ក្រុងណៃពិដោ: បឹង​អ៊ីនឡេ​ដ៏ល្បីល្បាញ​របស់​មីយ៉ាន់ម៉ា​បាន​អន្ទង​ចិត្ដ​ភ្ញៀវទេសចរ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ដោយសារ​សម្រស់​សួនច្បារ​បណ្ដែត​ទឹក និង​ស្ទីល​នេសាទ​ប្រើ​ជើង​ម្ខាង​របស់​ប្រជានេសាទ​តែ​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា បឹង​ទេសចរណ៍​នេះ​នឹង​រីង​ខះទឹក និង​ទាមទារ​ឲ្យ​មាន​វិធានការ​បញ្ចៀស​គ្រោះមហន្ដរាយ​ជា​បន្ទាន់​។

រៀងរាល់​ឆ្នាំ​ភ្ញៀវទេសចរ​អន្ដរជាតិ​ប្រមាណ ២០ ​ម៉ឺន​នាក់ និង​ភ្ញៀវ​ជាតិ ១ ​លាន​នាក់​មក​កម្សាន្ដ​បឹង អ៊ីនឡេ ជា​ប្រភព​ទឹក​ដ៏ធំ​ល្វឹងល្វើយ​ដែល​ព័ទ្ធជុំវិញ​ដោយ​ខ្ពង់រាប​ខៀវស្រងាត់​។

ដំណើរ​ជិះទូក​ឈើ​លើ​ផ្លូវទឹក​ខ្វាត់ខ្វែង​លើ​ផ្ទៃ​បឹង​ដើម្បី​ទស្សនា​ភូមិដ្ឋាន​បណ្ដែត​ទឹក​របស់​ពលរដ្ឋ​អម្បូរ​អ៊ីនថា​គឺជា​ការកម្សាន្ដ​របស់​ភ្ញៀវទេសចរ​។ សកម្មភាព​ដ៏ពេញនិយម​មួយ​ទៀត​ដែល​អាច​គយគន់​ទេសភាព​ដ៏ស្រស់​ត្រកាល​ពេញភ្នែក ប្រជាកសិករ​ដាំ​ដុះ​ដំណាំ​បន្លែ​បង្ការ​ផ្សេងៗ​លើ​សួន​បណ្ដែត​គឺ​ការជិះ​បាល់ឡុង​ហោះ​។

ប្រជានេសាទ​ប្រើ​ជំនាញ​ជើង​ម្ខាង​ចាក់​កេវ​គាស់​ច្រវា​ដើម្បី​ធ្វើឲ្យ​ទូក​អូស​ខ្លួន​លើ​ផ្ទៃ​ទឹក​។ ប៉ុន្ដែ​រឿងរ៉ាវ​អកុសល​នឹង​កើតឡើង​ចំពោះ​ជីវិត​នៅ​លើ​បឹង​នេះ​។ នេះ​បើ​យោង​តាម​លោក ម៉ាទីន មីឆាឡុន ជា​អ្នកស្រាវជ្រាវ​ពី​ផលប៉ះពាល់​នៃ​ការអភិវឌ្ឍ​លើ​បឹង​។

បាល់​ឡុង​ហោះ​នាំ​ភ្ញៀវ​ទស្សនា​ទិដ្ឋភាព​ដំណាំ​លើ​ទឹក​នៅ​បឹង​អ៊ីនឡេ​។ រូបថត AFP

ពេល​ពលរដ្ឋ​ខិតខំ​បង្កើត​លទ្ធភាព​ទិន្នផល​ថ្នាំ​សម្លាប់​សត្វល្អិត និង​ជីគីមី​បាន​បំពុល​ទឹក​បន្ដិច​ម្ដងៗ​។ ទន្លេ អ៊ីនឡេ ក៏​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​គ្រាអាសន្ន​ផងដែរ​។

លោក មីឆាឡុន បាន​ពន្យល់​ថា​៖ «​កាលពី​ ១ ​សតវត្សរ៍​មុន​វា​មាន​ជម្រៅ ៦ ​ម៉ែត្រ​នា​រដូវវស្សា តែ​ឥឡូវ​វា​មិន​ជ្រៅ​ជាង ៣ ​ម៉ែត្រ​ឡើយ​»​។

ការបំផ្លាញ​ព្រៃ​រាន​យក​ដី​អភិវឌ្ឍ និង​ការបង្កបង្កើន​ដោយ​ការដុត​ព្រៃ​យក​ជី ត្រូវ​បាន​គេ​ជឿថា​គឺជា​ដើមចម​ចម្បង​រួម​ទាំង​រលាយ​ដី​ភ្នំ​ហូរ​ចូល​បឹង​ពី​តំបន់​ខ្ពង់រាប​ជុំវិញ​ថែម​ទៀត​។

ប៉ុន្ដែ​ការបូមទឹក​ស្រោចស្រព​ដំណាំ និង​ចំនួន​ភ្ញៀវទេសចរ​ចេះ​តែ​កើនឡើង​ក៏​មាន​ចំនួន​លើសលប់​ពី​បរិមាណ​ផ្ទៃ​ទឹក​ផង​ដែរ​។

បើ​ស្ថានភាព​នេះ​នៅ​តែ​បន្ដ​អ៊ីចឹង វិស័យ​ទេសចរណ៍​ដែល​ជួយ​ជំរុញ​សេដ្ឋកិច្ច​ដ៏ធំ​សម្បើម​ក្នុង​តំបន់​ប្រាកដ​ជា​រង​ផលប៉ះពាល់​។

លោក មីឆាឡុន បាន​ព្រមាន​ថា​វិធានការ​បន្ទាន់​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បញ្ចៀស​បញ្ហា​គ្រោះ​រីងស្ងួត​បឹង អ៊ីនឡេ នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​។

ឆន្ទៈ​នយោបាយ​ដើម្បី​សង្គ្រោះ​បឹង​អ៊ីនឡេ​ជា​ទឹកដី​វប្បធម៌​ទេសចរណ៍​នៅ​មិនទាន់​ត្រូវ​បាន​ដាក់​ក្នុង​របៀបវារៈ​បន្ទាន់​របស់​ខ្លួន​នៅ​ឡើយ​ទេ​។

លោក មីឆាឡុន បន្ថែម​ថា​៖ «​គ្រប់​ភាគី​តែងតែ​មាន​ការប្ដេជ្ញា​ចិត្ដ​យ៉ាង​សម្បើម តែ​ជាក់ស្ដែង​មាន​ការ​ផ្លាស់ប្ដូរ​តិចតួច​បំផុត​»៕ HR