សៀមរាប៖ ស្ថិតនៅមិនឆ្ងាយពីសំណង់ប្រាសាទវត្ដអធ្វារ សតវត្សរ៍ទី ១២ ក្រោមស្នាមព្រះហស្តរាជាកសាងអង្គរវត្ដ បាងហ្គាឡូបងប្អូនស្រី រចនាប័ទ្មផ្ទះស្បូវផ្ដល់បទពិសោធថ្មីសម្រាប់អ្នកនិយមការសម្រាកបែបអ្នកនៅជនបទ ជាមួយការស្នាក់ក្នុងចម្ការស្វាយ ស្រះទឹក និងស្មៅដុះជុំជិត។
លម្អដោយដើមផ្កាដាំត្រសងផ្លូវដើរ បាងហ្គាឡូចំនួន ១២ ផ្ទះ មានគ្រែពូកទន់ល្មើយ រូបគំនូរតាំង ១ ផ្ទាំង កង្ហារ មុង និងកញ្ចក់ឆ្លុះមុខមួយ ដោយគ្មានបន្ទប់ទឹកឯកជនទេ។
ទើបបើកទ្វារទទួលភ្ញៀវបានជាង ១ ខែ អ្នកស្រី វ៉ាន់ ស្រីធំ សហស្ថាបនិកបាងហ្គាឡូផ្ទះស្បូវ Sister’s Farm Bungalow បាននិយាយថា៖ «កាលនៅពីក្មេងពួកខ្ញុំធ្លាប់មានក្ដីស្រមៃថា នៅពេលមានលុយពួកខ្ញុំនឹងធ្វើកន្លែងមួយឲ្យវាមានលក្ខណៈធម្មជាតិ។ អ៊ីចឹងហើយបានខ្ញុំមិនប្រើម៉ាស៊ីនត្រជាក់ ហើយពួកយើងក៏ស្រឡាញ់ដើមឈើ ស្រឡាញ់រុក្ខជាតិបៃតង និងសត្វចាប ដើម្បីឲ្យអ្នកដែលមកស្នាក់នៅគាត់ដឹងថា ទីនេះមានធម្មជាតិល្អ និងខ្យល់អាកាសល្អ»។
ដំបូងឡើយអ្នកស្រីជាមួយបងស្រី មានបំណងបង្កើតទីកន្លែងបោះជំរំសម្រាប់ភ្ញៀវចូលចិត្ដគេងក្នុងតង់ស្ដាប់សំឡេងក្អុកក្អាត់ស្រែកយំបែបធម្មជាតិ ក្រោយពីការទស្សនាប្រាសាទវត្ដអធ្វារ។
ម្ចាស់បាងហ្គាឡូ វ័យ ៤៥ ឆ្នាំ រូបនេះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «បាងហ្គាឡូនេះ ខ្ញុំចាប់ដៃគ្នា ២ នាក់ បងស្រីក្នុងការបើកដំណើរការ ដោយផ្តើមដំបូងផ្ទៃដីនេះ ជាចម្ការស្វាយមួយប៉ុណ្ណោះ ហើយដំបូងពួកខ្ញុំចង់ធ្វើជាលក្ខណៈបោះតង់ទេ ប៉ុន្តែខ្ញុំគិតថា វាពិបាកក្នុងការរើចុះឡើង ណាមួយទៀតខ្ញុំផ្ទាល់ក៏ស្រឡាញ់ស្បូវ អ៊ីចឹងក៏សម្រេចចិត្តថា ធ្វើផ្ទះស្នាក់ដោយប្រើស្បូវទាំងអស់តែម្តងទៅ»។
ដោយសារទំនោរទៅខាងវប្បធម៌នៃទ្វីបអូសេអានី ព្រោះធ្លាប់បានបន្តការសិក្សានៅប្រទេស អូស្ត្រាលី នៃទីក្រុងមែលប៊ន ទើបស្ថានិកនៃ Sister’s Farm បាងហ្គាឡូបែបស្រុកស្រែនេះ រចនាមានតែគន្លឹះទ្វារអាចបើកបិទទាំងអ្នកនៅខាងក្រៅ និងខាងក្នុង ដែលជាការបារម្ភរបស់ភ្ញៀវជាតិ។
អ្នកស្រី វ៉ាន់ ស្រីធំ ក៏បានលើកឡើងពីបញ្ហាសុវត្ថិភាពដូច្នេះ៖ «ចំពោះជនបរទេសពេលដែលចូលមកដល់គាត់មិនដែលមានអារម្មណ៍ថាភ័យខ្លាចថាបាត់របស់មានតម្លៃ ឬមានអ្វីកើតឡើងចំពោះខ្លួនគាត់ផ្ទាល់ទេ បើខ្មែរយើងមកដំបូងគាត់រាងស្ទាក់ស្ទើរដែរ ប៉ុន្តែនៅពេលដែលខ្ញុំពន្យល់ប្រាប់គាត់ទៅគាត់ក៏យល់បានច្រើន ហើយក៏លែងមានការបារម្ភ»។
