ភ្នំពេញ៖ ​​ថ្ងៃ​កាន់​បិណ្ឌ​ទី២ អ្នកស្រី ភួង មករា ​គ្រង​​​​សម្លៀក​បំពាក់​ប្រពៃណី​ស្អាត​បាត​ ដៃ​ម្ខាង​កាន់​ចាន​ស្រាក់​ និង​ដៃ​ម្ខាង​កាន់​ផ្កា​ភ្ញី​​​​ ជាមួយ​​ក្រុម​គ្រួសារ​បាន​ដើរ​សំដៅ​ទៅ​លាង​សម្អាត​ដៃ មុន​ពេល​​ចូល​សាលា​ឆាន់​នៃ​អារាម​អង្គរជ័យ​ ​​ស្រុក​កៀន​ស្វាយ បំណង​ប្រគេន​ចង្ហាន់​ បច្ច័យ​ដល់​ព្រះសង្ឃ​ និង​រាប់​បាត្រ​ទៅ​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​ព្រះពុទ្ធ​សាសនា​។

មិន​ខុស​ពី​​អារាម​ទូទាំង​ប្រទេស​ ​​វត្ដ​​អង្គរជ័យ​​ទទួល​ពុទ្ធបរិស័ទ​មក​រៀបចំ​​ពិធី​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃទី ៣ ដល់ ​១៧ ខែ​កញ្ញា ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​។ ប៉ុន្ដែ​ការ​អនុវត្ដ​ពិធី​បុណ្យ​ឆ្នាំ​នេះ ប្រជា​ពុទ្ធបរិស័ទ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​រស់នៅ​តាម​គន្លង​ថ្មី​។

ព្រះតេជគុណ​ព្រះនាម​ ទន់​ សុភ័ក្ដ្រ​​​ ជា​ភិក្ខុ​គង់​នៅ​វត្ត​នេះ​ជាង​ ១០ ​វស្សា មាន​​​សង្ឃ​ដី​កា​ថា​៖ «ខាង​វត្ត​ក៏​មាន​ការ​ចាក់​ផ្សាយ​ឲ្យ​​ប្រជាពលរដ្ឋ​​​មាន​ការ​រក្សា​​អនាម័យ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ ដោយ​អនុវត្ត​ការ​រក្សា​គម្លាត​សុវត្ថិភាព​ផ្សេងៗ»។

ព្រះអង្គ​បន្ដ​ថា​៖ «តាម​ពិត​​ប្រជាពលរដ្ឋ​ក៏​មាន​ការ​យល់​ដឹង​ខ្លួន​ឯង​ដែរ។​ ពួក​គាត់​ព្យាយាម​នៅ​ជុំ​តែ​ជាមួយ​គ្រួសារ​រៀងៗ​ខ្លួន​ ហើយ​បើ​ទោះ​​មិន​មាន​ការ​ពាក់​ម៉ាស់​គ្រប់ៗ​គ្នា​​ ក៏​​ពួក​គាត់​មាន​ជែល​លាងដៃ​ និង​អាល់កុល​គ្រប់​គ្នា​»។

ទី​អារាម​សក្ការបូជា​ ក៏មានណែនាំ​ពី​អនាម័យ និងបរិស្ថាន​ផង​ដែរ។ ហ៊ាន រង្សី

បន្ទាប់​ពី​បញ្ចប់​កិច្ចការ​បុណ្យ​ទាន​ទៅ​តាម​ប្រពៃណី​ពុទ្ធចក្រ​ និង​លាង​សម្អាត​ដៃ​ជាមួយ​អាល់កុល​រួច​រាល់​ អ្នកស្រី មករា រួម​​ទាំង​ស្វាមី និងកូន​ ប្រុស នាំ​គ្នា​មក​អង្គុយ​សម្រាក​​ក្នុង​ក្យូស​​ធំ​ទូលាយ​ស្ថិត​ក្នុង​បរិវេណ​ទី​អារាម​ និង​ចំណាយ​ពេល​មួយ​រសៀល​លម្ហែ​នៅ​រមណីយារាម​វត្ដ​អង្គរ​ជ័យ​។

