ក្រុង​បានលុង៖ ទឹក​ធ្លាក់​អូរយ៉ះ ឬ​ទឹក​ធ្លាក់​កោះប៉ង់​ ជា​គោលដៅ​​ទេសចរណ៍​មួយ​ ដែល​នៅ​មាន​លក្ខណៈ​ធម្មជាតិ​ និង​ដើរ​តួនាទី​សំខាន់​មួយ​ក្នុង​​ការ​ស្ទួយ​សេដ្ឋកិច្ច​សហគមន៍​ជន​ជាតិ​ដើម​ភាគ​​តិច​ចំនួន ២ នៃ ឃុំ​កោះប៉ង់​ ខេត្ដ​រតនគិរី​។

ស្ថិត​ក្នុង​ព្រៃ​សហគមន៍​ ភូមិ​ឡាំង​អាវ ឃុំ​កោះ​ប៉ង់ ទឹក​ធ្លាក់​ហូរ​ជា ​២ ​ល្បាក់ ​កម្ពស់​ប្រមាណ ៤០ ម៉ែត្រ​​ នេះ​រំលេច​នូវ​ទស្សនីយភាព​ដ៏​ស្រស់​ត្រកាល​​​ក្រោម​ការ​ថែរក្សា​បរិស្ថាន​របស់​សហគមន៍ និង​ជា​ឋានសួគ៌​សម្រាប់​ភ្ញៀវ​ប្រាថ្នា​នូវ​ទេសភាព​ធម្មជាតិ​ដ៏​ស្ងប់​សុខ​។

ទឹក​ធ្លាក់​ដែល​​បង្ហូរ​ផ្ទៃ​ទឹក​ថ្លា​ឈ្វេង​ចូល​ដង​ទន្លេ​សេសាន​មួយ​នេះ​ក៏​កំពុង​ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​ទាំង​ជាតិ​ និង​អន្តរជាតិ​ ហ៊ាន​ចំណាយ​ពេល​ដើរ​កាត់​​ភូមិ​​ឋាន​ជនជាតិ​ដើម​ភាគ​តិច​ វាល​ស្រែ​ ចូល​ព្រៃ និង​ឡើង​ភ្នំ​ជា​ច្រើន​ម៉ោង​​​។

ជា​តួអង្គ​សំខាន់​ក្នុង​ការ​នាំ​យក​ភ្ញៀវ​បរទេស និង​ភ្ញៀវ​ជាតិ​មួយ​ចំនួន​មក​កាន់​តំបន់​ជនបទ​នៃ​ដែន​ដី​កោះ​ពាក្យ កោះ​ប៉ង់ ក៏​ដូច​ជា​តំបន់​ព្រៃ​អភិរក្ស​នៃ​ឧទ្យាន​ជាតិ ​វីរជ័យ​ លោក អោម រិទ្ធី បាន​​​ផ្ដល់​ការងារ​ដល់​បងប្អូន​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​វិស័យ​អេកូ​ទេសចរណ៍​។

ទឹកធ្លាក់អូរយ៉ះ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក​ រិទ្ធី និយាយ​ថា​៖ «​​ភ្ញៀវ​​​របស់​​​ខ្ញុំ​​ភាគ​ច្រើន​មក​តាមរយៈ​ការ​ស្រាវជ្រាវ​លើ​វេបសាយ​​ រួច​ចូល​ឆែក​លើ​ TripAdvisor និង​​ចូល​ក្នុង​អ៊ីមែល ផ្ញើសារ​ទាក់ទង​មក​កាន់​យើង​។ បន្ទាប់​មក ពួក​គេ​បាន​ណាត់​ពេល​វេលា​ចេញ​ដំណើរ​ផ្សង​ព្រេង»​។

លោក​និយាយ​ថា ភ្ញៀវ​បរទេស​​ចូល​ចិត្ដ​​ដើរ​​ព្រៃ​ ​មើល​សត្វ​​ព្រៃ​ទំាង​ពេល​ថ្ងៃ និង​ពេល​យប់ ដូច​ជា មើល​រញី សំពោច សត្វ​ទោច និង​​សត្វ​ផ្សេងៗ​​ទៀត​​។

