The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បូរូបុឌួ នៅ​ឥណ្ឌូនេស៊ី ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជ្រះថ្លា​នឹង​ព្រះ​ពុទ្ធ​សាសនា

បូរូបុឌួ នៅ​ឥណ្ឌូនេស៊ី ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជ្រះថ្លា​នឹង​ព្រះ​ពុទ្ធ​សាសនា

Content image - Phnom Penh Post

បូរូបុឌួ នៅ​ឥណ្ឌូនេស៊ី ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជ្រះថ្លា​នឹង​ព្រះ​ពុទ្ធ​សាសនា

ជា​ប្រាសាទ​ព្រះ​ពុទ្ធ​សាសនា​មហាយាន​ដ៏​ធំ​បំផុត​មួយ​នៅ​​ឥណ្ឌូនេស៊ី បូរូបុឌួ​កាល​ពី​ថ្មីៗ​កន្លង​ទៅ បាន​ស្វាគមន៍​វត្តមាន​ព្រះ​សង្ឃ​កម្ពុជា​ពីរ​ព្រះអង្គ​ចូលរួម​កម្មវិធី​វិសាខ​បូជា​ ក្រោម​ការ​អញ្ជើញ​ពី​សំណាក់​​រដ្ឋាភិបាល​របស់​ប្រទេស​នេះ។

ប្រាសាទ​ បូរូបុឌួ ត្រូវបាន​កសាង​ឡើង​ពី​ថ្មភក់ នៅ​សតវត្សរ៍​ទី ៩ នៃ​រាជវង្ស​ ហ្សៃ​លេនដ្រៈ ​ក្នុង​រចនាបទ​ពុទ្ធ​សាសនៈ​ជ្វា។ ប្រាសាទ​នេះ ធ្វើ​ឲ្យ​អ្នក​ទស្សនា​នៅ​ទ្រឹង​សម្លឹង​ចម្លាក់​​លោត​យ៉ាង​លម្អិត​រៀបរាប់​អំពី​រឿងរ៉ាវ​ទាក់​ទង​​ក្នុង​ព្រះ​ពុទ្ធ​សាសនា។

សម្រាប់​ពុទ្ធសាសនិកជន​ចេតិយ​គឺ​តំណាង​ឲ្យ​ការ​ត្រាស់​ដឹង ដូចគ្នា​នេះ​ដែល​ទី​នេះ​គឺ​អស្ចារ្យ ព្រោះ​ប្រាសាទ​ទំហំ​ ២០០ ម៉ែត្រ​ការ៉េ​នេះ​ផ្គុំ​ដោយ​ព្រះ​ពុទ្ធ​រូប​ចំនួន ៥០៤ អង្គ ហើយ​មួយ​ចំនួន​ត្រូវ​បាន​បំពួន​ក្នុង​ចេតិយ​ចំនួន ៧២ សង់​នៅ​លើ​ភ្នំ​ហ៊ុំព័ទ្ធ​ដោយ​អ័ព្ទ​និង​ទេសភាព​ស្អាត​ប្លែក​ហាក់​អណ្តែត​នៅ​កណ្តាល​ឋាន​សួគ៌ា។

ការ​ចាប់​ផ្តើម​គឺជា​ការ​ចូលរួម​ដើម្បី​ស្វែង​យល់​ពី​ប្រាសាទ​មួយ​នេះ​ក្នុង​ន័យ​ដ៏​ទូលំទូលាយ​ជាង​ត្រឹម​ជា​ប្រាសាទ​ថ្ម​ដែល​លាក់​កណ្តាល​ព្រៃ។

Content image - Phnom Penh Post

ព្រះ​តេជគុណ តី សុបុណ្យ មេគុណ​ខេត្ត ព្រៃវែង ​ដែល​ព្រះអង្គ​បាន​និមន្ត​ចូលរួម​ក្នុង​វេទិកា​ព្រះ​ពុទ្ធ​សាសនា​អន្តរជាតិ​ បូរូបុឌួ នេះ​មាន​សង្ឃ​ដីការ​ថា៖ «កម្មវិធី​នេះ​បាន​ធ្វើ​ឲ្យ​យើង​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា ទោះ​បី​ទីនេះ​ជា​​ប្រទេស​កាន់​សាសនា​ឥស្លាម​ក្តី​ ប៉ុន្តែ​ពួកគេ​បាន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍ កត្ត​ញូ​ចំពោះ​ព្រះ​សម្មាសម្ពុទ្ធ​សេចក្តី​ល្អ​នេះ​បាន​សម្តែង​ឲ្យ​ឃើញ​ពី​ភារតៈ​ភាព​រវៀង​បណ្តា​ប្រទេស​ក្នុង​តំបន់​ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា​ជាមួយ​នឹង​ប្រទេស​កាន់​សាសនា​ឥស្លាម​ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី​នេះ»

ការ​ធ្វើ​ការ​ស្មឹង​ស្មាត​តាំង​ពី​ព្រលឹម​ស្រាងៗ ធម្ម​យាត្រា ៥ គីឡូ​ម៉ែត​ទៅកាន់​ប្រាសាទ​ថ្ម​បុរាណ​ដោយ​ព្រះសង្ឃ​ដែល​និមន្ត​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា​ដូចជា នេប៉ាល កម្ពុជា ស្រីលង្កា ថៃ វៀតណាម ឡាវ​រួម​នឹង​ព្រះសង្ឃ​ឥណ្ឌូនេស៊ី​ជា​ម្ចាស់​ផ្ទះ​ គឺជា​លើកទីមួយ​ហើយ​សម្រាប់​ប្រទេស​នេះ​ដែល​បាន​រៀប​ចំ​ឲ្យ​បុណ្យ​វិសាខបូជា​មាន​លក្ខណៈ​ជា​អន្តរជាតិ​នៅ​ប្រាសាទ​ បូរូបុឌួ ​ដ៏​សំខាន់​នេះ​ បើ​ទោះ​បី​ជា​ពិធី​បុណ្យ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​នេះ​ជួយ​ជ្រោម​ជ្រែង​បាន​រយៈពេល ១០ ឆ្នាំ​មក​ហើយ​ក្តី។

