ក្រុង ដុនហួងៈ នេះគឺជាទីកន្លែងគួរឲ្យចង់ទស្សនានិងសម្រាកកម្សាន្តមួយដែលវាស្ថិតនៅចំកណ្តាលនៃតំបន់វាលខ្សាច់មួយកន្លែងរបស់ប្រទេសចិន។ បឹងអាថ៌កំបាំងនេះបានលាក់ខ្លួននៅលើវាលខ្សាច់ដ៏យូរលង់ណាស់មកហើយ ខណៈពេលក្រោយមករដ្ឋាភិបាលចិនបានចាត់វិធានការឲ្យមានការរក្សាទុកជាកេរមរតករបស់ជាតិចិន។
បឹងមានឈ្មោះថា«បឹងអឌ្ឍចន្ទ ឬ បឹងរាងព្រះចន្ទមួយចំហៀង»ដែលភាសាចិនហៅថា បឹង«យូយ៉ា ឈួន»។ វាស្ថិតនៅចម្ងាយប្រមាណ៦គីឡូម៉ែត្រពីទីក្រុងដុនហួងនៅភាគខាងលិចប្រទេសចិន។
គេបានប៉ាន់ប្រមាណថា បឹងនេះមានអាយុកាលប្រហែលជា២ពាន់ឆ្នាំមកហើយ។ វាជាបឹងមួយដែលទទួលរងនូវភាពរួញតូចឡើងៗយ៉ាងឆាប់រហ័សដែលចាក់បំពេញដោយដីខ្សាច់ លុះក្រោយមករដ្ឋាភិបាលបានចាត់ឲ្យរៀបចំអភិរក្សវាទុក។
ឆ្នាំ២០០៦ អាជ្ញាធរដែនដីខេត្តនិងក្រុងនៃតំបន់នោះបានសម្រេចរក្សានិងអភិរក្សវាទុកឲ្យសល់ជាបឹងដ៏តូចនេះហើយក៏មានការបូបទឹកបញ្ចូលឲ្យពេញផ្ទៃបឹងដែរ។ បឹងនេះមានប្រវែងបណ្តោយ២១៨ម៉ែត្រលាតសន្ធឹងពីលិចទៅកើតនិងទទឹងប្រវែង៥៤ម៉ែត្រពីជើងទៅត្បូងមានផ្ទៃថ្លាយង់ដូចកញ្ចក់។
នៅក្បែរបឹងនេះគេក៏បានឃើញមានសំណង់វត្តអារាមបែបប្រពៃណីចិន និងមានបណ្តាញផ្លូវច្រកចេញចូលផងដែរ។ វាបានក្លាយជាទីកម្សាន្តរបស់ទេសចរដ៏ពេញនិយមផងដែរជាមួយនឹងការធ្វើដំណើរដោយជិះសត្វអូដ្ឋជុំវិញវាលពំនូកខ្សាច់ដ៏ធំមហិមានោះ។ គេកត់សម្គាល់ថាបឹងនោះមានរយៈកម្ពស់ទាបជាងគេបំផុតបើប្រៀបទៅនឹងតំបន់ដីផ្នូកខ្សាច់។ ចំពោះអាកាសធាតុនៅតំបន់វាលខ្សាច់នេះមានលក្ខណៈហួតហែងនិងសោះកក្រោះណាស់ជាពិសេសនៅរដូវក្តៅនិងនៅរដូវរងា។ ចំណែកអត្រាទឹកភ្លៀងវិញមានធ្លាក់តិចតួចបំផុត។ គួរបញ្ជាក់ថាភាពប្រែក្លាយជាទីវាលរហោឋាននេះគឺជាបញ្ហាបរិស្ថានដ៏ធំមួយកើតមានឡើងនៅប្រទេសចិន ខណៈរដ្ឋាភិបាលបានកំពុងព្យាយាមរកមធ្យោបាយដោះស្រាយគ្រប់វិធីផងដែរ៕ PR