សៀមរាប៖ ឈាន​ជើង​ចុះ​ពី​លើ​រ៉ឺម៉ក​ យុវតី​អាល្លឺម៉ង់​ ២ នាក់ ​ដើរ​សំដៅ​ទៅ​កាន់​អគារ​រំលេច​នូវ​ក្បាច់​ក្បូរ​ទ្វារ និង​បង្អួច​ចម្រុះ​ពណ៌​ អម​ដោយ​ពន្លឺ​ភ្លើង​ពេល​រាត្រី​ដ៏​ស្រស់​ឆើត​នា​ពេល​រាត្រី​​​ចាប់​ពី​ស្លាក​ឡូហ្គោ​ទាំង​សង​ខាង សួន​ផ្កា និង​គ្រឿង​តុបតែង​លម្អ​ផ្សេងៗ។

ក្លែរ ​​ដក​ទូរស័ព្ទ​ថត​រូប​ឲ្យ​មិត្ដភក្ដិ​នារី​ម្នាក់​ទៀត​ ​​​នៅ​​អែប​ ឡូហ្គោ រំលេច​នូវ​ពាក្យ «​ទ្វីស​» មុន​ពេល​ផ្លាស់ប្ដូរ​​ថត​ឲ្យ​គ្នា​ម្នាក់​ម្ដង​ និង​ចូល​ទៅ​កាន់​តុ​ចុះ​ឈ្មោះ​​ស្នាក់នៅ​។ ​​ពេល​រង់ចាំ​ការ​ចុះ​ឈ្មោះ យុវតី​បរទេស​អាយុ​ខ្ទង់​ ២០ ឆ្នាំ​ទាំង ២ ​​បន្ដ​ថត​រូប​ផ្អៀង​ផ្អង​​ដាក់​មុខ​កញ្ចក់​ជាមួយ​នឹង​ផ្ទៃ​ក្រោយ​ឌីហ្សាញ​ចម្បង​ពី​ពណ៌​លឿង​ឆ្អិនឆ្អៅ​។

បើ​ទោះបី​ជា​ទេសចរ​ច្រមុះ​ស្រួច​មិន​សូវ​​​និយម​ចំពោះ​​ការ​ថតរូប​សែលហ្វី​ បង្ហោះ​លើ​បណ្ដាញ​សង្គម​យ៉ាង​ណា​ក៏​ដោយ ក៏​កម្រ​ឃើញ​ភ្ញៀវ​ដែល​មក​កាន់ ហូស​តែល​ ទ្វីស​ (The Twizt-Lifestyle Hostel) មើល​រំលង​ទីតាំង​រូបថត​ដ៏​ស្រស់​​ស្អាត​នេះ​ណាស់​។

ក្លែរ និង​មិត្ដភក្ដិ​ដែល​ចំណាយ​ពេល ​២ សប្ដាហ៍​នៅ​កម្ពុជា​​​បន្ដ​ថា​៖ «​វា​មាន​តម្លៃ​សមរម្យ​សម្រាប់​ពួក​យើង​ ហើយ​យើង​​ឃើញ​រូប​ក្នុង​ហ្វេសប៊ុក​ ដែល​មាន​ទាំង​អាង​ទឹក និង​បារ៍​លើ​ដំបូល​ថែម​ទៀត​។ យើង​ចូល​ចិត្ដ​រុក្ខជាតិ និង​ស្ទីល​នៃ​ការ​ឌីហ្សាញ​ដ៏​ទាក់ទាញ​»។​

ដោយ​​មើល​ឃើញ​ពី​ចន្លោះ​រវាង​ការ​ស្នាក់​បែប​ប្រពៃណី និង​បស្ចិម​ប្រទេស​ ហើយ​នៅ​​ខ្វះ​ទីកន្លែង​របស់​យុវវ័យ​ ​​ទ្វីស ត្រូវ​បាន​បង្កើត​ឡើង​​ពិសេស​​ជា​ពិភព​របស់​យុវវ័យ​ដាច់​ដោយ​ឡែក។

ភ្ញៀវ​អាច​ជ្រើស​រើស​បន្ទប់​មាន​គ្រែ ២ គ្រែ ៤ គ្រែ ៦ គ្រែ ៨ និង​គ្រែ ១២ សម្រាប់​ការ​ស្នាក់​ជា​ក្រុម​។ហុង មិនា

