រតនគិរី៖ ជាទម្លាប់ លោក ងីន បៀន បញ្ឆេះម៉ូតូកញ្ចាស់របស់ខ្លួន រួចធ្វើដំណើរបោះពួយទៅកាន់ចម្ការសណ្ដែកដី ឬចម្ការកៅស៊ូ។ ប៉ុន្ដែយូរៗ ម្ដង ម៉ូតូអត់ស្លាកលេខ និងកញ្ចក់របស់លោកមានឱកាសបានដឹកភ្ញៀវបរកាត់វិថីសម្បូរដុំថ្ម និងអង្គត់ឈើ ដែលអាចបំបែកកាទែរម៉ាស៊ីន និងក្បាំងម៉ូតូយ៉ាងងាយ ទៅកាន់បឹងធម្មជាតិយក្សអោម យក្សក្រា។
ចម្ងាយប្រមាណ ៥ គីឡូម៉ែត្រ ពីទីប្រជុំជននៃភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ បឹងយក្សអោម យក្សក្រា ឬអ្នកស្រុកហៅថា បឹងភ្លោះ រំលេចនូវទិដ្ឋភាពបៃតងនៃដើមឈើខ្ពស់ៗដុះហ៊ុមព័ទ្ធបឹងធំ ១ គូ។ ប្រសិនបើទស្សនាតាមរយៈ Google Map ឬរូបភាពពីលើអាកាស បឹងភ្លោះនឹងរំលេចរូបភាពជាទម្រង់មុខមនុស្សភពផ្កាយ ឬអេលៀនគួរឲ្យទាក់ទាញ។
លោក ងីន បៀន ដែលជាអតីតទាហានឈរជើងក្នុងទឹកដីខេត្ដក្រចេះ បាននិយាយថា៖ «ម្ដងកាល ខ្ញុំជូនភ្ញៀវទៅលេងបឹងភ្លោះ ដែលភាគច្រើនជាភ្ញៀវបរទេស។ នៅចន្លោះខែ ៣ និង ខែ ៤ មានភ្ញៀវបរទេសមកលេងច្រើនជាងបណ្ដាខែផ្សេងៗ។ បារាំងចូលចិត្ដហែលទឹក ដើរលុកព្រៃ និងបោះតង់ ឬចងអង្រឹងគេងក្នុងព្រៃផងដែរ»។
មគ្គុទេ្ទសក៍ភូមិ អាយុ ៤៣ ឆ្នាំ បានឲ្យដឹងថា ដោយសារផ្លូវលំបាកពេក អ្នកភូមិកម្រឃើញភ្ញៀវខ្មែរមកអើតឈ្ងោកបឹងភ្លោះនេះណាស់ ហើយភ្ញៀវបរទេសភាគច្រើនដើរថ្មើរជើងពីភូមិខ្លួនឯងតែម្ដង។
លោក បៀន បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ភ្ញៀវខ្មែរនិយមមកលេងនៅរដូវបុណ្យចូលឆ្នាំចិន ជាពិសេស បុណ្យចូលឆ្នាំខ្មែរ។ គាត់នាំគ្នាញ៉ាំអាហារក្រោមដើមឈើមានម្លប់ត្រជាក់ស្រួល ហើយអ្នកខ្លះចុះងូតទឹកលេង។ ចំណែកភ្ញៀវបរទេស ជួនកាលបោះតង់ ឬចងអង្រឹងសម្រាកពេលយប់ ហើយជួនកាល គាត់មកសម្រាកក្នុងភូមិវិញ។ សេវាកម្មជូនភ្ញៀវ និងគេង ១ យប់ ខ្ញុំគិតតម្លៃ ៨ ម៉ឺនរៀល»។
ដោយមានការត្អូញត្អែរចំពោះស្ថានភាពផ្លូវលំបាក និងមិនមានចំណាត់ការសម្រួលស្ថានភាពផ្លូវពីសំណាក់ភូមិឃុំផ្ទាល់ បឹងភ្លោះយក្សអោម យក្សក្រា ស្ទើរតែគ្មាននរណាស្គាល់ពីតំបន់សក្ដានុពលអេកូទេសចរណ៍មួយនេះឡើយ។
