ក្រុងហាណូយ: បឹង​ផ្កាឈូក​ខាង​លិច​មាន​ទេសភាព​ដ៏ស្រស់ត្រកាល​បំផុត​មួយ​សម្រាប់​ជា​ទស្សនីយភាព​ត្រជាក់​ភ្នែក​។ ផ្កាឈូក​ចាប់ផ្ដើម​ចោល​សម្រស់​មីរដេរដាស និង​ហុច​ផ្លែ​ចាប់ពី​ខែ​ឧសភា​ដល់​ខែ​កក្កដា​។

ទុក​កង់​ម៉ូតូ​មួយ​កន្លែង អង្គុយ​ក្នុង​ខ្ទម​កណ្ដាល​បឹងឈូក រួច​រីករាយ​នឹង​ទឹកតែ​បណ្ដែត​ត្របក​ផ្កាឈូក ដែល​បង្កើន​រសជាតិ និង​ក្លិន​ឈ្ងុយ​ឈ្ងប់​ដល់​ភេសជ្ជៈ​កាន់តែ​វិសេស​។ សំបុត្រ​ចូល​លេង​បឹងឈូក​នេះ​មាន​តម្លៃ​ចាប់ពី ២ ម៉ឺន ដល់ ៥ ម៉ឺន​ដុង (៣៥០០ ដល់ ជិត ១ ម៉ឺន​រៀល​)​។

ស្ដ្រី​ទាំងចាស់ និង​ក្មេង​នាំ​គ្នា​មក​លេង​បឹងឈូក​អំឡុង​ពេល​រដូវ​ឈូក​ចេញ​ផ្កា ដែល​ជា​ទស្សនីយភាព​ថតរូប​សែលហ្វី​ដ៏ស្រស់ត្រកាល ជាពិសេស​ក្នុង​ឈុត​អាវ​ប្រពៃណី​វៀតណាម​។

លើស​ពី​ផ្កាឈូក​ស្ថិត​នៅ​លើ​ផ្ទៃ​បឹង​តែមួយ ម្ចាស់​ចម្ការ​ក៏​បាន​ដាំ​ដើម​ផ្កា​ចម្រុះ​ពណ៌​ផ្សេងៗ​ទៀត​បំណង​ផ្គាប់​ចិត្ដ​អ្នក​និយម​សែលហ្វ៊ី​។

ឧទ្យាន​នេះ​ក៏​បាន​បន្ថែម​នូវ​រុក្ខជាតិ​ប្លាស្ទិក និង​រៀបចំ​តុបតែង​បែប​កែច្នៃ តែ​វា​នៅតែ​រំលេច​នូវ​ទិដ្ឋភាព​ស្រស់ស្អាត និង​ទាក់ទាញ​ភ្ញៀវ​រាប់ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ​។ បឹង​ឈូក​ខាង​លិច (West Lake) មាន​ប្រជាប្រិយ​ខ្លាំង​បំផុត​ក្នុង​រដូវ​ផ្កាឈូក​រីក​។

ក្នុង​មួយ​ថ្ងៃ​មនុស្ស​ម្នាក់​អាច​ប្រមូលផល​ផ្កាឈូក​បាន ៤០០ ទង​។ រូបថត AFP

រយៈពេល​ជាច្រើន​ឆ្នាំ ដើមឈូក​ត្រូវ​បាន​ដាំ​នៅ​តាម​តំបន់​នានា​នៃ​ទីក្រុង​ហាណូយ​សម្រាប់​ជា​ការលម្អ ថ្វាយ​ព្រះ និង​ផលិត​តែ​ដ៏ល្បីល្បាញ​។

គ្រួសារ​របស់​លោក ង្វៀង ធេសាន ក្នុង​ស្រុក​បាកធូលែម បាន​ដាំ​ឈូក​លើ​ផ្ទៃដី ៦ ពាន់​ហិកតា​។ លោក សាន បាន​និយាយ​ថា​៖ «​ឈូក​ដុះ​តាម​ធម្មជាតិ​របស់​វា និង​អាច​ប្រមូល​ផល​ចន្លោះ​ពី​ថ្ងៃ​ទី ១៩ ខែ​ឧសភា រហូត​ដល់​ដើម​ខែ​កញ្ញា​រៀងរាល់​ឆ្នាំ​»​។

ពេល​ផ្កា​រីក​ពេញ​ទំហឹង​លោក សាន ក្រោកពី​ដំណេក​តាំងពី​ម៉ោង ៤ ​ភ្លឺ និង​អុំទូក​កាត់​បឹង​ឈូក​ដើម្បី​បេះ​ផ្កា តែ​មិន​អាច​ផ្គត់ផ្គង់​តម្រូវការ​សម្រាប់​ភ្ញៀវ​ដែល​បាន​រង់ចាំ​នៅ​ត្រើយម្ខាង​ជាស្រេច​បាន​។ ការប្រមូលផល​ផ្កាឈូក​នា​ព្រឹក​ព្រលឹម​មុន​ផ្កា​បើក​ស្រទាប់ ពិតជា​ល្អ​បំផុត​។ ដូច្នេះ​ក្លិន​ឈ្ងុយឈ្ងប់​របស់​វា​នៅ​តែ​ស្ថិតស្ថេរ​បាន​យូរ​។

លោក ហាញ ជា​កសិករ​ដាំ​ឈូក​បាន​និយាយ​ថា​៖ «​ការផលិត​តែ​ឈូក​មិន​មាន​បញ្ហា​ស្មុគស្មាញ​នោះ​ទេ​។ កិច្ចការ​ចម្បង​គឺ​ជ្រើសរើស​ប្រភេទ​ឈូក​ដ៏ត្រឹមត្រូវ​។ ឈូក​ត្រូវ​តែ​មកពី​បឹង​ភាគ​ខាងលិច​ដោយ​ត្រូវ​មាន​រាង​មូល និង​ថ្លោសៗ​»​។

មនុស្ស​ម្នាក់​អាច​ប្រមូលផល​ផ្កាឈូក​ជាង ៤០០ ទង​ក្នុង​មួយ​ថ្ងៃ​។

ស្លឹក​លាយ​តែ​លម្អត​ផ្កាឈូក​មាន​តម្លៃ ៥០ ម៉ឺន​ដុង (​ជិត ១០ ម៉ឺន​រៀល​) ក្នុង​មួយ​គីឡូក្រាម​។ សម្រាប់​តែ​ឈូក​សុទ្ធ​មិន​មាន​លាយ​ស្លឹក មួយ​គីឡូក្រាម​អាច​មាន​តម្លៃ​ដល់ ១០ លាន​ដុង (១, ៧ លាន​រៀល​)​។

តែ​ឈូក​មួយ​កញ្ចប់​តូច​ដែល​អាច​ឆុង​បាន​ពីរ​បី​ដង​មាន​តម្លៃ ៣ ម៉ឺន​ដុង (​ជាង ៦ ពាន់​រៀល​) ហើយ​វា​ត្រូវ​បាន​រក្សាទុក​ក្នុង​ទូទឹកកក​បាន ៦ ខែ​។

លោក ឡេ ង៉ុកយេន ធ្លាប់​ផលិត​តែ​ឈូក​បាន​និយាយ​ថា​៖ «​ជាទូទៅ​ផ្កា​ ១ ​អាច​ផលិត​ស្លឹក​តែ​ឈូក​បាន​ប្រមាណ ១៣ ក្រាម​។ ស្លឹក​តែ​នឹង​បញ្ចេញ​នូវ​ក្លិន​ឈូក​ដ៏ក្រអូប​»៕ HR