សៀមរាប: មុន​ទៅ​ដល់​ប្រាសាទ​បុរាណ​សតវត្សរ៍​ទី ១០ បន្ទាយស្រី​ដ៏ល្បីល្បាញ​ពីក្បូរក្បាច់​យ៉ាង​ល្អ​វិចិត្រ​ភ្ញៀវទេសចរ​ក៏កម្រ​រំលង​ភ្នែក​គយគន់ ផ្ទះ​ខ្មែរ​ដ៏ចំណាស់​អាយុ​ ១ ​សតវត្សរ៍​ជា​ទី​ផ្ដល់​ឱកាស​ឲ្យ​ភ្ញៀវ​មក​ភ្លក្ស​បទពិសោធ​នៃការ​ស្នាក់នៅ និង​ស្វែងយល់​ពី​ប្រវត្ដិ​នៃ​ការកសាង​ផ្ទះ​បុរាណ​អត់​ប្រើ​ដែកគោល​ដែល​ជ្រក​ក្នុង​តំបន់​បរិស្ថាន​ធម្មជាតិ​ប្រកប​ដោយ​ផាសុកភាព​។

ផ្ទះ​ឈើ​ខ្ពស់​ផុតពី​ដី សសរ​មូល​ជា​ប្រភេទ​ផ្ទះ​បែប​សេដ្ឋី​ស្រុកស្រែ​អាយុ​ជាង ៨៥ ​ឆ្នាំ​ឈរ​អែប​ខាង​ឆ្វេង-ស្ដាំ​ដៃ​នៃ​ច្រកចូល​ផ្ទះ​ស្នាក់​បងធំ ដើម្បី​ស្វាគមន៍​ភ្ញៀវ​។ ផ្ទះ​ដង្ខៅ​អាយុកាល ៨៨ ​ឆ្នាំ​ឈរ​បង្អួតរាង​នៅ​ខាង​ឆ្វេង​ដែល​តាំង​បង្ហាញ​នូវ​ឧបករណ៍​កសិកម្ម​បុរាណ​មួយ​ចំនួន​ដូចជា កង្ហា​បក់​ស្រូវ ត្បាល់កិនស្រូវ និង​ក្ដារបោក​ស្រូវ​។

មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​ដង្ខៅ អគារ​ឈើ​បុរាណ​ដ៏ស្កឹមស្កៃ​ប្រវែង ៣ ​​ខ្នង​ដែល​ជា​ការសង់​បញ្ចូល​គ្នា​នូវ​ផ្ទះ​បុរាណ​ជាច្រើន​ខ្នង​គឺជា​សាលាឆទាន អាយុកាល ១១៩ ​ឆ្នាំ​។

ផ្ទះ​ស្នាក់​បងធំ​ស្ថិត​នៅ​លើ​វិថី​ភូមិ​នំបញ្ចុក​ព្រះដាក់​ទៅ​កាន់​ប្រាសាទ​បន្ទាយស្រី ដែល​រំលេច​នូវ​ផ្ទះ​បុរាណ​ខ្មែរ បែងចែក​ជា ៣ គឺ​ផ្ទះ​សេដ្ឋី​ស្រុកស្រែ​អាយុ​ជាង​៨៥ ​ឆ្នាំ​ផ្ទះ​ដង្ខៅ​ ៨៨ ​ឆ្នាំ និង​សាលាឆទាន​ចំណាស់​អាយុ​ជាង ១១៩​ ​ឆ្នាំ​ដែល​ត្រូវ​បាន​ប្រមូល​ទិញ​ពី​អ្នកភូមិ​រស់នៅ​ស្រុក​ស្វាយ​លើ និង​ដំដែក​។

អាង​ហែល​ទឹក​នៅ​ផ្ទះ​ស្នាក់​បងធំ ស័ក្ដិសម​សម្រាប់​សម្រាក​លម្ហែកាយ​ក្រោយពី​ទស្សនា​ប្រាសាទ​។ រូបថត លៀប ទេពិទូ

លោក ស៊ូ សាយ ឈ្មោះ​ហៅ​ក្រៅ «​បងធំ​» ដូច​ទៅ​នឹង​ឈ្មោះ​ផ្ទះ​ស្នាក់​របស់​ខ្លួន​នោះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កន្លង​មក​ថា​៖ «​ខ្ញុំ​សម្រេច​ចិត្ត​បង្កើត​ជា​កន្លែង​ស្នាក់នៅ​បែប​ខ្មែរ​នេះ​ឡើង​គឺ​ដើម្បី​ចង់​អភិវឌ្ឍ និង​អភិរក្ស​ផ្ទះ​ចាស់ៗ​ដោយ​ប្រមូល​ទិញ​ផ្ទះ​បុរាណ​មក​ជួសជុល​ធ្វើ​ឡើង​វិញ និង​រក្សាទុក​នូវ​រចនាប័ទ្ម​បុរាណ​ដដែល​»​។