ក្រោយ​ពេល​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ អ្នកស្រី ភួង មករា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ នៅ​ក្នុង​ក្យូស​អែប​ដើម​អម្ពិល​​បារាំង​ថា​៖ «​តាម​ពិត​ទៅ ខ្ញុំ​ជា​អតីត​កូន​សេក្ខ​លោក​ក្នុង​វត្ដ​នេះ តាំង​ពី​ក្មេងៗ ដែល​បង្រៀន​ដោយ​ចៅ​អធិការ​វត្ដ​។ ខ្ញុំ​តែងតែ​មក​ទីនេះ​តាំង​ពី​មិន​សូវ​មាន​មនុស្ស​អ៊ូអរ​ អត់​មាន​ត្រី​សម្រាប់​មើល និង​មិន​មាន​ក្យូស​អង្គុយ​លេង​ម្ល៉េះ​​»។

អ្នកស្រី​បាន​និយាយ​បន្ដ​មុន​ពេល​នាំ​កូន​​ចុះ​ដាក់​ចំណី​ត្រី​ថា​៖ «​ទីនេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ជ្រះ​ថ្លា​ ចាក​ផុត​ពី​ទុក្ខ​កង្វល់​ ហើយ​ពេល​នេះ ខ្ញុំ​មាន​គ្រួសារ​ ខ្ញុំ​នៅ​តែ​នាំ​ពួក​គាត់​មក​លេង​ ដាក់​ចំណី​ត្រី និង​ធ្វើ​បុណ្យ​ទាន​នៅ​ទីនេះ​ដដែល​។ ទី​នេះ រំឭក​ដល់​អតីត​កាល​របស់​ខ្ញុំ​»។

ស្ថិត​ក្នុង​បរិវេណ​ធំ​ទូលាយ អារាម​មាន​​ក្យូស​​សង់​ប្រ៉ប​លើ​ស្រះ​​ ​ស្ពាន​នាគ​ថ្ម​ឆ្លង​កាត់ និង​ស្ពាន​​ឈើ​ប្រ៉ប​ផ្ទៃ​ទឹក​សម្រាប់​ភ្ញៀវ​ទស្សនា និង​ផ្ដល់​ចំណី​ត្រី​ធំ​ៗ​ឡើង​ខាប់​ទឹក ដែល​ស័ក្ដិសម​នឹង​អ្នក​​ចូលចិត្ដ​ភាព​ស្ងប់ស្ងាត់​ គ្មាន​គ្រឿង​បំពង​សំឡេង​តន្ដ្រី​ចម្រៀង និង​គ្រឿង​ស្រវឹង​។

សួនបុប្ផា​ជួយ​បង្កើន​សម្រស់​បរិស្ថាន​ស្អាត​ក្នុង​ទី​អារាម​។ ហ៊ាន រង្សី

ព្រះ​ភិក្ខុ ទន់​ សុភ័ក្ដ្រ​ ព្រះ​ជន្ម ២៧ ​វស្សា មាន​សង្ឃ​ដីកា​អំពី​គោល​បំណង​នៃ​ការ​កសាង​ទី​លម្ហែ​ក្នុង​អារាម​នេះ គឺ​ដើម្បី​រំដោះ​ពុទ្ធ​បរិស័ទ ក៏​ដូចជា​មហាជន​ឲ្យ​មាន​កន្លែង​សម្រាក​កាយ​ បន្ទាប់​ចុះ​ពី​សាលា​ឆាន់​។