អ្នកស្រី ទិន​ កញ្ញា អ្នក​គ្រប់គ្រង​ទូទៅ​នៅ The Twizt-Lifestyle បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​ដំបូង​ឡើយ​តាំង​ពី​ឆ្នាំ​ ​២០១២ យើង​គិត​ចង់​បង្កើត​ជា​សណ្ឋាគារ​របស់​យុវវ័យ​ធម្មតា​ តែ​ក្រោយ​មក​ យើង​គិត​ថា​ទីតាំង​​នេះ​នៅ​តំបន់​ Pub Street យើង​គួរ​តែ​មាន​កន្លែង​ស្នាក់​បែប​ luxury hostel ដែល​​មាន​តម្លៃ​សមរម្យ​ និង​ជា​សហគមន៍​​របស់​យុវវ័យ​ចម្រុះ​ជាតិ​សាសន៍​សម្រាប់​ការ​ផ្លាស់​ប្ដូរ​បទពិសោធ និង​ប្រពៃណី​នៃ​ប្រទេស​​នីមួយៗ»​។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ ទ្វីស បាន​សរសេរ​បែប​លេង​សើច​នៃ​គោល​បំណង​ផ្ដល់​ការ​សប្បាយ​ទៅដល់​យុវវ័យ​​​ថា៖ «តោះៗ​សៀមរាប​ជុំគ្នា! ដើរ​​​លេង​​ជុំ​គ្នា! ​ជិះ​ក៏​ជុំ​គ្នា! និង​គេង​​ក៏​ជុំ​គ្នា​! ធ្វើ​គ្រប់​យ៉ាង​ជុំៗ​គ្នា​អីចឹង សូម្បី​យប់​ឡើង​ដេញ​ពិណ និង​អូស​រទេះ​ភ្លើង​ក៏​ជុំ​គ្នា​ដែរ​​»​។ 

សួន​ច្បារ​តូចៗ​ បង់​អង្គុយ​ ទោង​​អង្រឹង កង់​លម្អ​ផ្កា​ភ្ញី​​ តុ​កាហ្វេ​ប្រក់​ឆត្រ ក្រឡា​គំនូស​ពណ៌​លឿង​ឆ្នូត​ៗ​ ជាមួយ​នឹង​បង្គោល​​ចង្អុល​​​ទិសដៅ​ និង​ភ្លើង​​ក្រហម លឿង បៃតង​​ ទិដ្ឋភាព​ក្នុង​សាល​ទទួល​ភ្ញៀវ​របស់​ ទ្វីស ហាក់​បី​ដូច​ជា​ការ​ឌីហ្សាញ​​រចនាប័ទ្ម​ដ៏​ច្នៃ​ប្រឌិត​ប៉ិន​ប្រសប់​​។

អ្នកស្រី​ កញ្ញា បាន​ឲ្យ​ដឹង​ថា​៖​ «ចំពោះ​ការ​ឌីហ្សាញ​នេះ យើង​ចង់​​ឲ្យ​ភ្ញៀវ​ចូល​មក​មាន​អារម្មណ៍​ប្លែក​ពី​គេ​។ ប៉ុន្ដែ​បើ​យើង​ចាប់​អារម្មណ៍​បន្ដិច​ គឺ​ថា រាល់​វត្ថុ​ដែល​ត្រូវ​បាន​រៀបចំ​តុបតែង​ខាង​ក្នុង​អគារ​ទាំង​នេះ សុទ្ធ​តែ​ជា​​របស់​របរ​នៅ​ខាង​ក្រៅ​ទាំង​នេះ ដូចជា បង្គោល​ភ្លើង​ ​​​ភ្លើង​សញ្ញា​ចរាចរណ៍​​ និង​គំនូស​សញ្ញា​ចរាចរណ៍​នៅ​លើ​កម្រាល​​ខាង​ក្រោម​ជាដើម​។ យើង​ចង់​ឲ្យ​មាន​ការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​តថភាព​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ​»។

