The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទឹក​ធ្លាក់ ៩ ដំណាក់​អន្លង់​ស្វាយ​ កាន់​តែ​កៀក កាន់​តែ​មាន​សក្ដានុពល




ទឹក​ធ្លាក់ ៩ ដំណាក់​អន្លង់​ស្វាយ​ កាន់​តែ​កៀក កាន់​តែ​មាន​សក្ដានុពល

Content image - Phnom Penh Post
ទិដ្ឋភាព​ទឹក​ធ្លាក់​អន្លង់​ស្វាយ​ មានខ្សែទឹក​វែង​​នៅ​តំណាក់ទី ៨​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ទឹក​ធ្លាក់ ៩ ដំណាក់​អន្លង់​ស្វាយ​ កាន់​តែ​កៀក កាន់​តែ​មាន​សក្ដានុពល

កំពង់ឆ្នាំង៖ សំឡេង​ស្រែក​រន្ថើន​យ៉ាង​ស្រុះ​គ្នា​ផ្ដល់​ជា​កម្លាំង​ចិត្ដ​ លាយ​ឡំ​នឹង​សំណើច​​សើច​​ក្អាកក្អាយ​ពេល​បាន​ឃើញ​ទឹក​ហូរ​ចេញ​ពី​បំពង់​ទុយោ​ដែល​កំពុង​ត្រូវ​បាន​តភ្ជាប់​គ្នា​បន្ដិច​ម្ដងៗ​​កាន់​តែ​ខិត​ជិត​ភូមិឋាន​របស់​ខ្លួន​​ អង្គុយ​ដក​ដង្ហើម​មួយ​សន្ទុះ បុរស​វ័យ​ខ្ទង់​ជិត ៥០ ឆ្នាំ បាន​និយាយ​ប្រាប់​ថា ទឹក​ស្អាត​ជិត​បាន​ទៅ​ដល់​អ្នក​ភូមិ​ហើយ​។

ទឹក​ដ៏​ថ្លា​ឈ្វេង​ និង​ត្រជាក់​ស្រេង​នេះ ត្រូវ​បាន​បង្ហូរ​តាម​ទុយោ​ដែល​ត្រូវ​បាន​តភ្ជាប់​គ្នា​ម្ដង​មួយៗ​ដោយ​មាន​​ចម្ងាយ​ជាង ៣ គីឡូម៉ែត្រ បាន​មក​ពី​ប្រភព​ទឹក​នៃ​ទឹក​​ធ្លាក់​អន្លង់​ស្វាយ ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​មួយ​របស់​ខេត្ដ​កំពង់​ឆ្នាំង​។

ចម្ងាយ​ប្រមាណ ៥៧ គីឡូម៉ែត្រ ​ពី​ទីរួម​ខេត្ដ​កំពង់ឆ្នាំង ទឹក​ធ្លាក់​អន្លង់ស្វាយ​ បាន​រំលេច​នូវ​សម្រស់​ទឹក​ធ្លាក់​ ៩ ដំណាក់​ខុស​​ៗ​គ្នា ដែល​ផ្ដល់​នូវ​ភាព​សម្បូរ​​បែប​ដល់​ភ្ញៀវ​និយម​ចូលចិត្ដ​លេង​ទឹក​ជ្រោះ​ ត្រឹម​ស្រុក​ទឹក​ផុស​នេះ​។

ក្រោយ​ពី​សម្រាក​បាន​បន្ដិច លោក នុត ហេង ជា​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ទឹក​ធ្លាក់​អន្លង់ស្វាយ​ និង​ជា​អ្នក​ដឹកនាំ​ក្រុម​ប្រជាសហគមន៍​រៀបចំ​ត​បណ្ដាញ​ទឹក​ស្អាត​ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «នៅ​តាម​ផ្លូវ​អូរ​​ហូរ​ធ្លាក់ យើង​មាន​កន្លែង​កម្សាន្ដ​​ទឹក​ធ្លាក់​ជា​ច្រើន​​ដោយ​មាន​​រហូត​ដល់ ៩ ដំណាក់​។ ល្បាក់​នីមួយៗ​មាន​លក្ខណ​ពិសេស​ខុសៗ​គ្នា ដោយ​ភ្ញៀវ​ខ្លះ​និយាយ​ថា ល្បាក់​ទី ៣ និង​ទី ៤ ល្អ ហើយ​អ្នក​ប្រាប់​ថា ល្បាក់​​ទី ៦ និង​ទី ៧ ល្អ​ ទៅ​តាម​ចំណូល​ចិត្ដ​។ អ្នក​ខ្លះ​ទៀត​អះអាង​ថា ជាន់​ទី ៨ និង​ទី ៩ ស្អាត​ល្អ​ជាង​គេ​»។