ព្រះអង្គ​មាន​សង្ឃ​ដីកា​ ខណៈ​សូរ​ព្រះធម៌​បន្លឺ​ចេញ​ពី​សាលា​ឆាន់​ថា​៖ «ដំបូង​ឡើយ វត្ត​នេះ​មាន​សភាព​​​ស្ងាត់​មនុស្ស​ដែរ​ តែ​ក្រោយ​ពេល​​ព្រះចៅ​អធិកាវត្ត​ សុខ វាសនា​ បាន​និមន្ត​មក​ លោក​ក៏​ផ្ដើម​បូម​ទឹក​រៀបចំ​ចិញ្ចឹមត្រី​យក​ពី​ស្ទឹង​មុខ​វត្ត​មក​ដាក់​ស្រះ។​ ចាប់​ពី​ពេល​នោះ​ដោយ​ឃើញ​ត្រី​ច្រើន​ពុទ្ធបរិស័ទ​ក៏​ផ្អើល​មក​កុះករ​ ហើយ​លោក​ក៏​បាន​ផ្ដើម​គំនិត​កសាង​ក្យូស​ឡើង​កាល​ពី ៣ ទៅ ៤ ឆ្នាំ​មុន»។​

នៅ​លើ​ផ្ទៃ​ដី​ប្រមាណ ១០ ​ហិកតា វត្ដ​អង្គរជ័យ​ មាន​ក្យូស​ចំនួន ២១ និង​ស្ពាន​ដែក​ប្រវែង ៧០ ​ម៉ែត្រ ព្រម​ទាំង​ស្ពាន​ឈើ​ខ្វាត់​ខ្វែង​​សង់​ប៉្រប​ទឹក​ សម្រាប់​ឲ្យ​ប្រជាជន​សម្រាក​កម្សាន្ដ ទទួល​ទាន​​អាហារ​ជុំ​គ្នា និង​ផ្ដល់​ចំណី​ត្រី​ដ៏​ច្រើន​មីរដេរដាស​ ដែល​រង់ចាំ​វត្ដមាន​ភ្ញៀវ​មក​ផ្ដល់​ចំណី​ឲ្យ​ពួក​វា​។

ក្យូស​អែប​មាត់ស្រះ ជាទី​សម្រាកលម្ហែកាយ ដោយគ្មានសំឡេង​រំខាន​នៃតន្ត្រី និង​គ្រឿងស្រវឹង។ហ៊ាន រង្សី

ព្រះ​តេជគុណ ​សុភ័ក្ដ្រ​​ មាន​សង្ឃ​ដីកា​​ថា៖​ «ចំពោះ​បរិស្ថាន​យើង​មាន​តែ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​​ភ្ញៀវ​ចេះ​ថែរក្សា​អនាម័យ​ និង​ការ​បោះចោល​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​​ដោយ​ខ្លួន​ឯង​»។

ក្រៅ​ពី​បរិស្ថាន​ស្អាត ម្លប់​​ត្រឈឹងត្រឈៃ ទឹក​ស្ទឹង និង​ស្រះ​ទឹក​ដែល​សម្បូរ​ត្រី​ធំ​ៗ សួន​បុប្ផា​ក៏​ជា​ចំណុច​​ទាក់ទាញ​ និង​បង្កើន​សម្រស់​បរិស្ថាន​ស្អាត​ក្នុង​ទី​អារាម​នេះ​ផង​ដែរ។

ចាប់​ពី​ផ្កា​ឈូក​ ស្បៃ​រឿង និង​សួន​ច្បារ​តូចៗ​នៅ​តាម​អគារ​នីមួយៗ ក៏​ដូច​ជា​បរិវេណ​អារាម​​ទាំងមូល​ ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នេះ​មួយ​ផ្នែក​បាន​មក​ពី​ការ​ចូលរួម​របស់​ភ្ញៀវ​​​មក​កម្សាន្ដ​ដែរ។

រមណីយារាម​វត្ដ​អង្គរ​ជ័យ​ស្ថិត​ក្នុង​ភូមិ​អង្គរជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ចម្ងាយ​ប្រមាណ ៣០ ​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​៕