បើ​ទោះ​ជា​ផ្ទះ​ស្នាក់​របស់​លោក​ខ្លះ​មាន​អាយុ​ជាង ១០០ ឆ្នាំ​ក៏​ពិតមែន​ក៏​សសរផ្ទះ​នៅ​រឹងមាំ ហើយ​ក្បាច់បុរាណ​ដ៏ផ្ចិតផ្ចង់​នៅ​តែ​អាច​សម្គាល់​បាន​យ៉ាងច្បាស់​។

និយាយ​សំដៅ​ទៅ​កាន់​សាលាឆទាន​ដែល​ប្រើ​សម្រាប់​ជា​ភោជនីយដ្ឋាន​ដ៏ធំ​ល្វឹងល្វើយ​លោក ស៊ូ សាយ បន្ត​ថា​ផ្ទះ​ស្នាក់​នេះ​ត្រូវ​បាន​ដំឡើង និង​រចនា​ឡើងវិញ​នៅក្នុង​ឆ្នាំ​ ២០១០ ដោយ​រក្សាទុក​សភាព​ដើម​ដដែល​គឺ​គ្រាន់តែ​បន្ថែម​នូវ​គ្រឿងសង្ហារិម​ថ្មីៗ​តាម​រចនាប័ទ្ម​ខ្មែរ​បុរាណ ហើយ​ផ្ទះ​ខ្លះ​គឺ​រចនា​បែប​ផ្ទះកន្តាំង ផ្ទះប៉ិត​ជាដើម​។

ស្ថិត​ក្នុង​បរិវេណ​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ព្រៃឈើ​ព្រម​ទាំង​ដំណាំ​បន្លែ​បង្ការ និង​ស្រះ​ចិញ្ចឹម​ត្រី​ធម្មជាតិ សម្រាប់​ផ្គត់ផ្គង់​ផ្ទះបាយ ផ្ទះ​ឈើ​បុរាណ​បាន​ក្លាយ​ជា​ទីស្នាក់អាស្រ័យ​សម្រាប់​អ្នក​ចង់​ទទួល​បាន​នូវ​បទពិសោធ​គេង​លើ​កន្ទេល ចង​មុង​ក្រោម​ជំនោរ​ត្រសៀកៗ​បោកបក់​បន្ថែម​ដោយ​កម្លាំង​ខ្យល់​កង្ហារ​។

លោក ខាន់ វណ្ណឆាយ អ្នកគ្រប់គ្រង​ទូទៅ​នៅផ្ទះ​ស្នាក់​បងធំ បាន​និយាយ​ថា​៖ «​យើង​មាន​ផ្ដល់​សេវាកម្ម​បែប​ប្រពៃណី​ខ្មែរ​បុរាណ​ដូចជា ការ​ស្នាក់នៅ​បែប​ចង​មុង ហើយ​យើង​ផ្ដល់​ភាពងាយស្រួល និង​ផាសុកភាព​ចំពោះ​ការស្នាក់នៅ​របស់​ពួកគាត់​»​។

ផ្ទះ​ស្នាក់​បុរាណ​ចំនួន ៣ ​ខ្នង​អាច​ទទួល​ភ្ញៀវ​មក​ស្នាក់អាស្រ័យ​ពី ៧០ ទៅ ៨០ ​នាក់​ដោយ​ផ្ទះ​នីមួយៗ​អាច​រៀបចំ​សម្រាប់​ភ្ញៀវ​ចន្លោះ​ពី ២០ ឬ ៣០ ​នាក់​។

