ក្រុង​រ៉ូម: ភ្ញៀវទេសចរ​មក​កម្សាន្ដ​នៅ​ទីក្រុង​មាន​ផ្លូវទឹក​ខ្វាត់​ខ្វែង វេនិក នឹង​ត្រូវ​បង់​ប្រាក់​ពន្ធ​បន្ថែម​ដើម្បី​យក​កម្រៃ​មក​ប៉ះប៉ូវ​តម្លៃ​សេវាកម្ម​សម្អាត និង​រក្សា​សុវត្ថិភាព​ទីឋាន​ប្រវត្ដិសាស្ដ្រ។ នេះ​បើ​យោង​តាម​មន្ដ្រី​ក្រុង​បាន​ប្រកាស​កាល​ពី​ថ្មីៗ​នេះ។

វិធានការ ដែល​ទើបបាន​អនុម័ត​ជា​ផ្នែក​មួយ​នៃ​ការគ្រប់គ្រង​ថវិកា​ចំណាយ អនុវត្ដ​ឲ្យ​អាជ្ញាធរ​ក្រុង​ទេសចរណ៍​នេះ​ចាប់​ពី​ខែ​កក្កដា យក​ថ្លៃ​ចំណត​ពី​ភ្ញៀវ​ចន្លោះ ២,៩ ទៅ ១១,៥ ដុល្លារ អាស្រ័យ​លើ​រដូវ​កាល។

ការគិត​ប្រាក់​បន្ថែម​ត្រូវបាន​ធ្វើឡើង​គ្រប់​ភ្ញៀវ​ទាំងអស់ មិន​ថា​ពួកគេ​ស្នាក់​នៅ​ពេល​យប់ ឬក៏​អត់​នោះ​ទេ។ នោះ​មានន័យ​ថា វា​នឹង​អនុវត្ដ​លើ​ភ្ញៀវ​ទាំង​អស់ ដូចជា នាវា​ដឹក​ភ្ញៀវ​រាប់​ពាន់​គ្រឿង ដែល​បច្ចុប្បន្ន​បាន​គេច​ពី​ការ​បង់​ពន្ធ​ចាស់​ស្រាប់​ពី​សំណាក់​សណ្ឋាគារ និង​ម្ចាស់​អគារ​ជួល​សម្រាប់​អ្នក​ស្នាក់​នៅ​ពេល​យប់។

ទីក្រុង​មានផ្លូវ​ទឹក​ខ្វាត់ខ្វែងនេះ​មាន​​ភ្ញៀវ​រាប់លាន​នាក់​ក្នុងមួយឆ្នាំៗ។ AFP

នាវា​ប្រមាណ ៦០០ គ្រឿង​បាន​ឈប់​សំចត​នៅ​ទីក្រុង​វេនិក​រៀង​រាល់​ឆ្នាំ ដោយ​បាន​បង្កើន​ការ​ត្អូញ​ត្អែរ​ថា ទីក្រុង​នេះ​កំពុង​តែ​ជោរ​ជន់​ដោយ​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់។

អាកាសចរណ៍ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ក៏ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ​ថ្មី​នេះ​ផងដែរ។ ក្រុម​មន្ដ្រី​ក្រុង​បាន​ប៉ាន់​ប្រមាណ​ថា ពន្ធ​នេះ​អាច​កៀរគរ​ចំណូល ៥៥ លាន​ដុល្លារ​បន្ថែម​ក្នុង ១ ឆ្នាំ។

អភិបាលក្រុង​វេ​និក ស្វី​ហ្គី ប្រ៊ូ​ក​ញ៉ា​រ៉ូ បាន​ប្រាប់​កាសែត La Repubblica ថា៖ «ការ​ចំណាយ​ថ្លៃ​សម្អាត​មជ្ឈមណ្ឌល​ប្រវត្ដិសាស្ដ្រ និង​ថែរក្សា​សន្ដិសុខ​សណ្ដាប់​ធ្នាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ជា​បន្ទុក​របស់​ពលរដ្ឋ​ក្នុង​ក្រុង​ទាំង​មូល»។

លោក​បន្ដថា៖ «អរគុណ​ចំពោះ​ភ្ញៀវទេសចរ​ដែល​នឹង​ជួយ​យើង​រក្សា​បរិស្ថាន​ក្រុង​វេនិក និង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព»៕