មណ្ឌលគិរី: ទឹកហូរកាត់ថ្នល់ធ្លាក់ចំណោតកម្ពស់ជាង ១០ ម៉ែត្របង្កើតជាសូរសំឡេងសន្ធឹកបាចសាចទឹកស្រោចស្រពរុក្ខជាតិតូចធំដុះជុំជិត បានក្លាយជារមណីយដ្ឋានទេសចរណ៍ដែលមានការចុះបញ្ជីដោយក្រសួងទេសចរណ៍ ស្ថិតនៅទឹកដីខេត្តភាគឦសានប្រទេសក្នុងភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូរាំង ចម្ងាយ ២០ គីឡូម៉ែត្រពីទីរួមខេត្ដមណ្ឌលគិរី។
រមណីយដ្ឋានទឹកធ្លាក់ជ្រៃធំ ជាឈ្មោះរុក្ខជាតិជ្រៃដ៏ធំដុះប្របខ្សែទឹកដែលធ្លាប់តែជាទីកម្សាន្ដរបស់ភ្ញៀវជាតិ និងអន្ដរជាតិដ៏ពេញនិយមរហូតដល់មានការសង់ក្យូសលម្ហែជាច្រើន បានប្រែជាទីឋានកណ្ដោចកណ្ដែង ហាក់អស់លទ្ធភាពទាក់ទាញភ្ញៀវឲ្យមកកម្សាន្ដដូចគ្រាកន្លងទៀត។
ក្យូសកម្សាន្ដដែលសង់នៅក្បែរផ្លូវចុះទៅទឹកធ្លាក់ខាងក្រោមប្រែពុកផុយ ផ្លូវចុះត្រូវបានរុក្ខជាតិដុះបាំងបិទ ហើយសម្រស់ទឹកហូរធ្លាក់កម្ពស់ជាង ១០ ម៉ែត្រ និងមុខកាត់ប្រមាណ ៥ ម៉ែត្រ ត្រូវបានហ៊ុមព័ទ្ធដោយមែកឈើតូចធំ ហាក់បង្ហាញពីភាពឯកា។

ទិដ្ឋភាពអ្នកភូមិងូតទឹក និងបោកខោអាវហាក់ដូចជាឆ្លុះបញ្ចាំងពីការបាត់បង់ភ្ញៀវមកកម្សាន្ដអស់ហើយ។ ប៉ុន្តែមិនមានន័យថា រមណីយដ្ឋានសល់តែឈ្មោះនេះអស់សម្រស់ដើម្បីអាចអន្ទងចិត្តអ្នកទស្សនាឡើយ ពីព្រោះទីឋានដ៏មនោរម្យនេះនៅកៀកបង្កើយនឹងទ្វាររថយន្ដ ពោលគឺចុះពីរថយន្ដភ្លាម ជើងជាន់ទឹកធ្លាក់ភ្លែត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្ដមណ្ឌលគិរី បានឲ្យដឹងថា៖ «កាលពីមុន យើងមានកម្មវិធីដែលមានអ្នកឧបត្ថម្ភសហគមន៍ ហើយពេលកម្មវិធីនេះអស់ទុនទៅប្រហែលជា ១ ឆ្នាំជាង យើងអស់ថវិកាសម្រាប់អភិវឌ្ឍ»។
លោកបានបន្ដថា៖ «យើងខិតខំប្រឹងរកដៃគូដើម្បីបន្ដជួយដែរ។ យើងមិនមែនបោះបង់រមណីយដ្ឋានមួយនេះចោលឡើយ។ វាក៏ត្រូវបានបញ្ចូលក្នុងផែនការអភិវឌ្ឍន៍របស់មន្ទីរទេសចរណ៍សម្រាប់ឆ្នាំ ២០១៤-២០១៨។ យើងរៀបគម្រោង ហើយយើងក៏ដើររកថវិកាសម្រាប់ទ្រទ្រង់ផងដែរ»។

ចំពោះទឹកដែលហូរកាត់ផ្លូវនេះ លោកបានលើកឡើងថា តាមពិត វាជាផ្លូវចាស់របស់ប្រជាជនប្រើប្រាស់តាំងពីមុនមកទេ វាមិនមែនជាផ្លូវថ្មីឡើយ។ ប្រជាពលរដ្ឋតែងតែមានទម្លាប់ទៅងូតទឹកនៅនោះដែរ។
ដោយសារតែភ្ញៀវជាតិមិនចូលចិត្ដទៅងូតទឹកកម្សាន្ដនៅក្រោមដែលរងនូវភាពកខ្វក់ពីខ្សែទឹកខាងលើ លោកប្រធានមន្ទីរ បានបញ្ជាក់ថា៖ «បើមានការអភិវឌ្ឍ យើងក៏អាចជជែកជាមួយប្រជាពលរដ្ឋឲ្យមានការផ្លាស់ប្ដូរទម្លាប់ងូតទឹក និងបោកសម្លៀកបំពាក់កណ្ដាលផ្លូវពីលើខ្សែទឹកនោះដែរ ឬយើងអាចធ្វើស្ពានរំលង»។
អ្នកភូមិដាក់ដាំ បានលើកឡើងថា៖ «ឥឡូវនេះ សឹងតែមិនឃើញភ្ញៀវខ្មែរមកលេងទឹកធ្លាក់ជ្រៃធំទេ ហើយភ្ញៀវបរទេស យូរៗឃើញមកមួយគូ ឬពីរគូ។ ពួកគេភាគច្រើនជិះម៉ូតូត្រុកៗមកសួរផ្លូវអ្នកភូមិ»៕