ក្រុង​ច្បារមន៖ ទំនប់​ទឹក​សម័យ ​ប៉ុល ពត​ ដែល​ត្រូវ​បាន​ជួស​ជុល​ក្រោយ​រង​នូវ​ជំនន់​ទឹក​ភ្លៀង​ខូចខាត​យ៉ាង​ដំណំ​ នៅ​ក្នុង​ស្រុក​ឱរ៉ាល់​ចម្ងាយ​ប្រមាណ ​១៣០ គីឡូម៉ែត្រ ​ភាគនិរតី​​រាជធានី​ភ្នំពេញ​ប្រែ​ក្លាយ​ជា​ទីឋាន​ទេសចរណ៍​ដ៏​ទាក់ទាញ​ខួប​ប្រាំង​​ខួប​វស្សា​។

ផ្ទៃ​ទឹក​បឹង​តម្កល់​ទឹក​សម្រាប់​ជា​ប្រយោជន៍​ស្រោចស្រព​ដំណាំ​ និង​ទឹក​ប្រើប្រាស់​ទាំង​ប្រាំង​ និង​​វស្សា​ ក៏​ដូចជា​​កាត់​បន្ថយ​អានុភាព​ទឹក​ជំនន់។​ វា​បាន​បង្កើត​ជា​ផ្លូវ​ទឹក​ពត់​ពេន​ផុស​ត្រសង​រុក្ខជាតិ​ផ្កាស្មៅ​ ចាំង​ឆ្លុះ​ជួរ​​ភ្នំ​ឱរ៉ាល់​​រលក​រលីង​ ដែល​ស័ក្ដិសម​ជា​ផ្ទៃ​ក្រោយ​ក្នុង​រូបភាព​លើ​បណ្ដាញ​សង្គម​។

យោង​តាម​វេបសាយ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ធារាសាស្ដ្រ​ទំនប់​អាង​ទឹក​ពាមល្វា​ ត្រូវ​បាន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បើក​ការដ្ឋាន​ដំណើរការ​សាងសង់​ឡើង​វិញ កាល​ពី​ឆ្នាំ ២០១៧ ដោយ​មាន​សំណង់​តួ​ទំនប់​ប្រវែង ៣ ០០០ ម៉ែត្រ​ សំណង់​សិល្បការ​តូច​ធំ​សរុប​ចំនួន ៤ កន្លែង និង​ផ្លូវ​ចូល​ទំនប់ ​១ ​ខ្សែ​ប្រវែង ១ ០០០ ម៉ែត្រ​។

វេបសាយ​ដដែល​បាន​បង្ហាញ​ថា​៖ «​ក្រោយ​ពេល​សាងសង់​រួច ប្រព័ន្ធ​ធារាសាស្ដ្រ​ទំនប់​អាង​ទឹក​ពាម​ល្វា មាន​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃ​ស្រែ​វស្សា​ជាង ១ ពាន់​ហិកតា និង​ស្រែ​ប្រាំង​ជាង ១០ ហិកតា​ ក៏​ដូចជា​ដំណាំ​រួម​​ផ្សំ​ប្រមាណ ២០ ហិកតា​ទៀត​។ ក្រៅ​ពី​នេះ ប្រព័ន្ធ​ធារាសាស្ដ្រ​ក៏​ដើរ​តួនាទី​កាត់​បន្ថយ​ទឹក​ជំនន់​ស្ទឹង​​ព្រែក​ត្នោត​ដែរ»។

គន់​ពី​ខ្នង​ទំនប់​ពាមល្វា​ទៅ​កាន់​ជួរ​ភ្នំ​ឱរ៉ាល់​ រំលេច​នូវ​ទស្សនីយភាព​ដ៏​ស្រស់​ត្រកាល​ជាមួយ​នឹង​រូបភាព​ចែវ​ទូក​តាម​ផ្ទៃ​បឹង​ពត់​ពេន​តាម​ព្រៃ​ស្មៅ​ខ្ពស់ៗ​។ ​

នៅបរិវេណ​ទឹកធ្លាក់សិប្បនិម្មិត​​ មានក្យូស​សម្រាកទទួលទានអាហារ​។ហុង មិនា

ទឹក​ធ្លាក់​យ៉ាង​ស្មើ​មុខ​កាត់​ជាង ១០ ម៉ែត្រ និង​កម្ពស់ ៥ ម៉ែត្រ កកើត​ឡើង​ពី​ការ​បិទ​ទំនប់​ទ្វារ​ទឹក​បឹង​ពាម​ល្វា​ ដែល​ជា​រនាំង​ទប់​ទឹក​​ការពារ​ភូមិ​ឋាន​ប្រជាពលរដ្ឋ និង​ដំណាំ​ស្រូវ​រាប់​រយ​ហិកតា​។

