The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប៉ៃឃេនយ៉ន សំណឹក​ភ្នំ​នៅ​ថៃ​ សម្បូរ​អ្នកថត​សែលហ្វី​ស្រៀវ​ខ្នង




ប៉ៃឃេនយ៉ន សំណឹក​ភ្នំ​នៅ​ថៃ​ សម្បូរ​អ្នកថត​សែលហ្វី​ស្រៀវ​ខ្នង

Content image - Phnom Penh Post
វេលា​ថ្ងៃលិច ប៉ៃ​ឃេនយ៉ន មាន​ទេសភាព​ស្អាត​បំផុត​។ ហ្វេសប៊ុក

ប៉ៃឃេនយ៉ន សំណឹក​ភ្នំ​នៅ​ថៃ​ សម្បូរ​អ្នកថត​សែលហ្វី​ស្រៀវ​ខ្នង

ក្រុងម៉េហុងសន: ប៉ៃឃេនយ៉ន ឬ គុង ឡាន (ភាសា​ថៃ) ដែល​ត្រូវបាន​ជនជាតិ​ថៃ​ដាក់ងារ​ថាជា ហ្រ្គេន​ឃេនយ៉ន ស្រុក​ថៃ​នោះ គឺជា​គោលដៅ​សម្រាប់​ភ្ញៀវ​ចូលចិត្ដ​ថត​រូប​សែលហ្វី​ស្រៀវ​ឆ្អឹង​ខ្នង។

តំបន់​ដីសណ្ដ​ដ៏ត្រកាល​នេះបាន​កកើត​ឡើង​ពីចម្រោះ​ទឹកជា​ច្រើន​ទសវត្សរ៍​រហូតដល់​រំលេច​បានជា​ខឿន​លយខ្ពស់​ទាប​ស្រោប​ត្រសង​ដោយ​រុក្ខជាតិ​តូចធំ។

ទួល​លយ និង​ជ្រលង​ខ្ពស់​ដែល​គេច​រួចពី​សំណឹក​ធម្មជាតិ​រាប់រយ​ឆ្នាំមាន​ជម្រៅ​ប្រមាណ​ពី ៣០ ទៅ ៥០ ម៉ែត្រ និង​មាន​សណ្ឋាន​តូច​ស្ដើង​ពិបាក​នឹងធ្វើ​អារម្មណ៍​ដើរ​ឆ្លងកាត់​ដោយ​ងាយៗ​សម្រាប់​អ្នក​ខ្លាច​ខ្ពស់។

ទិដ្ឋភាព​ជ្រលង​ថ្មភ្នំ​ស៊ូ​នឹង​សំណឹក​ធម្មជាតិ​អម​ច្រូងច្រាង​ដោយ​ចុងឈើ​គន់​ធ្លុះ​ជួរភ្នំ​ផ្ទៃ​ក្រោយ រំលេច​នូវ​ទេសភាព ៣៦០ ដឺក្រេ​សម្រាប់​ទស្សនា​ថ្ងៃ​រះ និង​ថ្ងៃ​លិច។

ចំណុច​គួរឲ្យ​ចាប់អារម្មណ៍​បំផុត គឺជ្រលង​លយ​ប្រវែង​ប្រមាណ ៥ ម៉ែត្រ​ជាទី​កន្លែង​ដែល​ភ្ញៀវទេសចរ​ចិត្ដ​សឿង​ឈរ​ថតរូប​សែលហ្វី​គួរឲ្យ​ព្រឺ​ឆ្អឹងខ្នង ក្រោយ​ដើរ​ឡើង​ពី​ជើងភ្នំ​ប្រហែល ៥ នាទី។

ភ្ញៀវទេសចរ​ក៏អាច​ដើរ​មួយ​ជុំ​បរិវេណ​ជ្រលង​ដើម្បី​ផ្ដិត​យក​ទេសភាព​ធម្មជាតិ។ ជាទូទៅ វេលា​ដ៏មមាញឹក​ជាងគេ​គឺ​នៅ​ពេល​សុរិយា​អស្ដង្គត​តែម្ដង។

