
ផា លីណា
សៀមរាប: ជាមួយគោលបំណងផ្ដល់ទីកន្លែងលេងកម្សាន្ដបែបកីឡា និងហាត់ប្រាណដល់សហគមន៍ក៏ដូចជាអ្នកនិយមលេងកីឡាជំនួយកាយសម្បទារឹងមាំស្របពេលបេក្ខភាពអត្ដពលិក American Ninja Warriorធ្វើដំណើរកម្សាន្ដមកកាន់ទឹកដីអង្គរមជ្ឈមណ្ឌលកីឡា ICF របស់អង្គការ ICF Cambodia បានរៀបចំកែច្នៃទីលានកីឡានិនចាឆ្លងកាត់ឧបសគ្គលើផ្ទៃទឹកដើម្បីទាក់ទាញពីសំណាក់មហាជនទូទៅ ។
លោក Tremayne Dortch ជាបេក្ខភាព American Ninja Warrior រដូវកាលទី ៤ ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រប្រចាំក្រុងឡាសវេហ្គាស និងអ្នកស្រី Karen Robinson បេក្ខភាពប្រកួត American Ninja Warrior រដូវកាលទី ១១ បានធ្វើដំណើរមកកម្សាន្ដប្រទេសកម្ពុជាកាលពីឆ្នាំមុន។ ពួកគេត្រូវបានអញ្ជើញឲ្យចូលរួមរៀបចំទីលានកីឡាលើផ្ទៃទឹកព្រមទាំងចែករំលែកបទពិសោធទាំងការហ្វឹកហាត់ និងការប្រកួតក្នុងព្រឹត្ដិការណ៍កីឡាដ៏ល្បីមួយនេះ។
ស្ពានក្ដារបន្ទះ និងកង់ឡានត្រូវបានចងខ្សែពួររណេងរណោងដែលជាឧបសគ្គធ្វើឲ្យពិបាកនឹងឈរទំបោះជំហានឆ្លងភ្ជាប់ដោយខ្សែក្រឡាសំណាញ់ បត់បែន ៣ តង់មុនពេលដល់ទីព្រ័ត្រចម្ងាយប្រមាណ ៣០ ម៉ែត្រត្រូវបានប្រើជាទីតាំងលេងកីឡានិនចាលើផ្ទៃទឹកជាមួយការចាប់ផ្ដើមការប្រកួតជ្រើសរើសជើងឯក ៣ ប្រភេទទៅតាមអាយុ (ប្រភេទទី ១ ចាប់ពីអាយុ ១៤ ដល់ ១៧ ឆ្នាំប្រភេទទី ២ ពីអាយុ ១៨ ដល់ ២៤ ឆ្នាំ និងប្រភេទទី ៣ ពីអាយុ ២៥ ឆ្នាំឡើង) កាលពីខែវិច្ឆិកា ឆ្នាំ ២០១៨។