អ្នកស្រីអះអាងទៀតថា៖ «នៅទីនេះមានការយាមត្រឹមត្រូវ យើងមានរបងព័ទ្ធជុំវិញធានាបាន ហើយនៅពេលដែលភ្ញៀវចូលហើយ យើងបិទរបងមិនមានអ្នកក្រៅអាចចូលបានទេ។ មួយវិញទៀតយើងមានការធានាជូនបើសិនជាមានបាត់បង់របស់អ្វីមួយរបស់ភ្ញៀវ ខ្ញុំធានាសងមិនឲ្យខ្វះទេ»។
Sister’s Farm បាងហ្គាឡូ មានផ្ទះស្នាក់ ៣ ប្រភេទបន្ទប់ សម្រាប់ជ្រើសរើសដូចជា បន្ទប់គ្រែ ១ តូចតម្លៃ ១៥ ដុល្លារ បន្ទប់គ្រែ ១ ធំនៅជិតមាត់ទឹកតម្លៃ ១៨ ដុល្លារ និងបន្ទប់គ្រែ ២ តម្លៃ ២៣ ដុល្លារ ព្រមទាំងមានកន្លែងងូតទឹកនៅជាប់នឹងរបងចន្លោះផ្ទះស្នាក់នីមួយៗ។
អ្នកស្រី វ៉ាន់ ស្រីធំ បានប្រាប់ពីគម្រោងកែច្នៃផ្ទះស្នាក់បែបស្រុកស្រែនេះបន្តទៀតថា៖ «ខ្ញុំក៏មានគម្រោងធ្វើផ្ទះស្នាក់ឲ្យស្អាតជាងមុន មានបន្ទប់ទឹកនៅខាងក្នុង មានកន្លែងអង្គុយ និងមានសោគន្លឹះត្រឹមត្រូវ ហើយក៏មានគម្រោងធ្វើអាងទឹកសម្រាប់ឲ្យភ្ញៀវហែលទឹកកម្សាន្តក្នុងរយៈពេល ៦ ខែ ខាងមុខនេះ»។
បន្ទាប់ពីដំណើរនៃអាជីវកម្មផ្ទះស្នាក់បានប្រសើរហើយ អ្នកស្រីម្ចាស់ Sister’s Farm បាងហ្គាឡូ ក៏បង្ហើបពីគម្រោងបន្ថែមពីសេវាកម្មស្នាក់នៅ យ៉ាងដូច្នេះថា៖ «យើងនឹងបង្កើតកម្មវិធីនាំភ្ញៀវទៅមើលអ្នកដែលគាត់ខ្សត់ ដោយទិញបាយទិញទឹកឲ្យគាត់នាំក្មេងៗលេងល្បែងកម្សាន្តជាមួយភ្ញៀវយើងមានកម្មវិធីជិះកង់ ឬរត់តាមវាលស្រែពេលបាយថ្ងៃត្រង់យើងមានពិចនិកនៅតាមចម្ការផ្កាឈូកព្រោះខ្ញុំមិនដែលឃើញអ្នកធ្វើបែបនេះទេ ហើយកម្មវិធីទាំងនេះខ្ញុំចង់ចាប់ផ្តើមនៅអំឡុង ៣ ទៅ ៤ ខែទៀត»។
ភ្ញៀវដែលស្នាក់នៅ Sister’s Farm បាងហ្គាឡូ កម្ររំលងដំណើរទៅទស្សនាប្រាសាទអធ្វារ ជាស្ថាបត្យកម្មឧទ្ទិសថ្វាយដល់ញាតិវង្សរបស់ស្ដេចមហិធរបុរៈ ដែលស្ថិតនៅខាងជើងជួរភ្នំដងរែករហូតដល់ទៅតំបន់ភីម៉ាយ (ក្នុងប្រទេស ថៃ នាពេលបច្ចុប្បន្ន)។
លោក ចាន់ ភក្ដី សាស្ដ្រាចារ្យផ្នែកបុរាណវត្ថុវិទ្យា បានឲ្យដឹងថា៖ «ប្រាសាទអធ្វារ ជាប្រាសាទកសាងឡើងដោយរាជាសូរ្យវរ្ម័នទី ២ ឧទ្ទិសថ្វាយដល់ដួងព្រលឹងបុព្វការីជនរបស់រាជវង្សមហិធរបុរៈ។ រឿងរ៉ាវទាំងអស់នេះទាក់ទងនឹងព្រះវិស្ណុនៅប្រាសាទវត្ដអធ្វារ ដែលបែរទៅទិសខាងលិច»៕
វីដេអូ៖