កំពង់ឆ្នាំង៖ បច្ចុប្បន្នមិនសូវឃើញមានគោបែបប្រពៃណីទឹមជាមួយរទេះបរលើដងវិថីប៉ុន្មានទេ ចាប់តាំងពីពួកវាលែងក្លាយជាកម្លាំងចលករសំខាន់ក្នុងវិស័យកសិកម្ម ហើយគោភាគច្រើនដែលពលរដ្ឋកម្ពុជាបន្ដចិញ្ចឹម គឺជាប្រភេទពូជគោតូចៗសម្រាប់យកសាច់លក់ប៉ុណ្ណោះ។
ខ្លះដេក ខ្លះឈរ និងខ្លះទៀតស៊ីទំពាអៀង ដែលទំនងជាកំពុងបញ្ចូលថាមពលត្រៀមកម្លាំងចុះបេសកកម្មក្នុងពេលឆាប់ៗ។ គោរាប់សិបក្បាលដ៏រដូករណែលពេញផ្លូវទាំងនេះមិនមែនត្រៀមខ្លួនចុះភ្ជួររាស់ធ្វើស្រែចម្ការឡើយ តែពួកវាកំពុងដឹកជញ្ជូនភ្ញៀវទេសចរទៅលេងអារាមចំណាស់ក្នុងស្រុកកំពង់ត្រឡាច។
លោក តឹក ទ្រើង ប្រធានសមាគមរទេះគោ ជាមួយកងរទេះគោរបស់ប្រជាសហគមន៍ដទៃទៀត បានត្រៀមខ្លួនរួចស្រេចក្នុងការទទួលភ្ញៀវទេសចរ ដែលនឹងទទួលបាននូវបទពិសោធជិះរទេះដំបូងក្នុងឆាកជីវិតទៅកាន់អារាមចំណាស់រាប់រយឆ្នាំនៃខេត្ដកំពង់ឆ្នាំង។
លោក តឹក ទ្រើង បានប្រាប់ភ្នំពេញប៉ុស្ដិ៍អំឡុងពេលរង់ចាំភ្ញៀវឡើងពីនាវាកម្សាន្ដថា៖ «ថ្ងៃនេះ យើងបានទទួលភ្ញៀវ ៣ នាវាហើយ ដោយពេលព្រឹក យើងបាននាំភ្ញៀវជិះរទេះគោ ២ ក្រុមធំៗ ហើយឥឡូវនេះ យើងនឹងដឹកភ្ញៀវមួយក្រុមធំទៀត ដែលមានចំនួនភ្ញៀវជិត ៦០ នាក់ទៅកាន់វត្ដពោធិរុក្ខារាម។ យើងបានរៀបចំរទេះគោរបស់សមាគមយើងចំនួន ២៣ រទេះ»។
សមាគមរទេះគោឃុំកំពង់ត្រឡាចលើ ត្រូវបានបង្កើតឡើងជិត ២០ ឆ្នាំមកហើយ ហើយគោលបំណងចម្បង គឺបម្រើក្នុងវិស័យទេសចរណ៍ ដោយការប្រើគោ និងរទេះសាលីជាយានយ៉ាងពិសេសសម្រាប់ភ្ញៀវ។
សមាគមរទេះគោ បានបែងចែកប្រជាសមាគមដឹកជញ្ជូនភ្ញៀវទេសចរជា ២ ក្រុមធំៗ ដែលមានប្រជាពលរដ្ឋ ២ ភូមិចូលរួម គឺភូមិអ្នកតាហាង និងភូមិកំពង់ត្រឡាចលើ ជាមួយរទេះគោចំនួន ៧០ រទេះ។
ប្រធានសមាគមរូបនេះបាននិយាយថា៖ «មកដល់ចំណតនេះ ភ្ញៀវទេសចរចង់ជិះរទេះគោធ្វើដំណើរលើចម្ងាយផ្លូវប្រមាណ ២ គីឡូម៉ែត្រទៅកាន់វត្ដបុរាណពោធិរុក្ខារាម»។
លោក តឹក ទ្រើង បានបន្ដថា ដំណើរកម្សាន្ដរបស់នាវាទេសចរណ៍ ផ្ដើមពីប្រទេស វៀតណាម ឆ្លងកាត់រាជធានីភ្នំពេញ ផ្សារកំពង់លួង ខេត្ដកណ្ដាល វត្ដពោធិរុក្ខារាម ស្រុកកំពង់ត្រឡាច ហើយវានឹងបន្ដទៅកាន់ក្រុងកំពង់ឆ្នាំង និងពោធិ៍សាត់។