ក្រៅពី​ស្ដាប់​តន្ត្រីបុរាណ​ខ្មែរ ភ្ញៀវ​ក៏​អាច​សាកល្បង​ស្លៀក​សម្លៀកបំពាក់​បុរាណ​ផង​ដែរ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក វណ្ណឆាយ ដែល​អះអាង​ថា​គ្រប់​ភ្ញៀវ​អន្ដរជាតិ​ទាំងអស់ សុទ្ធតែ​នាំ​គ្នា​ទាញ​កាមេរ៉ា​ថត មិន​ថា ទូរស័ព្ទ ឬ​ឌីជីថល​នោះ​ទេ ហើយ​ពួកគាត់​សុទ្ធតែ​កោតសរសើរ​ចំពោះ​កិច្ចការ​អភិរក្ស​ផ្ទះ​បុរាណ​។ លោក​បាន​រៀបរាប់​បន្ដ​​ថា​៖ «​ភាគច្រើន​ជា​សិស្ស-និស្សិត​មកពី​អឺរ៉ុប សិង្ហបុរី និង​ម៉ាឡេស៊ី មក​ស្នាក់នៅ និង​ដើរលេង​តាម​ភូមិ ជិះ​រទេះគោ មើល​ពលរដ្ឋ​ធ្វើ​នំ​បញ្ចុក ធ្វើស្រែ យើង​ទៅ​មើល​នំគ្រក់​តាម​ភូមិ ធ្វើ​ស្ករ ច្រូតកាត់ យើង​គិត​ថ្លៃ​ជា​កញ្ចប់ ដោយ​ក្នុង​មួយ​នាក់​មាន​តម្លៃ​ពី​ជាង ២០ ទៅ​ជាង ៣០ ដុល្លារ​រួម​នឹង​អាហារ ៣ ពេល​»​។

ទន្ទឹម​នឹង​សកម្មភាព​បែប​អ្នកស្រុក​ជនបទ​ដូចជា​ផ្ទះ​ស្នាក់​គេង​លើ​កន្ទេល ចង​មុង​តម្រៀប​គ្នា​ពេញ​ផ្ទះ ដំណើរ​កម្សាន្ដ​លុកលុយ​តាម​ភូមិឋាន និង​រៀន​ធ្វើ​ម្ហូប ភ្ញៀវទេសចរ​ក៏​ទទួល​បាន​នូវ​សេវាកម្ម​បែប​សណ្ឋាគារ​ទំនើប រួមមាន ផ្ទះ​វីឡា​បំពាក់​ម៉ាស៊ីន​ត្រជាក់ និង​អាង​ហែល​ទឹក​ខ្នាត​ធំ គន់​ទេសភាព​ថ្ងៃ​លិច​គង​លើ​ចុង​ព្រៃឈើ​សម្រាប់​ផ្សាំង​ភ្ញៀវ​មិន​ទាន់​សម្រប​តាម​បរិយាកាស​ជនបទ​ស្រុក​ខ្មែរ​។

នាយក​គ្រប់គ្រង​ផ្ទះ​ស្នាក់​បងធំ​រូប​នេះ​បាន​បន្ដ​ថា​៖ «​យើង​នៅ​តែ​រក្សា​រចនាប័ទ្ម​បែប​បុរាណ​ចំពោះ​រូបរាង​ផ្ទះ​ស្នាក់ ទោះបី​ជា​ខាង​ក្នុង​យើង​បំពាក់​ម៉ាស៊ីនត្រជាក់ បន្ទប់ទឹក​បែប​ទំនើប និង​អាង​ហែល​ទឹក​ខ្នាត​ធំ​ដោយ​យើង​គិត​ទៅលើ​អាកាសធាតុ​។ យើង​យល់​ថា​ពេល​ពួកគាត់​ដើរ​តាម​ប្រាង្គ​ប្រាសាទ តាម​ភូមិ ក្ដៅ​ខ្លាំង​អ៊ីចឹង ពួកគាត់​អាច​ងូតទឹក​លម្ហែកាយ​នៅ​អាង​ហែល​ទឹកបាន​»​។

ជ្រក​ក្រោម​ម្លប់ឈើ​ត្រឈឹងត្រឈៃ តភ្ជាប់​ដោយ​ស្ពានឈើ​ផុតពី​ដី​លូត​ជ្រែក​ហ្វូង​បុប្ផា វីឡា​ក្រវាន់ (Hara-Chapa) វីឡា​យីហុប (Coconut Mamgnalia) វីឡា​រំដួល (Rumdul) និង វីឡា ក្ដាំងងា (Ylang-Ylang) ជា​ផ្ទះ​ស្នាក់​រំលេច​រចនាប័ទ្ម​ខ្មែរ​បុរាណ បន្ថែម​ដោយ​គ្រឿង​បរិក្ខារ​ទំនើប​សម្រាប់​ផ្ដល់​ផាសុកភាព​ចំពោះ​ភ្ញៀវ​ស្អប់​ភាពស្អុះស្អាប់​។

