ក្រុងម៉េហុងសន: ថាប៉ៃ ហតស្ព្រីង ឬផុងណាមរ៉ុន ថាប៉ៃ ឬទឹករ៉ែ ជាទឹកក្ដៅផុសធម្មជាតិ និងជាទីឋានសម្រាកកាយដ៏ស្រស់ស្អាតក្រោមម្លប់ព្រៃឈើក្រាស់ ស្ថិតនៅក្នុងឧទ្យានជាតិហ៊ួយណាំដាង ក្បែរទីប្រជុំជនស្រុកប៉ៃ ខេត្ដម៉េហុងសន ភាគខាងត្បូង ៨ គីឡូម៉ែត្រ។
ទឹកផុសសីតុណ្ហភាពក្ដៅ ដែលទាក់ទាញភ្ញៀវយួរពងមាន់មកត្រាំស្ងោរ បន្ដហូរតាមជម្រាលកាត់បន្ថយកម្ដៅជាលំដាប់ក្រោយឆ្លងកាត់អាងត្រាំជាច្រើន។
នៅខាងក្រោមប្រភពទឹកផុស មានអាងទឹកងូតជាច្រើន ដែលខ្លះជាអាងទប់នៅតាមដំណាក់ហូរ ហើយខ្លះទៀតជាអាងសង់ខ្ពស់ធ្វើពីបេតុង និងបន្ទប់ឯកជនទាក់ទឹកតាមបំពង់ទុយោ។
ភ្ញៀវអាចអង្គុយជ្រលក់ជើងត្រាំទឹកក្ដៅឧណ្ហៗក្នុងសីតុណ្ហភាព ៣៦ អង្សាសេ។ ព្រៃឈើបៃតងស្រស់ដ៏ស្ងប់ស្ងាត់ អមដោយសំឡេងបក្សីខ្ញៀវខ្ញារ រំលេចជាទីឋានសមរម្យសម្រាប់សម្រាកកាយ។
ដើម្បីងូតទឹកក្ដៅស្រួលខ្លួន ភ្ញៀវគួរតែចុះទឹកជ្រៅ ពីព្រោះទឹកមានសីតុណ្ហភាពក្ដៅបន្ដិច តែត្រូវអានការណែនាំដើម្បីបញ្ចៀសរលាកកាយ។ ប៉ុន្ដែភ្ញៀវខ្លះមានអារម្មណ៍មិនស្រួលចិត្ដដោយសារបារម្ភភាពកខ្វក់ខ្សែទឹកក្រោម។
ភ្ញៀវទេសចររមែងយកពងមាន់មកស្ងោរជាការកម្សាន្ដ។ ចូរអានសេចក្ដីណែនាំ បើចង់ស្ងោរស៊ុត។ ទឹកក្ដៅផុសនៅក្នុងឧទ្យានជាតិហ៊ួយណាំដាងនេះ មានសភាពខុសប្លែកបន្ដិចបន្ដួចពីប្រភពទឹកផុសនៅតេទឹកពុះ ស្ថិតក្នុងខេត្ដកំពង់ស្ពឺ ដោយសារទឹកផុសនៅថៃ ហូរធ្លាក់តាមជម្រាល និងត្រូវបានទប់ធ្វើជាអាងត្រាំ ខណៈតេទឹកពុះស្ថិតនៅលើដីទំនាបដោយមិនត្រូវបានអភិវឌ្ឍ។

វាបានកកើតពីទឹកភ្លៀង និងស្រទាប់ទឹកខាងលើដែលហូរលើក្រហែងថ្មប្រេះ ជ្រាបចូលថ្មស្ពោតពេញប្រៀបរហូតកើនសីតុណ្ហភាពប្រែទឹកជាចំហាយទឹកក្ដៅ។
ទឹកក្ដៅនេះបានកើនកម្ពស់បន្ដិចម្ដងៗ និងអាចហូរកាត់ថ្មស្ពោត និងក្រហែងថ្មប្រេះ រួចផ្ដើមចុះត្រជាក់តាមលំដាប់ ពេលហូរឆ្ងាយ។
មូលហេតុដែលទឹកក្ដៅនេះផុសឡើងដោយសារតែសម្ពាធ និងជ្រាបចេញពីក្រហែងថ្មប្រេះនៅសីតុណ្ហភាពពី ៨០ ទៅ ១០០ អង្សាសេ។
ភ្ញៀវទេសចរកម្ពុជាដែលប្រាថ្នាទៅលេងតំបន់នេះ គួរធ្វើដំណើរក្រុងឈៀងម៉ៃទៅកាន់ស្រុកប៉ៃ ខេត្ដម៉េហុងសន តាមផ្លូវជាតិលេខ ១០៩៥ ហើយក្រោយឆ្លងកាត់ឧទ្យានជាតិហ៊ួយណាំដាង បត់ស្ដាំចន្លោះគីឡូម៉ែត្រលេខ ៨៧ និង ៨៨ ជាផ្លូវភ្នំបត់បែនច្រើន៕