Content image - Phnom Penh Post
ទឹក​ធ្លាក់អន្លង់​ស្វាយ​ដំណាក់ទី ៣ មានកម្ពស់ទាប​ តែ​ទេសភាពស្អាត​។ ហុង មិនា

ទឹក​ធ្លាក់​ត្រជាក់​ចិត្ដ​ល្បាក់ទី ៣ រំលេច​នូវ​សណ្ឋាន​ទឹក​ហូរ​ជម្រាល​ដូច​ជណ្ដើរ​ត្រឹម ៨ កាំ​ធ្លាក់​ចូល​ហាង​តូច​ជ្រក​ក្រោម​ម្លប់​ឈើ​ត្រជាក់​ចិត្ដ​។ ទឹក​ធ្លាក់​ជាន់ទី ៨ ហូរ​ធ្លាក់​កម្ពស់​ប្រមាណ ១០ ម៉ែត្រ ​បត់​ចេញ​ជា​រាង​អក្សរ ​‘L’ មុនពេល​ធ្លាក់​ចូល​អាង​ដ៏​តូច​មួយ​។ ចំណែក​ឯ​ល្បាក់​ទី ៩ មាន​សណ្ឋាន​ទឹក​ហូរ​ជម្រាល​ប្រមាណ ៥ ម៉ែត្រ ដែល​ធ្លាក់​ចូល​​អាង​ធំ​មួយ​។

លោក​បាន​និយាយ​ថា សហគមន៍​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៤ បំណង​អភិរក្ស​ព្រៃ​ឈើ​ទំហំ ១ ៦៦៣ ហិកតា ​របស់​សហគមន៍ និង​ការ​ផ្សព្វផ្សាយ​តំបន់​អេកូ​ទេសចរណ៍​ទឹក​ធ្លាក់»​​។

លោក នុត ហេង បាន​ឲ្យ​ដឹង​ថា៖ «ចំពោះ​ការ​លើក​ស្ទួយ​វិស័យ​អេកូ​ទេសចរណ៍​ក្នុង​តំបន់ យើង​ទើប​បាន​ដំណើរការ​ដោយ​ចាប់​ផ្ដើម​កសាង​ទីចាត់​ការ​មួយ និង​ដើរ​បោះ​ស្លាក​សញ្ញា​នៅ​តាម​ជាន់​នៃ​ទឹក​ធ្លាក់​នីមួយៗ​ ព្រម​ទាំង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​បន្ដិច​បន្ដួច​»។

និយាយ​បណ្ដើរ ដៃ​ក្បង់​ទឹក​កំពុង​ហូរ​បាចសាច​ពី​បំពង់​ទុយោ​​មក​លប់​មុខ​បណ្ដើរ លោក ហេង អាយុ ៤៧ ឆ្នាំ បាន​បន្ដ​ថា សហគមន៍​មាន​ពលរដ្ឋ​ចូលរួម​ចំនួន ៤ ភូមិ​នៃ​ឃុំ​ក្បាល​ទឹក តែ​ចំនួន​អ្នក​ប្រើប្រាស់​ទឹក​ស្អាត​នេះ មាន​ ៥ ភូមិ​។

Content image - Phnom Penh Post
មេអំបៅ​ហើរ​ឆ្វែលឆ្វាត់​គួរជាទីគយគន់​នៅ​តាមផ្លូវ​ទៅ​កាន់​ទឹកធ្លាក់​​។ ហុង មិនា

