ក្រុងម៉ិកស៊ីកូ៖ បាឡែនពណ៌ប្រផេះយក្ស ១ ក្បាល មានសត្វសណ្ឋានខ្ចៅខ្យងតោងពេញខ្លួន បានបង្ហាញខ្លួននៅក្បែរទូកទេសចរតូចមួយក្នុងដែនសមុទ្រនៃឆកបាចា កាលីហ្វ័រនីញ៉ា ភាគពាយព្យប្រទេសម៉ិកស៊ិក។
ដំណើររបស់ថនិកសត្វបណ្ដើរកូនក្នុងទឹក ស្របពេលមានការថមថយនៃការរីករាលដាលជំងឺឆ្លងសកលបានជួយស្តារកំណើនទេសចរណ៍ ដែលកំពុងតែត្រដាបត្រដួសនេះ។
សម្រាប់ភ្ញៀវទេសចរ ឱកាសបានប៉ះសត្វធំបំផុតមួយលើភពផែនដីនេះបីដូចជាការប្រោះព្រំដ៏រីករាយ ខណៈវិបត្ដិកូវីដបានសម្លាប់មនុស្សជាង ២០ ម៉ឺននាក់នៅម៉ិកស៊ិក ជាតួលេខខ្ពស់បំផុតលំដាប់លេខ ៣ ក្នុងពិភពលោក។
លោក វីលប៊ឺត ជាភ្ញៀវទេសចរម៉ិកស៊ិក ដែលធ្វើដំណើរពីរដ្ឋភាគខាងត្បូង អូសាស្យា ទៅកាន់ដែនជម្រកសត្វព្រៃនៃតំបន់ឆ្នេរឯឆកបាចា កាលីហ្វ័រនីញ៉ា។ រៀងរាល់ឆ្នាំ បាឡែនប្រផេះ បានធ្វើដំណើរប្រមាណ ៩ ពាន់គីឡូម៉ែត្រពីតំបន់រងអាកាសធាតុរដូវក្ដៅនៃឆ្នេរអាឡាស្កា ដើម្បីមកបង្កាត់ពូជ និងផ្ដល់កំណើតកូននៅភាគពាយព្យប្រទេសម៉ិកស៊ិក។
ជាមួយទំហំមាឌប្រហាក់ប្រហែលនឹងបាឡែនខ្នងគម វាមានប្រវែងខ្លួនរហូតដល់ ១៥ ម៉ែត្រ និងទម្ងន់ចន្លោះពី ៣០ ទៅ ៤០ តោនឯណោះ។
ម៉ិកស៊ិក គឺជាគោលដៅទេសចរណ៍ដែលមិនបានបិទព្រំដែន ឬតម្រូវលទ្ធផលតេស្ដអវិជ្ជមានកូវីដ ១៩ មុនពេលចូលប្រទេសខ្លួនឡើយ។
យ៉ាងណាមិញ អ្នកនេសាទ និងជាមគ្គុទេសក៍ទេសចរម្នាក់ ណាមេន ដូមីងហ្គេស បាននិយាយថា៖ «ពេលនេះ មានភ្ញៀវត្រឹមតែពី ៦ ទៅ ៧ នាក់ក្នុង ១ ទូក ដោយសារយើងត្រូវរក្សាគម្លាតសុវត្ថិភាព»។
អង្គុយនៅក្នុងទូកតូច មានបាឡែនហែលក្រវែល ទេសចរម៉ិកស៊ិកឈ្មោះ ក្លោឌៀ ហ្គៃតាន បាននិយាយថា៖ «យើងអាចកាន់ស្ទាបពួកវា និងមើលមេរបស់វាហែលបណ្ដើរកូន។ បាឡែន ២ ក្បាល កំពុងលេងយ៉ាងសប្បាយជាមួយយើង»៕ AFP/HR