ម្ចាស់​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទេសចរណ៍​ Green Jungle Trekking Tours លោក អោម រិទ្ធី បាន​និយាយ​ ដោយ​គិត​​តម្លៃ​តាម​ថ្ងៃ​ដើរ​ព្រៃ រួម​ទាំង​​​​អាហារ​ ១ ​ថ្ងៃ ៤៥ ដុល្លារ។

លោក​រៀបរាប់​ថា​៖ «​​យើង​មាន​អ្នក​ដើរ​​អម​ភ្ញៀវ​ ៣ ទៅ ៤ នាក់ ដោយ​ម្នាក់​ជា​មគ្គុទេសក៍​និយាយ​ភាសា​​អង់គ្លេស ២ ​នាក់ ​​​​ជា​ជនជាតិ​ដើម​ភាគ​តិច និង​ម្នាក់​ទៀត​ជា​អ្នក​រត់​ការ ធ្វើ​ក្បូន ដឹក​អីវ៉ាន់ និង​រៀបចំ​កិច្ចការ​ផ្សេងៗ​ជា​មុន​»​។

ដំណើរ​ ៣ម៉ោងពី​កំពង់ទូក។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក​បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្ដិ៍ ថា៖ «​​ចំពោះ​ទឹក​ជ្រោះ​ក្នុង​ព្រៃ​កោះ​ប៉ង់​​ តាម​ធម្មតា គេ​ដើរ ២ ថ្ងៃ​ ខណៈ​អ្នក​ខ្លះ​ដើរ​តែ​ ១ ​ថ្ងៃ​។ ជា​ទូទៅ ភ្ញៀវ​ត្រូវ​បង់​​ប្រាក់​ដល់​សហគមន៍​​ព្រៃ​កោះ​ប៉ង់​ម្នាក់ ១ ម៉ឺន​​រៀល​។ រី​​ឯ​ការ​មក​ទស្សនា​ផ្នូរ​ខ្មោច​ជនជាតិ​ដើម​ភាគ​តិច​ ក៏​ត្រូវ​ចំណាយ​​ប្រាក់​ម្នាក់ ៥ ០០០ រៀល​ផង​ដែរ​»។

ក្រោយ​​​ទទួល​ការ​កក់​ពី​ភ្ញៀវ នេះ​ជា​ភារកិច្ច​របស់​យុវជន​ ឆាប វែល ជា​ជនជាតិ​ដើម​ភាគ​តិច​កាចក់​ អង្គុយ​រង់ចាំ​វត្ដមាន​ភ្ញៀវ​ជា​ស្រេច​នៅ​កំពង់​ទូក​ក្នុង​ភូមិ​កាចក់​ ដើម្បី​ដឹក​ជញ្ជូន​ភ្ញៀវ​តាម​​ទូក​លើ​ដង​ទន្លេ​សេសាន​ទៅ​កាន់​ចុង​ភូមិ​កោះ​ពាក្យ​ ជា​ទី​ដែល​ទេសចរ​ចាប់​ផ្ដើម​ដើរ​កាត់​ភូមិ​ និង​វាល​ស្រែ​ឆ្ពោះ​ទៅ​ទឹក​ធ្លាក់​អូរយ៉ះ​។

លោក ឆាប់​ វែល​ អាយុ ២៧ ឆ្នាំ ជា​អ្នក​ជូន​ភ្ញៀវ​ទេសចរ បាន​​និយាយ​នៅ​លើ​ក្បែរ​កំពង់​ទូក​ថា​៖ «​ពេល​ភ្ញៀវ​មក​ពី​ក្រុង​បានលុង​ដល់​ទី​នេះ​ចំណាយ​ពេល​​ប្រហែល ១ ម៉ោង ខ្ញុំ​នឹង​នាំ​ពួក​គាត់​ជិះ​ទូក​តាម​ទន្លេ​សេសាន​​រយៈពេល ​១ ​​ម៉ោង​ទៀត​ ទៅ​កាន់​ចុង​ភូមិ​កាចក់​ រួច​យើង​នាំ​គ្នា​ដើរ​ទៅ​ទឹក​ធ្លាក់​ប្រហែល​ ៣ ម៉ោង​ទៀត​»។