ប្រឡាយ​សម្រាប់​អុំទូក​លេង​​កម្សាន្ដ ទេសភាព​ជួរ​ភ្នំ​ឱរ៉ាល់​បៃតង​ស្រស់​ ឆ្លុះ​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ខ្ចី​ រួម​នឹង​ទិដ្ឋភាព​ទឹក​ធ្លាក់​សិប្បនិម្មិត​គ្រប់​រដូវ​បាន​អន្ទង​ចិត្ដ​​ភ្ញៀវ​ទេសចរ​ជាតិ​មក​លេង​កម្សាន្ដ​ ដែល​ពួក​គេ​ភាគ​ច្រើន​ចូលចិត្ដ​​​ទទួល​ទាន​អាហារ​កុម្ម៉ង់​ភ្លាមៗ ក៏​ដូច​ជា​ការ​ងូតទឹក និង​ថតរូប​សែលហ្វ៊ី​យ៉ាង​សប្បាយ​។

រមណីយដ្ឋាន​ទឹក​ធ្លាក់​ពាម​ល្វា ជា​រីសត​តែ​មួយ​គត់​ស្ថិត​នៅ​​ជាប់​​នឹង​ទឹក​ធ្លាក់​សិប្បនិម្មិត​ ដែល​បាន​ផ្ដល់​សេវាកម្ម​ម្ហូប​អាហារ​តម្លៃ​ចាប់​ពី ២ ម៉ឺន​រៀល​ និង​ភេសជ្ជៈ​ក្នុង​ក្យូស​លម្ហែ​សម្រាប់​ភ្ញៀវ​មក​ពី​គ្រប់​ទិសទី​។

ឈរ​ញញឹម​ពព្រាយ​នៅ​មាត់​ផ្លូវ​ ជា​សញ្ញា​ស្វាគមន៍​ភ្ញៀវ​ អ្នកស្រី អាន ណារិន ជា​ម្ចាស់​រីសត​​ទឹកធ្លាក់​​ពាមល្វា បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​ ថា​៖ «​យើង​មាន​លក់​ម្ហូប​កុម្ម៉ង់​ភ្លាមៗ ដែល​ប្រើប្រាស់​សាច់​សត្វ​ចិញ្ចឹម​របស់​អ្នក​ភូមិ​នៅ​បរិវេណ​ភ្នំ​ឱរ៉ាល់​នេះ​។ ​​ម្ហូប​ធម្មតា ១ ចាន​ ២ ម៉ឺន​រៀល តែ​បើ​ភ្ញៀវ​​ចង់​បាន​ចាន​ធំ​មាន​តម្លៃ ៤ ម៉ឺន​រៀល​។ ចំពោះ​ត្រី យើង​លក់​តាម​ទំហំ​ត្រី​អ៊ីចឹង​ទៅ។ ចំណែក​ឯ​មាន់​ដុត​ ដែល​ពេញ​និយម​ចំពោះ​ភ្ញៀវ​ក្នុង​ស្រុក​ មាន​តម្លៃ ៥ ម៉ឺន​រៀល​ ហើយ​ធំ​វា​មាន​​តម្លៃ​ខ្ពស់​ជាង​នេះ​បន្ដិច​ទៀត​។

ក្យូស​ប្រក់​ស្បូវ​ជាង ១០ ដែល​សង់​ប្រប​ក្រោម​ខ្សែ​ទឹក​ធ្លាក់​ ជា​កន្លែង​ដែល​ភ្ញៀវ​អាច​គន់ និង​ថតរូប​ទឹក​ធ្លាក់​សិប្បនិម្មិត​ ចាប់​ផ្ដើម​ទទួល​ភ្ញៀវ​តាំង​ពី​ព្រឹក​រហូត​ដល់​យប់​ ក្រោម​បរិយាកាស​ភ្លើង​អំពូល​ម៉ែត្រ​បំពាក់​ថាមពល​​សូឡា​។

អ្នកស្រី ណារិន ដែល​ជឿ​ថា ទំនប់​ពាមល្វា​នេះ​ជា​អតីត​ទំនប់​កសាង​ឡើង​ក្នុង​សម័យ ​ប៉ុល ពត បាន​ឲ្យ​ដឹង​ថា​៖ «​យើង​ចាប់​បើក​ទទួល​ភ្ញៀវ​ពី​ម៉ោង ៩ ព្រឹក ​រហូត​ដល់​ម៉ោង​ ៧ និង ៩ យប់ តែ​ជា​ទូទៅ ត្រឹម​ម៉ោង ៦ ល្ងាច​ប៉ុណ្ណោះ​។