អ្នក​គ្រប់គ្រង​ទូទៅ​រូប​នេះ​បាន​​​បន្ដ​ថា ​​ក្បាច់​ផ្កា​ភ្ញី​ឆ្លាក់​នៅ​លើ​គ្រឿង​តុបតែង​​សុទ្ធ​តែ​ជា​ក្បាច់​​បុរាណ​ខ្មែរ​។ រាល់​គ្រឿង​តុបតែង និង​ក្បាច់​រចនា​​​សុទ្ធតែ​ជា​របស់​ខ្មែរ​​​ ដោយ​មិន​បាន​ប្រើ​អ្វី​ជា​របស់​បរទេស​ឡើយ​។

អង្គុយ​លើ​​បង់​ក្បែរ​គំនូស​សញ្ញា​ចរាចរណ៍​ អ្នកស្រី​បាន​និយាយ​​ថា៖ «​ដោយ​មិន​ផ្ដោត​លើ​ការ​សង់​​លទ្ធភាព​បន្ទប់​ស្នាក់​​ឲ្យ​បាន​ច្រើន ​យើង​មើល​ទៅ​លើ​តម្រូវ​ការ​មនុស្ស​ឥឡូវ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ច្រើន និង​រៀបចំ​កញ្ចប់​ថវិកា​ដំណើរ​កម្សាន្ដ​»។

ទិដ្ឋភាព​សាល​ទទួលភ្ញៀវ​របស់​ The Twizt-Lifestyle Hostel ដែល​ផ្ដល់​នូវ​កន្លែង​ថតរូប​ស្អាត​ៗ​សម្បូរ​បែប​។ហុង មិនា

អ្នកស្រី​បន្ត​ថា៖ «ខ្ញុំ​ជឿជាក់​ថា អ្វី​ដែល​យើង​ធ្វើ អ្វី​ដែល​យើង​មាន គ្រឿង​តុបតែង​ដែល​យើង​រៀបចំ និង​រចនាប័ទ្ម​ដែល​យើង​ឌីហ្សាញ​មក​នេះ វា​ធ្វើ​ឲ្យ​ពួក​គាត់​ងាយ​នឹង​សម្រេច​ចិត្ដ​ចំពោះ​ការ​ស្នាក់នៅ​ទី​នេះ​​​»។

កញ្ញា យ៉ែម រដ្ឋា ​មក​ពី​ភ្នំពេញ​ជាមួយ​មិត្ដភក្ដិ​ប្រុស​ស្រី ៤ នាក់​​ទៀត និយាយ​ថា​៖ «​បន្ទប់​ទឹក​មាន​អនាម័យ​ ទោះ​ជា​ការ​ប្រើប្រាស់​រួម​ តែ​យើង​អាច​ទទួល​យក​បាន​។ វា​នៅ​មាន​អាង​ទឹក​ ឆ្នេរ​ខ្សាច់​ និង​បារ៍​ ព្រម​ទាំង​សម្បូរ​កន្លែង​ថត​រូប​ស្អាត​ៗ​»។

ទ្វីស ​មាន​បន្ទប់​បែប​ឯកជន​ចំនួន ១៤ បន្ទប់ (គ្រែ ១ និង​គ្រែ ២ តម្លៃ ៤៥ ដុល្លារ ​១ ​រាត្រី​ រួម​អាហារ​ពេល​ព្រឹក) និង​​ ចំនួន ៨៤ បន្ទប់ ដោយ​​បន្ទប់​ខ្លះ​មាន​គ្រែ ២ គ្រែ ៤ គ្រែ ៨ និង​គ្រែ ១២ (ម្នាក់​តម្លៃ ១០ ដុល្លារ) សរុប ៣៦៥ គ្រែ។

អ្នកស្រី កញ្ញា បាន​ឲ្យ​ដឹង​ថា៖ «ជា​​ទូទៅ​ពលរដ្ឋ​ខ្មែរ​និយម​ជួល​​​បន្ទប់​ធំ​មួយ​សម្រាប់​ស្នាក់​នៅ​​ជុំ​គ្នា​ដែល​អាច​លើស​ចំនួន​កំណត់។ ប៉ុន្ដែ​បើ​គិត​ពី​ទីតាំង អគារ និង​ភាព​ស្អាត​បាត បន្ទប់ ​The Twizt Hostel មាន​បរិក្ខារ​​​ដូច​​នៅ​ក្នុង​បន្ទប់​របស់​ពួក​គាត់​អ៊ីចឹង​។ គាត់​មាន​ទូ​ដាក់​សម្ភារ​ ​និង​ប្រអប់​សុវត្ថិភាព​ផ្ទាល់​ខ្លួន​សម្រាប់​ដាក់​វត្ថុ​មាន​តម្លៃ​។

