រាសាទ​ចតុមុខ​ ជា​ដើម​។​ ​

ធ្លាប់​តែ​ជា​ទីឋាន​បាក់បែក​ ដែល​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ទៅ​ហួស​មក​ហួស​ ប្រាសាទ​ចតុមុខ​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ​​តាម​បណ្ដោយ​ផ្លូវ​ខាង​ឆ្វេង​ដៃ​ ពី​ខ្លោង​ទ្វារ​ធំ​នៃ​ប្រាសាទ​បាកាន​ មិន​ត្រូវ​បាន​គេ​មើល​ឃើញ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។

ប៉ុន្ដែ​ក្រោយ​ការ​ជួសជុល​លើក​គំនរ​បាក់​បែក​ផ្គុំ​ជា​ប្រាសាទ​ព្រះពុទ្ធ​បដិមា​ដ៏​ស្កឹមស្កៃ​កម្ពស់​ជាង ១០ ម៉ែត្រ​ ប្រែ​ជា​​ទីឋាន​ទាក់​ចិត្ដ​ភ្ញៀវ​ មុន​ពេល​ពួក​គេ​បន្ដ​ទៅ​កាន់​ខ្លោង​ទ្វារ​ធំ​។

លោក លី ភារម្យ ជា​មន្ដ្រី​អាជ្ញាធរ​បេតិកភណ្ឌ​ ដែល​ប្រចាំ​ការ​នៅ​ក្បែរ​ខ្លោង​ទ្វារ​ធំ​នៃ​ប្រាសាទ​បាកាន ជាមួយ​ឆ្មាំ​ប្រាសាទ​ ៤-៥ នាក់​ទៀត​ បាន​ប្រាប់​ថា​៖ «​ដោយសារ​ផ្លូវ​មិន​សូវ​ស្រួល​ប៉ុន្មាន យើង​មិន​សូវ​ឃើញ​ភ្ញៀវ​ទេសចរ​មក​លេង​ច្រើន​នោះ​ទេ​។ មួយ​ថ្ងៃ ២ - ៣ នាក់​ប៉ុណ្ណោះ​។ តែ​ច្រើន​មាន​​តែ​នៅ​ថ្ងៃ​បុណ្យ​ទាន​ និង​ចុង​សប្ដាហ៍​ខ្លះៗ​។ ភ្ញៀវ​ឥឡូវ​មិន​រំលង​ប្រាសាទ​ចតុ​មុខ​ឡើយ​ ពួក​គេ​តែងតែ​ឆៀង​ចូល​ថតរូប​ និង​ដាក់​តង្វាយ​សក្ការៈ​បួង​សួង​សុំ​សេចក្ដី​សុខ​ជាដើម​»។

ក្រៅ​ពី​ការ​ទស្សនា​ព្រះពុទ្ធ​បដិមា​ ៤ អង្គ​ និង​អុច​ធូប​បួង​សួង​ទៅ​តាម​ជំនឿ​សាសនា ទេសចរ​ក៏​អាច​មើល​រូបភាព​នៃ​គំនូរ​ប្លង់​តំបន់​អភិរក្ស រូបថត​សម័យ​ឆ្នាំ ​១៩៣៣ និង​សកម្មភាព​ជួសជុល​ រួម​ជាមួយ​ព័ត៌មាន​ត្រួសៗ​បង្ហាញ​នៅ​ក្ដារ​ព័ត៌មាន​ក្បែរ​ប្រាសាទ​។

ភ្ញៀវ​ក៏​អាច​ទស្សនា​រូបថត​ប្រាសាទ​​ពី​ឆ្នាំ ១៩៣៣ និង​ព័ត៌មានពីការ​ជួលជុលផង​ដែរ​​។ ហុង មិនា

រចនាប័ទ្ម​ដ៏​ប្លែក​ពី​ប្រាសាទ​ដទៃ

ចំពោះ​រចនាប័ទ្ម​ដ៏​ប្លែក​ពី​ប្រាង្គ​ប្រាសាទ​ដទៃ ដែល​សូម្បី​តែ​របាយការណ៍​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ក៏​ចាត់​ទុក​ជា​ប្រាសាទ​កម្រ​ផង​នោះ។

ព្រះពុទ្ធ​​បដិមា​ក្នុង​ទីក្រុង​លង្វែក​បុរាណ​​ត្រូវ​​បាន​មើល​ឃើញ​ពី​រចនាប័ទ្ម​ដូច​នឹង​ប្រាសាទ​ចតុមុខ​។

សាស្ដ្រាចារ្យ​​បុរាណ​វិទ្យា​ លោក ធុយ ចាន់​ធួន បាន​បង្ហើប​ប្រាប់​ថា៖ «​ខ្ញុំ​ក៏​ឃើញ​មាន​ព្រះពុទ្ធ​រូប​ទ្រង់​ឈរ​ទល់​ខ្នង​គ្នា​បែប​នៅ​វត្ដ​ត្រឡែង​កែង​ស្ថិត​ក្នុង​ឃុំ​លង្វែក​ ជា​អតីត​រាជធានី​ចាស់​មួយ​ដែរ​»​។

លោក ចាន់ធួន ដែល​បាន​រកឃើញ​​ប្រាសាទ​បុរាណ​ថ្មី​ជាង ​៤០ នៅ​ខេត្ត​ក្រចេះ ដែល​ជា​អតីត​ទីក្រុង​សម្ពុបុរៈ ​នៃ​រដ្ឋ​ចេនឡា បាន​បន្ថែម​ថា​៖ «​បច្ចុប្បន្ន នៅ​វត្ដ​ត្រឡែង​កែង​នេះ យើង​ឃើញ​តែ​ព្រះ​បាទ​ទេ​ដែល​នៅ​សេស​សល់​ទី​នោះ​។ តាម​អ្នក​ស្រុក​និយាយ​ ព្រះពុទ្ធ​បដិមា​ទាំង ៤ ​អង្គ​នោះ ត្រូវ​បាន​​ពួក​សៀម​អូស​ទម្លាក់​ទឹក​បឹង​ទន្លេ​សាប​ ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​វត្ដ​ត្រឡែង​កែង»​។

ដំណើរ​ទៅ​កាន់​ប្រាសាទ​ចតុមុខ​អាច​ធ្វើ​ឡើង​លើ​​កំណាត់​ផ្លូវ​លេខ ៦២ ចម្ងាយ ២៦៦ គីឡូម៉ែត្រ​ រួច​បត់​ឆ្វេង​តាម​ផ្លូវ​លេខ ២៦២៣ អា ទៅ​កាន់​ស្រុក​សង្គម​ថ្មី​ចម្ងាយ​ប្រមាណ ៤៥ គីឡូម៉ែត្រ ​ឆ្ពោះ​ទៅ​កាន់​ប្រាសាទ​បាកាន (ព្រះ​ខ័ន​កំពង់​ស្វាយ​) ឬ​ជាង ៨០ គីឡូម៉ែត្រ ​ពី​ក្រុង​ព្រះវិហារ​។ ប្រាសាទ​ចតុមុខ​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ក្រុម​ប្រាសាទ​បាកាន​ ចម្ងាយ​ប្រមាណ ១០៥ គីឡូម៉ែត្រ ​ពី​ប្រាសាទ​អង្គរវត្ដ​ក្នុង​ភូមិ​​តាសែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​៕

វីដេអូ៖