ភ្នំពេញ: ក្នុង​គំនិត​អ្នកដើរ​ផ្សងព្រេង ពួកគេ​អាច​ត្រូវការ​ត្រឹម​តង់​ស្នាក់​មួយ​លើ​ជម្រាល​ភ្នំ ឬ​ក្នុង​ព្រៃ​ចំពោះ​គ្រា​ធ្វើ​ដំណើរ​ឆ្លង​យប់​អាធ្រាត្រ​​របស់​ពួកគេ​។ ប៉ុន្ដែ​ចំពោះ​មនុស្ស​ជាច្រើន ពួកគេ​ប្រាកដ​ជា​ប្រាថ្នា​ការស្នាក់នៅ​ប្រកប​ដោយ​ផាសុកភាព​ក្នុង​ផ្ទះ​បំពាក់​បរិក្ខារ​សព្វគ្រប់​។

ដោយ​ស្គាល់​ជា​ក្រុមហ៊ុន​សង់ផ្ទះ​ចល័ត​ទំនើប​ Glamping Pods Cambodia ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​បំណង​ផ្ដល់​សេវាកម្ម​សង់ផ្ទះ​តូច​សម្រាប់​ដំឡើង​នៅ​តាម​សណ្ឋាគារ អេកូរីសត និង​ចម្ការ​ធំៗ​។ ផ្ទះ​តូច​ក្នុង​រូបរាង​ដំបូល​កោង​ដែល​ស្រដៀង​នឹង​ផ្ទះ​ជនជាតិ​ដើម​ភាគតិច​មាន​ទាំង​បន្ទប់ទឹក កន្លែង​ចម្អិន​អាហារ និង​កន្លែង​ទទួល​ភ្ញៀវ​ជាមួយ​បរិក្ខារ​ទំនើបៗ​។

គំនិត​ផ្ដួចផ្ដើម​កសាង​ផ្ទះ​តូច​ដែល​អាច​ដំឡើង​នៅ​តាម​ទី​ជម្រាល​ព្រៃភ្នំ​ដោយ​មិន​ប៉ះពាល់​ដល់​ធម្មជាតិ​បាន​ចាប់​បដិសន្ធិ​ឡើង​ដោយ​អ្នក​ជំនួញ​ផ្នែក​អចលនទ្រព្យ​ម្នាក់​ដែល​មាន​បំណង​បង្កើត​អេកូរីសត​ផ្ទាល់​ខ្លួន​។

ផ្ទះ​មួយ​ត្រូវ​ចំណាយ​ពេល​ធ្វើ​យ៉ាងយូរ​បំផុត​ ១ ​ខែ​។ ហេង ជីវ័ន

លោក តេង រិទ្ធី ស្ថាបនិក Glamping Pods Cambodia បាន​និយាយ​ថា​៖ «​ខ្ញុំ​ចង់​សង់​ផ្ទះ​ឲ្យ​តូច និង​រស់នៅ​ស្រួល​។ ខ្ញុំ​មាន​ទីតាំង​មួយ​ចំនួន​ដោយ​ចង់​ប្រែក្លាយ​ជា​អេកូរីសត​។ យើង​ចាប់ផ្ដើម​គិត​ថា តើ​យើង​គួរ​ធ្វើ​ផ្ទះ​បែប​នេះ ដោយ​ចំណាយ​ប្រាក់​តិច និង​ចំណេញ​ពេលវេលា​ព្រមទាំង​ដឹកជញ្ជូន​ស្រួល​។ យើង​ចង់​សង់​ឲ្យ​រួចរាល់ ទើប​ដឹក​យក​ទៅ​ដល់​ទីកន្លែង​តែ​ម្ដង​»​។

