សៀមរាប: អាថ៌កំបាំង និងអបិយជំនឿជាច្រើនបន្តបង្កប់ខ្លួននៅលើដងភ្នំគូលែនដែលជាកន្លែងស័ក្ដិសិទ្ធិជាងគេក្នុងខេត្តសៀមរាប អង្គរ។
ព្រះអង្គធំ លិង្គមួយពាន់ តំបន់ទឹកធ្លាក់ វាលស្ដេចគម្លង់ វាលព្រះសព ព្រះក្រាល សំពៅធា្លយ ប្រាសាទតូចៗ ស្រះដំរី អណ្តូងពាន់ឆ្នាំ ល្អាងថ្មលម្អព្រៃ ផ្ទាំងថ្មធំជាច្រើនហាក់ដូចជាជញ្ជាំងនៃនាវាដ៏ធំមួយ ដែលអ្នកទេសចរបែបផ្សងព្រេងត្រូវចំណាយពេលវេលាច្រើនគួរសមទើបអាចទទួលបទពិសោធពេញលេញនៃដំណើរកម្សាន្តបែបធម្មជាតិ។
ប៉ុន្តែ តើលោកអ្នកធ្លាប់ឃើញ «ទឹកប្រាំពីរពណ៌ ឬ ទឹកផុស» ដែរឬទេ? ថ្វីបើស្ថិតនៅក្នុងកណ្តាលព្រៃយ៉ាងកណ្តោចកណ្តែងលើភ្នំកម្ពស់ ៤៩២ ម៉ែត្រ ជាមួយធម្មជាតិខៀវស្រងាត់ ទឹកប្រាំពីរពណ៌ ដែលអ្នកស្រុកគ្រប់គ្នាមានជំនឿយ៉ាងមុតមាំថាជាទីកន្លែងសក្ការៈ តែងតែបង្ហាញខ្លួន ទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅស្រុកយ៉ាងទៀងទាត់ក្នុងខែសីហា ពេលដែលមានភ្លៀងធ្លាក់បរិបូណ៌លើភ្នំ។ នេះបើតាមសម្ដីលោក ខៀវ ខេង ជាអ្នករស់នៅលើភ្នំដ៏ស័កិ្ដសិទ្ធិផ្ទាល់តែម្តង។
អ្នកភូមិវ័យ ៤៥ ឆ្នាំ និយាយថា៖ «ពួកខ្ញុំចាត់ទុក ទឹកប្រាំពីរពណ៌ ឬ ទឹកផុស ជាទីកន្លែងសក្ការៈរបស់ពួកខ្ញុំ។ យើងតែងតែមកអុជធូប ជារឿយៗ នៅពេលដែលយើងជួបបញ្ហា ឬបួងសួងសុំអ្វីមួយ»។ទឹកប្រាំពីរពណ៌ មិនមានបរិមាត្រធំនោះទេ វាមានជម្រៅត្រឹមតែ ២ ទៅ ២,៥០ ម៉ែត្រ និងមានទំហំប្រមាណជា ២ ម៉ែត្របួនជ្រុងប៉ុណ្ណោះ។
លោក ខេង បានថ្លែងទាំងញញឹមពព្រាយថា៖ «តាមពិតទៅ ទឹកប្រាំពីរពណ៌ ឬ ទឹកផុស នេះនឹងមានក្នុងខែសីហាខាងមុខនេះ។ ទឹកនេះពិតជាមានប្រាំពីរពណ៌មែន ពេលខ្លះយើងឃើញពណ៌ខៀវ បៃតង លឿង មាស ពណ៌ទឹកសមុទ្រជាដើម។ ទឹកនេះមានស្លែដុះជុំវិញ ថ្លាឆ្លុះដល់បាតដោយយើងអាចឃើញខ្សាច់ពណ៌សក្បុសនៅក្នុងបាតទឹកយ៉ាងច្បាស់ ហើយវារឹតតែស្អាតនៅពេលដែលទឹកនេះត្រូវពន្លឺព្រះអាទិត្យម្តងៗ ពណ៌របស់វាប្រដេញគ្នាដូចគ្រាប់ពេជ្រអ៊ីចឹង វាពិតជាស្អាតណាស់»។

លោកបន្ថែមទៀតថា៖ «អ្វីដែលពិសេសបន្ទាប់ពីពណ៌របស់វានោះ គឺទឹកនោះមានខ្យល់ផុលចេញ ពីបាតមក ធ្វើឲ្យយើងឃើញថា ទឹកនេះមានសភាពដូចទឹកពុះអ៊ីចឹង វាអាចជាដង្ហើមទឹក។ នេះជាមូលហេតុដែលគេនិយមហៅឈ្មោះវាថា ទឹកផុស ឬទឹកប្រាំពីរពណ៌បែបហ្នឹង»។
