សៀមរាប៖ ម៉ោង​ជិត ៦ ល្ងាច​ ព្រះ​សុរិយា​ចាប់​ផ្ដើម​អស្ដង្គត រ៉ឺម៉ក​ពណ៌​ក្រហម​ភ្ជាប់​កៅអី​រាង​អក្សរ «U» កំពុង​រង់ចាំ​វត្ដមាន​ភ្ញៀវ​មុន​ពេល​ធ្វើ​ដំណើរ​ទស្សនា​សកម្មភាព​​នា​ពេល​រាត្រី​ក្នុង​តំបន់​ផាប់ស្ទ្រីត​។

រ៉ឺម៉ក​ក្រហម​មិន​មែន​ជា​រទេះ​អាហារ និង​ការ៉េម តែ​ជា​បារ៍​លើ​​រ៉ឺម៉ក​ដែល​ភ្ញៀវ​អាច​រីករាយ​នឹង​ភេសជ្ជៈ​ ទស្សនា​ទេសភាព​ពេល​រាត្រី ​ព្រម​ទាំង​​រាប់​អាន​មិត្ដភក្ដិ​ និង​ហាត់​ប្រាណ​បញ្ចេញ​ញើស​ពី​ការ​រួម​គ្នា​រវៃ​ឈ្នាន់​ជំរុញ​កង់​រ៉ឺម៉ក​អូស​ទៅ​មុខ​​​។

ពេល​អូស​ខ្លួន​លើ​ដង​វិថី​ចាប់​ពី​មុខ​កាហ្វេ​ហាដរ៉ុក​ តាម​ដង​ស្ទឹង​​សៀមរាប​ ឡើង​ស្ពាន​ឆ្ពោះ​តំបន់​ផាប់ស្ទ្រីត និង​ផ្សារ​រាត្រី រ៉ឺម៉ក​បារ៍ បាន​ទាក់ទាញ​ចំណាប់​​អារម្មណ៍​អ្នក​ដំណើរ​ដែល​រមែង​ចោល​កន្ទុយ​ភ្នែក​មើល​ពី​ភាព​សប្បាយ​រីក​រាយ​នេះ​។

ទេសចរ​កូរ៉េ​ខាង​ត្បូង Seon Gnam បាន​ឲ្យ​ដឹង​ថា​៖ «​យើង​ចូលចិត្ដ​បទពិសោធ​បែប​នេះ​។ នេះ​ជា​សកម្មភាព​ចំណូល​ចិត្ដ​យើង​មួយ​ក្នុង​ពេល​រាត្រី​នៅ​កម្ពុជា និង​ទំនង​ជា​ពេញ​មួយ​ដំណើរ​របស់​យើង​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​»។

Bar Cycle Cambodia គឺ​ជា​​បារ៍រ៉ឺម៉ក​ដំបូង​បំផុត​នៅ​កម្ពុជា និង​ទី ២ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បន្ទាប់​ពី​កោះ​បាលី ប្រទេស ​ឥណ្ឌូនេស៊ី បាន​និង​កំពុង​​ប្រតិបត្ដិការ​ក្នុង​ទីក្រុង​ប្រវត្ដិសាស្ដ្រ​តាំង​ពី​ដើម​ឆ្នាំ​ពី​សំណាក់​ស្ដ្រី​អូស្ដ្រាលី​ម្នាក់​។

បារ៍​រ៉ឺម៉ក​ផ្ដល់បទពិសោធ​ជជែកគ្នា និង​ជល់​កំប៉ុង លើ​យាន​កំពុង​ចល័ត​​។ហុង មិនា

កាល​ពី​ជាង ៦ ឆ្នាំ​មុន Miss Sonya Duck ហៅ​ Ducky បាន​មក​ដល់​កម្ពុជា​ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរ​ម្នាក់ រួច​ក៏​ជាប់​ចិត្ដ​នឹង​ប្រទេស​នេះ​ ព្រម​ទាំង​បាន​បម្រើ​​ការងារ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ក្នុង​ក្រុង​ភ្នំពេញ​។

