
បឹងពារាំង ជាមជ្ឈមណ្ឌលអភិរក្សជីវចម្រុះ និងជម្រកសត្វស្លាបចំនួន ១៣៥ ប្រភេទ។ ភ្នំពេញ ប៉ុសិ៍្ត
សៀមរាប៖ ស្ថិតនៅចន្លោះទីក្រុងប្រវត្តិសាស្ត្រ និងបឹងទន្លេសាប សហគមន៍កសិទេសចរណ៍ សង្កាត់ជ្រាវនៅចម្ងាយត្រឹមតែ ១០ គីឡូម៉ែត្រ ខាងលិចប្រាសាទអង្គរវត្ត ដែលធ្លាប់តែទាក់ទាញទេសចរបរទេស ពេលនេះទទួលបានចំណាប់អារម្មណ៍ច្រើនពីភ្ញៀវខ្មែរមកទស្សនាស្វែងយល់ប្រពៃណីបង្កបង្កើនផល និងជីវភាពស្រុកស្រែចម្ការពីដូនតា។
យានជំនិះពីបុរាណ គឺរទេះគោ នឹងដឹកភ្ញៀវដែលចុះពីរថយន្តម៉ាស៊ីនត្រជាក់ ទៅកាន់ផ្លូវដីហុយឆ្ពោះទៅកាន់ភូមិឋានពោរពេញដោយដំណាំបៃតងខ្ចី។ ភ្ញៀវទេសចរនឹងរីករាយដើរបណ្ដើរ និយាយបណ្ដើរជាមួយប្រជាជនជាអ្នកដាំបន្លែផ្លែឈើ ដែលប្រើប្រាស់ជីធម្មជាតិក៏ដូចជា រៀនចម្អិនម្ហូប ដោយប្រើប្រាស់គ្រឿងផ្សំស្រស់ៗទាំងនោះដែរ។
លោក ក្រូច លី អ្នកផ្សព្វផ្សាយ និងរៀបចំដំណើរទេសចរណ៍នៅសង្កាត់ជ្រាវ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ដំណើរកម្សាន្តតាមរទេះគោ ដែលជាយានជំនិះគ្រួសារ និងបម្រើការភ្ជួររាស់នៅស្រែនោះ ពិតជាបទពិសោធដ៏ប្លែក ដែលអាចឲ្យភ្ញៀវយើងអាចស្វែងយល់ពីទីជនបទ និងអរិយធម៌ពីបរមបុរាណ»។

ភ្ញៀវទេសចរខ្មែរទស្សនាសត្វស្លាតាមរយៈឧបករណ៍ឆ្លុះពង្រីក។ភ្នំពេញ ប៉ុសិ៍្ត
ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ កសិទេសចរណ៍នៅសហគមន៍ជ្រាវ ដែលធ្លាប់តែទាក់ទាញតែទេសចរបរទេស ពេលនេះទទួលបានភ្ញៀវខ្មែរក្នុងស្រុកយ៉ាងច្រើនផងដែរ។
លោក ក្រូច លី បានលើកឡើងថា៖ «នៅ ២-៣ ឆ្នាំចុងក្រោយនេះ យើងមានភ្ញៀវក្នុងស្រុកមកលេងជាលក្ខណៈគ្រួសារ។ ពួកគាត់ចង់ឃើញចម្ការដំណាំ ញ៉ាំអាហារនៅសហគមន៍។ ភ្ញៀវខ្មែរយើងមកលេងសហគមន៍មានកំណើន ៣០ ភាគរយឯណោះ»។
បើប្រៀបទៅកាលពី ២ ឆ្នាំមុន សហគមន៍ជ្រាវ បានបង្កើនចំនួនរទេះគោពី ៨ ទៅ ១២ គ្រឿង ដើម្បីផ្ដល់សេវាដឹកភ្ញៀវមកសហគមន៍ និងបន្ថែមចំនួនផ្ទះស្នាក់ផងដែរ។
លោកបន្តថា៖ «ពេលនេះ សេវាកម្មផ្ទះស្នាក់ និងផ្ទះសំណាក់ មានតម្លៃពី ៨ ទៅ ១៨ ដុល្លារ ក្នុង ១ យប់ ហើយផ្ទះខ្លះក៏មានបំពាក់ម៉ាស៊ីនត្រជាក់ និងអាងហែលទឹក ព្រោះយើងចង់ឲ្យភ្ញៀវគាត់មានផាសុកភាព ស្នាក់នៅបានយូរ ជាពិសេសភ្ញៀវចាស់ៗត្រូវការសម្រាក ងូតទឹកក្រោយពីដើរមើលប្រាសាទ»។