លោក ទ្រើង បាននិយាយមុនពេលទឹមគោចូលនឹមត្រៀមចេញដំណើរថា៖ «យើងទទួលភ្ញៀវជាប្រចាំ ដោយផ្អាកតែអំឡុងខែឧសភា និងមិថុនា ដោយសារទឹករាក់ពេក ហើយដល់ខែកក្កដា ភ្ញៀវចាប់ផ្ដើមចុះមកវិញហើយ»។
ដល់ពេលវេលាកំណត់ ភ្ញៀវចាប់ផ្ដើមយាត្រាចេញពីនាវាដែលសំចតនៅកំពង់ទូកក្បែរផ្សារមួយក្នុងភូមិអ្នកតាហាង ដោយដៃកាន់ភ្ជាប់មកជាមួយនូវឆត្របាំងការពារកម្ដៅថ្ងៃ។ ក្រោមការរៀបចំរបស់មគ្គុទេ្ទសក៍ និងប្រធានសមាគមរទេះគោ ក្បួនរទេះគោប្រវែងជាង ១០០ ម៉ែត្រចាប់ផ្ដើមអូសខ្លួនបរលើផ្លូវកៅស៊ូឆ្ពោះទៅកាន់អារាមចំណាស់ ដោយឆ្លងកាត់វាលស្រែជាប់សងខាងផ្លូវ។
ជាមួយសំណើចសើចក្អាកក្អាយ ខ្លះក្រឡេកមើលឆ្វេងមើលស្ដាំ ខណៈអ្នកខ្លះទៀតដៃកាន់កាមេរ៉ាភ្ជង់តម្រង់គោលដៅ ដើម្បីផ្ដិតយកទស្សនីយភាពពុំធ្លាប់បានឃើញសម្រាប់ទុកជាអនុស្សាវរីយ៍ ក្បួនរទេះគោបានឈានដល់គោលដៅដោយបានចំណាយពេលប្រមាណ ២០ នាទី។
ចុះពីលើរទេះគោ ភ្ញៀវទេសចរបានទទួលការណែនាំខ្លះៗចំពោះឥរិយាបថចូលអារាមព្រះពុទ្ធសាសនា ក៏ដូចជារៀបរាប់អំពីប្រវត្ដិអតីតកាលត្រួសៗអំពីវត្ដចំណាស់នេះ ដែលត្រូវបានរក្សាទ្រង់ទ្រាយដើម មុនពេលបែងចែកគ្នាជាក្រុមតូចៗដើរចូលព្រះវិហារ។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា វត្ដពោធិរុក្ខារាម ឬវត្ដកំពង់ត្រឡាចលើ នេះមានអាយុចំណាស់ជាង ១០០ ឆ្នាំ។ គំនូរបុរាណជាលក្ខណពិសេស ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រក្សាទុកដោយមិនអនុញ្ញាតឲ្យមានការឈូសឆាយ ឬលុបអ្វីឡើយ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខាងក្រសួងការពារអភិរក្ស ដោយមិនឲ្យមានការជួសជុលអ្វីទេ។ បើមានការជួសជុល ទាល់តែមានការអនុញ្ញាតពីក្រសួងធម្មការ និងក្រសួងវប្បធម៌ជាមុនសិន»។
និមន្ដគង់នៅពីមុខព្រះពុទ្ធបដិមាស្ថិតចំកណ្ដាលព្រះវិហារ ព្រះតេជគុណ ម៉ែន តុត ព្រះជន្ម ៧៤ វស្សា ជាចៅអធិការវត្ដពោធិរុក្ខារាម នឹងធ្វើពិធីប្រោះព្រំ និងចងអំបោះក្រហមដល់ភ្ញៀវទេសចរបរទេស ក្រោយពីពួកគេដើរទស្សនាគំនូរ ១ ជុំ។
