ក្រុងស៊ីដនី៖ ភ្ញៀវទេសចរដ៏ច្រើនសន្ធឹកកំពុងនាំគ្នាទៅលេងភ្នំថ្ម Uluru ឬហៅថា Ayers Rock មុនពេលបម្រាមចូលឡើងជាន់ទីឋានសក្ការៈរបស់ជនជាតិដើមភាគតិចអូស្ដ្រាលីចូលជាធរមាន។
រូបភាពមនុស្សឡើងភ្នំក្រហមរាប់ពាន់សន្លឹកបានបង្កការរិះគន់ពេញបណ្ដាញសង្គម ដោយក្រុមអ្នករិះគន់ចោទឡើងថា ភ្ញៀវទាំងនោះប្រឆាំងនឹងបំណងជនជាតិ អាណានហ្គូ។
អ្នកសារព័ត៌មាន National Indigenous Television ម៉ាដេលីន ហាមេនរេបេ ដែលបានហៅ តថភាពនោះជាទង្វើដ៏គួរឲ្យអាម៉ាស់បាននិយាយថា៖ «ចូរគិតថា ការឡើងភ្នំក្រហម Uluru មុនពេលបិទ វាហាក់ដូចជាអស់លោកបង្ហាញពីការមិនគោរពចំពោះវប្បធម៌ចំណាស់បំផុតក្នុងពិភពលោកអ៊ីចឹង»។
ក្រុមមន្ដ្រីបាននិយាយថា បម្រាមដែលចូលជាធរមាននៅថ្ងៃទី ២៦ ខែតុលាខាងមុខ ត្រូវបានដាក់ឡើងបំណងបង្ហាញការគោរពចំពោះប្រពៃណីវប្បធម៌ ដោយការពារតំបន់ពិសិដ្ឋពីការបំផ្លិចបំផ្លាញបរិស្ថាន និងធានាសុវត្ថិភាពដល់ភ្ញៀវ។
បើយោងតាម Parks Australia មនុស្សជិត ៤០ ម៉ឺននាក់ បានមកលេងឧទ្យានជាតិអ៊ូលូរូកាតាក្នុងរយៈពេល ១២ ខែ រហូតដល់ខែ មិថុនា ឆ្នាំ ២០១៩ ដោយលើស ២០ ភាគរយ ពីឆ្នាំមុន។
អាជ្ញាធរបាននិយាយថា ភ្ញៀវប្រមាណ ១៣ ភាគរយ ដែលមកលេងភ្នំក្រហមអំឡុងពេលនោះបាននាំគ្នាឡើងភ្នំថ្ម ឱកាសចុងក្រោយ។
លោក ស្ទីហ្វិន ឈូវើ អគ្គនាយក Tourism Central Australia បាននិយាយថា ភ្ញៀវជប៉ុន និងអូស្ដ្រាលី នៅថ្ងៃវិស្សមកាលហាក់ដូចជាចង់ឡើងភ្នំ Uluru ខ្លាំងជាងគេ ទោះបីជាលោកស្នើពួកគេកុំឲ្យឡើងយ៉ាងណាក៏ដោយ។
ភ្ញៀវទេសចរអូស្ដ្រាលី បេលីនដា ម័រ អាយុ ៣៣ ឆ្នាំ បានបើកឡានពីផ្ទះទៅកាន់ Uluru ភាគកណ្ដាលរដ្ឋឃ្វីនលែនបំណងឡើងភ្នំក្រហម ជាបទពិសោធដែលអ្នកនាងនិយាយថា ពិតជាពេញចិត្ដមែនទែន។
អ្នកនាង ម័រ ដែលកត់សម្គាល់ឃើញការឡើងភ្នំក្រហមមិនមែនជាទង្វើមាក់ងាយដល់ម្ចាស់ស្រុក បានពន្យល់ថា៖ «វាតែងតែមានអ្វីដែលយើងចង់ធ្វើ ហើយពេលយើងឮថា វានឹងបិទ យើងគ្មានជម្រើសអ្វីក្រៅពីខំទៅស្គាល់ឲ្យហើយនោះទេ បើមិនឡើងភ្នំថ្ងៃនេះ អស់ឱកាសហើយ»។
ការឡើងភ្នំក្រហមនឹងចាប់ផ្ដើមបិទជារៀងរហូតនៅថ្ងៃទី ២៦ ខែតុលា ជាទិវាប្រគល់ដែនដីពិសិដ្ឋនេះដល់ម្ចាស់ស្រុក អាណានហ្គូ វិញ។
ភ្នំថ្ម Uluru ជាទីឋានសក្ការៈបូជា និងវប្បធម៌ដល់ជនជាតិដើមភាគតិចអូស្ដ្រាលី ដោយពួកគេមានទំនាក់ទំនងផ្សារភ្ជាប់នឹងភ្នំពិសិដ្ឋនេះតាំងពីរាប់ម៉ឺនឆ្នាំមុន។
ទោះបីជាចំនួនភ្ញៀវនឹងធ្លាក់ចុះពេលបម្រាមចូលជាធរមាន លោក ស្ទីហ្វិន ឈូវើ បាននិយាយថា ប្រតិបត្ដិករទេសចរណ៍ក្នុងស្រុកមិនបានបារម្ភឡើយ។
លោកបន្ដថា៖ «យើងគ្រាន់តែរង់ចាំមើលឱកាសឡើងភ្នំ ដែលកត់ត្រាទុកក្នុងប្រវត្ដិសាស្ដ្រ»៕ AFP/HR