នៅក្បែរទឹកប្រាំពីរពណ៌ មានខ្ទមអាស្រមចាស់ៗអមសងខាង ដែលអ្នកភូមិលើភ្នំនេះតែងតែមកបួងសួងសុំសេចក្តីសុខ អុជធូប និងយកទឹកនេះទៅព្យាបាលជំងឺមិនដែលខាន។លោក ខេង ថ្លែងថា៖ «ពេលខ្លះ មនុស្សមួយចំនួនមកទីនេះ ឃើញទឹកនេះជាទឹកធម្មតា តែមនុស្សមួយចំនួនទៀត រួមទាំងរូបខ្ញុំ បែរជាឃើញទឹកនេះមានពណ៌ នេះជាមូលហេតុដែលធ្វើឲ្យពួកខ្ញុំកាន់តែមានជំនឿ»។
លោក ខេង បន្តថា៖ «មិនថាតែអ្នកភូមិទេដែលមកទីនេះបួងសួងសុំសេចក្តីសុខ ក៏មានភ្ញៀវទេសចរដូចជាជនជាតិឥណ្ឌាផងដែរ ដោយគេមានជំនឿថាពិតជាស័ក្ដិសិទ្ធិ ពួកគេថែមទាំងយកដីដែលនៅក្បែរមាត់ទឹកនេះទៅលាបខ្លួនប្រាណ ក្នុងជំនឿថាអាចបណ្តេញគ្រោះចង្រៃ និងជំងឺផ្សេងចេញពីខ្លួនរបស់ពួកគេទៀតផង»។
អ្នកស្រី សុម៉ាលី ជាអ្នកដែលរស់នៅក្នុងក្រុងសៀមរាបបានថ្លែងថា ជានិច្ចកាលនៅពេលខែសីហាចូលមកដល់ ក្រុមគ្រួសារអ្នកស្រីតែងតែទៅកម្សាន្តនៅតំបន់ភ្នំគូលែន និងឆ្លៀតច្រកទឹកប្រាំពីរពណ៌មកគេហដ្ឋានវិញ ដោយសារអ្នកស្រីមានជំនឿថា ទឹកនេះ ផ្តល់ភាពត្រជាក់ត្រជុំ និងសេចក្តីសុខដល់គ្រួសារ។ ជាពិសេសអ្នកស្រីមានអារម្មណ៍ថា ទឹកនេះហាក់ធ្វើឲ្យអារម្មណ៍មនុស្សមានភាពស្រស់ស្រាយដោយគ្រាន់តែយកវាមកលុបមុខ ឬលាបលើខ្លួនប្រាណ។
អ្នកស្រីនិយាយថា៖ «ទឹកទីនោះមានទំហំតូចទេ តែស្អាតណាស់ និងទឹកត្រជាក់ថែមទៀត»។
អ្នកស្រីបន្តថា៖ «មុនពេលដែលខ្ញុំទៅទីនោះ ខ្ញុំឈឺក្បាលហើយថែមទាំងអស់កម្លាំងថែមទៀតផង ដោយដើរហត់ពេក ខ្ញុំក៏បានយកទឹកនោះមកលុបមុខ និងស្រោចលើក្បាល ស្រាប់តែខ្ញុំមានអារម្មណ៍ថាមានកម្លាំង និងបាត់ឈឺក្បាលភ្លាមតែម្តង។ បន្ទាប់មក ខ្ញុំក៏បានគិតថាទឹកនេះពិតជាស័ក្តិសិទ្ធិ ខ្ញុំក៏អុជធូបបួងសួងសុំសេចក្តីសុខ និងច្រកទឹកនៅទីនោះយកមកផ្ទះវិញ ហើយពួកខ្ញុំក៏តែងតែមកទីនេះជារៀងរាល់រដូវដែលទឹកប្រាំពីរពណ៌ ឬទឹកផុស នេះមាន»។
នៅពេលធ្វើដំណើរទៅ ទឹកផុស លោកអ្នកនឹងបានគយគន់ទេសភាពពណ៌បៃតងនៃព្រៃព្រឹក្សា សំឡេងទឹកហូរ សំឡេងសត្វយំដែលជាតន្ត្រីដ៏លន្លង់លន្លោចកំដរបរិយាកាស។ វាមានចម្ងាយប្រមាណជា ៥០០ ម៉ែត្រពីចំណតឡានភ្នំគូលែន ហើយលោកអ្នកត្រូវធ្វើដំណើរថ្មើរជើងស្របតាមបណ្តោយស្ទឹងលិង្គមួយពាន់៕