
ទឹកធ្លាក់ស្ទឹងតាសុខ កម្ពស់ល្បាក់ ១០ ម៉ែត្រ ជាទី ដែលភ្ញៀវអាចលេងទឹកកម្សាន្ត។ ផា លីណា
ពោធិ៍សាត់: តើលោកអ្នកធ្លាប់គិតថា ខណៈធ្វើដំណើរកម្សាន្ដទៅកាន់ទីឋានធម្មជាតិ ជាពិសេសទឹកធ្លាក់ លោកអ្នកប្រាថ្នាទាំងការគយគន់ទេសភាពព្រៃភ្នំ បទពិសោធក្រេបទឹកចេញពីរុក្ខជាតិ ថតរូបសែលហ្វី និងការងូតទឹកធ្លាក់ដ៏ត្រជាក់ស្រេប?
បើលោកអ្នកប្រាថ្នាទីឋានធម្មជាតិដែលមិនទាន់ត្រូវបានអភិវឌ្ឍ សូម្បីតែផ្លូវចូលក៏ត្រូវត្រួសត្រាយព្រៃដើរឡើងភ្នំ អ៊ីចឹងគួរតែសាកល្បងចំណាយពេលប៉ុន្មានម៉ោងទៅលេងតំបន់ទឹកធ្លាក់ស្ទឹងតាសុខស្ថិតនៅចន្លោះខេត្ដកោះកុង និងពោធិ៍សាត់។
ស្លៀកខោខូវប៊យ អាវ ២ ជាន់ពាក់ស្បែកជើងស្ព័រកញ្ចាស់មួយគូ ដៃម្ខាងកាន់កាំបិតផ្គាក់ និងខ្នងជាប់សម្ពាយមួយបង្វិច មគ្គុទេសក៍ភូមិ កង ណយ បានត្រៀមខ្លួនរួចរាល់ក្នុងការនាំភ្ញៀវដើរលុកព្រៃឆ្ពោះទៅកាន់តំបន់ទឹកធ្លាក់ដ៏ស្រស់បំព្រងជ្រកលើខ្នងភ្នំស្ថិតនៅចន្លោះដែនជម្រកសត្វព្រៃភ្នំសំកុស និងជួរភ្នំក្រវាញ។

ភ្ញៀវបរទេសហក់ចុះអាងធម្មជាតិដែលបំពេញដោយទឹកធ្លាក់។ រូបថត សហការី
បើទោះបីជាទឹកធ្លាក់ស្ទឹងតាសុខស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្ដពោធិ៍សាត់គឺជាគោលដៅសំចតដែលភ្ញៀវទេសចរត្រូវចំណាយពេលសម្រាកទទួលទានអាហារ និងងូតទឹកត្រជាក់ស្រេបដើម្បីផ្ដល់ថាមពលក្រោយដើរជើងតាមជម្រាលភ្នំប្រមាណ ២ ម៉ោងយ៉ាងណាក៏ដោយ ក៏គ្រប់ជំហានសុទ្ធតែជាដំណើរកម្សាន្ដដ៏ជក់ចិត្ដចំពោះភ្ញៀវជាមួយទស្សនីយភាពធម្មជាតិប្លែកៗ។
លោក កង ណយ អាយុ ២៧ ឆ្នាំដែលមានបទពិសោធនាំភ្ញៀវទេសចរជាង ២ ឆ្នាំបានប្រាប់ថា៖ «ក្នុងសហគមន៍អេកូទេសចរណ៍អូរសោមនេះមានគោលដៅសម្រាប់ឲ្យភ្ញៀវដើរច្រើន។ ប៉ុន្ដែនៅក្នុងបរិវេណទឹកធ្លាក់ស្ទឹងតាសុខនេះ យើងមានកន្លែងលេងច្រើនដូចជា ទឹកធ្លាក់ឆាយប្រុយ អាងក្រពើ ដើមម្រះព្រៅភ្នំធំៗដើរកាត់ក្លោងទ្វារប្រាសាទរចនាពីដើមឈើធម្មជាតិ ភ្លក្សរសជាតិទឹកហូរចេញពីដើមវល្លិ៍ជុយ ជាពិសេសបទពិសោធនៃការដើរព្រៃតែម្ដង»។