គ្រា​មួយ Ducky បាន​ធ្វើ​ដំណើរ​ទេសចរណ៍​តែ​ឯង​ទៅ​កាន់​កោះ​បាលី និង​បាន​សាក​បារ៍​ចល័ត​នេះ​ជា​លើក​ដំបូង​។ ពេល​នោះ អ្នក​នាង​ស្រាប់​តែ​ចង់​បង្កើត​បារ៍​ប្រភេទ​នេះ​មួយ​នៅ​កម្ពុជា ជា​ពិសេស​ទីក្រុង​សៀមរាប​ដែល​សម្បូរ​មនុស្ស​ចម្រុះ​ជាតិ​សាសន៍​។

Ducky បាន​ប្រាប់​ ភ្នំពេញ​ប៉ុស្ដិ៍​ ពេល​កំពុង​រង់ចាំ​ភ្ញៀវ​ថា​៖ «​មែន​! ក្រោយ​ពី​ខ្ញុំ​បាន​ឃើញ​នៅ​​បាលី វា​បាន​ទាក់​ចិត្ដ​ខ្ញុំ​ឲ្យ​ចាប់​ផ្ដើម​នៅ​កម្ពុជា​។ ខ្ញុំ​ជ្រើសរើស​សៀមរាប ​ដើម្បី​ផ្ដល់​បទពិសោធ​អ្វី​ដែល​ថ្មី​​ដល់​អ្នក​​មក​ទស្សនា​ប្រាង្គប្រាសាទ​នានា​»​។

ការ​ទិញ​ដំណើរ​កម្សាន្ដ​នេះ អតិថិជន​នឹង​អាច​ទទួល​ទាន​ភេសជ្ជៈ​នានា ដូចជា ស្រាបៀរ ស្រាវ៉ុដកា​ ជីន​ និង​ទឹក​ក្រូច​ឥត​ដែន​កំណត់ ព្រម​ទាំង​ការ​ធាក់​កង់​រ៉ឺម៉ក​កម្សាន្ដ​តាម​ដង​ស្ទឹង​សៀមរាប ផាប់ស្ទ្រីត​ តំបន់​ភោជនីយដ្ឋាន​ដ៏​អ៊ូអរ​។

អ្នកនាង Ducky ដែល​រៀបចំ​កម្មវិធី​ជប់​លៀង​ខួប​កំណើត​ផង​នោះ​បាន​បន្ដ​ថា​៖ «​យើង​អាច​ទទួល​ចាប់​ពី​ភ្ញៀវ ៤ នាក់​រហូត​ដល់ ១២ នាក់​។ គ្មាន​បញ្ហា​ទេ​! យើង​ទទួល​ទាំង​អស់ ដូចជា ភ្ញៀវ​ទេសចរ ពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​ ហើយ​សកម្មភាព​ពេញ​និយម ​គឺ​ការ​រៀបចំ​ពិធី​​ខួប​កំណើត​»។

អ្នកនាង​និយាយ​ថា ក្រៅ​ពី​ការ​ជួល ​១ ​ម៉ោង ឬ ​២ ​ម៉ោង ពួក​គេ​ក៏​អាច​ទិញ​ជា​កញ្ចប់​ ៣ ម៉ោង​កន្លះ ដែល​ធ្វើ​ដំណើរ​លើ​ផ្លូវ​តែ​មួយ​ និង​បន្ដ​ទៅ​តាម​តំបន់​​ផ្សេងៗ​ទៀត​។

Seon Gnam បាន​បន្ដ​ថា​៖ «​យើង​មាន​ភាព​រីករាយ​ខ្លាំង ដែល​យើង​បាន​បន្ថែម​ដំណើរ​ ​១ ម៉ោង​ទៀត​។ យើង​អាច​ធាក់​កង់​តិច​ ឬ​ច្រើន​ទៅ​តាម​ចំណូល​ចិត្ដ​។ ដូច្នេះ កុំ​បារម្ភ​ខ្លាច​​នឿយ​ហត់​អី​»។

Smiley ជា​តៃកុង​បារ៍រ៉ឺម៉ក ខំស្កាត់ពីភ្នំពេញ​មក​សៀមរាប​។ ហុង មិនា

ពេល Smilley ជា​តៃកុង​បារ៍​រ៉ឺម៉ក​ ដែល​ខំ​ស្កាត់​ពី​ភ្នំពេញ​ជាមួយ Ducky បាន​អញ្ជើញ​ភ្ញៀវ​ឡើង​រ៉ឺម៉ក​ដែល​កំពុង​ក្រេប​ស្រាបៀរ​ និង​ងក់​ក្បាល​តាម​ចង្វាក់​ភ្លេង​ ខណៈ​ជើង​ខំ​រវៃ​រន្ថាន់​តាម​សូរ​តន្ត្រី​​។