ភ្ញៀវទេសចរ​បរទេស​សាកល្បង​បទពិសោធ​ស្ទូងស្រូវ​តាម​បែប​ជីវភាព​អ្នកស្រុកស្រែ​ចម្ការ​។ រូបថត សហការី

ផ្ទះ​បែប​កូនកាត់ ឬ​វីឡា​ឈើ​រចនា​ឡើង​ពី​កម្ទេច​ឈើ​ចាស់ៗ​មាន ៤ ផ្ទះ​ដោយ ២ ផ្ទះ (​តម្លៃ​ប្រមាណ​ជាង ១០០ ដុល្លារ​បូករួម​អាហារ​ពេលព្រឹក និង​ល្ងាច​) សម្រាប់​ប្ដី​ប្រពន្ធ​ដែល​មាន​គ្រែ​មួយ ហើយ ២ ផ្ទះ​ទៀត​សម្រាប់​លក្ខណៈ​គ្រួសារ (​តម្លៃ​ពី ១៩០ ទៅ ២២០ ដុល្លារ​ទៅ​តាម​ចំនួន​មនុស្ស​បូករួម​អាហារ​ពេលព្រឹក និង​ល្ងាច​) ដែល​មាន​គ្រែ​ធំ​ ២ និង​អាច​គេង​បាន ៦ នាក់​។

វិជ្ជា​ធ្វើ​ម្ហូប​ដែល​ភាគច្រើន​ចូលរួម​ដោយ​ភ្ញៀវ​បរទេស​គឺជា​សកម្មភាព​បន្ថែម​ដើម្បី​បង្កើន​ចំណេះដឹង​ផ្នែក​មុខម្ហូប​ខ្មែរ និង​ចូលរួម​ភ្លក្ស​អាហារ​បែប​ស្រុក​ស្រែចម្ការ ក្រោយពី​ដំណើរ​កម្សាន្ដ​ទស្សនា​ដំណាំ​បន្លែបង្ការ​តាម​របង​ផ្ទះ​តាម​ភូមិឋាន និង​ផ្សារ​អ្នកស្រុក​។

លោក វណ្ណឆាយ បាន​និយាយ​ថា​៖ «​ពួកគេ​រៀន​មុខម្ហូប​ខ្មែរ​មួយ​ចំនួន​ដូចជា ញាំ​ស្វាយ ញាំ​ត្រយូងចេក អាម៉ុក ព្រមទាំង បង្អែម​នំផ្លែអាយ នំអាកោត្នោត និង​ជូន​ដើរ​ទស្សនា​តាម​ភូមិឋាន មើល​បន្លែ​ធម្មជាតិ ធ្វើស្រែ​ចម្ការ​។ មុន​នឹង​មក​ធ្វើ​ម្ហូប​ជាមួយ​យើង ពួកគាត់​បាន​ដើរ​មើល​ទីកន្លែង​ពលរដ្ឋ​យើង​ដាំ​បន្លែ​បែប​ធម្មជាតិ​របស់​យើង​នៅ​ក្នុង​ភូមិ​ព្រះដាក់​»​។

អាង​ហែល​ទឹក​បើក​ទទួល​ភ្ញៀវ​ចាប់ពី​ម៉ោង ៩ ព្រឹក​ដល់​ម៉ោង ៥ ល្ងាច តម្លៃ ៥ ដុល្លារ​ជា​ថ្នូរ​នឹង​ភេសជ្ជៈ​មួយ​មុខ ឬ​ស្រាបៀរ​ ១ ​កំប៉ុង និង​ពី​ព្រឹក​រហូត​ដល់​ម៉ោង ៩ យប់​សម្រាប់​ភ្ញៀវ​ស្នាក់នៅ​វីឡា​ផ្ទះ​ស្នាក់​បងធំ​។

បើ​ទោះបី​ជា​ផ្ទះ​ស្នាក់​បងធំ ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង​បន្ដិច​មែន តែ​វា​មិន​ស្ងាត់ជ្រងំ​នោះ​ទេ​ចំពោះ​ភ្ញៀវ​ស្នាក់នៅ​ជា​ក្រុម ខណៈ​ស្រប​ពេល​ទទួលទាន​អាហារ​ពេល​ល្ងាច ភ្ញៀវ​នឹង​មាន​ឱកាស​បាន​រីករាយ​ជាមួយ​ក្រុម​តន្ដ្រី​ស្គរ​ដៃ រាំ​ជាមួយ​អ្នកភូមិ​នូវ​ចង្វាក់​ប្រពៃណី​ខ្មែរ​។

