សៀមរាប៖ ​ក្រៅ​ពី​ការ​ទស្សនា​ប្រាង្គ​ប្រាសាទ​នៅ​ទឹក​ដី​ខេត្ត​សៀមរាប ភ្ញៀវ​ទេសចរ​អាច​ភ្លក្ស​បទពិសោធ​​ថ្មី​ប្លែក ជា​ការ​​ផ្សង​ព្រេង​បើកបរ​​ម៉ូតូ​កង់ ​៤ កម្សាន្ត​តាម​វាល​ស្រែ​ខៀវ​ស្រងាត់ គយគន់​សម្រស់​ធម្មជាតិ​ ក្រោម​ជំនោរ​ខ្យល់​បរិសុទ្ធ​លើ​​​ផ្លូវ​ដី​ក្រហម​​​ឯ​ទីជនបទ​​​​។

សេវាកម្ម​​ជិះ​ម៉ូតូ​កង់ ៤ Siem Reap Quad Bike Adventure ត្រូវ​​បាន​បង្កើត​ឡើង​ដោយ​លោក​ វង្ស សាវុធ ជា​អ្នក​ចូលចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង​តាម​ទី​ជនបទ និង​ក្នុង​ព្រៃ និង​​​ធ្លាប់​ធ្វើ​ការ​ក្នុង​វិស័យ​ទេសចរណ៍​ជា​ច្រើន​ឆ្នាំ​។

លោក​សង្កេត​ឃើញ​ថា​៖ «​ភ្ញៀវ​មក​ភាគ​ច្រើន ​គឺ​មក​លេង​ប្រាសាទ​អង្គរវត្ត បន្ទាប់​ពី​មើល​ប្រាសាទ គាត់​ចង់​មាន​អ្វី​កម្សាន្ត​បន្ថែម​ទៀត​ហើយ​ពួក​បរទេស គេ​ចង់​ឃើញ​ជីវិត​នៅ​តាម​ជនបទ​សាមញ្ញ ខុស​ពី​ជីវិត​អ្នក​ទីក្រុង​ហ៊ឺហា ដែល​ពួក​គេ​សុទ្ធ​តែ​ធ្លាប់​ឃើញ​ហើយ។ អ៊ីចឹង​ខ្ញុំ​ឃើញ​ថា ពេល​ពួក​គាត់​បាន​ទៅ​លេង គឺ​គាត់​សប្បាយ និង​ចាប់​អារម្មណ៍​ទី​ជនបទ​ណាស់ អ៊ីចឹង​បាន​ខ្ញុំ​ងាក​មក​បង្កើត​ក្រុមហ៊ុន​នេះ​ខ្លួន​ឯង​»​។​

ផ្តើម​អាជីវកម្ម​​នៅ​ឆ្នាំ​ ២០១១ Siem Reap Quad Bike Adventure មាន​ម៉ូតូ​កង់ ​៤ ត្រឹមតែ​ ៨ គ្រឿង​ប៉ុណ្ណោះ ជាមួយ​ដើម​ទុន​តិច​តួច និង​ជួប​ឧបសគ្គ​ជាច្រើន ដូចជា​បញ្ហា​ថវិកា​ត្រូវ​សន្សំ​សំចៃ ភ្ញៀវ​មាន​ចំនួន​តិចតួច និង​មាន​បញ្ហា​ចម្បង គឺ​ការ​កុម្ម៉ង់​គ្រឿង​បន្លាស់​ម៉ូតូ​តម្លៃ​ថ្លៃ​ពី​ក្រៅ​ប្រទេស​ដោយ​ចំណាយ​ពេល​​រង់ចាំ​​យូរ​។

ម៉ូតូកង់៤ មានកម្លាំង​សម​ល្មម មិនខ្លាំង​ពេក ដែល​ស័ក្ដិសម​នឹង​ស្ថានភាព​ផ្លូវ​ដីក្រហម​​នៅ​ជនបទខេត្ត​សៀមរាប​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក សាវុធ បន្ថែម​ថា​៖ «អ៊ីចឹង​បង្កើត​ដំបូង ដើម្បីឲ្យ​ក្រុមហ៊ុន​យើង​ដំណើរការ​បាន យើង​បាន​បង្កើត​ទំនាក់ទំនង​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ភ្ញៀវ​បាន​ដឹង អ៊ីចឹង​មាន​ខាង​ក្រុមហ៊ុន​ទេសចរណ៍ ខាង​​សណ្ឋាគារ និង​មាន​តាមរយៈ Guide ជា​ដើម បន្ទាប់​មក​យើង​ចេះ​តែ​ទទួល​បាន​ភ្ញៀវ​ជា​ហូរហែ រហូត​មក​ដល់​សព្វ​ថ្ងៃ​»​។

ម៉ូតូ​កង់ ៤ ​របស់​ Siem Reap Quad Bike Adventure មាន ​៣ ​ប្រភេទ​ដូចជា​៖ Polaris ម៉ាស៊ីន ៣៥០ cc Yamaha ម៉ាស៊ីន ​៣៥០ cc និង Kawasaki ម៉ាស៊ីន ​៣០០ cc សុទ្ធសឹង​តែ​ជា​ប្រភេទ​ម៉ូតូ​កង់ ​៤ ប្រើប្រាស់​លេខ អូតូ ងាយ​ស្រួល​ក្នុង​ការ​បើកបរ មិន​ពិបាក​ដូច​ម៉ូតូ​កង់ ​៤ ដទៃ​ដែល​ប្រើ​ចង្កឹះ​លេខ ឬ​អំប្រ៊ីយ៉ា​។

