ហាឡុងបេ: ពលរដ្ឋវៀតណាមនាំគ្នាសម្រុកទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរកាលពីចុងសប្ដាហ៍ ដែលជាឱកាសធ្វើដំណើរថ្មីក្រោយពីរដ្ឋាភិបាលកុម្មុយនិស្ដបន្ធូរបន្ថយបម្រាមលើការធ្វើបំលាស់ទីក្នុងស្រុក ដើម្បីស្ដាវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ពីវីរុសកូរ៉ូណា។
ទេសចររាប់រយនាក់បានរង់ចាំឡើងទូកទៅកម្សាន្ដនៅជ្រលងល្បីល្បាញ ហាឡុងបេ ដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយធ្វើឲ្យឱកាសរក្សាគម្លាតសុវត្ថិភាពបានតិចតួចបំផុត។
ទេសចរភាគច្រើនបំភ្លេចម៉ាសមុខ ខណៈពួកគេឡើងទូក និងថតរូបសែលហ្វី នៅតំបន់ឆ្នេរសមុទ្រ ដែលល្បីទេសភាពផ្ទាំងថ្មដុះច្រូងច្រាងផុសពីផ្ទៃសាគរ។
ស្ថិតក្នុងហ្វូងភ្ញៀវទេសចរ ដួង ខ្វាងហ៊ុយ អាយុ ២១ ឆ្នាំ មកពីខេត្ដតំបន់ភ្នំភាគខាងជើង ធូយ៉េន ក្វាង បាននិយាយថា៖ «នេះជាលើកដំបូងរបស់ខ្ញុំដែលមកលេង ហាឡុងបេ ក្រោយពីកូវីដ ១៩»។
អ្នកទេសចរវៀតណាមរូបនេះបន្តទៀតថា៖ «ខ្ញុំមកទីនេះដោយសារវាមានទេសភាពស្អាត ហើយជំងឺរាតត្បាតកូវីដ បានរសាយបាត់។ ដូច្នេះខ្ញុំមានអារម្មណ៍សុវត្ថិភាពហើយ។ ខ្ញុំគ្រោងទៅលេង ដាណាង និងកន្លែងផ្សេងៗទៀត»។
វៀតណាមបានទទួលការសាទរចំពោះវិធានការគ្រប់គ្រងការរាតត្បាតវិរុសកូរ៉ូណា ដែលបច្ចុប្បន្នមានចំនួនជាង ៣០០ ករណី អត់មានស្លាប់ ទោះស្ថិតនៅជាប់ប្រទេសចិនយ៉ាងណាក៏ដោយ។
ប៉ុន្ដែការប្រកាសបិទប្រទេសបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ។
វិស័យទេសចរណ៍បានធ្លាក់ចុះមកត្រឹម ៣៤០ លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ២០២០។ នេះបើយោងតាមស្ថិតិរដ្ឋាភិបាល ដែលមានការធ្លាក់ចុះ ៤៥ ភាគរយពីឆ្នាំកន្លង។
យ៉ាងណាមិញ ច្រកទ្វារនៅតែបន្ដបិទចំពោះភ្ញៀវទេសចរបរទេស តែអាជ្ញាធរកំពុងប្រែក្លាយទីផ្សារក្នុងស្រុកដែលចំណាយរាប់លានដុល្លារ ជាមួយការរស់នៅបិទប្រទេស និងការបម្រាមធ្វើដំណើរដើម្បីឲ្យមានចរន្ដទេសចរឡើងវិញ។
លោក ផាន វ៉ាន់គៀន មកពីក្រុងហាណូយ បាននិយាយថា៖ «ពិតជាល្អដែលយើងអាចធ្វើដំណើរបាននាពេលនេះ។ យើងមានសណ្ឋានច្រើនស្ថិតក្នុងជម្រើសរបស់យើង»។
លោក គៀន បានឲ្យដឹងថា គ្រួសាររបស់លោកចង់ធ្វើដំណើរកម្សាន្ដក្នុងស្រុកពេញមួយឆ្នាំដោយសារជើងហោះហើរអន្ដរជាតិជាច្រើនបានលប់ចោល ហើយណាមួយក៏បារម្ភពីការឆ្លងវីរុសផងដែរ។
ទីក្រុងដាឡាត កសាងឡើងដោយបារាំង ក៏បានទទួលភ្ញៀវទេសចរកុះកុញតាំងពីដើមខែឧសភា។ ក្នុងឆ្នាំ ២០១៩ វៀតណាមទទួលភ្ញៀវអន្ដរជាតិជាង ១៨ លាននាក់ ដែលភាគច្រើនមកពីតំបន់អាស៊ី៕ AFP/HR