ឈរ​នៅ​ម្ខាង​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រធាន​សហគមន៍ បុរស​ពាក់​អាវ​ក្រហម​ម្នាក់​ក៏​បាន​តាមដាន​​សកម្មភាព​ក្រុម​ប្រជាសហគមន៍​​ត​បណ្ដាញ​ទឹក​ដែល​បាន​ចម្ងាយ​​ជាង​ពាក់​កណ្ដាល​ទៅ​ហើយ​ បាន​បន្ទរ​ដោយ​សម្ដី​ឡើង​ថា ចំពោះ​កិច្ចការ​ជាមួយ​សហគមន៍​នៅ​មាន​គោល​បំណង​ចម្បង​មួយ​នោះ​ គឺ​ការ​រៀបចំ​បណ្ដាញ​ទឹក​ស្អាត​ដល់​ភូមិ​ឋាន​ពលរដ្ឋ​។

លោក ជី បុព្វតា ប្រធាន​អង្គការ​បរិស្ថាន និង​សង្គម​​មូលដ្ឋាន​​​នៅ​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា «អង្គការ​ជួយ​លើ​ទឹក​ស្អាត​ដោយ​ចង់​កាត់​បន្ថយ​ការ​ប្រើប្រាស់​អុស​ឈើ​ដុត​ដាំទឹក​។ ក្នុង​មួយ​គ្រួសារ ពួក​គេ​ប្រើប្រាស់​អុស​ដុត​ប្រហែល​ជា ១ ​តោន ​កាបូន​ក្នុង ​១ ​ឆ្នាំ​»។

ទឹក​ស្អាត​សម្រាប់​ប្រជាសហគមន៍​នៅ​ខាង​ក្រោម​ជួរ​ភ្នំ​នៃ​តំបន់​ទឹក​ធ្លាក់​បាន​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​អេកូ​ទេសចរណ៍​មួយ​ផ្នែក​ជាមួយ​នឹង​ការ​ផ្ដល់​ប្រភព​ទឹក​ដល់​ប្រជាជន ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​បាន​ប្រើប្រាស់​ផង​ដែរ​។

លោក នុត ហេង បាន​និយាយ​ថា «​​ថ្ងៃ​នេះ យើង​កំពុង​តែត​បណ្ដាញ​ទឹក​ស្អាត​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ភូមិ​ខាង​ក្រោម​។ ពេល​យើង​មាន​ទឹក​នេះ​ទៅ យើង​​អាច​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​បន្ទប់​បង្គន់​ជូន​ភ្ញៀវ​ទេសចរ​»។

ផ្លូវ​លំ​ឡើង​ភ្នំ​ទៅ​កាន់​តំបន់​ទឹក​ធ្លាក់​អន្លង់​ស្វាយ ទើប​ត្រូវ​បាន​កសាង​ក្នុង​ឆ្នាំ ​២០១៨ ដោយ​​មូលនិធិ​ឃុំ​ ដែល​ខាង​សហគមន៍​បាន​ចំណាយ​ពេល​បញ្ចុះ​បញ្ចូល​ពី​អត្ថប្រយោជន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​នេះ​។

Content image - Phnom Penh Post
ប្រធានសហគមន៍​អេកូ​ទេសចរណ៍លោក នុត ហេង​។ ហុង មិនា

ទោះបី​ជា​ផ្លូវ​លំ​ឆ្ពោះ​ទៅ​កាន់​តំបន់​ទឹក​ធ្លាក់​ ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​បាន​កាត់​បន្ថយ​ពេល​វេលា​ដើរ​ឡើង​ភ្នំ​សម្រាប់​ភ្ញៀវ លោក នុត ហេង បាន​អះអាង​ថា វា​មិន​​ទាន់​គ្រប់គ្រាន់​ក្នុង​ការ​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​ជា​ដុំ​កំភួន​នៅ​ឡើយ​។

