ក្រុងច្បារមន: ភាពស្រស់​បំព្រង​នៃ​ជួរ​ភ្នំ​ជ្រាវ​រលករលេញ​ជា​ទីឋាន​កំពុង​ល្បីល្បាញ​ទឹកធ្លាក់ ៧ ដំណាក់​លាតសន្ធឹង​ហ៊ុមព័ទ្ធ​វាលស្រែ ចម្ការ​ក្រូច​ពោធិ៍សាត់ ដើមត្នោត និង​ចម្ការ​អំពៅ​ឆ្ងាយ​ដាច់​កន្ទុយភ្នែក​បាន​បង្កើត​ភាព​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវទេសចរ​ដែល​ប្រាថ្នា​សម្រស់​ធម្មជាតិ​ទាំង​ការសម្រាក​ក្នុង​ផ្ទះ​ស្នាក់​បែប​អ្នក​ជនបទ និង​ទទួលទាន​អាហារ​ដែល​គ្រាន់តែ​បេះបោច​បន្លែបង្ការ​នៅ​ជុំវិញ​ផ្ទះ​។

ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ជើង​ជ្រាវ ផ្ទះ​ស្នាក់​លោកស្រី បូ ផុស​លើ​ផ្ទៃដី ២០ ​ហិកតា​ដែល​មាន​ផ្ទះ​បុរាណ​ខ្មែរ ៤-៥ ​ខ្នង​អម​ដោយ​សួនផ្កា ដំណាំ​ហូប​ផ្លែ បន្លែបង្ការ ក្យូស​លម្ហែ និង​ទីវាល​ស្មៅ​សម្រាប់​ការបោះ​ជំរំ ក្នុង​ឃុំ​អមឡាំង ស្រុក​ថ្ពង ចម្ងាយ ១២០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ជា​ទីឋាន​គេច​ពី​ភាព​មមាញឹក អាប់អួ និង​ផ្សែង​យានយន្ដ ដើម្បី​បន្ធូរ​ភាព​តានតឹង​ជាមួយ​ខ្យល់អាកាស​ធម្មជាតិ​។

អ្នកស្រី បូ សុភារី ម្ចាស់ផ្ទះ​ស្នាក់​លោកស្រី បូ និង​ជា​មគ្គុទ្ទេសក៍​ថ្នាក់ជាតិ​ជំនាន់​ទី​ ១ ប្រើប្រាស់​ភាសា​បារាំង​បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​ផ្ទះ​ស្នាក់​លោកស្រី បូ ជា​ឈ្មោះ​ម្ដាយ​របស់​ខ្ញុំ​។ គាត់​ត្រូវការ​ការរស់នៅ​បែប​ធម្មជាតិ ហើយ​ខ្ញុំ​យល់ថា ភ្ញៀវ​ក៏ត្រូវ​ការ​ដូចគ្នា​។ អ្នក​នៅ​ភ្នំពេញ​មិនសូវ​មាន​ខ្យល់​បរិសុទ្ធ​ប៉ុន្មាន​ទេ ហើយ​ពួកគាត់​ស្ដ្រេស​ពី​ការងារ​។ ដូច្នេះ​ពួកគាត់​ចង់​មក​កម្សាន្ដ​បែប​ធម្មជាតិ​។ វា​ស័ក្ដិសម​ចំពោះ​ដំណើរ​កម្សាន្ដ​វិល​ល្ងាច គេង​មួយ​យប់ ឬ​គេង ២ យប់​»​។

ពេល​រាត្រី ភ្ញៀវ​ស្នាក់នៅ​អាច​រីករាយ និង​គយគន់​ហ្វូង​តារា​ពាសពេញ​មេឃ ខុសប្លែក​ពី​នៅ​ទីក្រុង​។ ហុង មិនា

អង្គុយ​ក្នុង​ក្យូស​ក្បែរ​ផ្ទះ​ឈើ​ប្រក់​ក្បឿង​ធំ​មួយ​ខ្នង មគ្គុទ្ទេសក៍​និយាយ​ភាសា​បារាំង អ្នកស្រី បូ សុភារី អាយុ ៣៣ ឆ្នាំ បាន​ប្រាប់​ពីអ្វី​ដែល​អ្នក​ភ្នំពេញ​ត្រូវការ​បំផុត​នោះ​ថា​៖ «​ទោះ​ខ្ញុំ​រៀបចំ​ផ្ទះ​ស្នាក់​បែប​ធម្មជាតិ ដែល​គេង​ក្រាលកន្ទេល​ចង​មុង​យ៉ាងណា​ក៏ដោយ តែ​ខ្ញុំ​មាន​បន្ទប់ទឹក​ឲ្យ​គាត់​ត្រឹមត្រូវ​»​។

