ខេត្តត្បូងឃ្មុំៈ ហោង​គឺជា​រមណីយដ្ឋាន​ទឹកធ្លាក់​ធម្មជាតិ​ដ៏ស្រស់ស្អាត​មួយ ដែល​បង្កប់ខ្លួន​នៅ​កណ្តាល​ព្រៃ​បៃតងខ្ចី ស្ងប់ស្ងាត់​ឆ្ងាយ​ពី​ផ្ទះ​ប្រជាជន​។

ប្រភព​ទឹក​ហូរ​ពី​ទី​ខ្ពស់​ក៏​បាន​បង្កើតជា​បណ្តុំ​ទេសភាព​ទឹកធ្លាក់ ថ្ម​ប៉ប្រះ​ទឹក គុហាផ្ទាំងថ្ម អមដោយ​ដើមឈើ​តូចធំ វល្លិ រំយោល និង​មាន​ឫស​រុក្ខជាតិ​រយីងរយោង​បែប​ធម្មជាតិ​គួរ​ជាទី​គយគន់​។

រមណីយដ្ឋាន​អាស្រម​ហោង​ស្ថិត​នៅ​ភូមិ​អូរ​ឈើទាល​ក្នុង​ឃុំ​ទឹកជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​នៃ​ទី​បរិវេណ​វត្ត​គុហា​សិលា​មហាបារមី​គង្គា​ហោង​មាន​ចម្ងាយ​ប្រមាណ ១៩០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។

វីដេអូ៖

ភ្ញៀវទេសចរ​ក៏ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​ ៧ ប្រមាណ​ជិត ៤ ​គីឡូម៉ែត្រ​ពី​ផ្លូវបំបែក​កំពង់ចាម មណ្ឌលគិរី បត់​ស្តាំ​ចូល​តាម​ផ្លូវ​ផ្សារ​ស្ទឹង (​ភូមិ​ស្ទឹង​) ​ជាង ៨ គីឡូម៉ែត្រ​ដល់​ផ្លូវបំបែក​ភូមិ​ចំបក់ បត់​ស្តាំ​ចំនួន ២៥ គីឡូម៉ែត្រ​តាម​ស្លាក​សញ្ញា​បង្ហាញផ្លូវ​ដោយ​ត្រូវ​ជិះ​កាត់​ចម្ការ​កៅស៊ូ និង​ស្វាយចន្ទី​មុន​នឹង​ទៅ​ដល់​តំបន់​ទឹកធ្លាក់​ចុះ​ទៅ​ងូតទឹក​កម្សាន្ត​ឲ្យ​ត្រជាក់​កាយ​។

ព្រះតេជគុណ ឡូត ឆាត ព្រះចៅអធិការ​វត្ត​គុហាសិលា​មហាបារមី​គង្គាហោង មាន​សង្ឃដីកា​រៀបរាប់​ពី​ប្រវត្តិ​នៃការកកើត​ទឹកធ្លាក់​នេះ​ថា​៖ «​កាលពី​ឆ្នាំ​ ១៩៩៣ ទីនេះ​ជា​ព្រៃភ្នំ​ទេ តែ​បាន​លោកតា ចៅអធិការ​វត្ត​ដំបូង​ព្រះនាម ប្រាក់ មុន្នី ព្រះអង្គ​មក​គង់នៅ​ទីនេះ​នៅ​ក្រោម​ល្អាង​បាន​ ៧-៨ ​ឆ្នាំ​បាន​ព្រះអង្គ​ចាប់​កសាង​បន្ទប់​ក្នុង​រូង​ខាងក្រោម​ធ្វើ​របង ធ្វើ​ជណ្តើរ បង្កាន់ដៃ​អីហ្នឹង​»​។

សព្វ​ថ្ងៃនេះ​ព្រះចៅអធិការ​វត្ត ព្រះតេជគុណ ឡូត ឆាត គង់​តែមួយ​អង្គឯង​ក្នុង​វត្ត​នេះ​មាន​ប្រជាការពារ​ម្នាក់ និង​អ្នកមើលការ​ខុសត្រូវ​ម្នាក់​ទៀត​។ ចំណែកឯ​កូនសិស្ស​ព្រះអង្គ​ចំនួន​ ៣ ​អង្គ​ទៀត​បាន​ចេញ​ទៅ​បន្ត​ការសិក្សា​នៅ​ខេត្ត​ត្បូងឃ្មំ និង​រាជធានី​ភ្នំពេញ​។