លោក​បាន​ព្យាយាម​សិក្សា​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត ប្រឹក្សា​ជាមួយ​មិត្ដភក្ដិ​ជា​វិស្វករ​សំណង់ និង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ស្វែងរក​លទ្ធភាព​បង្កើត​ក្ដីស្រមៃ​របស់​ខ្លួន​។ លទ្ធភាព​នៃ​ការទិញ​ផ្ទះ​ចល័ត​ទាំងនោះ​ពី​ក្រៅ​ប្រទេស វា​មិន​អាច​ទៅ​រួច ដោយសារ​តែ​វា​ធំ និង​ចំណាយ​ថ្លៃដើម​ដឹកជញ្ជូន​ខ្ពស់​។

បុរស​អាយុ ៣៨ ​ឆ្នាំ​រូប​នេះ​បាន​បន្ដ​ថា​៖ «​ក៏​បង្កើត​គំនិត​ថា យើង​អាច​ផ្គុំ​ដោយ​យក​ម៉ូដ​ពី​គេ ដូចជា ម៉ូដ​រំដួល (Pod)​។ យើង​យក​ពី​គេ តែ​តាមពិត​ទៅ​ស្រុក​ខ្មែរ​យើង​ក៏​មាន​ដែរ​កាលពី​ជំនាន់​មុន​។ យើង​ឃើញ​នៅ​តំបន់​ព្រៃភ្នំ​ខេត្ត​មណ្ឌលគិរី និង​រតនគិរី ជាពិសេស​ផ្ទះ​ជនជាតិ​ដើម​ភាគតិច​។ យើង​ច្នៃ​មក​ឲ្យ​ចេញ​ជា​ប្រភេទ​ដូច​គ្នា​អ៊ីចឹង​​តែ​ការ​ដេគ័រ​របស់​យើង​ឲ្យ​មាន​លក្ខណៈ​ទាន់សម័យ រួមទាំង​ប្រព័ន្ធ​ភ្លើង​ទឹក និង​បរិក្ខារ​ផ្សេងៗ​ឲ្យ​ក្លាយ​ជា​ផ្ទះ​ស្នាក់​លម្ហែ​ប្រកប​ដោយ​ផាសុកភាព​»​។

អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ​រូបនេះ​បាន​ទិញ​ដី​ជាច្រើន​រយ​ហិកតា​បម្រុង​ទុក​សម្រាប់​សង់​អេកូរីសត​ហើយ​កាលពី​ប៉ុន្មាន​ខែ​មុន​លោក​បាន​សម្រេច​ចិត្ដ​សង់​ផ្ទះ​គំរូ​មួយ បំណង​យក​ទៅ​ដំឡើង​នៅលើ​ដី​របស់​ខ្លួន​។ ផ្ទះ​គំរូ​ដំបូង​បាន​ទាក់​ចិត្ដ​មហាជន​លើ​បណ្ដាញ​សង្គម​ដែល​មាន​ការចាប់អារម្មណ៍​លើ​ម៉ូដ និង​ភាពទំនើប​របស់​ផ្ទះ​តូច​។

ផ្ទះ​ប្រភេទ A1 ដែល​មាន​រាង​ជ្រុង​ប៉ិត​មួយ​ចំហៀង​។ រូបថត សហការី

លោក តេង រិទ្ធី ដែល​ជា​ស្ថាបនិក​សម្ព័ន្ធ R'' Property Group ផង​នោះ​បាន​ឲ្យ​ដឹងថា​៖ «​មនុស្ស​ទូទៅ​សុទ្ធតែ​ចាប់​អារម្មណ៍​ចំពោះ​ផ្ទះ​ស្នាក់​តូចៗ​ទាំងនេះ​។ ប៉ុន្ដែ​ជាក់ស្ដែង​ចំពោះ​អ្នក​អាច​សម្រេច​ចិត្ដ​បាន គឺជា​អ្នកវិនិយោគ​។ ពួកគេ​ជា​អ្នក​ដែល​ធ្វើ​រីសត ធ្វើ​អូតែល អ្នក​មាន​ចម្ការ​​ធំៗ​។ នៅក្នុង​ស្រុក​ខ្មែរ​តំបន់​ដែល​ពេញនិយម​ជាង​គេ​គឺ​នៅ​ខេត្ដ​កំពត កំពង់សោម មណ្ឌលគិរី និង​រតនគិរី​។ សៀមរាប​ក៏​ត្រូវការ​ច្រើន តែ​សៀមរាប​ពេញ​និយម​ម៉ូដ​រំដួល​ច្រើន​»​។