​អាង​ទឹក និង​តុ​ព័ទ្ធ​ជុំវិញដោយ​ទឹក នៅ​បារ៍​លើដំបូល​អគារ​ហូសតែល ទ្វីស​។ ហុង មិនា

នៅ​ក្នុង​បន្ទប់​នីមួយៗ​​មាន​ការ​​បែង​ចែក​ជា​ បន្ទប់​សម្រាប់​នារី និង​បន្ទប់​សម្រាប់​បុរស​ ឬ​បន្ទប់​ជា​មិត្ដភក្ដិ​រួម​ (mixed dome) យើង​សម្រាប់​ភ្ញៀវ​គេង​ជុំ​គ្នា​ទាំង​បុរស និង​នារី​។

យ៉ាង​ណា​មិញ The Twizt Hostel មាន​បម្រើ​ចំពោះ​អតិថិជន​អាយុ​ចាប់​ពី ១៥ ឆ្នាំ​ដោយសារ​តែ​ការ​ស្នាក់នៅ​បែប​ចម្រុះ​ជាតិ​សាសន៍ និង​យុវវ័យ។

អ្នក​គ្រប់គ្រង​ទូទៅ​ ដែល​មាន​បទពិសោធ​ការងារ​ជា​ច្រើន​លើ​វិស័យ​បដិសណ្ឋារ​កិច្ច​បាន​ពន្យល់​​ថា​៖ «​វា​មាន​រូបភាព​មួយ​ចំនួន​ជា​​អន្ដរជាតិ​អ៊ីចឹង​ក្មេង​ក្រោម​អាយុ ​១៥ ឆ្នាំ​ ពេល​ខ្លះ​យើង​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​កម្រិត​ណា​មួយ​ វា​មិន​ល្អ​នោះ​ទេ​។ ណា​មួយ​​យុវវ័យ​​មាន​រឿង​រ៉ាវ​ត្រូវ​ជជែក​គ្នា​ហើយ​នៅ​ពេល​មាន​ក្មេង​មក​រំខាន​ពួក​គាត់​ហាក់​បាត់​ នូវ​អារម្មណ៍​យុវវ័យ​របស់​គាត់»។

អ្នកស្រី​អះអាង​ថា​ ដោយសារ​​ភាព​ស្រស់​ស្អាត​នៃ​អគារ​វា​បាន​អន្ទង​ចិត្ដ​អតិថិជន​វ័យ​កណ្ដាល​ជា​ច្រើន​ផង​ដែរ។ ពួក​គាត់​ភាគ​ច្រើន​មិន​ទាន់​ស្គាល់​ច្បាស់​រវាង​សណ្ឋាគារ និង hostel ខុស​គ្នា​យ៉ាង​ដូច​ម្ដេច​នោះ​ទេ​។ ពួក​គាត់​ចូល​ស្នាក់​ធម្មតា ហើយ​ពួក​គាត់​ក៏​ពេញ​ចិត្ដ​នឹង​ការ​ឌីហ្សាញ អាង​ទឹក និង​កន្លែង​ថត​រូប​ស្អាតៗ​ជា​ច្រើន​ទៀត​​។

ទ្វីស ស្ថិត​នៅ​លើ​ផ្លូវ 16th Ave ពី​ក្រោយ​មន្ទីរពេទ្យ​កុមារ​អង្គរ​ ឬ​ក្បែរ​តំបន់​ Pub Street ជា​​បណ្ដុំ​ផ្សារ ហាង​ បារ៍​ និង​សកម្មភាព​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​​ក្នុង​​ក្រុង​សៀមរាប​។ សម្រាប់​ព័ត៌មាន​លម្អិត​សុំ​ចូល​ទៅ​កាន់​ហ្វេសប៊ុក @thetwiztឬ​វេបសាយ www.thetwizt.com​៕

វីដេអូ៖