ស្ថិត​នៅក្បែរ​ជើងភ្នំ​ជ្រាវ ដ៏​មាន​សក្ដានុពល​ផ្នែក​អេកូទេសចរណ៍ ផ្ទះ​ស្នាក់​លោកស្រី បូ ផ្ដល់​សេវាកម្ម​ជូន​ភ្ញៀវ​ដើរ​កម្សាន្ដ​ទៅកាន់​ទឹកធ្លាក់ ៧ ជាន់​ក្នុង​បំណង​បង្កើត​ចំណូល​ចិត្ដ​ដើរ​ព្រៃ​ និង​ការទស្សនា​ថ្ងៃ​លិច​ក្នុង​ចម្ការ​អំពៅ​។

បើកទទួល​ភ្ញៀវ​នៅ​ឆ្នាំ ២០១៧ ម្ចាស់​ផ្ទះ​ស្នាក់​រូបនេះ​បាន​និយាយ​ថា​៖ «​តាមពិត ភ្ញៀវ​ជាតិ ពួកគាត់​អាច​ទៅ​លេង​ដោយ​ខ្លួនឯង ដោយ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ចត​ឡាន​។ ប៉ុន្ដែ​បើ​ភ្ញៀវ​ត្រូវការ​សេវាកម្ម​ពី​ផ្ទះ​ស្នាក់​លោកស្រី បូ យើង​មាន​អ្នក​នាំ​ផ្លូវ​ជូន​គាត់​។ វា​ជា​ទេសចរណ៍​ផ្សងព្រេង​លក្ខណៈ​ស្រាល​។ បានន័យថា ទាំង​ទៅ​ទាំង​មក​ត្រូវ​ចំណាយ​រយៈពេល ៣ ​ម៉ោង​សម្រាប់​ទឹកធ្លាក់​ជ្រាវ​ជាន់​ទី ៧​។ សំខាន់​យើង​ផ្ដោតលើ​បទពិសោធ​នៃ​ការដើរ​ព្រៃ​ដោយ​មិន​ដើរចូល​លេង​ទឹកជ្រោះ​តាំងពី​ជាន់​ទី​ ១ ដល់​ទី​ ៧ នោះទេ​។ ពោល​គឺ​ពេល​យើង​ចត​ឡាន​ហើយ យើង​ដើរ​ចូល​ព្រៃ និង​ចូល​នៅ​ទឹកធ្លាក់​ទី ៧ ងូតទឹក​លេង​តែមួយ​កន្លែង​តែម្ដង​»​។

អ្នកស្រី​បាន​ឲ្យ​ដឹងថា ទឹកធ្លាក់​ភ្នំ​ជ្រាវ​ដែល​មាន​ចម្ការ​ក្រូចពោធិ៍សាត់​មួយ​នៅ​មិនទាន់​អស់​ត្រឹម​ដំណាក់​ទី ៧ នោះ​ទេ​ដោយ​ភ្នំ​ជ្រាវ​នៅ​មាន​ទឹកធ្លាក់​ច្រើន​ដំណាក់​ទៀត​។ ប៉ុន្ដែ​សហគមន៍​រៀបចំ​ត្រឹម​ដំណាក់​ទី ៧ នេះ​ដើម្បី​ឲ្យ​ភ្ញៀវ​អាច​ឡើង​ទៅលេង​បាន​។