រទេះគោជាយានបម្រើកសិកម្ម និងដឹកភ្ញៀវទស្សនាភូមិឋាន។ភ្នំពេញ ប៉ុសិ៍្ត
ក្នុងដំណើរកម្សាន្តនេះផងដែរ នៅចន្លោះសង្កាត់ជ្រាវ និងចុងឃ្នាស បឹងពារាំង ជាមជ្ឈមណ្ឌលអភិរក្សជីវចម្រុះ និងជម្រកបក្សី ១៣៥ ប្រភេទ។
បើយោងតាម លោក វ៉ន សំបូរ អ្នកអភិរក្សសត្វស្លាបស្ម័គ្រចិត្ដនៅសហគមន៍ជ្រាវឲ្យដឹងថា នៅមូលដ្ឋានសង្កាត់ជ្រាវមានសត្វស្លាបមួយចំនួនដូចជា ចង្កៀលខ្យង ត្លុម រីកក្របី ឬសារិកាកែវ ល្វាចេកស្រុក ចាបកន្លង់ និងចាបផ្ទះ។
លោកបន្ដថា៖ «យើងមានរនាលពណ៌ត្រដក់តូច ទាកាប៉ាព្រៃ ប្រវឹក ទុង ស្មោញ កុកគ្រោងតូច កុកគ្រោងធំ កុកគ្រោងមធ្យម ប្រហ៊ីតខ្មៅ ក្អែកទឹកតូច ក្អែកទឹកមធ្យម កដបខ្មៅស ប្រភេទអក ត្រយងខ្លួនសក្បាលខ្មៅ។ ចំណែកឯសត្វស្លាបមួយចំនួនដែលកាមេរ៉ាយើងមិនអាចផ្ដិតយករូបភាពបានដូចជា ប្រភេទចាបកន្លង់»។
លោក ក្រូច លី បានរៀបរាប់ទៀតថា៖ «យើងរៀបចំសកម្មភាពតម្រូវទៅតាមភ្ញៀវដោយក្នុងនោះមានការដើរផ្សារ ទស្សនាសាលារៀន ជិះរទេះគោ មើលសួនបន្លែ ទស្សនាសត្វស្លាប រៀនធ្វើម្ហូប និងទទួលទានអាហារជុំគ្នាជាដើម។ យើងក៏អាចនាំគាត់ទៅរកត្រីនៅបឹង ឬតាមប្រឡាយវាលស្រែផងដែរ»។

ភ្ញៀវទេសចរបរទេសទស្សនាសួនបន្លែ នៅសង្កាត់ជ្រាវ។ភ្នំពេញ ប៉ុសិ៍្ត
លោក ក្រូច លី បានបន្តទៀតថា៖ «រដូវកាលធម្មជាតិបៃតងល្អ គឺចាប់ពីខែឧសភា ដល់តុលា ចំនួនភ្ញៀវទេសចរបែរជាធ្លាក់ចុះទាំងការមកទស្សនាភូមិឋាន និងស្នាក់នៅ។ ជាមធ្យមយើងមានភ្ញៀវ ២០ នាក់ ក្នុង ១ ថ្ងៃ ហើយនៅក្នុងរដូវសម្បូរភ្ញៀវ ១ ថ្ងៃ យើងទទួលបាន ១០០ នាក់ឯណោះ»។
ខណៈសហគមន៍ជ្រាវ ដែលមានចំនួន ៧ ភូមិ និងពលរដ្ឋជាង ២ ៥០០ គ្រួសារ កំពុងតែចាប់យកគម្រោងអភិវឌ្ឍន៍ដោយកាត់ដីស្រែចម្ការលក់ កសិទេសចរណ៍កម្ពុជា បានចាប់ផ្ដើមបង្វែរទិសទៅតំបន់ភ្នំគូលែន ក្នុងការបង្កើតសហគមន៍អេកូទេសចរណ៍ដែលមិនរងឥទ្ធិពលនៃការអភិវឌ្ឍ។
លោក ក្រូច លី បានបញ្ជាក់ថា៖ «ពេលនេះយើងសង់ស្ថានីយនៅទីនោះ (ភ្នំគូលែន) ដើម្បីផ្ដល់ព័ត៌មានទេសចរណ៍»។
សហគមន៍កសិទេសចរណ៍សង្កាត់ជ្រាវ ផ្ដល់សេវាកម្មតម្លៃ ២៥ ដុល្លារ សម្រាប់ភ្ញៀវម្នាក់ ឬគិតថ្លៃ ៦ ដុល្លារ ក្នុងម្នាក់ សម្រាប់ភ្ញៀវមកជាក្រុមពី ១១ ទៅ ១២ នាក់។ សេវាកម្មនេះមានបញ្ចូលនូវមគ្គុទ្ទេសចក៍និយាយភាសាអង់គ្លេស ការចូលទស្សនាភូមិ ផ្សារ ភេសជ្ជៈ។ សហគមន៍ក៏ណែនាំឲ្យភ្ញៀវស្លៀកពាក់ឲ្យបានសមរម្យ ជាការគោរពដល់វប្បធម៌ប្រពៃណីប្រជាជនម្ចាស់ស្រុកផងដែរ៕