Content image - Phnom Penh Post

លោកស្រី រីហ្សគី ហាន់​ដាយ៉ានី (Rizki Handayani) ប្រធាន​ផ្សព្វផ្សាយ​តំបន់​អាស៊ី​អាគ្នេយ៍​​នៃ​ក្រសួង​ទេសចរណ៍​​ឥណ្ឌូនេស៊ី​បាន​ឲ្យ​យើង​ដឹង​ថា៖ «ប្រាសាទ​បូ​រូ​បុ​ឌួ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បតិក​ភណ្ឌ​ពិភព​លោក​ដោយ​អង្គការ​យូណេស្កូ​រួច​ហើយ។ ផ្សេង​ពី​ប្រាសាទ​អង្គរវត្ត ប្រាសាទ​នេះ​គឺជា​បូជនីយដ្ឋាន​មរណៈ​បាន​ន័យ​ណា មិន​មាន​ការ​រៀប​ចំ​បើក​ឲ្យ​បួងសួង​ពី​មុន​មក​ដូច​ទៅ​នឹង​គោល​បំណង​ដែល​ប្រាសាទ​នេះ​បាន​កសាង​ឡើង​មក​ទេ​ដូច្នេះ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ចង់​ផ្តល់​ដល់​ពុទ្ធសាសនិកជន​នៅក្នុង​តំបន់​អាស៊ាន​ទទួល​បាន​បទពិសោធន៍​ក្នុង​ការ​បួង​សួង​នៅ​ប្រាសាទ​ បូរូបុឌួ ​នេះ​ដែល​ជា​ប្រាសាទ​ព្រះពុទ្ធសាសនា​ធំ​ជាង​នេះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី»។

អ្នកស្រី​ក៏បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា៖ «​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រាសាទ​នេះ​មាន​ភាព​រស់​រវើក​ឡើង​វិញ​ដោយ​រៀបចំ​ឲ្យ​មាន​ពេល​វេលា​សមស្រប​ណា​មួយ​ក្នុង​បរិវេណ​ប្រាសាទ​ដើម្បី​អនុញ្ញាត​ឲ្យ​ពុទ្ធសាសនិកជន​ទូទៅ​អាច​រៀបចំ​ពិធី​សាសនា​របស់​ខ្លួន​ដោយ​គ្មាន​ការ​រំខាន​ពី​អ្នក​ទេសចរណ៍»។

Content image - Phnom Penh Post

ពិធី​បួងសួង​ពេល​ល្ងាច​ត្រូវ​បាន​បើក​ដោយ​លោក មូ​ហា​ម៉ាត់ ជូ​សស កាឡា ឧបប្រធានាធិបតី​សាធារណៈរដ្ឋ​ឥណ្ឌូនេស៊ី និង​ថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់​របស់​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ប្រទេស​នេះ​ដោយ​មាន​ការ​សម្តែង​សិល្បៈ​ដ៏​រស់​រវើក​អធិប្បាយ​ពី​ប្រវត្តិ​របស់​ព្រះ​សាមណ​គោត្តម បន្ទាប់​មក​មាន​ការ​បង្ហោះ​គោម​រាប់ពាន់​ដោយ​មហាជន​ដែល​ជ្រះថ្លា​ក្នុង​ព្រះ​ពុទ្ធសាសនា បើទោះជា​ពួកគេ​មិន​មែន​ជា​ពុទ្ធសាសនិកជន​ក្តី។ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឲ្យ​យើង​លង់​ភ្លេច​ថា​យើង​គឺ​កំពុងស្ថិត​នៅក្នុង​ប្រទេស​ដែល​កាន់​សាសនា​ឥស្លាម​ដ៏​ធំ​ជាង​គេ​នៅ​ពិភព​លោក។

ត្បិត​វិសាខបូជា​ពុទ្ធសករាជ ២៥៦០ជា​កម្មវិធី​ចំបង​ក្នុងដំណើរ​​ទស្សនៈកិច្ច ៦ ថ្ងៃនេះ តែ​កម្មវីធី​នេះ​ក៏​ត្រូវ​បាន​ហៅ​ជា​រួម​ថា​ ហ្វាមទ្រីប ២០១៦ គឺ​រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍​ឥណ្ឌូនេស៊ី ដើម្បី​បង្ហាញ​ទៅកាន់​ពលរដ្ឋ​អាស៊ី​អាគ្នេយ៍​ អំពី​លក្ខណៈពិសេស​នៃ​ភាគ​កណ្តាល​កោះ​ជ្វា​ដែល​មាន​អរិយធម៌​ដ៏​រុងរឿង​តាំងពី​អតីតកាល​ជា​សាវតា​របស់​ប្រជាជន​ឥណ្ឌូនេស៊ី​ក៏មាន​ជាប់​ទាក់​ទង​នឹង​សាសនា​ព្រាហ្មណ៍ និង​ព្រះពុទ្ធសាសនា​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ប្រទេស​កម្ពុជា​យើង​ផងដែរ។ ប្រជាជន​ក្នុង​តំបន់​នេះ​មាន​ភាព​រួសរាយ​រាក់ទាក់​ដូច​នឹង​ជនជាតិខ្មែរ​យើង​ដែល​ហើយ​ពួកគេ​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​មក​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​នេះ​យ៉ាង​អធិកអធម៕

អត្ថបទគួរចាប់អារម្មណ៍