ការស្នាក់នៅ​កូន​ផ្ទះ​តូច​មាន​តម្លៃ​ពី ២០ ទៅ ៣៥ ​ដុល្លារ​។ ហុង មិនា

មគ្គុទ្ទេសក៍​ដែល​បង្កើត​ផ្ទះ​ស្នាក់​សម្រាប់​ឪពុកម្ដាយ​រស់នៅ​ក្នុង​សភាព​បែប​ធម្មជាតិ ដោយ​មាន​ភ្ញៀវ​ចេញចូល​មិន​បង្កើត​ភាពអផ្សុក សុភារី បាន​បន្ដ​ថា​៖ «​យើង​នៅ​មាន​កញ្ចប់​ដំណើរ​ការកម្សាន្ដ​មើល​ថ្ងៃ​លិច ក្បែរ​ចម្ការ​អំពៅ​ខាងមុខ​ផ្ទះ​ស្នាក់​យើងខ្ញុំ​។ ភ្ញៀវ​ជាតិ​ក៏​អាច​ជិះ​គោយន្ដ​លេង​តាម​ភូមិ មើល​វត្ដ មើល​វាលស្រែ បើ​គាត់​ចាប់​អារម្មណ៍​។ ប៉ុន្ដែ​ប្រភេទ​ដំណើរ​កម្សាន្ដ​បែប​នេះ​ភាគច្រើន​តែ​ភ្ញៀវ​អឺរ៉ុប​ទេ ដែល​គាត់​ចាប់​អារម្មណ៍​ជាង​»​។

ទីតាំង​បែប​ជនបទ​ស្ងប់ស្ងាត់ បរិស្ថាន​រំលេច​នូវ​ធម្មជាតិ​បៃតង​ស្រស់​ដែល​ភ្ញៀវ​ធ្វើដំណើរ​ចេញចូល លេង​ទឹកធ្លាក់ ជិះ​គោយន្ដ និង​កង់​លុកលុយ​តាម​ភូមិ ផ្ទះ​ស្នាក់​ដាច់ស្រយាល​ក្បែរ​ជើងភ្នំ និង​បោះតង់​ទស្សនា​ហ្វូង​តារា​ពេល​រាត្រី តើ​មាន​នរណា​ដឹងថា អមឡាំង ជា​អតីត​មន្ទីរឃុំឃាំង​អ្នកទោស និង​ជា​វាលពិឃាត​ពលរដ្ឋ​ខ្មែរ​រាប់ម៉ឺន​នាក់​ក្នុង​របប​ខ្មែរក្រហម​?

អ្នកស្រី បូ សុភារី បាន​ឲ្យ​ដឹងថា​៖ «​ដោយ​មាន​កិច្ចសហការ​ជាមួយ​សារមន្ទីរ​ទួលស្លែង យើង​បាន​រៀបចំ​ប្រភេទ​កម្មសិក្សា​សម្រាប់​សិស្ស-និស្សិត​នៅ​អមឡាំង​ដែល​យើង​បាន​ដឹង​ហើយថា ទីនេះ​គឺជា​អតីត​តំបន់​សង្គ្រាមរ៉ាំរ៉ៃ ហើយ​ជា​កន្លែង​ឃុំឃាំង ឬ​ហៅ ម-១៣ ចម្ងាយ​ជាង ១០ គីឡូម៉ែត្រ​ពី​ផ្ទះ​លោកស្រី បូ​។ ម-១៣ ជាទី​កន្លែង​ឃុំឃាំង​ផង និង​ជា​គុក​ទារុណកម្ម​ផង​។ អ៊ីចឹង យើង​អាច​ចុះ​កម្មវិធី​ដែល​រៀបចំ​ឡើង​ដោយសារ​មន្ទីរ​គុក​ទួលស្លែង ដែល​ពួកគាត់​អាច​ជូន​សិស្ស​ទៅ​មើល​នៅ​ទីនោះ​បាន​»​។

ភ្ញៀវ​គេង​នៅ​រានហាល​គយគន់​ជួរ​ភ្នំ​ជ្រាវ ម្នាក់​ចំណាយ ៦ ​ដុល្លារ​។ ហុង មិនា

បើ​មិន​មាន​ការនិទាន​រឿង​ប្រវត្ដិ​អតីតកាល​ដែល​កន្លង​ផុត​ជាង​ ៤០ ​ឆ្នាំ​មកនេះ គ្មាន​ភ្ញៀវ​ណា ជាពិសេស​បរទេស​បាន​ដឹង​ថា តំបន់​អេកូធម្មជាតិ​ដ៏ស្រស់បំព្រង​នេះ ជា​អតីត​តំបន់​មន្ទីរឃុំឃាំង និង​ធ្វើ​ទារុណកម្ម​ដ៏ព្រៃផ្សៃ​ឡើយ​។

