ក្រុងលីម៉ា: ភ្ញៀវទេសចរអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ ពេលពួកគេដើរ ២ ម៉ោងឡើងកំពូលភ្នំ Peruvian Andes កម្ពស់ ៥០០០ ម៉ែត្រលើនីវ៉ូទឹកសមុទ្រ។ ទោះជាហត់ខ្លាំង ក្ដី គ៏ពួកគេជក់ភ្លឹកនឹងសម្រស់ធម្មជាតិនៅចំពោះមុខ។
រំលេចរូបភាពឆ្នូតៗនូវពណ៌ត្បូងខៀវ ពណ៌ផ្កាឡាវេនឌ័រ និងពណ៌មាសដែលបង្កើតបានជា «ភ្នំឥន្ទធនូ» ឆ្នូតជាច្រើនពណ៌នេះកកើតឡើងរាប់លានឆ្នាំមុន និងផុសរូបភាពត្រដែតឡើងស្រទាប់ខាងលើរបស់វាត្រូវទឹកហូរច្រោះ។
ទើបតែ ៥ ឆ្នាំមុន ដែលអច្ឆរិយធម្មជាតិនេះ ត្រូវបានរកឃើញដោយអ្នកខាងក្រៅ រហូតជាប់ឈ្មោះជាទីឋានទេសចរណ៍មិនអាចរំលងបានសម្រាប់ភ្ញៀវទេសចរសម្ពាយ។
លោក លូកាស លីនេន ជាភ្ញៀវមកពីម៉ិកស៊ិក អាយុ ១៨ ឆ្នាំ បាននិយាយថា៖ «ពេលបានឃើញវាផ្ទាល់ដូចក្នុងរូបភាពនេះ អ្នកនឹងគិតថា វាគឺជារូបភាពកាត់តមិនខាន»។
ប្រជាប្រិយភាព ភ្នំឥន្ទធនូ ដែលទាក់ទាញភ្ញៀវទេសចរ ១០០០ នាក់ក្នុងមួយថ្ងៃ បានផ្ដល់នូវចំណូលសេដ្ឋកិច្ចដល់តំបន់ដាច់ស្រយាលនេះ ដែលប្រជាជនជាអ្នកចិញ្ចឹមសត្វអាល់ប៉ាកា។ យ៉ាងណាមិញ ក្រុមអ្នកបរិស្ថានវិទូបារម្ភថា ភ្ញៀវទេសចរអាចបំផ្លាញដល់រតនសម្បត្ដិនេះ ខណៈក្រុមហ៊ុនរ៉ែជាច្រើនកំពុងចែចូវ។
ប៉ុន្ដែភ្ញៀវទេសចរដ៏ច្រើនសន្ធឹកនេះ ក៏បានផ្ដល់ការងារ និងចំណូលដល់អ្នកស្រុកសហគមន៍ជនជាតិដើមភាគតិច Pampachiri តាមរយៈការលក់សំបុត្រដល់ភ្ញៀវម្នាក់ ៣ ដុល្លារ ដោយសហគមន៍អាចរកចំណូលបាន ៤០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
លោក អ៊ីសាក ឃ្វីស អាយុ ២៥ ឆ្នាំ ដែលបានលាឈប់ពីការងារជាអ្នកជីករ៉ែមាសក្រោយមិត្ដរួមអាជីព ៦ នាក់ត្រូវបានសម្លាប់ បាននិយាយថា៖ «វាជាអំណោយព្រះជាម្ចាស់»។
មគ្គុទេ្ទសក៍ ស្លៀកពាក់ខោ-អាវឡែនចម្រុះពណ៌ និងមួកប្រពៃណី ដើរដឹកសេះនាំភ្ញៀវទេសចរទៅកាន់ភ្នំនេះ។ សព្វថ្ងៃនេះ អ្នកគង្វាលចៀម Chillca រៀបចំផ្ទះស្នាក់ ៤ កន្លែងសង់ពីឈើដែលអាចផ្ទុកភ្ញៀវ ១៦ នាក់។ ផ្ទះស្នាក់ទាំងនេះមានតែភ្លើងទៀនបំភ្លឺនិងទឹកក្ដៅប្រើប្រាស់តែប៉ុណ្ណោះ។
ការអញ្ជើញមកដល់របស់ភ្ញៀវត្រូវបានផ្ដល់ស្បែកជើងផលិតពីស្បែកឡែន និងរោមសត្វ។ ម្ចាស់ផ្ទះដែលប្រើតែភាសាកាយវិការ រមែងចង់បានស្នាមញញឹមពីភ្ញៀវ ដើម្បីឲ្យច្បាស់ថា ពួកគេមានផាសុកភាពទោះស្ថិតនៅរយៈកម្ពស់ ៥០០០ ម៉ែត្រក៏ដោយ»៕HR