ភ្ញៀវទេសចរ​រៀន​ធ្វើ​នំបញ្ចុក​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សៀមរាប​។ រូបថត សហការី

លោក ខាន់ វណ្ណឌុន នាយក​ផ្នែក​អភិវឌ្ឍ​ពាណិជ្ជកម្ម​បាន​បន្ទរ​ថា​៖ «​យើង​មាន​ក្រុម​ភ្លេង​ស្គរ​ដៃ​ដើម្បី​ប្រគំ​ចង្វាក់​ប្រជាប្រិយ​ខ្មែរ​គ្រប់​ទម្រង់​។ ភ្ញៀវ​រាំលេង​កម្សាន្ដ​នូវ​ចង្វាក់​ប្រពៃណី​ខ្មែរ​ជាមួយ​អ្នកភូមិ​ដោយ​ផ្ទាល់​»​។

វា​មិន​ទាន់​ទទួល​បាន​បទពិសោធ​ពេញលេញ​នៅ​ឡើយ​ទេ ប្រសិន​បើ​អ្នក​ចូល​ផ្ទះ​បុរាណ​ជា​ប្រភេទ​មនុស្ស​បែប​សម័យថ្មី លុះត្រាតែ​ពួកគេ​គ្រង​នូវ​ឈុត​សម្លៀកបំពាក់​សម័យបុរាណ​ថែម​ទៀត​។

លោក វណ្ណឌុន បាន​បន្ដ​ថា​៖ «​ភ្ញៀវ​អាច​ជួល និង​ស្លៀក​ឈុត​បុរាណ​ទាំងនេះ រួច​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ឧបករណ៍​កសិកម្ម​បុរាណ និង​ផ្ទះ​បុរាណ​ដើម្បី​ឲ្យ​កាន់តែ​ស័ក្ដិសម​នឹង​សម័យកាល​បរមបុរាណ​របស់​យើង​»​។

ក្រៅពី​កិច្ចការ​ជំនួញ​ផ្ទះ​ស្នាក់ បង្រៀន​វិជ្ជា​មុខម្ហូប​ខ្មែរ​ដល់​ភ្ញៀវ​បរទេស នាំ​ភ្ញៀវ​ត្រាច់ចរ​ក្នុង​ភូមិឋាន​ដើម្បី​ស្វែងយល់​ពី​របៀបរបប​នៃ​ការរស់នៅ​របស់​អ្នកស្រុក ផ្ទះ​ស្នាក់​បងធំ ក៏​នៅ​ធ្វើ​កិច្ចការ​តិចតួច​មួយ​ទៀត ដែល​ជះឥទ្ធិពល​ធំ​ដល់​អនាគត​កុមារ​ក្នុង​សហគមន៍​។

ផ្ទះ​ស្នាក់​បងធំ​មាន​បង្រៀន​ចម្អិន និង​បម្រើ​ម្ហូប​បែប​ខ្មែរ​។ ហុង មិនា

លោក វណ្ណឌុន បាន​អះអាង​ថា​៖ «​យើង​បាន​ជួល​គ្រូបង្រៀន​ភាសា​អង់គ្លេស​ដល់​កុមារ​ក្នុង​ភូមិ​ដែល​មាន​បំណង​ចង់​ក្រេប​យក​ចំណេះ​វិជ្ជា​ភាសា​បរទេស គ្រាន់​ជា​ដើមទុន​សម្រាប់​ស្វែងរក​ការងារ​ធ្វើ​នាពេល​អនាគត​។ នៅ​ជុំវិញ​ភូមិ​នេះ​មិន​មាន​សាលាបង្រៀន​ភាសាបរទេស​នោះ​ទេ ទោះបី​ជា​យើង​ធ្វើ​ការងារ​ច្រើន​ជាមួយ​បរទេស​យ៉ាង​ណា​ក៏ដោយ​»​។

ផ្ទះ​ស្នាក់​បងធំ​ស្ថិត​នៅ​ភូមិ​សណ្តាយ ឃុំ​ខ្នារសណ្តាយ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​មាន​ចម្ងាយ ១០ គីឡូម៉ែត្រ​ពី​ប្រាសាទ​បន្ទាយស្រី និង ២៥ គីឡូម៉ែត្រ​ពី​តំបន់​ផាប់ស្ទ្រីត​នៃ​ក្រុង​សៀមរាប​៕

សិល្បករ​បោក​ស្រូវ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

វីដេអូ៖