ព្រះតេជគុណ មានសង្ឃដីកាថា៖ «គំនូរសម័យដើមនេះ មានភាពលម្អិតចំពោះដំណើររឿងរ៉ាវនៅលើជញ្ជាំង ខណៈគំនូរសម័យបច្ចុប្បន្នគេគូរឡើងដោយចោះៗ ដែលពិបាកដឹងសាច់រឿង»។
ចៅអធិការវត្ដពោធិរុក្ខារាម ដែលអះអាងថាអារាមចំណាស់នេះត្រូវបានកសាងឡើងក្នុងឆ្នាំ ១៨៤៧ ឬមានអាយុ ១៧៣ ឆ្នាំ បានបន្ដថា៖ «ចំពោះការរៀបរាប់ដំណើររឿង មហាវេស្សន្ដរជាតក តាមគំនូរនីមួយៗភ្ញៀវទេសចរបរទេសមិនបានទទួលព័ត៌មានលម្អិតពីជីវប្រវត្ដិព្រះបរមគ្រូនៃយើងនោះទេ ដោយសារអ្នកបកប្រែក៏មានការលំបាកក្នុងការប្រែសម្រួលអត្ថន័យប្រាប់ភ្ញៀវផងដែរ»។
ក្រៅពីសំណង់អគារព្រះវិហារចំណាស់ ដែលសង់ជំទើតលើខឿនថ្មបាយក្រៀម ជាមួយរូបគំនូររលុបដោយអន្លើនៅមានអគារសាលាឆាន់ថ្មលាយឈើប្រក់ក្បឿងមួយទៀត ដែលស្ថិតក្នុងសភាពទ្រុឌទ្រោម។
ភ្ញៀវទេសចរនាំគ្នាឡើងត្រឹមកាំជណ្ដើរថ្ម រួចអើតឈ្ងោកមើលទិដ្ឋភាពសាលាឆាន់ខាងក្នុង ដោយមិនហ៊ានឈានចូលនោះឡើយ ពីព្រោះពួកគេបារម្ភពីការបាក់រលំ។
ជាមួយភាពរីករាយនឹងវត្ដមានមិនដាច់របស់ភ្ញៀវទេសចរ ជាពិសេសទេសចរបរទេសធ្វើដំណើរតាមនាវាកម្សាន្ដជាហូរហែ ពលរដ្ឋឃុំកំពង់ត្រឡាចនៅបន្ដថែរក្សាប្រពៃណីចិញ្ចឹមគោ និងរទេះសាលីរហូតដល់បច្ចុប្បន្ន។
លោក តឹក ទ្រើង បាននិយាយពេលរង់ចាំជូនភ្ញៀវត្រឡប់ទៅកាន់នាវាវិញ នៅក្រោមម្លប់ស្វាយថា ដោយសារតែវត្ដមានភ្ញៀវទេសចរបែបនេះហើយ ទើបសហគមន៍របស់លោកនៅបន្ដចិញ្ចឹមគោ ដើម្បីជាប្រយោជន៍នាំភ្ញៀវជិះដើរកម្សាន្ដ និងបន្ដអត្ដសញ្ញាណបុរាណខ្មែរ។
លោកអះអាងថា៖ «បើអត់មានភ្ញៀវ យើងប្រាកដជាលក់វាចោល និងលក់ទាំងរទេះអស់ហើយ ពីព្រោះការធ្វើកសិកម្ម យើងលែងប្រើគោជាកម្លាំងអូសទាញទៀតហើយ»។
លោករំឭកថា៖ «ពីមុនមកមានតិចទេ មួយសប្ដាហ៍មានត្រឹម ៣ កប៉ាល់ប៉ុណ្ណោះទេ តែក្រោយមកកប៉ាល់កាន់តែច្រើនឡើង។ ឥឡូវយើងសង្កេតឃើញថា មានកប៉ាល់ចំនួន ១៦ គ្រឿង»។
វត្ដពោធិរុក្ខារាម ស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ដែលមានចម្ងាយប្រមាណ ៤៥ គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង និងប្រមាណ ៦១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕
វីដេអូ៖