ផ្ដើម​ស្វាគមន៍​វត្ដមាន​ភ្ញៀវ​ដំបូង ផ្ទះ​ជន​ជាតិ​ដើម​ភាគ​តិច​កាចក់​ ដែល​មាន​​តែ ២ ភូមិ​ក្នុង​ខេត្ដ​រតនគិរី វាលស្រែ​​ដែល​ដាំដុះ​តាម​បែប​ធម្មជាតិ​ និង​ស្ដ្រី​ជនជាតិ​ភាគ​តិច​បូត​ស្រូវ​បន្ដិច​ម្ដងៗ​ដោយ​ចិត្ដ​អត់ធ្មត់​។

ទូក​ដែល​ភ្ញៀវ​​ទេស​ចរត្រូវ​ជិះ​ដើម្បី​ធ្វើដំណើរ​ទៅ​ដល់​​​ទឹក​ធ្លាក់អូរយ៉ះ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក ឆាប់ វែល ដែល​បាន​រៀបការ​តាំង​ពី​អាយុ ១៧ ឆ្នាំ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ថា​៖ «​ប្រជាពលរដ្ឋ​កាចក់​ភាគ​ច្រើន​​ជា​កសិករ​ធ្វើ​ស្រែ ចម្ការ​ និង​ផ្ដល់​សេវាកម្ម​ទេសចរណ៍​តាមរយៈ​ការ​ដឹក​ជញ្ជូន នាំ​ភ្ញៀវ​ និង​លក់​ចំណី​អាហារ​តិច​តួច​ដល់​ភ្ញៀវ​ទេសចរ​»។

ដើរ​ក្នុង​ព្រៃ​រយៈពេល​ ២ ម៉ោង អ្នក​ដំណើរ​នឹង​បាន​ឮ​សំឡេង​ទឹក​ធ្លាក់​ ដែល​​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​អារម្មណ៍​នឿយហត់​ស្បើយ​បន្ដិច​​ម្ដងៗ​។ ក្យូស​ឈើ​ធំ​មួយ​នៅ​ក្បែរ​ទឹក​ធ្លាក់​អាច​ជា​កន្លែង​សម្រាក​យក​កម្លាំង​មួយ​ភ្លែត​ មុន​​ពេល​ចាប់​ផ្ដើម​លេង​ទឹក​ និង​ជា​ជំរំ​តង់​ស្នាក់​នៅ​ពេល​រាត្រី​របស់​ទេសចរ​។

បន្ទាប់​ពី​បញ្ចប់​ការងារ​ជា​អ្នក​នាំ​ផ្លូវ​មួយ​​វគ្គ​របស់​លោក វែល នេះ​ជា​វេន​បន្ត​របស់​បុរស​ជនជាតិ​ដើម​ភាគ​តិច​ព្រៅ​ ដែល​កំពុង​រង់ចាំ​វត្ដមាន​​ភ្ញៀវ​មក​លេង​ទឹក​ធ្លាក់​ធម្មជាតិ​អូរយ៉ះ។

លោក សាក់ ការ អាយុ ៣៧ ឆ្នាំ ជា​ប្រជា​ការពារ និង​ជា​ពលរដ្ឋ​សហគមន៍​ភូមិ​ឡាំង​អាវ​បាន​​ឲ្យ​ដឹង​ថា​៖ «​គាត់​ (ភ្ញៀវ) ត្រូវ​ចុះ​វត្ដមាន​ក្នុង​សៀវភៅ​របស់​​យើង ​ដើម្បី​ឲ្យ​ប្រាកដ​ថា ប្រាក់​ប្រមូល​បាន​ទាំង​អស់​ត្រូវ​ធ្លាក់​ដល់​ដៃ​សហគមន៍​។ ​រយៈពេល​ជាង ២ ឆ្នាំ​នេះ ​យើង​កសាង​ជណ្ដើរ​ និង​ស្ពាន​មួយ​កាត់​អូរ​។ យើង​រួម​ដៃ​គ្នា​ធ្វើ​ទៅ ហើយ​អស់​ប៉ុន្មានៗ​អី យើង​ហូប​ចុក​ជាមួយ​គ្នា​ទៅ​»។