មជ្ឈមណ្ឌលកីឡា ICF ផ្ដល់ទីកន្លែងលេងកម្សាន្តបែបកីឡា។ ផា លីណា
លោក កាក់ មេសា ប្រធានផ្នែកកីឡានៅមជ្ឈមណ្ឌលកីឡា ICF នៃអង្គការ ICF Cambodia ក្នុងក្រុងសៀមរាបបាននិយាយថា៖ «ទាំងការរៀបចំទីលាន និងការប្រកួតកីឡានានា យើងធ្វើឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជនមកលេងកីឡានៅទីនេះ និងបង្កើតកម្មវិធីសប្បាយរីករាយទាំងអស់គ្នា»។
លោកបន្ដថា៖ «តាមពិតទីលានកីឡានេះត្រូវបានដាក់ឲ្យដំណើរការ ២ ឆ្នាំមកហើយ។ ប៉ុន្ដែទើបតែចុងឆ្នាំកន្លងទៅពេលយើងសហការជាមួយបេក្ខភាព American Ninja Warrior ២ នាក់មកពីអាមេរិក និងបានរៀបចំការប្រកួត ព្រមទាំងបង្ហោះលើបណ្ដាញសង្គមធ្វើឲ្យប្រភេទកីឡាលើផ្ទៃទឹកនេះកាន់តែមានគេស្គាល់ច្រើន»។
ក្នុងការប្រកួតនិនចាឆ្លងកាត់ឧបសគ្គលើផ្ទៃទឹកដំបូងកាលពីខែវិច្ឆិកាឆ្នាំមុន បានរកឃើញម្ចាស់ជយលាភីម្នាក់ដែលប្រើថិរវេលាតិចជាងគេបំផុតត្រឹម ១,៥៨ នាទីឈ្មោះ សរ សាខេ អាយុ ១៧ ឆ្នាំ ខណៈលក្ខខណ្ឌអាយុពី ១៤ ដល់ ១៧ ឆ្នាំតម្រូវឲ្យប្រើពេលវេលាក្រោម ២,៥ នាទីអាយុពី ១៨ ទៅ ២៤ ឆ្នាំត្រូវប្រើក្រោម ៣,៥ នាទី និងចាប់ពី ២៥ ឆ្នាំត្រូវប្រើក្រោម ៥ នាទី។
ប្រធានផ្នែកកីឡាអាយុ ៣២ ឆ្នាំដែលមកពីខេត្ដពោធិ៍សាត់រូបនេះបានពន្យល់ប្រាប់ថា៖ «ដោយសារទោងហ្នឹងគេធ្វើសម្រាប់ទម្ងន់ក្មេងដល់ពេលមនុស្សធំធ្ងន់ពេក វាធ្វើឲ្យយោកខ្លាំងដែលពិបាកទប់តុល្យភាពលំនឹង។ វាធ្វើឲ្យគាត់យឺត ហើយដល់ពេលក្មេងៗគាត់ស្រាល គាត់អាចដើរប្រុយតែម្ដង»។

ផា លីណា
បើទោះបីជាអង្គការមានបំណងទាក់ទាញមហាជនមកកម្សាន្ដលេងកីឡាគ្រប់ប្រភេទនៅមជ្ឈមណ្ឌលកីឡារបស់ខ្លួនយ៉ាងណាក៏ដោយ ក៏គ្រប់សកម្មភាពនៃការប្រើប្រាស់ទីលានទាំងអស់មិនត្រូវបានគិតប្រាក់ពីសំណាក់ប្រជាពលរដ្ឋក្នុងសហគមន៍ ភ្ញៀវទេសចរទូទៅ និងក្រុមគ្រួសារអ្វីឡើយ។
យោងតាមវេបសាយរបស់អង្គការបានបង្ហាញថាយុវជនជាង ៨០០ នាក់បានចូលរួមសកម្មភាពនានានៅលើទីលានមជ្ឈមណ្ឌលប្រចាំសប្ដាហ៍រួមទាំងការលេងកីឡា និងការសិក្សាភាសាអង់គ្លេសព្រមទាំងការចែករំលែកទស្សនៈសាសនា។
លោក មេសា បានលើកឡើងថា៖ «យើងតែងតែទៅប្រមែប្រមូលកុមារ និងយុវជនរស់នៅក្នុងសហគមន៍នានាដើម្បីមកចូលរួមលេងកីឡា និងការសិក្សាផ្សេងៗក៏ដូចជាជួបជុំទទួលទានអាហាររួមគ្នាដោយឥតគិតថ្លៃ»។
លោកបន្ថែមថានៅក្នុងខែឧសភាខាងមុខនេះមជ្ឈមណ្ឌលនឹងរៀបចំការប្រកួតនិនចាលើកទី ២ ដើម្បីបង្កើនចំណាប់អារម្មណ៍ផ្នែកកីឡា និងការចូលរួមសកម្មភាពកម្សាន្ដរីករាយ។
មជ្ឈមណ្ឌលកីឡា ICF ស្ថិតក្នុងអង្គការ ICF Cambodia ភូមិភ្ញាជ័យ ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបជាអង្គការព្រះសហគមន៍គ្រីស្ដបរិស័ទដែលបង្កើតឡើងដោយស្ដ្រីអតីតក្មេងត្រូវបានបោះបង់ក្នុងសម័យសង្គ្រាមប៉ុលពត និងក្រុមគ្រួសាររស់នៅប្រទេសស្វ៊ីសក្នុងឆ្នាំ ២០១៤៕

ទិដ្ឋភាពមជ្ឈមណ្ឌលកីឡាដែលមានទីលានលើផ្ទៃទឹក។ផា លីណា
វីដេអូ៖