សំចតរថយន្ដនៅក្បែរតៀមលក់ភេសជ្ជៈរបស់លោក សេង ម៉េង គ្រី ហៅតា៩៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៥ ពីទីរួមខេត្ដកោះកុង និងចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីសហគមន៍អេកូទេសចរណ៍អូរសោមភ្ញៀវទាំងប៉ុន្មានចាប់ផ្ដើមដើរអែបរណ្ដៅដីយក្សជាប់នឹងទឹកធ្លាក់កម្ពស់ ៥០ ម៉ែត្រឆាយប្រុយតាមដងអូរ ដែលនៅសល់ទឹកតិចៗពីការទប់ទំនប់ស្ទឹងតាតៃខាងលើ។ ដំណើរដើរចូលព្រៃ និងឡើងភ្នំចាប់ផ្ដើមទៅតាមដានផ្លូវចាស់ដែលលោក កង ណយ តែងតែដឹកនាំភ្ញៀវភាគច្រើនជាភ្ញៀវបរទេសដែលចង់ភ្លក្សបទពិសោធដើរព្រៃក្នុងតំបន់ជួរភ្នំក្រវាញនេះ។

បទពិសោធក្រេបទឹកចេញពីរុក្ខជាតិនៃដំណើរកម្សាន្តផ្សងព្រេង។ផា លីណា
បើទោះបីជាព្រៃភ្នំនេះមានស្លាកស្នាមផ្លូវដើរសម្រាប់ឲ្យភ្ញៀវងាយស្រួលបោះជំហានយ៉ាងណាក៏ដោយក៏ពួកគេមិនអាចខ្វះបាននូវមគ្គុទេសក៍នាំមុខ ខណៈស្លាកស្នាមផ្លូវមានខ្វាត់ខ្វែងដែលងាយធ្វើឲ្យវង្វេង។
លោក កង ណយ បានរៀបរាប់បណ្ដើរតាមផ្លូវខណៈទើបចំណាយពេលបានប៉ុន្មាននាទីថា៖ «ភ្ញៀវបរទេសខ្លះ ស្នើសុំដើរលើផ្លូវថ្មីដែលមិនទាន់មានមនុស្សដើរនៅឡើយ ហើយពួកគេចំណាយពេលដើរពេញ ១ ថ្ងៃឯនោះក្នុងព្រៃ»។
បើសិនជាអ្នកស្រេកទឹក ឬចង់ភ្លក្សរសជាតិរុក្ខជាតិទឹកពេលធ្វើដំណើរកាត់ព្រៃ អ៊ីចឹង មគ្គុទេសក៍ភូមិអាចជួយផ្ដល់សំណើមបំពង់កតាមរយៈការកាប់វល្លិ៍ទឹក។ នៅមិនទាន់អស់នោះទេ ដំណើរទៅកាន់ទឹកធ្លាក់ស្ទឹងតាសុខ លោកអ្នកនឹងប្រទះឃើញដើមម្រះព្រៅភ្នំធំៗប៉ុន្មានដើម ដែលទំនងជាមានអាយុកាលរាប់សិបឆ្នាំទៅហើយ។
ថ្វីដ្បិតតែស្ថិតក្នុងព្រៃភ្នំ បដិសណ្ឋារកិច្ចផ្លូវការសម្រាប់ភ្ញៀវទេសចរនៅតែមានជាមួយក្លោងទ្វាររចនាឡើងពីរុក្ខជាតិត្បាញយ៉ាងស្រស់ស្អាតតាមធម្មជាតិ ដែលភ្ញៀវទេសចរទាំងជាតិ និងអន្ដរជាតិមិនភ្លេចទាញយកកាមេរ៉ាថតទុកជាអនុស្សាវរីយ៍។
ចំហាយត្រជាក់ចាប់ផ្ដើមភាយមកពេលទៅដល់ប្រភពទឹកធ្លាក់ស្ទឹងតាសុខ កម្ពស់ប្រមាណ ១០ ម៉ែត្រដែលកំពុងហូរបំពេញអាងធំសម្រាប់ត្រៀមបន្សាបភាពនឿយហត់។ ទឹកថ្លាឈ្វេង គួបនឹងបរិមាណទឹកដ៏ច្រើនសន្ធឹកគ្រប់គ្រាន់សម្រាប់ភ្ញៀវងូតលេងកម្សាន្ដមុនពេលទទួលទានអាហារថ្ងៃត្រង់ និងរៀបចំសម្អាតបរិស្ថានវិលត្រឡប់មកភូមិឋានវិញ។
ដំណើរពីទឹកធ្លាក់ឆាយប្រុយទៅកាន់ទឹកធ្លាក់ស្ទឹងតាសុខ ភ្ញៀវអាចចំណាយពេលពី ១ ម៉ោងកន្លះទៅ ២ ម៉ោង ហើយបើយោងតាមការកត់ត្រាលើកម្មវិធីទូរស័ព្ទដៃ ដំណើរទាំងទៅ និងមកនេះ មនុស្សម្នាក់អាចដើរប្រមាណ ១៨០០០ ជំហាន៕
វីដេអូ៖