ឆ្លៀត​ពេល​ទំនេរ​ពី​ការ​រង់ចាំ​ប្រមូល​ប្រាក់ ​ដើរ​រក​អនុផល​​ព្រៃ​ឈើ​ និង​នេសាទ​ត្រី លោក សាក់ ​ការ ស្ថិត​ក្នុង​ចំណោម​​ពលរដ្ឋ​ជាង ២៧០ នាក់​ សម្អាត​បរិស្ថាន​ជុំវិញ​បរិវេណ​ទឹក​ធ្លាក់​ និង​​តាម​ឃ្លាំ​មើល​សុវត្ថិភាព​ដល់​ភ្ញៀវ​ផង​ដែរ។

ប្រជា​ការពារ​រូប​នេះ បាន​អះអាង​ចំនួន​វត្ដមាន​ភ្ញៀវ​ថា​៖ «​ជួន​​កាល​អត់​បាន​កម្រៃ​ចូល​ទាល់​តែ​សោះ ១ ​ថ្ងៃ លោក​អាច​រក​ចំណូល​បាន​ប្រមាណ ២ ទៅ ៣ ម៉ឺន​រៀល ហើយ​ថ្ងៃ​ខ្លះ​លោក​ទទួល​ភ្ញៀវ​ចន្លោះ​ពី ២០​ ទៅ ៣០ នាក់ ​ក្នុង ​១ ​ថ្ងៃ​អំឡុង​ពេល​រដូវ​សម្បូរ​ភ្ញៀវ​»​។​

មិន​យូរ​ប៉ុន្មាន ភ្ញៀវ​បរទេស​ ​២ នាក់ អម​ដោយ​អ្នក​ភូមិ​ម្នាក់ បាន​បង្ហាញ​វត្ដមាន​ដល់​បរិវេណ​ទឹក​ធ្លាក់​ និង​ឆៀង​ចូល​សម្រាក​ក្នុង​ក្យូស​មួយ​ភ្លែត​ មុន​ពេល​អ្នក​ទាំង ២ ​​ផ្ដល់​បទ​សម្ភាស​ជាមួយ​ភ្នំពេញ​​ ប៉ុស្ដិ៍​​។

ភ្ញៀវ​ទេសចរ​អាល្លឺម៉ង់​មក​កម្សាន្ត​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក Florian មក​​​ពី​ប្រទេស ​អាល្លឺម៉ង់ បាន​ឲ្យ​ដឹង​ថា លោក និង​ភរិយា​មក​កម្សាន្ដ​នៅ​ប្រទេស ​កម្ពុជា ៤ សប្ដាហ៍ ហើយ​នេះ​ជា​លើក​ដំបូង​ក្នុង​ដំណើរ​មក​កាន់​កម្ពុជា​។

ប្ដី​ប្រពន្ធ​ភ្ញៀវទេសចរ​អាល្លឺម៉ង់​រូប​នេះ​ បាន​និយាយ​ពេល​អះអាង​ថា​ រតនគិរី​ជា​ទីសំចត​ចុង​ក្រោយ​នៅ​កម្ពុជា​ថា​៖ «​ខ្ញុំ​មក​តាម​ក្រុង​ហូជីមិញ ប្រទេស ​វៀតណាម មក​កាន់​រាជធានី​ភ្នំពេញ និង​បន្ដ​ដំណើរ​កម្សាន្ដ​ទៅ​កំពត កំពង់ឆ្នាំង បាត់ដំបង សៀមរាប កំពង់​ធំ ក្រចេះ ស្ទឹងត្រែង និង​រតនគិរី​ រួច​យើង​បន្ដ​ទៅ​ឡាវ និង​វិល​ទៅ​កាន់​ហូជីមិញ មុន​ពេល​​ត្រឡប់​ទៅ​អាល្លឺម៉ង់​វិញ​»។

ប្ដី​ប្រពន្ធ​អាល្លឺម៉ង់​​​បាន​បន្ដ​ថា៖ «​យើង​ចូលចិត្ដ​ដើរ​ព្រៃ ហើយ​យើង​នឹង​ចំណាយ​ពេល​ស្នាក់នៅ​ក្នុង​ព្រៃ​នេះ ​១ ​យប់​។ យើង​មិន​មាន​អារម្មណ៍​នឿយហត់​អ្វី​ខ្លាំង​ទេ ពី​ព្រោះ​យើង​មាន​បទពិសោធ​ដើរ​ព្រៃ​បែប​នេះ​នៅ​អាល្លឺម៉ង់​ជា​រឿយៗ​ហើយ​»។

