សៀមរាប៖ ស្ថិត​នៅ​ម្ដុំ​វត្ត​បូព៌ ក្រុង​សៀមរាប ផ្ទះ​សំណាក់​​​ដែល​ជាប់​ពាន​រង្វាន់ Travellers'' Choice Award ពី​​គេហទំព័រ​ទេសចរណ៍​ដ៏​ល្បីល្បាញ Trip Advisor កាល​ពី​ឆ្នាំ​កន្លង​ទៅ​នេះ​ ត្រូវ​បាន​ណែនាំ​បន្ត​គ្នា​ ជាពិសេស​​ក្នុង​ចំណោម​អ្នក​​បរិស្ថាន​និយម​​ និង​អ្នក​​មិន​បរិភោគ​សាច់។

បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៨ ដោយ​លោក Simen Julner និង​អ្នកស្រី Katrine Solhaug ជា​ភរិយា ផ្ទះ​សំណាក់ Babel តែងតែ​ធ្វើ​ឲ្យ​ភ្ញៀវ​ភ្ញាក់​ផ្អើល ជាមួយ​ការ​ប្រើប្រាស់​សម្ភារ​​​គិតគូរ​បរិស្ថាន វត្ថុ​​ច្នៃ​ប្រើប្រាស់​ឡើង​វិញ​ និង​ឧបករណ៍​បែប​បុរាណ​​ផលិត​​ពី​ធម្មជាតិ​ដោយ​សហគមន៍​សិប្បករ​​ក្នុង​ស្រុក។

ចាន​គោម​ត្នោត ចាន​ត្រឡោក​ សម​ ចង្កឹះ ស្លាបព្រា​ឈើ បំពង់​បឺត​ពី​ឫស្សី តម្រង​​ឆុង​តែ​​ពី​កន្ត្រង​ត្បាញ​ដោយ​ដៃ សាប៊ូ និង​គ្រឿង​ប្រើប្រាស់​ដទៃ​ទៀត សុទ្ធ​​សឹង​តែ​​​ជា​ផលិតផល​​ ដែល​​វិល​ត្រឡប់​ទៅ​កាន់​សម័យ​​​កាល​មុន​ពេល​ដែល​ប្លាស្ទិក​មាន​គ្រប់​ច្រក​ល្ហក​។

បន្ទប់ស្នាក់​​​រចនាប័ទ្ម​រុក្ខជាតិបៃតងតម្រូវ​ចិត្ត​ភ្ញៀវ​ដែល​ស្នេហា​ធម្មជាតិ​។ រូប សហ​ការី

រឿង​រ៉ាវ​នៅ​ពី​ក្រោយ​​ការ​បំបាត់​​សំរាម​​ប្លាស្ទិក​នៅ​ផ្ទះ​សំណាក់ Babel ត្រូវ​បាន​​​អ្នកស្រី​ Katrine លើក​ឡើង​​ថា​៖ «យើង​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​ ដើម្បី​ចូលរូម​ចំណែក​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​ និង​គ្រប់គ្រង​​កាក​សំណល់​។ យើង​ប្រើប្រាស់​បំពង់​បឺត​ឫស្សី​ ក្នុង​អាហារដ្ឋាន​ យើង​ប្រើ​ថង់​ច្រក​​សំរាម​ប្រភេទ​ងាយ​បំបែក ឬ​អាច​កិន​បាន​ពី​ Cleanbodia ជំនួស​ថង់​ប្លាស្ទិក​នៅ​តាម​បន្ទប់​គេង​»។​

ម្ចាស់​ផ្ទះ​សំណាក់​ជនជាតិ​ន័រវែស​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា៖ «យើង​មិន​លក់​ទឹក​ក្នុង​​ដប​ជ័រ​ ឬ​ប្លាស្ទិក​ទេ​ តែ​យើង​មាន​ទឹក​សម្រាប់​​ផ្ទេរ​បន្ថែម​»។

សូម្បី​តែ​សំណល់​ពី​ការ​ចម្អិន​ក្នុង​ផ្ទះ​បាយ​ក៏​ត្រូវ​បាន​កែ​ច្នៃ​ជា​ថាមពល​ប្រើប្រាស់​ឡើង​វិញ ដោយ​មិន​នឹក​ស្មាន​​​ដល់​ផង​ដែរ។

ទាំង​ចានអាហារ​ និង​ស្លាបព្រា​ សុទ្ធសឹង​តែ​ជា​ផលិតផល​ក្នុង​ស្រុក​។ រូបថត សហ​ការី

អ្នកស្រី​ ​Katrine បាន​ប្រាប់​ទៀត​ថា៖ «ប្រេងឆា​ដែល​ប្រើសល់​ពី​ចំអិន​ម្ហូប​​យើង​ប្រគល់​​ឲ្យ​ Naga Earth​ដើម្បី​​ទាញ​យក​ចំហេះ​ ហើយ​យើង​នឹង​​ទិញ​ចំហេះ​នោះ​ត្រឡប់​មក​វិញ​ ទុក​ប្រើ​​ជាមួយ​ម៉ាស៊ីន​ភ្លើង​របស់​យើង​»។

ដោយ​​សកម្ម​នឹង​គំរោង​​​​ប្រយុទ្ធ​ប្រឆាំង​​​ការ​បំពុល​បរិស្ថាន​​​ដោយសារ​ប្លាស្ទិក ​ម្ចាស់​ផ្ទះ​សំណាក់​​បាន​ខិតខំ​​បង្កើន​​ការ​ទទួល​ខុស​ត្រូវ​នៃ​​ទេសចរណ៍​​ និង​​បដិសណ្ឋារ​កិច្ច​ចំពោះ​បរិស្ថាន​។​

អ្នកស្រី​​បាន​ទទូច​ថា​​​៖ «ពួក​យើង​ចង់​ឲ្យ​អ្នក​ទេសចរ​ទាំងឡាយ​ងាក​មក​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ប្រើប្រាស់​ប្លាសិ្ទក​ មក​អនុវត្ត​ការ​ប្រើប្រាស់​ផលិតផល​បរិស្ថាន​ជំនួស​វិញ​ ព្រោះ​វា​មាន​ជម្រើស​ច្រើន​សម្រាប់​អ្នក​ ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​ នៅ​ពេល​ធ្វើ​ដំណើរ​ និង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ គឺ​ចាប់​ផ្តើម​គិត​ខុស​ពី​មុន​ និង​ចាប់​ផ្តើម​កែ​ទម្លាប់​របស់​យើង​»៕