មគ្គុទ្ទេសក៍​និយាយ​ភាសា​បារាំង​រូបនេះ​បាន​បន្ដថា​៖ «​បើ​យើង​អត់​បាន​និយាយ​ពីដំបូង​ថា​ជា​តំបន់​សង្គ្រាមរ៉ាំរ៉ៃ គាត់​អត់​បាន​ដឹង​ទាំងអស់​។ ភ្ញៀវ​ភាគច្រើន​របស់​ខ្ញុំ​ជា​ជនជាតិ​បារាំង និង​អាល្លឺម៉ង់​បាន​មើល​ពី​ទួលស្លែង ស-២១ ឬ S21 រួចហើយ​។ វា​ក៏​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ ឌុច ផង​ដែរ ដែល​នៅ​មុន​សម័យ S21 ដោយ​វា​បាន​កើតឡើង​តាំងពី​ឆ្នាំ​ ១៩៧១ ​។ វា​មាន​គុក​ធ្វើ​ទារុណកម្ម​រួចទៅហើយ​»​។

អ្នកស្រី​បន្ថែម​ថា​៖ «​ភ្ញៀវ​អាច​ស្ដាប់​ការនិទាន​របស់​ខ្ញុំ យើង​អាច​ទៅ​មើល​ភូមិ​ជិត​នេះ​ដែល​ប្រជាជន​បាន​អះអាង​ដែរ​ថា មាន​ការ​កាប់សម្លាប់​នៅ​ជិត​ភ្នំ​ជ្រាវ នៅ​វត្ដ​តាំងហោង ដែល​ប្រជាជន​នាំ​គ្នា​ល្បី​ឃើញ​ឆ្អឹង​ខ្មោច​ច្រើន​។ ប៉ុន្ដែ ម-១៣ ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​នាង​ខ្ញុំ អ៊ីចឹង យើង​ត្រូវ​ធ្វើ​ដំណើរ និង​ការសហការ​ជាមួយ​មូលដ្ឋាន​ដើម្បី​ទៅ​មើល​។

ជា​មគ្គុទ្ទេសក៍​ជំនាញ​ម្នាក់ អ្នកស្រី​បាន​សុំ​ឯកសារ​ពី​តំបន់​គឺ ម-១៣ និង ម-៩៩ នៅ​តំបន់ភ្នំ​ឱរ៉ាល់ ដើម្បី​និទាន​ឲ្យ​ភ្ញៀវ​ស្ដាប់ ហើយ​រូបភាព​គឺជា​រូប​ឯកសារ​របស់​មជ្ឈមណ្ឌល​ឯកសារ​ដែរ និង​រូបភាព​ថ្មីៗ​ដែល​ខាង​ក្រុមការងារ​មន្ទីរ​បាន​ផ្ដិតរូប​ភាព​ជា​មួយ​ក្រុម​កម្មសិក្សា​។ ដូច្នេះ​អ្នកស្រី​ប្រើ​រូប​ទាំងនេះ ដើម្បី​បង្ហាញ​ពន្យល់​ភ្ញៀវ​បន្ថែម​។

យ៉ាងណា​មិញ​ការនិទាន​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុង​ឃុំ​អមឡាំង​គឺជា​ល្បោយ​បន្ថែម​សម្រាប់​ភ្ញៀវទេសចរ ជាពិសេស​ភ្ញៀវ​បរទេស​ដែល​មាន​បំណង​ចង់ដឹង​ប្រវត្ដិ​នៃ​ភូមិសាស្ដ្រ​ទីនោះ​ប៉ុណ្ណោះ​។ ការផ្ដល់​សេវាកម្ម​ចម្បង​គឺ ការកម្សាន្ដ​បែប​ជនបទ​ធម្មជាតិ​។

ជាមួយ​ការស្នាក់នៅ​ក្នុងផ្ទះ​ឈើ​បុរាណ​អ្នក​ជនបទ អ្នកស្រី បូ សុភារី បាន​បញ្ជាក់ថា ភ្ញៀវ​ត្រូវ​គេង​ក្រាលកន្ទេល​ចង​មុង ឬ​បោះតង់​ស្រូបខ្យល់​អាកាស និង​ភាពស្ងប់ស្ងាត់​ជាមួយ​លទ្ធភាព​ប្រើប្រាស់​អគ្គិសនី​សូឡា​បន្ដិចបន្ដួច គ្មាន WiFi ជាពិសេស ការទទួលទាន​អាហារ​ត្រូវ​បាន​ផ្ដល់​ដោយ​ម្ចាស់ផ្ទះ​ទៅតាម​លទ្ធភាព​ជាក់ស្ដែង​។

