សៀមរាប: ស្ថិតក្នុងភូមិឋានដ៏ស្ងប់ស្ងាត់លើកំពូលភ្នំតូចរាងពងក្រពើឈ្មោះភ្នំស្រីវិបុលកេរ្ដិ៍ កម្ពស់ប្រមាណ ៣០ ម៉ែត្រ ភាគឦសានក្រុងអង្គរ ប្រាសាទចៅស្រីវិបុល ឬ (ចៅសាយវិបុល) ជាគោលដៅទេសចរណ៍សំខាន់សម្រាប់អ្នកប្រាថ្នាភាពស្ងប់សុខ គ្មានសំឡេងអ៊ូអរ ក្រោមសម្រស់ធម្មជាតិនៃប្រាង្គប្រាសាទបាក់បែក ហ៊ុមព័ទ្ធដោយរុក្ខជាតិ ព្រមទាំងទទួលបាននូវបទពិសោធស្វែងយល់ពីការអប់រំជាមួយនឹងស្នាមញញឹមពព្រាយរបស់កុមារសិស្សានុសិស្សបឋមសិក្សាស្រីវិបុលកេរ្ដិ៍។
ឈរកណ្តោចកណ្តែងតែឯងក្រៅតំបន់ប្រាង្គប្រាសាទវង់តូច និងវង់ធំ ប្រាសាទចៅស្រីវិបុល ស្ថិតនៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ចន្លោះប្រាសាទអង្គរវត្ដចម្ងាយប្រមាណ ២៣ គីឡូម៉ែត្រ ប្រាសាទបេងមាលា ចម្ងាយ ៣៣ គីឡូម៉ែត្រ ភ្នំគូលែន ចម្ងាយប្រមាណជាង ៤០ គីឡូម៉ែត្រ និងតំបន់រលួស ដែលមានទាំងប្រាសាទបាគង និងប្រាសាទរលួស ជាពិសេស ចម្ងាយតែជាង ៥ គីឡូម៉ែត្រ ពីរមណីយដ្ឋានធម្មជាតិត្រាវកុដិ។
ភ្ញៀវទេសចរប្រាថ្នាភាពស្ងប់ស្ងាត់ រួមទាំងអ្នកជិះកង់ជាតិ និងអន្ដរជាតិ បានមកសំចតនៅទីអារាមត្រាច ឬសាលាបឋមសិក្សា និងអនុវិទ្យាស្រីវិបុលកេរ្ដិ៍ ក្បែរជើងភ្នំ រួចឆ្លៀតពេលមួយភ្លែតទស្សនាការសិក្សារបស់សិស្សានុសិស្សបឋមសិក្សាក្នុងអគារមួយឥតជញ្ជាំង ដែលរៀន ៣ ថ្នាក់ចូលគ្នា។
ក្រោមសម្រែកសំឡេងសូត្រមេលេខយ៉ាងកងរំពងដ៏ស៊ីចង្វាក់ កុមារតូចៗទាំងនោះដែលអង្គុយបែរមុខទៅប្រាសាទកំពុងរៀនក្នុងថ្នាក់ទី ៣ និងទី ៤ រួមគ្នាជាមួយអ្នកគ្រូ ២ នាក់ ខណៈកុមារមួយក្រុមទៀតអង្គុយបែរខ្នង កំពុងសិក្សាក្នុងថ្នាក់ទី ៦។
បើភ្លេចខ្លួនជិតដល់ម៉ោងសិស្សចេញទៅផ្ទះ ទេសចរនឹងបានស្ដាប់ចម្រៀងរំឭកគុណគ្រូដ៏ក្រអួនក្រអៅរបស់សិស្សានុសិស្សផ្ទាល់ថែមទៀត។
ដំណើរឡើងប្រាសាទផ្ដើមពីច្រកចូល ដែលមានបុគ្គលិកឆ្មាំប្រាសាទចាំឆែកសំបុត្រទស្សនាសម្រាប់ភ្ញៀវអន្ដរជាតិ ទេសចរចាប់ផ្ដើមធូរអស់អារម្មណ៍ពេលដើរកាត់ក្រោមម្លប់ព្រៃព្រឹក្សាឆ្ពោះទៅកាន់ជណ្ដើរថ្មជម្រាល។ ទៅដល់កំពូលប្រាសាទ អ្វីដែលឃើញដំបូងនោះជាសំណង់ព្រះវិហារជំនាន់ថ្មីមួយផុសនៅបាំងពីមុខប្រាង្គប្រាសាទ។
យោងតាមសៀវភៅរឿងនិទានភ្នំស្រីវិបុលកេរ្ដិ៍ ដែលបានដកស្រង់សម្ដីអ្នកភូមិ បានបង្ហាញថា ដំបូងឡើយ វត្ដត្រាច មានទីតាំងនៅលើកំពូលភ្នំ តែដោយសារចៅអធិការវត្ដរមែងនិមិ្មតអាក្រក់ និងអាពាធញឹកញាប់ ទើបអ្នកភូមិនាំគ្នារុះរើអារាមមកតាំងនៅជើងភ្នំដូចសព្វថ្ងៃនេះ។
ចំពោះបរិវេណតួប្រាសាទដ៏ចាស់ទ្រុឌទ្រោមដោយសារកត្ដាធម្មជាតិ និងមនុស្សបំផ្លិចបំផ្លាញ ភ្ញៀវទេសចរចាប់អារម្មណ៍ដើមជ្រៃដុះជ្រែកតួប៉មប្រាសាទ ក៏ដូចជារូបចម្លាក់មនុស្សប្រុសទូលមឈូសជាដើម។
ចំណែកឯទីធ្លាដ៏ធំទូលាយនៅមុខព្រះវិហារ រមែងទទួលភ្ញៀវ ដែលមានបំណងមកពិកនិកញ៉ាំអាហារជុំគ្រួសារ និងមិត្ដភក្ដិ ព្រមទាំងមានឱកាសបានស្ដាប់នូវតន្ដ្រីធម្មជាតិប្រគំពីសំណាក់សត្វរៃផងដែរ។
យោងតាមឯកសាររបស់អាជ្ញាធរអប្សរា ប្រាសាទចៅស្រីវិបុលមានបណ្ដោយទប្រវែង ១,៥ គីឡូម៉ែត្រ ទទឹង ១ គីឡូម៉ែត្រ និងមានកស្សិណទឹកព័ទ្ធជុំវិញស្ថិតក្នុងរចនាប័ទ្មឃ្លាំង ដោយអ្នកស្រាវជ្រាវយល់ថា បច្ចេកទេសសំណង់គឺដូចគ្នាទៅនឹងចំណុចមួយចំនួននៃប្រាសាទភ្នំជីសូរ បាសែត ឯកភ្នំ និងប្រាសាទព្រះវិហារដែលកសាងឡើងក្នុងអំឡុងសតវត្សរ៍ទី ១១។ ប៉ុន្តែគេមិនបានស្គាល់ឈ្មោះព្រះមហាក្សត្រអង្គណាដែលជាអ្នកសាងសង់នោះទេ។
ប្រាសាទបុរាណធ្វើពីថ្មភក់លាយនឹងថ្មបាយក្រៀម ដែលមានអាយុកាលជាង ១ ពាន់ឆ្នាំនេះ កំពុងទាមទារអ្នកជំនាញ ធ្វើការអភិរក្ស ព្រមទាំងថែរក្សាឡើងវិញផងដែរ៕