សំណើច​​ក្អាកក្អាយ​ សំឡេង​ជជែក​ប្រជែង​នឹង​ចង្វាក់​តន្ដ្រី​ និង​សកម្មភាព​ជល់​កំប៉ុង​ស្រាបៀរ​ លាន់​រំពង​នៅ​តាម​ដង​ផ្លូវ​។

មុន​ពេល​បារ៍​ឡើង​ចំណោត និង​បត់​ក្បាល​ឡើង​ស្ពាន​ស្ទឹង​សៀមរាប អ្នកនាង Ducky បាន​​ងាក​មក​ស្រែក​ប្រាប់​សមាជិក​លើ​រ៉ឺម៉ក​ថា​៖ «​ម៉ោះ​យើង​! បង្កើន​ល្បឿន​!»។

យ៉ាងណា​មិញ​សម្រែក​បន្ថែម​​ល្បឿន​មិនមែន​មាន​ន័យ​ថា វា​ជា​បន្ទុក​របស់​ភ្ញៀវ​ដែល​ត្រូវ​ធាក់​ឈ្នាន់​ល្បឿន​លើ​ដង​ផ្លូវ​ដ៏​វែង​ឆ្ងាយ​នោះ​ទេ។

Ducky ប្រាប់​ថា​៖ «​កុំ​បារម្ភ​! ការ​បង្កើន​ល្បឿន​តាមរយៈ​ការ​ធាក់​ឈ្នាន់​គ្រាន់​តែ​ជា​សកម្មភាព​រីករាយ និង​រួម​ចំណែក​ទំនាក់ទំនង​ជាមួយ​គ្នា​ប៉ុណ្ណោះ។ រ៉ឺម៉ក​របស់​យើង​ក៏​មាន​បំពាក់​អគ្គិសនី​ ដែល​ផ្ដល់​ជម្រើស​ដល់​អតិថិជន​ ដូចជា​ការ​ធាក់​ឈ្នាន់​សុទ្ធ ការ​ជំរុញ​ល្បឿន​ ៥០ បូក ៥០ រវាង​កម្លាំង​ឈ្នាន់ និង​អគ្គិសនី ឬ​ជម្រើស​អគ្គិសនី​សុទ្ធ​»។

ក្រោយ​ពី​ចូល​ចត​នៅ​ចំណត​មុខ​កាហ្វេ​ហាដរ៉ុក Richard មក​​ពី​ក្រុង​មែន​ឆេស្ទ័រ ជាមួយ​មិត្ដ​ប្រុស បាន​ប្រាប់​ពី​អារម្មណ៍​ថា​៖ «​សប្បាយ​មែន​! ខ្ញុំ​មិន​ធ្លាប់​ជួប​បទពិសោធ​បែប​នេះ​ពី​មុន​មក​ទេ​។ ល្អ​ និង​មាន​បរិយាកាស​គួរ​រីករាយ​មែន​ទែន​។ យើង​មក​ទី​នេះ​ ៤ ទៅ ៥ ​ថ្ងៃ​ហើយ​ ហើយ​នឹង​បន្ត​​ដំណើរ​ទៅ​ភ្នំពេញ និង​កំពត​ទៀត​»។

Bar Cycle Cambodia ចាប់​​ផ្ដើម​ដំណើរការ​ពី​ម៉ោង ៤ ល្ងាច ​ដល់​ម៉ោង ១០ យប់​រៀង​រាល់​ថ្ងៃ​ ដែល​ភ្ញៀវ​អាច​កក់​ដំណើរ​កម្សាន្ដ​រយៈពេល​ ១ ឬ ២ ម៉ោង តម្លៃ​ ១៥ ដុល្លារ ​១ ម៉ោង ​សម្រាប់​ម្នាក់​ ៣ ម៉ោង​កន្លះ តម្លៃ ៤៥ ដុល្លារ​ម្នាក់​​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​​ចូល​ទៅ​កាន់​វេបសាយ​ https://barcycle-cambodia.com ឬ​ហ្វេសប៊ុក​ @barcycle​cambodia៕

វីដេអូ៖