មេភូមិណងហៃ លោក អែ បែ ជាអាជ្ញាធរគ្រប់គ្រងពលរដ្ឋជាង ២០០ គ្រួសារ ទទួលស្គាល់ថា ផ្លូវទៅកាន់យក្សអោម យក្សក្រា ពិតជាលំបាក និងមិនសូវឃើញមានភ្ញៀវទេសចរមកអើតឈ្ងោកញឹកញាប់ឡើយ។
អង្គុយក្រោមផ្ទះឈើស្អាតលេចធ្លោជាងផ្ទះសំបែងដទៃ លោកមេភូមិជនជាតិដើមភាគតិចទំពួន បាននិយាយប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «មិនដឹងម៉េចទេ យើងបានដាក់របាយការណ៍ស្នើសុំផ្លូវចូលទៅតំបន់ទេសចរណ៍ និងកសាងសហគមន៍យើង។ យើងទើបបានតបណ្ដាញភ្លើងចូលដល់ភូមិ»។
ភ្ញៀវទេសចរអាចធ្វើដំណើរតាមស្រុកបកែវ ឬទីរួមស្រុកលំផាត់ (ប្រមាណ ៤០ គីឡូ-ម៉ែត្រ ដូចគ្នាពីផ្លូវបំបែកលំផាត់ ឬបរកែវ) ដោយឆ្លងកាត់តាមរមណីយដ្ឋានបឹងលំកុដ ឬអ្នកស្រុកហៅបឹងគិរីវង្គត រួចបន្តដំណើរទៅមុខត្រង់ផ្លូវបំបែកនៃអារាមឈ្មោះវត្ដគិរីវង្គត់ប្រមាណ ១០ គីឡូម៉ែត្រ ទៅកាន់ភូមិណងហៃ។
ទៅដល់ភូមិណងហៃ ជាទីដែលភ្ញៀវគួរចតយានយន្ដ និងស្វែងរកអ្នកភូមិជួយជូនផ្លូវ ពីព្រោះអ្នកដំណើរថ្មីថ្មោងអាចនឹងវង្វែង ដោយសារពួកគេត្រូវបានដើរកាត់ស្មៅព្រៃខ្ពស់ៗ មុនពេលទៅដល់បឹងទាំង ២។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ក៏បានឃើញពីស្ថានភាពលំបាក ដែលភ្ញៀវទេសចរភាគច្រើនមិនប្រាថ្នាធ្វើដំណើរបររថយន្ដរាប់សិបគីឡូ រួចជិះម៉ូតូ ឬដើរថែមទៀតនោះ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ពិតជាលំបាកមែនចំពោះផ្លូវ ទើបខ្ញុំអត់ទាន់ផ្សព្វផ្សាយ។ ដោយសារផ្លូវលំបាកបើយើងផ្សព្វផ្សាយដូចជាយើងភូតកុហក់គេ ហើយយើងក៏មិនទាន់ធ្វើសប្បទានទេសចរណ៍ក៏ដោយសារតែផ្លូវវាអត់ទៅរួច»។
ប្រធានមន្ទីរទេសចរណ៍រូបនេះបានបង្វែររាល់ការទទួលខុសត្រូវ និងកិច្ចការអភិវឌ្ឍន៍ផ្សេងៗទៅកាន់មន្ទីរបរិស្ថាន ដែលកំពុងកៀរគរការគាំទ្រដើម្បីដាក់ទីតាំងទាំងនោះជាតំបន់អភិរក្សធនធានធម្មជាតិ។