ទីកន្លែង​នៃ​ល្បាក់ទឹក​ធ្លាក់​ហោង​ដែល​មាន​ទឹកថ្លា និង​ត្រជាក់ស្រេង​អាច​ចុះ​ងូត​លេង​កម្សាន្ត​បាន​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ទីរមណីយដ្ឋាន​កណ្តាល​ព្រៃ​មួយ​នេះ​ក៏​មាន​ប្រវត្តិ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ​។ កាលពី​ដំបូង​ឡើយ​ជា​រៀងរាល់​ពេល​រាត្រី​តែងតែ​មាន​ខ្លា​មួយ​គូ​ចេញ​ឈរ​បង្ហាញ​ខ្លួន​នៅ​ទិស​ខាង​កើត​ដែល​អ្នកស្រុក​ជឿថា ជា​សត្វ​ខ្លា​ដែល​មាន​បារមី​។ ទន្ទឹម​នឹង​ទីតាំង​មាន​ខ្លា​មួយ​គូ​ឈរ​បង្ហាញ​ខ្លួន​ទីនោះ​ក៏​មាន​រូង​មួយ​ផងដែរ​។ ចំណែក​នៅ​ទិស​ខាង​លិច​ក៏មាន​រូង​មួយ​ទៀត​ដែល​ប្រជាជន​ជឿថា ជា​ផ្លូវ​ធ្វើ​ដំណើរ​របស់​សត្វ​ខ្លា​មួយគូ​នេះ​។

ទាក់ទិន​នឹង​ជំនឿ​លើ​វត្ថុ​ស័ក្តិសិទ្ធិ អារុក្ខ​អារក្សអ្នកតា ព្រះចៅអធិការ ឡូត ឆាត ព្រះជន្ម ៧៣ វស្សា មាន​សង្ឃដីកា​ថា​៖ «​ប្រជាជន​មាន​ជំនឿ​ណាស់​ពេល​មាន​ពិធីបុណ្យ​ម្តងៗ គេ​មក​គោរពបូជា​រូប​បដិមា​នៅ​រូង​ខាងក្រោម​ហ្នឹង ពួកគេ​ជឿ​លើ​លោកយាយ​ទេព លោកតា​ដំបង​ដែក លោកតា​ឥសី​ស័ក្តិ​សិទិ្ធ ចំណែក​នៅ​ខាង​លើ​អាស្រម​វិញ គេ​ជឿ​លើ​បារមី​លោកតា​គ្រឹះ លោកតា​រូន ដែល​លោក​ថែរក្សា​នៅ​កន្លែង​ហ្នឹង​»​។

​វត្ត​សិលា​មហា​បារមី​គង្គា​ហោង​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ទឹកធ្លាក់​ហោង នេះ​កម្ពស់​ជាង ៨ ម៉ែត្រ​មុខ​ទឹក​ហូរ​ប្រមាណ​ជាង ១០ ម៉ែត្រ និង​មាន​ជម្រៅ​ចាប់ពី ១,៥ ម៉ែត្រ ទៅ​ជិត ៤ ម៉ែត្រ​។ ទឹកធ្លាក់​មាន​ខួប​ប្រាំង ខួប​វស្សា​មិន​ចេះ​រីងស្ងួត​ហួត​អស់​ឡើយ ប៉ុន្តែ​នៅ​ខែប្រាំង​ទឹក​ហូរ​មាន​សភាព​ខ្សោយ​បន្តិច​។ ចំណែក​ខែវស្សា ទឹក​ពេញ​ល្អ បន្ថែម​ដោយ​បរិមាណ​ទឹកភ្លៀង​ផងដែរ​។

ថ្ងៃ​ធម្មតា​ភ្ញៀវទេសចរ​ប្រមាណ​ជិត ១០០ នាក់​បាន​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​នេះ​។ ចំណែក​ថ្ងៃ​បុណ្យទាន រមណីយដ្ឋាន​ធម្មជាតិ​នេះ​មាន​ភ្ញៀវ​មក​កម្សាន្ត​យ៉ាងច្រើន​កុះករ ស្ទើរ​តែ​គ្មាន​កន្លែង​ងូតទឹក​លេង​។

ទន្ទឹម​នឹង​នេះ​ព្រះតេជគុណ ឡូត ឆាត មាន​សង្ឃដីកា​បន្ថែម​ថា​៖ «​នៅពេល​ខាង​មុខ​ក្រសួង​ទេសចរណ៍​នឹង​មក​អភិវឌ្ឍ​រមណីយដ្ឋាន​នេះ ដូចនេះ​អាត្មា​ចង់​បាន​ជា​ក្យូស​ច្រើន ចង់​បាន​កន្លែង​ប្លែកៗ​ឲ្យ​ទាក់ទាញ និង​ងាយស្រួល​សម្រាប់​ភ្ញៀវ​ដែល​មក​កម្សាន្ត​បាន​អង្គុយ​លេង​បាន​ញ៉ាំ​អី ព្រោះ​ឥឡូវ​មាន​តែ​ទឹកធ្លាក់​ទេ និង​ចង់​បាន​ផ្លូវ​ឲ្យ​ល្អ ព្រោះ​ផ្លូវ​ចូល​មក​ក៏​ពិបាក​ដែរ​»៕

ព្រះតេជគុណ ឡូត ឆាត ដែល​មាន​ព្រះជន្ម​ចាស់វស្សា​គង់នៅ​ជា​ព្រះចៅអធិការ​វត្ត​សិលា​មហា​បារមី​គង្គា​ហោង​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម