បន្ទាយមានជ័យៈ ធ្វើដំណើរលើចម្ងាយផ្លូវ ២២ គីឡូម៉ែត្រ ពីទីរួមស្រុកថ្មពួក ឬចម្ងាយ ៦៥ គីឡូម៉ែត្រ ពីក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ តាមផ្លូវលេខ ៥៦ ភ្ញៀវទេសចរនឹងទៅដល់ទីប្រាសាទបុរាណធំទី ៤ នៅប្រទេសកម្ពុជាគឺប្រាសាទបន្ទាយឆ្មារ ស្ថិតនៅលើវិសាលភាពផ្ទៃដីដ៏ធំធេងប្រមាណ ៩ គីឡូម៉ែត្រការ៉េ។
ប្រាសាទបន្ទាយឆ្មារ គឺជាទីរមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្របុរាណមួយ ដ៏មានសក្កានុពលរបស់ខេត្តបន្ទាយមានជ័យ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទាំង ៤ (បន្ទាយឆ្មារលិច កើត ជើង និងត្បូង) នៃឃុំបន្ទាយឆ្មារ ស្រុកពួក ខេត្តបន្ទាយមានជ័យ ដោយនៅពេលឥឡូវនេះ ទេសចរពីឆ្ងាយអាចធ្វើដំណើរទៅទស្សនាបានយ៉ាងងាយស្រួល គ្មានផលលំបាកខាងផ្លូវចរាចរណ៍ ដូចជាកាលពីមុនទៀត។
យ៉ាងណាមិញ ភាគច្រើននៃប្រាសាទមានសភាពទ្រុឌទ្រោមខ្លាំង ថ្មធ្លាក់របេះដួលរលំរប៉ាត់រប៉ាយ និងសម្បូរដើមឈើធំៗដុះផុសចេញពីផ្ទាំងថ្មនៃប្រាសាទ ខណៈអាជ្ញាធរពាក់ព័ន្ធនៃតំបន់ប្រាសាទ ក៏កំពុងតែធ្វើការជួសជុល រៀបចំឡើងវិញតាមបច្ចេកទេសផងដែរ។
ជាទូទៅមិនសម្បូរភ្ញៀវទេសចរខ្មែរពីចម្ងាយទៅទស្សនាទេ ក្រៅពីទេសចរបរទេសមកកម្សាន្តតាមរដូវកាលម្តងម្កាលនោះទេ។ តែយ៉ាងហោចណាស់ក៏មានក្រុមភ្ញៀវក្នុងស្រុកនៅជិតតំបន់ ប្រាសាទបន្ទាយឆ្មារ មកកម្សាន្តក្នុងពេលរសៀលខ្លះដែរ និងមានគូស្នេហ៍ខ្លះមកថតរូបអនុស្សាវរីយ៍មុនថ្ងៃថ្ងៃរៀបការទៀតផង។
លោក ចាន់ រុំ ម្ចាស់អាហារដ្ឋាននៅទល់មុខប្រាសាទបន្ទាយឆ្មារ បានលើកឡើងដោយការប្រៀបធៀបពីវត្តមានភ្ញៀវមកទស្សនាថា៖ «បើធៀបទៅនឹងកាលពីមុន ដែលមានផ្លូវថ្នល់នៅលំបាកនោះ គឺគ្រាន់បើបន្តិចចំពោះចំនួនភ្ញៀវមកលេងនៅទីនេះ។ តាមធម្មតាមានបងប្អូនខ្មែរមកលេងម្តងម្កាលប៉ុណ្ណោះ ហើយនៅរដូវរៀបការក៏មានគូស្នេហ៍ចូលមកថតរូបជាហូរហែផងដែរ»។
លោក គិត សុគួន ដែលជាមគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំតំបន់ប្រាសាទបន្ទាយឆ្មារ និងប្រាសាទបន្ទាយទ័ព ថា៖ «ឥឡូវនេះ ភ្ញៀវខ្មែរក្នុងស្រុកនៅមានតិចតួចរាល់ថ្ងៃមកកម្សាន្តមិនដាច់ឡើយ ដោយសារផ្លូវថ្នល់ស្រួលហើយ បើប្រៀបធៀបទៅកាលពេលមុនៗ ខណៈផ្លូវនៅលំបាកនោះ។ ចំពោះភ្ញៀវបរទេសវិញគឺមានតែទៅតាមរដូវកាលតែប៉ុណ្ណោះ»។
ប្រាសាទបន្ទាយឆ្មារ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ នៅចុង សតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដែលបានឧទ្ទិសទៅដល់បុត្រាព្រះអង្គព្រះនាម ស្រិន្ទ្រកុមារ និងមេទ័ពធំទាំង ៤ របស់ព្រះអង្គ ដែលបានពលីជីវិតក្នុងសមរភូមិនៃសម័យសង្គ្រាមជាមួយនគរចម្ប៉ា។
អ្វីដែលគួរឲ្យកត់សម្គាល់ និងមានលក្ខណពិសេសជាងប្រាសាទនានានោះ គឺនៅត្រង់សងខាងខ្លោងទ្វារខាងលិច នៃប្រាសាទបន្ទាយឆ្មារ មានរូបចម្លាក់ដ៏ធំគឺជាព្រះពោធិសត្វ ឬលោកេស្វរៈ មានដៃច្រើន និងក្រៅពីនេះក៏មានក្រុមប្រាសាទនានានៅជុំវិញតំបន់ប្រាសាទបន្ទាយឆ្មារទៀតផងដែរ។
មគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំតំបន់ប្រាសាទបន្ទាយឆ្មារ លោក គិត សុគួន បញ្ជាក់ថា៖ «ចំពោះរូបចម្លាក់ព្រះពោធិសត្វ ឬលោកេស្វរៈ នោះគឺរូបខាងឆ្វេងមានដៃចំនួន ២២ ( ១១ គូ) ដែលមានន័យសម្គាល់ទៅលើទិសទាំង ២០ និងដៃមួយគូរបស់ព្រះពោធិសត្វ សម្រាប់ដឹងឮ នាពេលដែលមនុស្សលោកនៅគ្រប់ទិសទីធ្វើការបន់ស្រន់ដល់ព្រះអង្គ ខណៈខាងស្តាំមានដៃចំនួន ៣២ ( ១៦ គូ ) តំណាងឲ្យឋាននរកទាំង ៣២ ជាន់ ខណៈពេលដែលព្រះពោធិសត្វ បានចុះទៅឋាននរកដើម្បីដោះស្រាយ និងជួយសម្រួលទោសដល់ពពួកប្រេតមួយចំនួន»៕