ភ្នំពេញៈ តោះ​!​ចូលរួម​ការតាំងពិព័រណ៍ និង​សិក្ខាសាលា​ស្តីពី​ការអភិរក្ស​នៅតាម​តំបន់​ប្រាសាទ​បាយ័ន​ដែល​បាន​ចំណាយពេល​អស់ ២៥ ​ឆ្នាំ​នឹង​បង្ហាញ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ប្រារព្ធ​មហោស្រព​គីហ្សូណា​ជប៉ុន-កម្ពុជា លើក​ទី​ ៨ គឺ​នៅ​ចំ​ថ្ងៃ​ទី​ ២៣-២៤ ខែ​កុម្ភៈ​ឆ្នាំ​ ២០១៩ នេះ​តែ​ម្តង​។

កម្មវិធី​សិក្ខាសាលា​ប្រាសាទ​បាយ័ន​នេះ​ដែរ​ត្រូវ​បាន​ក្រុម JASA រៀបចំ​ស្តីពី​ការអភិរក្ស ដើម្បី​បង្ហាញ​សកម្មភាព​ជួសជុល​នៅ​តាម​តំបន់​ប្រាសាទ​បាយ័ន​។ សាកល្បង​ចូលរួម​សកម្មភាព​អភិរក្ស​ជាមួយ​គ្នា​ដើម្បី​យល់​កាន់​តែ​ស៊ីជម្រៅ​ពី​ការការពារ​សម្បតិ្ត​បេតិកភណ្ឌ​អង្គរ​របស់​ពិភពលោក​យ៉ាង​ដូចម្តេច​ខ្លះ​។

បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ស្តីពី​កម្មវិធី​នានា​នៃ​មហោស្រព​គីហ្សូណា​ជប៉ុន-កម្ពុជា​លើក​ទី​ ៨ ដែល​ចាប់ផ្តើម​កាលពី​ល្ងាច​ថ្ងៃទី​ ២១ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ម្សិលមិញ​នោះ​បាន​ឲ្យ​ដឹង​ដែរ​ថា​៖ «​ក្រុម​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​ការថែរក្សា​ការពារ​ប្រាសាទ​អង្គរ (JSA) ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៩៤ និង​បាន​ផ្តើម​ការងារ​ចាប់ពី​ឆ្នាំ ​២០០៥ មក​ដោយ​បាន​អនុវត្ត​ការងារ​រួមគ្នា​ជាមួយ​នឹង​អាជ្ញាធរ​ជាតិអប្សរា ហើយ​បាន​ប្តូរ​ទៅ​ជា​គម្រោង​ជប៉ុន​អប្សរា​ការពារ​ប្រាសាទ​អង្គរ​ (JASA)​។

សកម្មភាព​ជួសជុល​ឡើង​វិញ​របស់​ក្រុម​ JASA នៅឯ​តំបន់​ប្រាសាទបាយ័ន ក្នុង​ខេត្ត​សៀមរាប​។ រូបថត JASA

ពិព័រណ៍​ប្រាសាទបាយ័ន​នេះ​នឹង​បង្ហាញ​អំពី​ប្រវត្តិ​នៃ​គម្រោង​របស់ JSA ឬ JASA ចំពោះ​ដំណើរ​ការងារ​របស់​ខ្លួន​នៅក្នុង​តំបន់​អង្គរ​ដែល​មាន​រយៈពេល​ចំនួន ២៥ ​ឆ្នាំ​»​។

ចំពោះ​គម្រោង​ជប៉ុន​សម្រាប់​ការថែរក្សា​ការពារ​ប្រាសាទ អង្គរ (JSA) ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៩៤ នោះ​ក៏​មាន​ការគាំទ្រ​ពី​អង្គការ​យូណេស្កូ (UNESCO) និង​មូលនិធិ​របស់​ប្រទេស​ជប៉ុន​ការពារ​ការអភិរក្ស​នៃ​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ​។

ការជួសជុល​ឡើង​វិញ​នេះ​ត្រូវ​បាន​អនុវត្ត​នៅ​តាម​តំបន់​ប្រាសាទ​បាយ័ន ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​សួព្រ័ត្រ​ដោយ​មាន​ក្រុម​អ្នក​ឯកទេស​ជនជាតិ​ជប៉ុន​ចំនួន​ប្រមាណ ១១០ ​នាក់​ដែល​មកពី​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​នានា និង​ត្រូវបាន​គេ​បញ្ជូន​មក ដើម្បី​ឲ្យ​ចូលរួម​នៅក្នុង​សកម្មភាព​អភិរក្ស​ប្រាសាទ ជាមួយ​អ្នក​ជំនាញ និង​សិប្បករ​កម្ពុជា​មាន​ចំនួន ៣៥០ ​នាក់​។

ដោយឡែក​កម្មវិធី​មហោស្រព​គីហ្សូណា​ជប៉ុន-កម្ពុជា​លើក​ទី​ ៨ នេះ​បាន​ចាប់ផ្តើម​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃ​ទី​ ២១ ដល់​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​នៃ​កម្ពុជា-ជប៉ុន (CJCC) ដែល​ការសហការ​ពី​ស្ថានទូត​ជប៉ុន និង​មជ្ឈមណ្ឌល​មូលនិធិ​ជប៉ុន​នៅ​អាស៊ី​គឺ​ក្រោម​ប្រធានបទ​រួម​មួយ​ថា «Experience Together»៕