ក្រុងម៉េឌីសិន: នៅលើច្រាំងនៃបឹងស៊ុបភើរៀរនៃឧបទ្វីបបេហ្វៀល ក្នុងរដ្ឋវីសខនស៊ីន សហរដ្ឋអាមេរិកគឺជាទិសដៅទេសចរណ៍ដ៏ទាក់ទាញនៅរដូវរងាមកទស្សនា ល្អាងទឹកកកបេហ្វៀល។
ល្អាងទាំងនេះត្រូវបានបង្កើតឡើងរាប់លានឆ្នាំមុនដោយចលនាផែនទឹកកក និងរលកដែលបោកបក់មកជាប់នឹងជញ្ជាំងថ្មបង្កើតចេញជាចម្លាក់ច្រូងច្រាងពីលើផ្ទៃបឹងស៊ុបភើរៀរ។
នៅរដូវក្ដៅ តំបន់នេះជាទីកម្សាន្ដសម្រាប់អ្នកជិះទូកកាយៈ។ ប៉ុន្ដែ នៅពេលអាកាសធាតុប្រែត្រជាក់ ហើយទឹកបឹងចាប់ផ្ដើមកកបណ្ដើរៗ ល្អាងប្រែសម្រស់មួយបែបទៀត។ ភ្ញៀវទេសចរអាចដើរលើផ្ទៃបឹងដែលកក និងទៅទស្សនាកំណកធម្មជាតិដ៏អស្ចារ្យមួយនៅភាគខាងជើងរដ្ឋវីសខនស៊ីន។ ទឹកដែលហូរស្រក់ពីពិតានល្អាងបានកកទៅជាកំណកទឹកកករាប់ពាន់ដើម ខណៈច្រកចូលហ៊ុមព័ទ្ធដោយស៊ុមទឹកធ្លាក់ដែលកក។
កំណកទឹកកកទាំងនេះផ្ដុំបានជារូបរាងផ្សេងៗដែលផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយ និងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះគឺជាហេតុផលចម្បងដែលមនុស្សម្នាជាច្រើននាំគ្នាមកកម្សាន្ដប្រចាំនៅល្អាងទឹកកកបេហ្វៀលដើម្បីបានគយគន់សម្រស់កំណកទឹកកកថ្មីៗ។
ថ្វីដ្បិតតែរៀងរាល់ឆ្នាំ ភ្ញៀវរាប់ពាន់នាក់បានមកទស្សនាល្អាងទាំងនេះយ៉ាងណាក៏ដោយ ក៏តំបន់ទឹកកកនេះមានគ្រោះថ្នាក់ណាស់ ខណៈទឹកកកងាយនឹងរអិលធ្លាក់ ដោយការប្រេះស្រាំ ឬបែកបាក់នូវស្រទាប់រឹងជាដើម។
ម្យ៉ាងវិញទៀត ទឹកបឹងក៏មិនកករៀងរាល់ឆ្នាំសម្រាប់ភ្ញៀវចូលទស្សនាដែរ។ កាលពីឆ្នាំមុន គឺជាលើកទី១ក្នុងរយៈពេល ៥ ឆ្នាំដែលល្អាងត្រូវបានបើកឲ្យភ្ញៀវចូលនៅរដូវរងា ហើយឆ្នាំនេះក៏បានបើកទ្វារដែរដោយសារតែទឹកកកមានកម្រាស់ស្ដើង។
កាលពីឆ្នាំមុន រូងភ្នំទឹកកកមួយនេះបានទាក់ទាញមនុស្សប្រមាណ ១៣៨ ០០០ នាក់ឲ្យមកទស្សនា។ ការទស្សនាឧទ្យាននេះមានតម្លៃ ៥ ដុល្លារសម្រាប់មនុស្សម្នាក់ដែលចង់ចូលទៅក្នុងល្អាង ប៉ុន្ដែគ្រាន់តែចតយានយន្ដក៏ត្រូវចំណាយប្រាក់ ៣ ដុល្លារបន្ថែមសម្រាប់ទីចំណតក្បែរល្អាង៕ HR