ផ្លូវ​ដើរទៅ​មុខ​មាន​ទំហំ​ធំ តែ​ចោត និង​គ្រោះថ្នាក់​ចំពោះ​ស្ថានភាព​រអិល​នៅ​រដូវ​ភ្លៀង។

Content image - Phnom Penh Post
ទេសចរ​ចិត្ដ​សឿង​ឈរ​លើថ្ម​លយ​គួរឲ្យ​ស្រៀវ​ឆ្អឹង​ខ្នង​។ ហុង រស្មី

វាអាច​ធ្វើឲ្យ​អ្នក​ប្រហោង​ពោះ​ធ្លុង មិន​ដល់​ថ្នាក់​ញ័រដៃ​ញ័រ​ជើង​ដើរ​មិន​រួចទេ។ គ្មាន​របារ​សុវត្ថិភាព​សម្រាប់​សួដើរ​ដោយ​មិន​តម្រូវ​ឲ្យភ្ញៀវ​បង់ប្រាក់​ថ្លៃ​សំបុត្រ​ចូល​កម្សាន្ដ ពោល​គឺតាម​លទ្ធភាព​ដែល​ភ្ញៀវ​អាច​ត្រាច់ចរ​ទៅ​បាន។ ប៉ុន្ដែ​ជ្រលង​កម្ពស់​ពី ៣០ ទៅ ៥០ ម៉ែត្រ​ជាអ្វី​ដែល​ភ្ញៀវ​ត្រូវ​ប្រយ័ត្ន​ខ្ពស់។

បើ​ភ្ញៀវទេសចរ​ខ្មែរ​ចង់ចូល​កម្សាន្ដ​នៅ​ប៉ៃ​ឃេនយ៉ន​ពេល​ធ្វើ​ដំណើរ​ទៅ​ម៉េហុងសន កុំ​ភ្លេច​ពាក់​ស្បែកជើង​កីឡា និង​ទឹកផឹក​ផង ពីព្រោះ​នៅ​លើ​នោះ​គ្មានការ​លក់ដូរ​អ្វី​ឡើយ។

វេលា​ស័ក្ដិសម​ក្នុងការ​ដើរ​ឡើង​ប៉ៃឃេនយ៉ន គឺ​ពេល​ព្រឹក​ព្រលឹម និង​ពេល​ថ្ងៃ​រៀប​លិច​ពីព្រោះ​វា​ត្រជាក់ និង​អាច​គន់ពន្លឺ​ថ្ងៃ​លិច និង​រះ។

ចំពោះ​ការធ្វើ​ដំណើរ អ្នក​ត្រូវបរ​តាមផ្លូវ​ហាយវ៉េ ១០៩៥ មិន​ឆ្ងាយ​ប៉ុន្មាន​ពីស្ពាន​ចាស់​សម័យ​សង្គ្រាម​លោក​លើកទី ២ ហើយ​ប៉ៃឃេនយ៉ន ស្ថិត​នៅ​ចម្ងាយ ៨ គីឡូម៉ែត្រ​ភាគ​ខាងត្បូង​ស្រុកប៉ៃ​ដោយ​ជិះ​ម៉ូតូ កង់ ឬ​តាក់ស៊ី។

ការ​ប្រាថ្នា​ថតរូប​សែលហ្វី​ដ៏ស្រៀវ​ឆ្អឹងខ្នង ប៉ៃឃេនយ៉ន អាចជា​គោលដៅ​គួរ​ឆៀង​ចូល​មួយ​ក្នុង​ចំណោម​បណ្ដុំ​តំបន់​ទេសចរណ៍​ជិតៗ ដូចជា ស្ពាន​អនុស្សាវរីយ៍ និង​វត្ដប្រា​ថាតម៉េយេន របស់​ថៃ៕

Content image - Phnom Penh Post
ទី​ទួល​លយ និង​ជ្រលង​ខ្ពស់​ពី ៣០ ទៅ ៥០ ម៉ែត្រ​។ ហុង រស្មី

អត្ថបទគួរចាប់អារម្មណ៍