ភ្នំពេញៈ ទេសចរបរទេសម្នាក់គ្រាន់តែចំណាយត្រឹមតែ ២០ ដុល្លារប៉ុណ្ណោះ នឹងអាចទទួលបានបទពិសោធថ្មីៗពេលដើរកម្សាន្តជាមួយនឹងការស្វែងយល់ពីវប្បធម៌ ភ្លក្សម្ហូបខ្មែរ ឬញ៉ាំអាហារជុំគ្រួសារម្ចាស់ផ្ទះខ្មែរ ឬអាចរៀនធ្វើម្ហូបខ្មែរតាមសហគមន៍នានា តាមរយៈសេវាកម្មពិសេសពីភ្នាក់ងារ Dine with the Locals ដែលទើបតែដំណើរការប្រមាណជិត ៧ ខែមកហើយនេះ។
ក្រោយពីចាប់ផ្តើមដំណើរការពីខែមករាឆ្នាំ ២០១៩ មកភ្នាក់ងារសេវាកម្ម Dine with the Locals ទទួលបានភ្ញៀវទេសចរពីប្រទេសនានានៅតំបន់អឺរ៉ុប អាមេរិក និងអាស៊ីបាន ៤០ រូបហើយសម្រាប់បទពិសោធញ៉ាំអាហារ ឬធ្វើម្ហូបអាហារខ្មែរជាមួយពលរដ្ឋខ្មែរក្នុងសហគមន៍។
លោក ថូម៉ាស វ័នហូហ្វ៍ (Thomas Wanhoff) ជាប្រធាន និងស្ថាបនិកនៃភ្នាក់ងារ Dine with the Locals បានឲ្យដឹងថា៖ «បច្ចុប្បន្ននេះយើងមានតំបន់ជាទិសដៅនាំភ្ញៀវចូលរួម ដើម្បីស្វែងយល់ពីវប្បធម៌ ភ្លក្សអាហារ និងអាចរៀនចម្អិនម្ហូបអាហារជាមួយគ្រួសារខ្មែរចំនួន ៤ ខេត្ត-ក្រុងគឺភ្នំពេញ ខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។ មកទល់ពេលនេះយើងបាននាំក្រុមទេសចរចំនួន ៤០ រូបហើយដោយពួកគាត់មកពីប្រទេសផ្សេងៗគ្នាមានដូចជាអាល្លឺម៉ង់ ស្វ៊ីស ហូឡង់ អាមេរិក ហុងកុង និងប្រទេសឥណ្ឌា»។
លោក ថូម៉ាស វ័នហូហ្វ៍ បន្តថា៖ «គម្រោងនេះរៀបចំផ្សារភ្ជាប់ទេសចរមកកម្សាន្តស្រុកខ្មែរ និងពលរដ្ឋសហគមន៍ជាម្ចាស់ផ្ទះឲ្យមានទំនាក់ទំនងល្អ តាមរយៈការទទួលទានអាហារមួយពេលជុំគ្នានេះ។ អនាគតយើងមានគោលដៅពង្រីកទៅកាន់ចំនួន ២៥ ខេត្ត-ក្រុងនៅក្នុងប្រទេសកម្ពុជាតែម្តង»។
ទេសចរបរទេសម្នាក់គ្រាន់តែចំណាយប្រាក់ ២០ ដុល្លារប៉ុណ្ណោះអាចទទួលបាននូវបទពិសោធន៍ញ៉ាំអាហារមួយពេលជាមួយនឹងគ្រួសារខ្មែរនៅតាមទីជនបទនានា និងអាចចូលរួមជួយបង្កើតការងារក្រៅម៉ោងសម្រាប់បងប្អូនស្ត្រីខ្មែរដែលមានភារកិច្ចនៅផ្ទះមើលខុសត្រូវថែទាំកូនចៅ និងការងារផ្ទះសំបែងនោះ។
អ្នកស្រី លឹម ភានុវង្សរង្សីលាភី ជានាយិកា និងសហស្ថាបនិកនៃភ្នាក់ងារសេវាកម្ម Dine with the Locals លើកឡើងថា៖ «ដោយសារខ្លួនឯងជាស្ត្រីស្រាប់ ហើយយល់ថាឃើញថាបងប្អូនស្ត្រីខ្មែរតាមតំបន់សហគមន៍ជនបទនានាភាគច្រើនពុំសូវមានឱកាសមានការងារក្រៅម៉ោង ក្រៅពីការមើលថែកូនចៅនោះទេ ក្រោយពីបានរៀបការរួចមក។ ដូច្នេះនឹកឃើញថា រៀបចំជាគម្រោងនេះឡើងអាចមានប្រយោជន៍ទាំងសងខាងរវាងក្រុមភ្ញៀវបរទេសមកលេងនៅស្រុកយើងឲ្យគេអាចមានបទពិសោធភ្លក្សម្ហូបខ្មែរ ឬរៀនចម្អិនម្ហូបជាមួយម្ចាស់ផ្ទះ និងបងប្អូនស្ត្រីខ្មែរដែលជាម្ចាស់ផ្ទះនោះ អាចទទួលបានប្រាក់កម្រៃខ្លះដែលជាភាគរយចែកពីថ្លៃសេវាកម្មពីភ្ញៀវនោះ»។
សម្រាប់ព័ត៌មានលម្អិតពីសេវាកម្មនេះចូលគេហទំព័រ http://dinewiththelocals.com/ ឬទូរស័ព្ទ 070 238 020/ 015 879 410៕