លោក​អះអាង​ថា​៖ «​ទើប​តែ​មាន​រយៈពេល ២ ឬ ៣ ​ខែ​នេះ​ពេល​យើង​ធ្វើ​ទៅ​ស្រាប់​តែ​មាន​ការគាំទ្រ​ច្រើន​។ មាន​ការកុម្ម៉ង់​ច្រើន​តាមរយៈ​ការបង្ហោះ​វីដេអូ 3D តាម​បណ្ដាញ​សង្គម​»​។

Glamping Pods Cambodia មាន​ផ្ទះ ៤ ប្រភេទ​គឺ រំដួល និង​ក្រវាន់​ដែល​មាន​ដំបូល​រាង​មូល​ព្រម​ទាំង Modern &A1 ដែល​មាន​រូបរាង​ជ្រុង ២ ​ម៉ូដ​គឺ​ប្រភេទ​ផ្ទះ​ស្នាក់ (​ទ្វារ​ ១ ​ដូច​ផ្ទះ​) និង​ប្រភេទ​សណ្ឋាគារ (​មាន​កញ្ចក់ទ្វារ​មុខ​ក្រោយ​) ហើយ​ចំណែក​ប្រភេទ​ទី ៤ ដែល​ស្ថិត​ក្នុង​គម្រោង​គឺ​មាន​បំពាក់​កង់​ដែល​អាច​ចល័ត​តាម​រថយន្ដ​។

លោក រិទ្ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​គាត់​អាច​ធ្វើ​ជា Office គាត់​អាច​ធ្វើ​ជា​ផ្ទះ​ចល័ត​បាន​។ គាត់​ចង់​ទៅ​ទីកន្លែង​ណា គាត់​មាន​របស់​គាត់​មួយ​កំប្លេ រួមទាំង ចង្ក្រាន បន្ទប់ទឹក គ្រែគេង ម៉ាស៊ីនត្រជាក់​ទៅ​ជាមួយ​គ្នា​ទាំងអស់​»​។

លោក​អះអាង​ថា ម៉ូដ​និង A1 គឺជា​ម៉ូដ​ថ្មី​​សុទ្ធសាធ ដោយ​មិន​ចម្លង​ពី​គេ​នោះ​ទេ​។ អត់​មាន​នរណា​មាន​ដូច​ទេ ដោយសារ​វា​មាន​រូបរាង​ជ្រុង​ប៉ិត​មួយ​ចំហៀង​។ វា​ពិតជា​ស័ក្ដិសម​ពេល​​ផ្គុំ​ផ្ទះ​ ២ ​ជាមួយ​គ្នា​។

លោក រិទ្ធី ជា​អ្នកគាំទ្រ​ចំពោះ​ការដើរ​ផ្សងព្រេង​បោះតង់​ម្នាក់​ដែរ​នោះ​បាន​ឲ្យ​ដឹងថា​៖ «​ម៉ូដ A1 និង Modern ដែល​មាន​ដំបូល​ជ្រុង កញ្ចក់​មុខ​ក្រោយ អំពូល LED ពណ៌ ប្រព័ន្ធ​សោតទស្សន៍ និង​បច្ចេកវិទ្យា​តិចណូឡូជី​កាន់តែ​ធំ​។ វា​មាន​រាង​សិចស៊ី ដោយសារ​ពេល​យើង​បើក​វាំងនន​អស់​ទៅ​ពី​មុខ​ដល់​ក្រោយ យើង​មើល​ឃើញ​ធ្លាយ​​គ្នា​។ បើ​ស្ថិត​នៅ​តំបន់​ព្រៃភ្នំ ហើយ​យើង​ចង់​ឃើញ​ទិដ្ឋភាព​ព្រៃភ្នំ​សងខាង យើង​បើក​តែ​វាំងនន​ទៅ យើង​ឃើញ​អស់​តែ​ម្ដង​»​។