ម្ចាស់​ក្រុមហ៊ុន អាយុ​ ៣៩ ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា ម៉ាស៊ីន​ម៉ូតូ​កង់ ​៤ ទាំង​អស់​នេះ មាន​កម្លាំង​ម៉ាស៊ីន​មធ្យម ស័ក្ដិសម​​​នឹង​​ស្ថានភាព​ផ្លូវ​ដី​ក្រហម និង​មាន​ជង្ហុក​ច្រើន​ក្នុង​តំបន់​ជនបទ​។

ភ្ញៀវ​​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ជិះ​ម៉ូតូ​កង់ ​៤​ ក្រុមហ៊ុន​​ក៏​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ទៅ​មក​ពី​ទីតាំង​​​​ភ្ញៀវ​​ស្នាក់នៅ​ផង​ដែរ​។ បន្ទាប់​មក​ ​ភ្ញៀវ​​ដែល​មក​ដល់​ទីតាំង​នឹង​ទទួល​បាន​ការ​បង្រៀន និង​ណែនាំ​មុន​នឹង​ចេញ​ដំណើរ ខណៈ​ភ្ញៀវ​​មាន​​បទពិសោធ​រួច​ អាច​ឡើង​កាន់​ដៃ​ចង្កូត​ម៉ូតូ​កង់ ៤ នេះ​តែ​ម្ដង។

ភ្ញៀវ​ជួល​ម៉ូតូកង់៤ ​ភាគច្រើន​ជា​ជនបរទេស​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ម្ចាស់​ក្រុមហ៊ុន​មាឌ​ធំ​ដំបង​រូប​នេះ​និយាយ​ថា​៖ «ម៉ូតូ​នេះ​ស្រួល​បើក ​ព្រោះ​​ជា​ម៉ាស៊ីន​អូតូ ហើយ​មុន​នឹង​ឡើង​ជិះ ពួក​ខ្ញុំ​បង្រៀន​គាត់​ជា​មុន ឲ្យ​គាត់​ស្ទាត់​បាត់​ភ័យ​សិន ទើប​យើង​ឲ្យ​គាត់​បើកបរ តែ​គាត់​នៅ​តែ​ភ័យ​តែ​បើ​អត់​ទេ យើង​ឲ្យ​ក្រុម​ការងារ​អង្គុយ​ពី​ក្រោយ​មើល​ការ​ខុស​ត្រូវ​»​។​

បុគ្គលិក​​ដែល​ពន្យល់ និង​មើល​ការ​ខុស​​ត្រូវ​ភ្ញៀវ​មាន​ចំនួន​ជាង​ ១០ នាក់ ​សុទ្ធ​សឹង​តែ​មាន​ជំនាញ​ក្នុង​ការ​បើកបរ​ម៉ូតូ​កង់ ​៤ ដោយ​ស្គាល់​​ពី​ភូមិសាស្ត្រ​ច្បាស់​លាស់​។

ក្រុមហ៊ុន​មាន​ម៉ូតូ​កង់ ៤ ​សម្រាប់​ជួល​​ចំនួន ​៥៥ ​គ្រឿង​ ដោយ​គិត​ម៉ោង ​ក្នុង​​ ​១ ម៉ោង​​ ​តម្លៃ ៣០ ​ដុល្លារ ២ ​ម៉ោង​ ​តម្លៃ ៦០ ​ដុល្លារ និង ​១ ​ថ្ងៃ​តម្លៃ ១៧០ ដុល្លារ​។

ភ្ញៀវ​របស់​លោក​ភាគ​ច្រើន​ជា​ជនជាតិ​បរទេស​ដែល​ប្រាថ្នា​ជិះ​ម៉ូតូ​កង់ ​៤ ​ទៅ​មើល​ថ្ងៃ​លិច​តាម​វាលស្រែ​ឯ​ទី​ជនបទ​ ក្រោយ​ពី​បញ្ចប់​ ដំណើរកម្សាន្តទស្សនា​ប្រាសាទ​នានា​រួច​មក​​​។

លោក​​បន្ថែម​ថា​៖ « ភ្ញៀវ​គេ​សរសើរ​យើង​ថា​ល្អ ហើយ​សប្បាយ ព្រោះ​ពេល​​ពួក​គេ​មក​ដល់​កន្លែង​វិញ យើង​តែងតែ​សួរ​គាត់​ថា មាន​អារម្មណ៍​ម៉េច​ដែរ​? ហើយ​ឃើញ​ទេសភាព​ស្រុក​ខ្មែរ​ម៉េច​ដែរ​? គាត់​ថា ពេញចិត្ត good គាត់​​ចូលចិត្ត​។ ទន្ទឹម​នឹង​នេះ យើង​ក៏​ទទួល​បាន​លិខិត​សរសើរ​ពី Trip Advisor រៀងរាល់​ឆ្នាំ ដោយសារ​ភ្ញៀវ​គាត់​បង្ហោះ​ក្នុង blog អី​ផ្សេងៗ​ថា​យើង​ល្អ អ៊ីចឹង​»។

ក្រុមហ៊ុន ​Siem Reap Quad Bike Adventure​ មាន​ទីតាំង ជិត​សាលា​ឃុំ​សាលា​កំរើក ប្រមាណ​ ១ ​គីឡូ​ម៉ែត្រ ​​ពី​ផ្សារ​ចាស់​។ ទំនាក់ទំនង​ទូរស័ព្ទ​លេខ​ ០១២ ៣២ ៤០ ០៩ /០៩៧ ៩៦៥ ១៤ ៥១/ ០១១ ៦២ ០៧ ៧៧ ឬ​ហ្វេស​ប៊ុក Siem Reap Quad Bike Adventure៕

វីដេអូ៖