ភ្ញៀវ​អាច​អុំទូកលេង​កម្សាន្ត ទស្សនាទេសភាពជួរភ្នំឱរ៉ាល់​​។ហុង មិនា

ភ្ញៀវ​ភាគ​ច្រើន​ចូល​មក​សម្រាក​លម្ហែ​ក្បែរ​មាត់​ទឹក និង​ងូត​ទឹក​លេង​កម្សាន្ដ​។ គ្មាន​នរណា​មាន​អារម្មណ៍​ខ្លាច​ពេល​យប់​ព្រលប់​នោះ​ទេ ទោះ​ទី​នេះ​រាង​នៅ​ដាច់​ស្រយាល​ពី​ភូមិ​បន្ដិច ព្រោះ​យើង​មាន​ភ្លើង​បំភ្លឺ​ដោយ​​ប្រើ​សូឡា​»។

ម្ចាស់​រមណីយដ្ឋាន​ទឹក​ធ្លាក់​ពាមល្វា​បាន​និយាយ​ថា ថ្ងៃ​ធម្មតា​មាន​ភ្ញៀវ​ ៤ ទៅ ៥ ​ក្យូស​ ហើយ​បើ​ថ្ងៃ​ចុង​សប្ដាហ៍ រីសត​ក្បែរ​ទំនប់​ទឹក​នេះ​​ទទួល​ភ្ញៀវ​ប្រហែល ១០ ក្យូស​​។ ចំណែក​ឯ​ថ្ងៃ​បុណ្យ​ទាន​​មាន​​ភ្ញៀវ​បាន​ពេញៗ​​​។

ម៉ៅ សារ៉ន ​​មក​ពី​ភ្នំពេញ​ជាមួយ​​​មិត្ដភក្ដិ​មួយ​ក្រុម អង្គុយ​ក្នុង​ក្យូស​កំពុង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​បាន​និយាយ​ថា​៖ «​ពេល​ទំនេរ ខ្ញុំ និង​មិត្ដភក្ដិ​ចូលចិត្ដ​ដើរ​លេង​តាម​កន្លែង​ណា​ប្លែកៗ​។ ទីនេះ​ យើង​អាច​ជិះ​ទូក​លេង​លើ​បឹង​ និង​ថត​រូប​ទឹក​ធ្លាក់​ពី​ខ្នង​ទំនប់​។ សំខាន់​បំផុត​ យើង​ចង់​បង្កើត​បរិយាកាស​ជួបជុំ​​គ្នា​ញ៉ាំ​អី​»។

ភ្ញៀវ​ទេសចរ​ពី​ភ្នំពេញ​អាច​ចេញ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៥ បត់​ទៅ​កាន់​ផ្លូវ ១៣៦ ត្រង់​ម្ដុំ​ផ្សារ​ឧដុង្គ​ឆ្ពោះ​ទៅ​កាន់​អមលាំង រួច​បត់​ស្ដាំ​ពេល​ដល់​ផ្លូវ​បំបែក​អតីត​ស្ពាន​ដែក​ចម្ងាយ​ប្រមាណ ១២០ គីឡូម៉ែត្រ​។ អ្នក​ដំណើរ​អាច​បន្ដ​បរ​រថយន្ដ​លើ​ផ្លូវ​លំ​ឆ្លង​កាត់​ភូមិ​ពោធិ៍មាស​ និង​តំបន់​ព្រៃ​អភិរក្ស​​មេត្ដា​ធម្មជាតិ​ ជា​ទី​ដែល​តារា​ចម្រៀង ​មាស សុខសោភា ដាក់​គម្រោង​ដាំ​កូន​ឈើ ១ ម៉ឺន​ដើម​ មុន​នឹង​ដល់​ទំនប់​ពាមល្វា។

ទឹក​ធ្លាក់​ពាមល្វា ស្ថិត​ក្នុង​ភូមិ​ពាមល្វា ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់​ ខេត្ដ​កំពង់ស្ពឺ។ ទេសចរ​អាច​ទាក់ទង​ម្ចាស់​រមណីយដ្ឋាន​ទឹក​ធ្លាក់​ពាម​ល្វា តាម​ទូរស័ព្ទ ០៨៨ ៥៨ ៥៨ ៣៣២​៕

វីដេអូ៖