ក្រោយ​ពេល​សម្រាក និង​ទទួល​ទាន​​អាហារ ក៏​ដូចជា ងូត​ទឹក និង​ថតរូប​ទិដ្ឋភាព​ទឹក​ធ្លាក់​អូរយ៉ះ ឬ​កោះ​ប៉ង់​រួច​រាល់ លោក ឆាប់ វែល ចាប់​ផ្ដើម​ដឹកនាំ​ដំណើរ​វិល​ចូល​ភូមិ​វិញ ដោយ​ប្រើប្រាស់​ផ្លូវ​ដើរ​មួយ​ផ្សេង​ទៀត​ ដើម្បី​ឲ្យ​ភ្ញៀវ​ទទួល​បាន​បទពិសោធ​ប្លែកៗ​។

ជនជាតិដើម​ភាគតិច​បូត​ស្រូវ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក វែល​ និយាយ​ថា​៖ «​ធម្មតា ភ្ញៀវ​ដើរ​លេង​តាម​ភូមិ​កោះ​ពាក្យ​មួយ​ភ្លែត និង​ទៅ​អើត​មើល​តំបន់​បញ្ចុះ​សព​ជនជាតិ​ដើម​ភាគ​តិច​ទំពូន​ ដែល​គាត់​ត្រូវ​​បង់​ប្រាក់​ម្នាក់ ៥ ០០០ រៀល​ រួច​ខ្ញុំ​ជូន​ទៅ​​កន្លែង​ចត​ទូក​វិញ​ ចប់​ការងារ​របស់​ខ្ញុំ​»​។

លោក​បាន​និយាយ​ទៀត​ថា​៖ «ចំពោះ​​សេវាកម្ម​ដើរ​ព្រៃ​ ខ្ញុំ​គិត​ពី​ភ្ញៀវ​ ១៥ ដុល្លារ ហើយ​ការ​ជួល​ទូក​ជិះ​ ជា​ទូទៅ ខ្ញុំ​គិត​ ១០ ម៉ឺន​រៀល​»។

បើ​ទោះបី​ជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច ២ សហគមន៍​បាន​​ទទួល​ប្រយោជន៍​មួយ​ផ្នែក​ពី​វិស័យ​អេកូ​ទេសចរណ៍​ក្ដី ​ក៏​ឱកាស​ការងារ​ហាក់​ដូចជា​ខ្សត់​ជាង​ឆ្នាំ​មុនៗ​។

លោក អោម រិទ្ធី បាន​រៀបរាប់​​ពី​វត្តមាន​ភ្ញៀវ​យ៉ាង​ដូច្នេះ​​ថា​៖​ «ទាំង​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ មាន​ការ​ធ្លាក់​ចុះ​បន្ដិច បើ​ធៀប​​នឹង​ឆ្នាំ ​២០១៨ ជាពិសេស​​រដូវ​សម្បូរ​រហូត​ដល់​ខែ​កុម្ភៈ​។ ​​ភ្ញៀវ​ខ្មែរ​មាន​ចំនួន​តិច​ជាង​បរទេស​ទេ​។ ខ្មែរ​យើង​ចូលចិត្ដ​មក​លេង​ក្រុមៗ​ ដោយ​ការ​អាំង​សាច់ និង​ចាក់​ធុង​បាស​រាំ​លេង​សប្បាយ​ក្នុង​ព្រៃ»។

សម្រាប់​ព័ត៌មាន​លម្អិត​ពី​ដំណើរ​ផ្សង​ព្រេង​ក្នុង​តំបន់​ព្រៃ​សហគមន៍​កោះ​ប៉ង់​ ទេសចរ​អាច​ទាក់​ទង​លោក អោម រិទ្ធី តាម​ទំព័រ​ហ្វេសប៊ុក Green Jungle Trekking Tours-Cambodia ឬ​លេខ​ទូរស័ព្ទ ០៨៨ ៤ ៥៤៦ ៤៦៦៕

វីដេអូ៖