ក្រុង​ឡុង​ដ៍: នៅមុន​សម័យ​ផលិត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត និង​អគ្គិសនី ទូក នាវា និង​កប៉ាល់​ដឹក​ទំនិញ នៅ​ក្នុង​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អឺរ៉ុប ដូចជា ហូឡង់ ចក្រភព​អង់គ្លេស ព្រមទាំង ធ្លាយ​ដល់​បារាំង អាល្លឺម៉ង់ បែលហ្ស៊ិក សេះ​អូស​ទូក​គឺជា​ទម្លាប់​សាមញ្ញ។ សេះ និង​ជួន​កាល លា និង​សេះ​ទេស នឹង​ដើរ​តាម​ខ្នង​ប្រឡាយ​ទាញ​ទូក​តូច​ដោយ​ផ្ទុក​ទំនិញ និង​អ្នក​ដំណើរ។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ ទូក​ត្រូវបាន​ទាញ​ដោយ​ប្រើ​កម្លាំង​មនុស្ស ពីព្រោះ​ត្រើយម្ខាង​ទន្លេ​ជាច្រើន​សុទ្ធ​តែ​ជា​សម្បត្ដិ​ឯកជន និង​មិន​មាន​ធ្វើ​ផ្លូវ​សម្រាប់​សត្វ​ដើរ​ឡើយ។ ដូច្នេះ បុរសៗ​នាំ​គ្នា​អូស​ទូក​តាម​លទ្ធភាព។

ទម្លាប់​ទាំងនេះ​ត្រូវបាន​ផ្លាស់ប្ដូរ​រហូតដល់​ចុង​សតវត្សរ៍​ទី ១៨ ដែល​ចក្រភព​អង់គ្លេស ចាប់ផ្ដើម​កសាង​ផ្លូវ​អូស​ទូក​តាម​ដង​ទន្លេ និង​ប្រឡាយ​ដែល​អនុញ្ញាត​ឲ្យ​បុរសៗ​បំពេញ​ភារកិច្ច​ជំនួស​សត្វ។ មុន​ពេល​នោះ សេះ​អូស​ទូក​បាន​ក្លាយជា​ទម្លាប់​សេវាកម្ម​ដឹកជញ្ជូន​អ្នក​ដំណើរ សំបុត្រ និង​អីវ៉ាន់​តិច​តួច​ដ៏​មាន​ប្រសិទ្ធភាព។

ចាប់ពី​ឆ្នាំ ១៧៧០ ដល់ ១៨៣០ ចក្រភព​អង់គ្លេស បានធ្វើ​ការកសាង​ប្រឡាយ​ជាច្រើន​ខ្សែ និង​ចាត់​ទុក​ផ្លូវ​ទឹក​ទាំង​នោះ​ជា «សករាជ​មាស​របស់​ចក្រភព​អង់គ្លេស»។

នៅ​ប្រទេស​ហូ​ឡង់ ដែល​ចរាចរណ៍​តាម​ប្រឡាយទឹក​ពិតជា​សំខាន់ សេះ​ទាញ​ទូក​ចាប់ផ្ដើម​ដំណើរការ​ជាង ១ សតវត្សរ៍​មុន​ចក្រភព​អង់គ្លេស គឺ​នៅ​អំឡុង​ឆ្នាំ ១៦៣២។

ពេល​រថភ្លើង​ចាប់កំណើត សេះ​អូស​ទូក​អស់​តម្លៃ តែ​ប្រពៃណី​នេះ​នៅ​បន្ដ​រស់ក្នុង​នាម​ជា​គោល​ដៅ​ទេសចរណ៍​នៅ​ចក្រភព​អង់គ្លេស៕HR