ប្រធាន​សហគមន៍​រូប​នេះ បាន​ប្រាប់​ថា​ «​វា​នៅ​មាន​ចំណុច​ខ្សោយ​​ទៀត​ដែរ ដោយ​វា​មិន​ទាន់​ល្អ​គ្រប់គ្រាន់​នោះ​ទេ ទោះបី​ជា​ភ្ញៀវ​នៅ​តែ​មាន​វត្ដមាន​ក៏​ដោយ​។ ទី ១ តំបន់​នេះ ការ​​លក់​ដូរ ​គឺ​នៅ​ខ្សោយ​ដោយ​យើង​អត់​មាន​ក្យូស ហើយ​សេវាកម្ម​ម្ហូប​អាហារ​នៅ​មាន​បញ្ហា​ខ្វះខាត​។ ដូច្នេះ ភ្ញៀវ​ត្រូវ​វេច​ខ្ចប់​អាហារ​ផ្ទាល់​ខ្លួន​មក​ ឬ​ទាក់ទង​ក្រុម​ការងារ​សហគមន៍​ជា​មុន ទើប​សេវាកម្ម​ម្ហូប​អាច​ផ្គត់ផ្គង់​បាន​។

ថ្វី​ដ្បិត​តែ​លោក​មើល​ឃើញ​ពី​​កំណើន​ភ្ញៀវ​ទេសចរ​មក​លេង​តំបន់​ទឹក​ធ្លាក់​អន្លង់​ស្វាយ​ច្រើន ក៏​​លោក​មិន​ឃើញ​ប្រជាពលរដ្ឋ​សហគមន៍​ទទួល​បាន​ចំណូល​ពី​​វិស័យ​ទេសចរណ៍​នៅ​ឡើយ​​ទេ។

លោក នុត ហេង បាន​និយាយ​​មុន​ពេល​ក្រោក​ឈរ និង​ទាញ​យក​អន្លូង​ជួយ​វាយ​បញ្ចូល​តំណ​ទុយោ​ទឹក​ថា ​«ពលរដ្ឋ​ យើង​បាន​លក់​ដូរ​នៅ​តែ​ខាង​ក្រោម​ជើង​ភ្នំ​នោះ​ទេ ដូចជា ចេក ក្រូច និង​ផ្លែ​ឈើ​អនុផល​ធម្មតា​។ ​យើង​មិន​បាន​លក់​សំបុត្រ​ចូល​លេង​តំបន់​ទឹក​ធ្លាក់​នោះ​ទេ ដោយ​យើង​គ្រាន់​តែ​គិត​​ថ្លៃ​លើ​សេវាកម្ម​ភាស៊ី​យានយន្ដ​ប៉ុណ្ណោះ​។ យើង​មិន​ទាន់​យក​កម្រៃ​ពី​មនុស្ស​នៅ​ឡើយ​ទេ»​។

លោក​បាន​បញ្ជាក់​ថា «យើង​មិន​ទាន់​បាន​អភិវឌ្ឍ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ ដែល​ឈាន​ដល់​ការ​លក់​​សំបុត្រ​ចូល​លេង​នោះ​ទេ។ យើង​ត្រូវ​ផ្ដោត​លើ​ការ​កសាង​បង្គន់​អនាម័យ ក្យូស​ និង​អាហារដ្ឋាន​»។

ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​អន្លង់ស្វាយ​រូប​នេះ បាន​ឲ្យ​​ដឹង​ ថា «នៅ​ថ្ងៃ​បុណ្យ​ធំ​ៗ យើង​​ឃើញ​មាន​វត្ដមាន​ភ្ញៀវ​ទេសចរ​​ទៅ​លេង​ទឹក​ធ្លាក់​អន្លង់​ស្វាយ​ចន្លោះ​ពី ២០០ ទៅ ៣០០​ នាក់ ​ក្នុង ​១ ​ថ្ងៃ​។ នៅ​ថ្ងៃ​ធម្មតា ចំនួន​ភ្ញៀវ​មាន​ត្រឹម​ប្រមាណ ៣០ ទៅ ៤០ នាក់​អ៊ីចឹង​ទៅ​។

Content image - Phnom Penh Post
ប្រជាពលរដ្ឋ​​សើច​សប្បាយ​ពេល​ដែលឃើញទឹកបែកខ្ចាយចេញពីបំពង់ទុយោ​។ ហុង មិនា

ទៅ​ដល់​ដែនដី​តំបន់​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​នៅ​មាន​ទឹក​ធ្លាក់​ខ្ពស់ៗ​ជា​ច្រើន​ទៀត ដែល​លោក​បាន​អះអាង​ថា វា​មាន​កម្ពស់​ពី ៥០ ទៅ ១០០ ម៉ែត្រ ដូចជា ជ័យ​តោង និង​អូរទៀមរះ ស្ថិត​ក្នុង​ដែន​អភិរក្ស​ផ្នែក​ខាង​លើ​នៃ​តំបន់​ការពារ​ជួរ​ភ្នំ​ឱរ៉ាល់​របស់​ក្រសួង​បរិស្ថាន​។

