ក្រុងអូតាវ៉ា: នៅពេលព្រលប់ ទេសចរទៅឈរផ្ដុំគ្នាមើលផ្ទាំងទឹកកកដែលហូរតាមទឹកដ៏សែនឆ្ងាយពីដែនកោះ គ្រីនលែន មកកាន់ឆ្នេរខាងកើតប្រទេសកាណាដា ដែលពេលនេះបំណែកភ្នំទឹកកកប៉ូលខាងជើងកំពុងតែចាប់ផ្ដើមរលាយ។
ខណៈពិភពលោកកំពុងប្រឈមនឹងបញ្ហាការកើនឡើងនៃកម្ដៅផែនដី ផ្ទាំងទឹកកកមកពីគ្រីនលែន ដែលបែកពីភ្នំទឹកកកធំបានអណ្ដែតមកកាន់ភូមិឋាននៃញ៉ូវហ្វោនលែន និងឡាប្រាឌ័រ ដាច់ស្រយាល។
ធ្លាប់ជាកន្លែងនេសាទ ខេត្ដនេះបានក្លាយជាទីឋានពេញនិយមអ្នកថតរូបថ្មីថ្មោង និងភ្ញៀវទេសចរជាមួយបំណងផ្ដិតយកទស្សនីយភាពទឹកកករលាយបន្ដិចម្ដងៗ។ ពេលបញ្ចប់រដូវរងា ភ្នំទឹកកកចាប់ផ្ដើមរំលេចខ្លួន។
បារី ស្ទ្រីកលែន អតីតអ្នកនេសាទ អាយុ ៥៨ ឆ្នាំដែលបច្ចុប្បន្ននាំភ្ញៀវតាមទូកតូចនៅជុំវិញបរិវេណ King''s Point បាននិយាយថា៖ «វាកាន់តែល្អទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។ យើងរៀបចំកញ្ចប់សេវាទេសចរណ៍ពី ១៣៥ ទៅ ១៤០ ឡានក្រុងជាមួយទេសចរចាស់ៗមកលេងទីក្រុងនេះរៀងរាល់រដូវ។ ដូច្នេះវាពិតជាល្អសម្រាប់សេដ្ឋកិច្ច»។
រយៈពេល ៤ ឆ្នាំចុងក្រោយលោក ស្ទ្រីកលែន បាននាំភ្ញៀវមើលបំណែកទឹកកករសាត់អណ្ដែតដែលមានកម្ពស់ជាច្រើន និងទម្ងន់រាប់ម៉ឺនតោន។ ខ្យល់ និងចរន្ដទឹកសមុទ្របាននាំយកបំណែកផ្ទាំងទឹកកកពីភាគពាយព្យកោះគ្រីនលែន លើចម្ងាយផ្លូវរាប់ពាន់គីឡូម៉ែត្រ ដល់ច្រាំងនៃប្រទេសកាណាដា។
ក្នុងរយៈពេលជាច្រើនសប្ដាហ៍ ទឹកកករាប់ពាន់ឆ្នាំអាចរលាយជាទឹកចូលមហាសាគរយ៉ាងឆាប់រហ័ស។ ដំណើរកម្សាន្ដតាមទូករបស់លោក ស្ទ្រីកលែន ត្រូវបានកក់ពេញៗអំឡុងពេលរដូវសម្បូរភ្ញៀវពីខែឧសភាដល់ខែកក្កដា ដោយភ្ញៀវទេសចរជុំវិញពិភពលោកមកកាន់ King''s Point ជាភូមិឋានមួយ ដែលមានប្រជាជនតែប្រមាណ ៦០០ នាក់។
កាលពីឆ្នាំមុនភ្ញៀវទេសចរសរុប ៥០ ម៉ឺននាក់មកកម្សាន្ដខេត្ដ ញ៉ូវហ្វោនលែន និងឡាប្រាឌ័រ ជាចំនួនមួយស្មើនឹងចំនួនប្រជាជនសរុបក្នុងខេត្ដតែម្ដង។ បើយោងតាមតួលេខរបស់រដ្ឋាភិបាលបានបង្ហាញថា ភ្ញៀវទាំងនោះបានចំណាយប្រាក់ប្រមាណ ៤៣៣ លានដុល្លារ។ ពេលនេះទេសចរកំពុងរីករាយនឹងទស្សនីយភាព និងបទពិសោធប្លែកភ្នែកនៃបំណែកភ្នំទឹកកកយក្ស។
អ្នកស្រី មេលីស្សា អាកមេន ជាភ្ញៀវទេសចរអាមេរិកបាននិយាយថា៖ «បំណែកភ្នំទឹកកកជាច្រើនផ្ដល់នូវភាពវិជ្ជមាន និងអវិជ្ជមាន»។
លោក ឡូរ៉េន លូកាហ្សូ ទេសចរបារាំងអាយុ ៣៤ ឆ្នាំបាននិយាយថាការទស្សនាបំណែកភ្នំទឹកកកពិតជាអស្ចារ្យ តែលោកក៏បានប្រាប់ដែរថា៖ «វាជាតថភាពឆ្លុះបញ្ចាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលផ្ទាំងទឹកកករសាត់អណ្ដែតទៅកាន់ដែនទឹកក្ដៅ»៕ HR