ផ្ទះ​ស្នាក់​លោកស្រី បូ មាន​ផ្ទះ​ឈើ​ធំ​មួយ​ដែលមាន​ ២ ​បន្ទាប់ និង​រានហាល​គន់​ជួរ​ភ្នំ​ជ្រាវ​មាន​តម្លៃ​ម្នាក់ ៦ ដុល្លារ​មួយ​យប់​រួមមាន​ខ្នើយ ភួយ កម្រាល កន្ទេល ក្រមា និង​មុង ក៏ដូចជា កូន​ផ្ទះ​តូច (Bangalow) ២ ទៀត តម្លៃ​ ២០ ​ដុល្លារ និង ៣៥ ដុល្លារ និង​ការ​បោះតង់​សម្រាប់​មនុស្ស ២ នាក់ តម្លៃ ១២ ​ដុល្លារ​។

អ្នកស្រី សុភារី បាន​ប្រាប់ថា​៖ «​នៅផ្ទះ​តូច​ទាំងនេះ ក្រុមគ្រួសារ ឬ​មិត្ដភក្ដិ ពួកគាត់​អាច​ស្នាក់នៅ​ស្ងាត់ស្ងៀម​បែប​ឯកជន ហើយ​គាត់​អាច​ដើរ​ផ្សារ​ចម្អិន​ម្ហូបអាហារ​ដោយ​ខ្លួនឯង​»​។

ផ្ទះ​ស្នាក់​លោកស្រី បូ ស្ថិត​ក្នុង​ភូមិ​អូរដា ឃុំ​អមឡាំង ស្រុក​ថ្ពង ខេត្ដ​កំពង់ស្ពឺ ចម្ងាយ​ ១២០ ​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ដោយ​ធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ ៥ បត់​ឆ្វេង​តាមផ្លូវ​ ១៣៦ នៅ​ឧដុង្គ​ប្រមាណ​ ៥៣ ​គីឡូម៉ែត្រ​រួច​ចូល​ទៅ​កាន់​ទឹកធ្លាក់​ជ្រាវ​នៃ​ផ្លូវ​លេខ​ ៥៣​។ ពី​ផ្លូវ​បំបែកលេខ ១៣៦ បត់​ស្ដាំ​តាមផ្លូវ ៥៣ ចម្ងាយ​ប្រមាណ ៤ គីឡូម៉ែត្រ​រួច​បន្ដ​តាម​ផ្លូវលំ​ជិត ៤ គីឡូម៉ែត្រ​ទៀត​អ្នក​នឹង​បាន​ឃើញ​ស្លាក​សញ្ញា​ផ្ទះ​លោកស្រី បូ នៅ​ខាង​ស្ដាំ​ដៃ​។

សម្រាប់​ព័ត៌មាន​លម្អិត និង​ធ្វើការ​កក់​ផ្ទះ​ស្នាក់ ឬ​បោះជំរំ​ក៏​ដូចជា​កុម្ម៉ង់​អាហារ សុំ​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០៨១ ២៨ ២៨ ៨៤ ឬ​ចូលទៅ​កាន់​ហ្វេសប៊ុក @Chez Mme BO៕

ការបោះតង់​សម្រាប់​មនុស្ស ២ ​នាក់ មាន​តម្លៃ ១២ ​ដុល្លារ​នៅ​ចម្ការ​បៃតង និង​ជួរ​ភ្នំ​រលករលេញ​។ រូបថត សហការី

អាហារ​បែប​ខ្មែរ​សុទ្ធសាធ ស័ក្ដិសម​ទៅនឹង​បរិយាកាស​ស្ងប់ស្ងាត់​បែប​ស្រុកស្រែ​ជនបទ​។ ហុង មិនា

ភ្ញៀវទេសចរ​បរទេស​ភាគច្រើន​ចាប់​អារម្មណ៍​នឹង​ការស្វែងយល់​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​។ រូបថត សហការី

វីដេអូ៖