លោក នុត ហេង បាន​ប្រាប់​ឲ្យ​​ដឹង​ចំពោះ​ភ្ញៀវ​ដែល​មាន​បំណង​ចង់​បន្ដ​ដំណើរ​ឡើង​ភ្នំ​វែង​ឆ្ងាយ​ទៀត​ថា​ «​ដើម្បី​សុវត្ថិភាព​ភ្ញៀវ យើង​ត្រូវ​មាន​ប្រជា​ការពារ ឧទ្យានុរក្ស និង​សហគមន៍​ ពីព្រោះ​បង​ប្អូន​មក​ពី​ភ្នំពេញ ភាគ​ច្រើន​អត់​សូវ​យល់​ពី​ទំនៀម​ទម្លាប់​នៃ​ការ​ដើរ​ព្រៃ​នោះ​ទេ។ ជាក់​ស្ដែង យើង​ត្រូវ​ការ​ដឹង​ថា ទីណា​មាន​សត្វ​ទាក ទីណា​ត្រូវ​មាន​ការ​ត្រណម​មាត់​ក​ដែល​អាច​ប៉ះពាល់​ដល់​សភាវ​ងងឹត»។

ប៉ុន្ដែ​ជា​ទូទៅ ភ្ញៀវ​ភាគ​ច្រើន​ទៅ​លេង​ទឹក​ធ្លាក់​ត្រឹម​ដំណាក់​ខ្ពស់​ទី ៩ ប៉ុណ្ណោះ ដោយ​ពួក​គេ​មិន​ចង់​ចំណាយ​ពេល​វេលា និង​កម្លាំង​ដើរ​ច្រើន​ម៉ោង​ទៅ​កាន់​​ដំណាក់​ទឹក​ខ្ពស់ៗ ដែល​ត្រូវ​ប្រើ​ពេល​ចូល​ដេក​ព្រៃ​នោះ​ឡើយ​។

ទឹក​ធ្លាក់​អន្លង់​ស្វាយ ​ស្ថិត​ក្នុង​ភូមិ​ដូងស្លា ឃុំ​ក្បាល​ទឹក ស្រុក​ទឹក​ផុស ខេត្ដ​កំពង់ឆ្នាំង ដែល​ភ្ញៀវ​អាច​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​​តាម​ផ្លូវ​ជាតិ ៥ បត់​ឆ្វេង​ត្រង់​ម្ដុំ​ផ្សារ​ឧដុង្គ​នៃ​ផ្លូវ ១៣៦ ដោយ​ភ្ជាប់​ជាមួយ​ផ្លូវ ១៣២ រួច​បត់​ស្ដាំ​​ទៅ​កាន់​ផ្លូវ ៥៣ ឆ្ពោះ​ទៅ​ស្រុក​ទឹក​ផុស​ និង​បន្ដ​ជិះ​តាម​ផ្លូវ​​​បំបែក​ពី​ចំណុច​ប្រសព្វ​រូប​សំណាក​រមាស ៣ ក្បាល ចម្ងាយ​ប្រមាណ​ជាង ១០០ គីឡូម៉ែត្រ ​ពី​ភ្នំពេញ​។ ដល់​ចំណុច​រូប​សំណាក អ្នក​ដំណើរ​ត្រូវ​បន្ដ​បើកបរ​លើ​ផ្លូវ​លំ​ ៦ គីឡូម៉ែត្រ​ថែម​ទៀត ទៅ​តាម​ស្លាក​សញ្ញា​ចង្អុល​ផ្លូវ​ មុន​ពេល​ទៅ​ចត​យានយន្ដ​នៅ​គោលដៅ​ចុង​នៃ​ចង្កេះ​ និង​ដើរ​ថ្មើរ​ជើង​បន្ដិច​ទៀត​តាម​ល្បាក់​​ទឹក​ធ្លាក់​នីមួយៗ៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