លោក តេង រិទ្ធី ជា​ស្ថាបនិក Glamping Pods Cambodia ក្នុង​ផ្ទះ​ចល័ត​ទំនើប​។ហេង ជីវ័ន

បើ​ទោះបី​ជា​ម៉ូដ​រំដួល ឬ​ក្រវាន់​ទទួល​បាន​ការចាប់អារម្មណ៍​ច្រើន តែ​ចំពោះ​ការកុម្ម៉ង់​ជាក់ស្ដែង ម៉ូដ Modern & A1 បែរ​ជា​ពេញនិយម​ទៅវិញ​ដោយ​បច្ចុប្បន្ន​ភ្ញៀវ​បាន​បញ្ជា​ទិញ​ម៉ូដ​រំដួល ឬ​ក្រវាន់​ប្រមាណ ២០ ​ផ្ទះ និង​ម៉ូដ Modern & A1 ៣០ ផ្ទះ បូក​បន្ថែម​ផ្ទះ​តូចៗ​អត់​បន្ទប់ទឹក​ប្រមាណ ៥០ ​ផ្ទះ​ទៀត​។

ផ្ទះ​តូច​ជាង​គេ​ទំហំ ២,៥ x ៣ ម៉ែត្រ​មាន​ឬ​អត់​មាន​បន្ទប់ទឹក​តម្លៃ​ពី​ជាង ៣០០០ ទៅ ៤៥០០០ ដុល្លារ​។ ទំហំ​ទី​ពីរ ២,៥ x ៦ តម្លៃ ប្រហាក់​ប្រហែល ៦០០០ ទៅ ៧០០០ ដុល្លារ ទំហំ​ទី​បី ៣ x ៦ ដែល​ចាត់ទុក​ថា​ធំ​ដែល​អាច​ដាក់​គ្រែ បន្ទប់ទឹក សាឡុង មាន​តម្លៃ​ចន្លោះ ៧៥០០ ដុល្លារ ហើយ​ធំ​មួយ​ទៀត គឺ ៤ x ៦ ខ្នាត​ធំ​ជាង​ហើយ​មាន​តម្លៃ​ប្រហាក់​ប្រហែល ៩០០០ ដុល្លារ​។

លោក រិទ្ធី ​បាន​ពន្យល់​ថា​៖ «​ផ្ទះ​តូច​ទាមទារ​ការតុបតែង​ខ្លាំង​ជាង​។ យើង​ផ្ដោតលើ​ការឌីគ័រ​ខ្លាំង​មិន​ខុស​ពី​បន្ទប់​សណ្ឋាគារ​លំដាប់​ផ្កាយ​នោះទេ​។ បរិក្ខារ​នៃ​ការរស់នៅ​ប្រកប​ដោយ​ផាសុកភាព​។ យើង​អាច​ចំណាយពេល​យ៉ាងយូរ​បំផុត​ ១ ​ខែ​ហើយ​សព្វថ្ងៃ​យើង​ប្រើ​ពេល​ចន្លោះ​ពី ២ ទៅ ៣ សប្ដាហ៍​។ តែ​ ១ ឬ ៥ ផ្ទះ​ក្នុង​ពេល​តែមួយ​យើង​ប្រើ​ពេល​ប្រហាក់ប្រហែល​គ្នា​»​។

Glamping Pods Cambodia មាន​ទីតាំង​នៅផ្ទះ​លេខ​ ២២៣ ផ្លូវ ៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី និង​ទូរស័ព្ទ ០១៧ ៦១៧ ០០៧៕