ឆ្លើបតបនឹងឱកាសអភិវឌ្ឍជាតំបន់អេកូទេសចរណ៍ លោក ផុន ខេមរិន ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី អះអាងថា វាអាស្រ័យទៅលើទំហំនៃផលប៉ះពាល់ និងអត្ថប្រយោជន៍ដែលធ្លាក់ដល់ដៃសហគមន៍។
លោកបានឲ្យដឹងថា៖ «ទាក់ទងថ្ងៃក្រោយចំពោះការអភិវឌ្ឍទីតាំងនោះដើម្បីជាប្រយោជន៍សហគមន៍ និងប្រជាពលរដ្ឋទាំងមូលដែលជះផលប៉ះពាល់តិចតួចចំពោះការអភិវឌ្ឍយើងនឹងមានលទ្ធភាពដើម្បីស្នើសុំគោលការណ៍។ ប៉ុន្ដែបើការអភិវឌ្ឍនោះធ្វើឲ្យប៉ះពាល់ខ្លាំង ក៏ដូចជាផលប្រយោជន៍បានតិចដល់សហគមន៍ យើងក៏នឹងថ្លឹងថ្លែងតាមនេះ»។
លោកបន្ដថា៖ «បន្ទាប់កើតជាតំបន់ការពារហើយ យើងនឹងពិនិត្យលទ្ធភាពជំរុញទីតាំងនោះជាសក្ដានុពលអេកូទេសចរណ៍សម្រាប់បង្កើនជីវភាពប្រជាពលរដ្ឋតាមរយៈការអភិរក្សធនធានធម្មជាតិ។ ជាក់ស្ដែង នៅតំបន់គិរីវង្គតទោះបីជាយើងស្នើជាតំបន់ការពារធម្មជាតិ ក៏យើងរៀបចំជាវិស័យទេសចរណ៍ និងបង្កើនចំណូលរបស់ពួកគាត់។
យ៉ាងណាមិញ ពីលើគម្រោងដាក់ទីតាំងបឹងភ្លោះយក្សអោម យក្សក្រា ជាតំបន់ព្រៃការពារដែលទាមទារពេលវេលាយូរ ឬយ៉ាងណានោះអ្វីដែលពលរដ្ឋ និងភ្ញៀវទេសចរត្រូវការមុនគេ គឺជាផ្លូវងាយស្រួលធ្វើដំណើរគ្រប់រដូវកាល។
លោក ង៉ែត ពិទូ បានលើកឡើងថា៖ «យើងបានស្នើទៅស្រុកទៅឃុំ និងជម្រាបជូនដំណឹងទៅមន្ទីរអភិវឌ្ឍន៍ជនបទជួយកសាងផ្លូវប្រមាណ ៥ គីឡូម៉ែត្រ ដែលមានការលំបាកខ្លាំង»។
សម្រាប់អ្នកនាំភ្ញៀវទៅកាន់ បឹងភ្លោះ ក្ដីរំពឹងទទួលបានផ្លូវថ្មីទៅកាន់បឹងធម្មជាតិទាំង ២ នេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ថែមទាំងបង្កើនប្រាក់ចំណូលដល់ពលរដ្ឋក្នុងតំបន់តាមរយៈសេវាកម្មទេសចរណ៍ផងដែរ។
លោក ងីន បៀន សង្ឃឹមយ៉ាងមុតមាំថា៖ «បើយើងមានផ្លូវហើយ ភ្ញៀវទៅណាក៏ទៅដល់ដែរ ហើយអត់ផ្លូវ វាយ៉ាប់ណាស់។ ក្រៅពីការងារនៅចម្ការកំប៉ិកកំប៉ុក យើងពឹងអាស្រ័យលើការដឹកជញ្ជូន និងជូនភ្ញៀវដើរព្រៃតិចតួច គ្រាន់ទប់ការចំណាយផ្សេងៗ»។
សម្រាប់ភ្ញៀវមានបំណងចង់ទៅកម្សាន្ដបឹងភ្លោះយក្សអោម យក្សក្រា ពួកគេអាចទាក់ទងមគ្គុទេ្ទសក៍ភូមិលោក ងីន បៀន តាមរយៈលេខទូរស័ព្ទ ០៩៧ ៦៣ ២០០ ២០៕
វីដេអ៖